Wednesday, September 27, 2023

វិភាគអន្តរជាតិ៖ ហេតុអ្វី ហ្វីលីពីនកាន់តែហ៊ានបង្ហាញចង្កូមដាក់ចិន នៅសមុទ្រចិនខាងត្បូង?


(វ៉ាស៊ីនតោន)៖ ចិន នៅថ្ងៃទី២៦ ខែកញ្ញានេះបានព្រមានហ្វីលីពីន កុំបង្កឱ្យមានបញ្ហា បន្ទាប់ពីឆ្មាំសមុទ្រហ្វីលីពីនបានប្រកាសពីការដកចេញ ដោយជោគជ័យនូវ «របាំងបណ្ដែតទឹក» ដំឡើងដោយឆ្មាំសមុទ្រចិន នៅឯតំបន់ថ្មប៉ប្រះទឹកកំពុងមានជម្លោះ Scarborough Shoal ក្នុងសមុទ្រចិនខាងត្បូង។ ហ្វីលីពីន ក៏បាននិយាយ ដែរថាខ្លួននឹងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីដករបាំងបណ្ដែតទឹកនេះចេញ ជាមួយការបញ្ជាក់ថាវាបង្កគ្រោះថ្នាក់ដល់ប្រជានេសាទហ្វីលីពីន ក្នុងតំបន់ថ្មប៉ប្រះទឹកនេះ។

ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន កាលពីខែមិថុនា ឆ្នាំ២០២២មក លោក Ferdinand Marcos Jr បានថ្លែងសារជាច្រើនដែលបង្កប់នូវបំណង ដំឡើងសាច់ដុំនយោបាយការបរទេសបន្ថែមចំពោះចិន។ ក៏ប៉ុន្តែ សកម្មភាពរបស់ឆ្មាំសមុទ្រហ្វីលីពីននៅពេលនេះគឺជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ដែលទីក្រុងម៉ានីល ហ៊ានប្រឈមមុខជាមួយចិនចំៗបែបនេះ។ ភាពតានតឹងរវាងចិន និងហ្វីលីពីន បានឆ្លងហួសបន្ទាត់ថ្មីមួយ ក្នុងតំបន់សមុទ្រចិនខាងត្បូង ដោយទីក្រុងម៉ានីលកាន់តែ ហ៊ានត​វ៉ាខ្លាំងជាងមុន ចំពោះការទាមទារចំណែកទឹកដីរបស់ចិន។ កន្លងមក ប្រតិកម្មឆ្លើយតបរបស់ហ្វីលីពីន គេឃើញមានត្រឹមរូបភាពជាវោហាសាស្ត្រ ការពង្រឹង ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃ ក៏ដូចជាបានត្រឹមតែបញ្ចេញរូបភាព ឬវីដេអូបង្ហាញពីសកម្មភាពរបស់ឆ្មាំសមុទ្រចិន ប្រឆាំងនឹងឆ្មាំសមុទ្រហ្វីលីពីនតែប៉ុណ្ណោះ។

នេះអាចជាដំណឹងល្អមួយសម្រាប់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ដែលកំពុងជំរុញឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន និងប្រទេសជាដៃគូក្នុងតំបន់ ហ៊ានពើងទ្រូងប្រឆាំង ជាមួយចិន។ តែព្រមពេលជាមួយគ្នា វាក៏បង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងដូចគ្នាដែរពីហានិភ័យនៃការផ្ទុះជម្លោះយោធារវាងចិន និងហ្វីលីពីន រួមទាំងសម្ព័ន្ធមិត្ត របស់ទីក្រុងម៉ានីល ក្នុងនោះរួមមានទាំង កងទ័ពជើងទឹកអាមេរិកដែលកំពុងឈរជើង និងល្បាតក្នុងតំបន់។ ចុះបើដូច្នេះ តើហេតុអ្វីបានជាហ្វីលីពីនកាន់តែហ៊ាន បង្ហាញចង្កូមដាក់ចិន?

