អង្គហេតុចំបងនៃការចាប់ខ្លួន លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា មកពីកូតាគណបក្ស សម រង្ស៊ី ត្រូវបានអ្នកវិភាគយល់ឃើញថា អាចមានសេណារីយោ គូសវាស ដោយក្រុមអ្នកនយោបាយជាន់ខ្ពស់មួយចំនួនផ្សេងទៀត នៅក្នុងគណបក្សសង្គ្រោះជាតិជាអ្នកបញ្ជា ដោយហេតុថា ព្រឹត្តិការណ៍នោះបានកើតឡើងជារបៀបរៀបចំទុកជាមុន និងមានតំណាក់កាលច្បាស់លាស់។
ក្រុមអ្នកវិភាគបញ្ហានយោបាយ បានកត់សម្គាល់ថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ជាថ្ងៃដែលគណបក្សសង្គ្រោះជាតិ បានរៀបចំពីធីប្រគល់ផែនទីដែលខ្លួនមាន ទៅស្ថាប័នរាជ្យបណ្ឌិតសភាកម្ពុជា ដែលជាក្រុមស្រាវជ្រាវ និងផ្ទៀងផ្ទាត់ផែនទីនោះ គឺបានធ្វើឡើងជាផ្លូវការនៅក្នុងទីស្នាក់ការរបស់គណបក្សសង្គ្រោះជាតិ នៅចាក់អង្រែលើ ដែលនៅក្នុងរយះពេលនោះគឺមានលោក កឹម សុខា ជាប្រធានស្តីទីគណបក្ស និងជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ នូវរាល់ព្រឹត្តិការណ៍នានាដែលគណបក្សបានសម្រេចធ្វើ។ នៅថ្ងៃនោះ លោក ហុង សុខហួរ ច្បាស់ជាមានការចាត់តាំងយ៉ាងត្រឹមត្រូវ និងច្បាស់លាស់ពីប្រធានស្តីទីគណបក្ស ដើម្បីធ្វើការពន្យល់ និងបកស្រាយលើបញ្ហាផែនទី និងបញ្ហាព្រំដែនយ៉ាងប្រាកដ ព្រោះមានការថត វីដេអូ ទុកជាឯកសារសម្រាប់ផ្សព្វផ្សាយ និងមានការអញ្ជើញអ្នកសារព័ត៌មាន ជាផ្លូវការផង។
មួយថ្ងៃបន្ទាប់ពីពិធីប្រគល់ផែនទីហើយ គឺនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ទាំងប្រជាពលរដ្ឋ និងក្រុមអ្នកវិភាគ បាននាំគ្នាជ្រួលច្របល់ និងជជែកគ្នានៅតាមហាងកាហ្វេនយោបាយ យ៉ាងផុសផុល អំពីវីដេអូឃ្លីបមួយដែលនិយាយអំពី ការរំលាយព្រំដែនរវាងកម្ពុជា និងវៀតណាម ដែលបានបង្ហោះផ្សព្វផ្សាយនៅក្នុងទំព័រហ្វ៊េសប៊ុកផ្លូវការរបស់លោក សម រង្ស៊ី ដែលមានរយះពេលប្រមាណ ១១ នាទី ហើយវីដេអូនេះ បានបន្តផ្សព្វផ្សាយរហូតដល់ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥។ ក្រោយមកបន្តិច ក៏មានការដកវីដេអូឃ្លីបចេញវិញពីក្នុងទំព័រហ្វ៊េសប៊ុកនោះក្នុងចេតនាបំបិទភស្តុតាង បន្ទាប់ពីមានការជ្រួលច្របល់ពីមហាជន។
ចំណុចនេះ ក្រុមអ្នកវិភាគយល់ថា វាអាចនឹងមានការនែនាំជាមុន ពីលោក កឹម សុខា ដែលជាប្រធានស្តីទីគណបក្ស ដល់លោក ហុង សុខហួរ ក្នុងការនិយាយ និងបង្ហាញអំពីខ្លឹមសារក្លែងនៃសន្ធិសញ្ញារវាងកម្ពុជា និងវៀតណាមនៅឆ្នាំ១៩៧៩នោះ ទើបលោក ហុង សុខហួរ ហ៊ានធ្វើការបកស្រាយអះអាងថាលោក ហេង សំរិន ដែលជាប្រមុខរដ្ឋនៅពេលនោះ បានចុះហត្ថលេខា ជាមួយប្រមុខរដ្ឋរបស់ប្រទេសវៀតណាម នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៧៩ ថា ប្រទេសទាំងពីរឯកភាពគ្នារំលាយព្រំដែនរដ្ឋទាំងពីរ ព្រមទាំងហ៊ានធ្វើអត្ថាធិប្បាយ និងលើកយកអត្ថបទនៃសន្ធិសញ្ញានោះដាក់បញ្ចូលក្នុងវីដេអូឃ្លីបនោះទៀត។
