មន្ត្រីស្ថានទូតថៃ បានប្រាប់មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអំពីបំណងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៏វិស័យកសិកម្មនៅកម្ពុជា ដោយភាគីថៃ នឹងរៀបចំគម្រោងជួយកសាងសមត្ថភាពធនធានមនុស្ស ដល់កម្ពុជាលើវិស័យនេះ។
លើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រីនៅវិមានមិត្តភាពនារសៀលថ្ងៃទី១៧សីហានេះឯ.ឧ NUTTAVUDH PHOTISARO ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជាបានជំរាបជូន ថាភាគីថៃមានបំណងធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកកសិកម្ម ដោយមានគម្រោងជួយបណ្តុះបណ្តាល ហ្វឹកហ្វឺនបច្ចេកវិជ្ជា និងជំនាញផ្សេងៗ លើវិស័យកសិកម្មជួយដល់កម្ពុជា។
នៅក្នុងជំនួបសន្ទនានេះឯកឧត្តមឯកអគ្គរាជទូតថៃ ក៏បានជំរាបជូន អំពី គម្រោងយាងមកបំពេញព្រះរាជទស្សនកិច្ច របស់ម្ចាស់ក្សត្រីមហាចក្រីសារិនថន នៅព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងធ្វើឡើង នៅដើមឆ្នាំក្រោយ គឺក្នុងចន្លោះពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ។ តាមការគ្រោងទុក ព្រះរាជដំណើរបំពេញទស្សនកិច្ចនោះ ម្ចាស់ក្សត្រីមហាចក្រីសារិនថន នឹងយាងទៅកាន់ស្រុកថ្ពងខេត្តកំពងស្ពឺ ដោយរំពឹងថាស្របពេលបំពេញព្រះរាជទស្សនកិច្ចរបស់ម្ចាស់ក្សត្រីមហាចក្រីសារិនថននាឱកាសនោះ នឹងមានរៀបចំនូវពិធីរបើកការដ្ឋានដាំដើមឈើ និងចិញ្ចឹកសត្វពាហនៈ នៅលើទីតាំងមួយ ដែលមានទំហំផ្ទៃដីជាង២០០ហិកតា ទីតាំងនោះ ភាគីថៃមានបំណងសាងសង់នូវមជ្ឈមណ្ឌលកសិដ្ឋាន ដ៏ធំមួយ ដើម្បីធ្វើការអភិវឌ្ឍន៏វិស័យកសិកម្មនៅកម្ពុជា។
ក្រៅពីការពិភាក្សាលើ កិច្ចសហប្រតិបត្តិការវិស័យកសិកម្មជាមួយកម្ពុជា ឯកឧត្តមឯកអគ្គរាជទូតថៃក៏បានជំរាបជូនអំពីគម្រោងរបស់ ក្រុមហ៊ុនថៃមួយ ដែលបំរើសេវាកម្មផ្នែកអាកាសចរណ៏ ដោយភាគីថៃស្នើសុំរាជរដ្ឋាភិបាលកម្ពុជាដើម្បីឲ្យក្រុមហ៊ុននោះបានធ្វើប្រតិបត្តិការលើសេវាកម្មលក់សំបុត្រយន្តហោះ ពីក្រុងបាងកកមកសៀមរាប និងពីសៀមរាបទៅភូកេត ប្រទេសថៃ ដែលរំពឹងថា សេវាកម្មនេះនឹងជួយជំរុញដល់វិស័យទេសចរណ៏ប្រទេសទាំងពីរឲ្យបានកាន់តែរីកចំរើនថែមទៀត។
ក្រៅពីនេះឯកឧត្តមក៏បានជំរាបពីគម្រោងគាំទ្រលើកម្មវិធីសិក្ខាសាលាមួយ របស់សមាគមសាសនាពីប្រទេសថៃ ដែលគ្រោងនឹងរៀបចំឡើងនៅខេត្តសៀមរាបចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែកញ្ញាខាងមុខ ដោយមានការយាងនិងនិមន្តសម្តេចព្រះសង្ឃរាជនិងមន្ត្រីសង្ឃជាន់ខ្ពស់សរុបចំនួន១៨០អង្គ មកពីបណ្តាប្រទេសចំនួន៥ មានកម្ពុជា វៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា ដើម្បីឲ្យចូលរួមក្នុងសិក្ខាសាលានោះ ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន គាំទ្រចំពោះបំណងរបស់ភាគីថៃក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៏វិស័យកសិកម្មនៅកម្ពុជា។ ឯកឧត្តម បានជំរាបជូនថា កម្ពុជាគឺជាប្រទេសមានសក្តានុពលខ្លាំងខាងកសិកម្ម ប៉ុន្តែដោយសារកម្ពុជានៅខ្វះបច្ចេកទេសនិងបច្ចេកវិទ្យាទើបការទាញផលប្រយោជន៏ពីវិស័យនេះពុំបានអស់សក្តានុពល។ ឯកឧត្តមសង្ឃឹមថា តាមរយៈបំណងធ្វើកិច្ចសហការអភិវឌ្ឍវិស័យកសិកម្មពីភាគីថៃ កម្ពុជានឹងទទួលបានផលប្រយោជន៏ច្រើន ក្នុងការធ្វើឲ្យ វិស័យកសិកម្មនៅកម្ពុជាមានការរីកលូតលាស់ទៅអនាគត។
ទាក់ទងនិងការស្នើសុំឲ្យក្រុមហ៊ុនថៃប្រតិបត្តិការសេវាកម្មលក់សំបុត្រយន្តហោះ សម្រាប់ការធ្វើដំណើរពីក្រុងបាងកក់មកសៀមរាប និងពីសៀមរាបទៅភូកេត ប្រទេសថៃនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុខ អាន ជំរាបជូនថារាជរដ្ឋាភិបាលកម្ពុជានឹងពិនិត្យពិចារណា លើសំណើរនេះ មុននឹងការសម្រេចចិត្តយ៉ាងណាមួយនោះ។
គួរបញ្ជាក់ថាភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរអំពី ការបើកច្រកព្រំដែនថ្មីចំនួន៤ ដោយរំពឹងថាច្រកព្រំដែនថ្មីចំនួន២គឺច្រកអានសេះ និងច្រកភ្នំដី នឹងត្រូវកសាងឲ្យបានចប់សព្វគ្រប់នៅមុនដំណាច់ឆ្នាំ២០១៥នេះ គឺឲ្យបានមុនដំណើរអញ្ជើញទៅបំពេញទស្សនកិច្ច របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសថៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ ៕