ក្រុមអ្នកវិភាគភាគច្រើន យល់ថាក្នុងរយៈពេលខ្លី ឬមធ្យម ចិនប្រាកដជានឹងមិនចាត់វិធានការយោធាភ្លាមៗប្រឆាំងនឹងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តជាប់សន្ធិសញ្ញា ជាមួយសហរដ្ឋអាមេរិកនោះទេ។ ដ្បិត ទីក្រុងប៉េកាំងបារម្ភខ្លាចក្រែងថាវាអាចផ្ទុះទៅជាជម្លោះទ្រង់ទ្រាយធំជាមួយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់អាមេរិក នៅក្នុងតំបន់។ ជាក់ស្ដែង កាលពីខែសីហាកន្លងទៅ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Loyld Austin បានបញ្ជាក់ឡើងវិញថាសន្ធិសញ្ញាការពារជាតិទៅវិញទៅមក ជាមួយសហរដ្ឋអាមេរិក គឺពង្រីកទៅដល់នាវា និងយន្ដហោះចម្បាំងរបស់ហ្វីលីពីន ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ក្នុងនោះរួមមានទាំងឆ្មាំសមុទ្រហ្វីលីពីន ក្នុងតំបន់ប៉ាស៊ីហ្វិក និងសមុទ្រចិនខាងត្បូង។

«ប្រសិនបើសហរដ្ឋអាមេរិក មានជម្លោះយោធាជាមួយចិន ក្នុងតំបន់សមុទ្រចិនខាងត្បូង អ្នកកុំរំពឹងថាអូស្ត្រាលី និងជប៉ុន ឈរអោបដៃមើល ខណៈសម្ព័ន្ធមិត្តរបស់ ពួកគេ គឺសហរដ្ឋអាមេរិកកំពុងប្រយុទ្ធជាមួយចិន... នេះគឺជារឿងមួយដែលចិនត្រូវយកទៅគិតពិចារណា»។ នេះជាការលើកឡើងរបស់លោក Collin Koh ជាអ្នកជំនាញជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថានការពារជាតិ និងសិក្សាយុទ្ធសាស្ត្រ (Institute of Defense and Strategist Studies) មានមូលដ្ឋានក្នុងប្រទេស សិង្ហបុរី។ តែលោក Collin Koh នៅតែជឿថាចិនអាចនឹងបង្កើនវត្តមានរបស់ខ្លួនក្នុងតំបន់សមុទ្រចិនខាងត្បូង ឬអាចធ្វើឡើងតាមរយៈការបញ្ជូននាវាកាន់តែច្រើន ទៅកាន់តំបន់ជម្លោះដូចជាកោះ Thitu និងតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដើម្បីរារាំងកុំឱ្យប្រជានេសាទហ្វីលីពីន ចូលទៅនេសាទ និងដើម្បីបិទខ្ទប់ឆ្មាំ សមុទ្រហ្វីលីពីនតែម្ដង។

ដូចគ្នាទៅនឹងលោក Collin Koh ដែរ លោក Bilahari Kausikan ជាអតីតប្រេសិតពិសេសនៃក្រសួងការបរទេសសិង្ហបុរី ក៏យល់ដែរថាជម្លោះរវាងចិន និងហ្វីលីពីន នឹងមិនផ្ទុះឡើងនោះទេ ដោយសារតែសព្វថ្ងៃ ចិនកំពុងមានបញ្ហាផ្ទៃក្នុងជាច្រើនត្រូវដោះស្រាយ ដោយប៉េកាំងមិនចង់បន្ថែមបញ្ហាលើបញ្ហា តាមរយៈការជ្រើសរើស យកផ្លូវប្រឈមមុខជាមួយសហរដ្ឋអាមេរិក ក្នុងជម្លោះណាមួយជាមួយហ្វីលីពីននោះទេ។ ផ្ទុយទៅវិញ បើតាមលោក Kausikan ហានិភ័យនៃជម្លោះអាចនឹងឡើង ដល់កំពូលទៅវិញ ប្រសិនបើហ្វីលីពីនមិនព្រមដករបាំងបណ្ដែតទឹករបស់ចិនចេញទេនោះ ពីព្រោះថាបើមិនអីចឹងទេ ចិនអាចនឹងគូសព្រំដែនទឹកកាន់តែឆ្ងាយ ជាងនេះ។