ដោយសារការផ្សព្វផ្សាយវីដេអូឃ្លីបមួយនេះ បានបង្ហោះនៅលើទំព័រហ្វ៊េសប៊ុកផ្លូវការរបស់លោក សម រង្ស៊ី ក្រុមអ្នកវិភាគក៏យល់ផងដែរថា អាចមានការពាក់ព័ន្ធជាមួយនឹងការចូលរួមគំនិត និងយោបល់ពីលោក សម រង្ស៊ី ផងដែរ បើទោះបីជានៅក្នុងរយៈពេលនោះលោក សម រង្ស៊ី មិននៅក្នុងប្រទេសក៏ដោយព្រោះការគ្រប់គ្រងទំព័ររបស់អ្នកលេងហ្វ៊េសប៊ុកនីមួយៗ គឺបុគ្គលម្នាក់ៗ ជាម្ចាស់ ជាអ្នកគ្រប់គ្រង និងបញ្ជាការផ្សព្វផ្សាយដោយផ្ទាល់ខ្លួន។ ម្យ៉ាងទៀត លោក សម រង្ស៊ី ពិតជាបានមើលវីដេអូឃ្លីបនេះរួចហើយ ទើបលោកហ៊ានធ្វើការផ្សព្វផ្សាយបែបនេះ។
គេក៏នៅមានការងឿងឆ្ងល់ផងដែរថា តើឯកសារក្លែងសន្ធិសញ្ញារវាងកម្ពុជា និងវៀតណាម ឆ្នាំ១៩៧៩ នោះ ជារបស់អ្នកនយោបាយដៃដល់មួយណាទៅដែលហ៊ានកែក្លែងឯកសារសន្ធិសញ្ញាឆ្នាំ១៩៧៩ នៅក្នុងគណបក្សសង្គ្រោះជាតិនោះ និងជាអ្នកផ្តើមគំនិតយកមកបំពុលបរិយាកាសនយោបាយនៅកម្ពុជាពេលនេះ?
បើតាមប្រភពស្និតនឹងមន្ត្រីក្នុងគណៈកម្មាធិការនាយករបស់គណបក្សសង្គ្រោះជាតិ បានលួចខ្សឹបប្រាប់ថា ឯកសារដែលធ្វើឲ្យ «វ៉ល់វ៉ល់» ក្នុងគណបក្សប្រឆាំង និងសង្គមកម្ពុជា នាពេលនេះ អាចបញ្ចេញដោយលោកតំណាងរាស្ត្រ អ៊ុ សំអាន ដែលកន្លងមកលោកតែងតែសកម្មក្នុងរឿងព្រំដែនតាមរបៀបខុសច្បាប់ និងខុសរឿងជាញយដង ហើយដែលក្រុមតំណាងរាស្ត្ររបស់បក្សប្រឆាំងគ្នាឯងលួចចំអក និងឲ្យឈ្មោះថា «អាជោរ» ខាងយក «បុង» ជាមួយលោកប្រធាន។ យោងតាមប្រភពនេះ ក្រុមអ្នកវិភាគ បានចាប់អារម្មណ៍ថា វាពិតជាអាចទាក់ទងនឹងលោក អ៊ុ សំអាន និងការសម្រេចឲ្យផ្សព្វផ្សាយរបស់លោក កឹម សុខា មែន ព្រោះអីពេលនេះតំណាងរាស្ត្ររូបនេះបានដាក់មេប្រូចជិះតាក់ស៊ីទៅប្រទេសថៃបាត់ទៅហើយ ចំណែកលោក កឹម សុខា រឹតតែរត់បានលឿន និងឆ្ងាយជាងលោក អ៊ុ សំអាន តាមជើងយន្តហោះទៅអូស្ត្រាលីដែរ ដែលសុភាសិតបុរាណបានពោលថា៖ « គោដំបៅខ្នង ក្អែកហើររំលង រសាយកន្ទុយ » ឬគេហៅថា « តំរិះជិះកឯង » ។
ដូច្នេះ រឿងលោក ហុង សុខហួរ ដែលត្រូវបានអយ្យការអមសាលាដំបូងរាជធានីសម្រេចចោទប្រកាន់ចំនួន៣បទល្មើស ពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនោះ អាចនឹងមានអ្នកជាប់ពាក់ព័ន្ធជាមេក្លោង ច្រើនទៀត នៅពីក្រោយប្រសិនបើលោក ហុង សុខហួរ ឆ្លើយសារភាព នៅចំពោះមុខតុលាការ។
តើរឿងក្តីមួយនេះនឹងមានមនុស្សប៉ុន្មាននាក់ពាក់ព័ន្ធដូចសម្លរកំពឹសនោះ? ក្រុមអ្នកវិភាគនឹងបន្តតាមដាន ហើយសង្ឃឹមថាតុលាការនឹងអនុវត្តយ៉ាងត្រឹមត្រូវទៅតាមយុត្តិសាស្ត្រ ( Jurise Prudence ) របស់ខ្លួន៕
No comments:
Post a Comment