គួរបញ្ជាក់ថា ចិន បានទាមទារដែនអធិបតេយ្យ ៩០ភាគរយលើការគ្រប់គ្រងតំបន់សមុទ្រចិនខាងត្បូង ខណៈប្រទេសក្នុងតំបន់ដូចជាវៀតណាម ហ្វីលីពីន ព្រុយណេ និងម៉ាឡេស៊ីជាដើម ក៏កំពុងទាមទារចំណែកគ្រប់គ្រងរៀងៗខ្លួនផងដែរ។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ទីក្រុងម៉ានីលបានប្តេជ្ញាថា ខ្លួននឹងពុំចុះញ៉មឡើយ ចំពោះមុខ ការដែលចិនព្យាយាមរារាំងទូកនេសាទ​របស់ហ្វីលីពីន នៅតំបន់ថ្មប៉ប្រះទឹកថ្មប៉ប្រះទឹក Scarborough Shoal ដែលមានបញ្ហាវិវាទក្នុងសមុទ្រចិនខាងត្បូង។

តំបន់ថ្មប៉ប្រះទឹក Scarborough គឺជាកន្លែងដ៏អំណោយផលមួយសម្រាប់ការធ្វើនេសាទ ដែលស្ថិតនៅចម្ងាយប្រមាណជា ២០០គីឡូម៉ែត្រពីឆ្នេររបស់ប្រទេស ហ្វីលីពីន និងស្ថិតក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ EEZ របស់ប្រទេសអាស៊ានមួយនេះ ប៉ុន្តែវាបានក្លាយជា​តំបន់ដែលមានបញ្ហាវិវាទរាប់ទសវត្សរ៍ មកហើយ រវាងចិន និងហ្វីលីពីនជុំវិញបញ្ហាអធិបតេយ្យ៕

















អគ្គនាយកដ្ឋានពន្ធដារ ច្រានចោលនូវព័ត៌មានដែលលើកឡើងអំពីការធ្លាក់ថ្លៃនៃផលិតផលកសិកម្មបណ្តាលមកពីការយកពន្ធ!


អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈសេចក្តីបំភ្លឺចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានឆ្លើយតបទៅនឹងការផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួនក្នុងចេតនាមួលបង្កាច់ និងចោទប្រកាន់ដោយគ្មានមូលដ្ឋាន ដែលលើកឡើងអំពីការធ្លាក់ថ្លៃនៃផលិតផលកសិកម្មបណ្តាលមកពីការយកពន្ធ ថា ជារឿងមិននោះពិតឡើយ និងបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលតែងតែមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុត ព្រមទាំងចាត់ទុកវិស័យកសិកម្ម គឺជាវិស័យអាទិភាព។ 

អគ្គនាយកដ្ឋានពន្ធដា បន្តថា តាមរយៈនេះ រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវវិធានការលើកទឹកចិត្តផ្សេងៗ និងជាពិសេសបានផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារចំពោះវិស័យកសិកម្មទាំងស្រុង ដែលក្នុងនោះ មានទាំងការដាំដុះស្រូវ ការប្រមូលទិញស្រូវ និងការផលិតអង្ករនាំចេញជាដើម ។ បន្ថែមពីលើនេះ ត្រូវបានចាត់ទុកថាជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើការនាំចូល និងផ្គត់ផ្គង់ទំនិញក្នុងវិស័យកសិកម្ម , ការអនុគ្រោះអាករលើតម្លៃបន្ថែមចំពោះអ្នកចុះកិច្ចសន្យាផ្គត់ផ្គង់អង្ករសម្រាប់បម្រើឱ្យការនាំចេញអង្ករ, ការលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព ( ផលិតផលកសិកម្ម ឬកសិឧស្សាហកម្ម) , ការលើកទឹកចិត្តពន្ធដារចំពោះការផ្គត់ផ្គង់ផលិតផលកសិកម្មមិនទាន់កែច្នៃ , ការព្យួរប្រាក់រំដោះពន្ធលើប្រាក់ចំណូលចំពោះវិស័យកសិកម្ម  ក្នុងនោះផលិតផលកសិកម្មដែលត្រូវទទួលបានការអនុគ្រោះ រួមមាន៖ ស្រូវ អង្ករ ពោត សណ្តែក ម្រេច គ្រាប់ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ។ បន្ថែមពីលើនេះ គឺការលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូជាដើម។

ដូច្នេះ ការលើកឡើងថា ការធ្លាក់ថ្លៃនៃកសិផលកសិកម្មបណ្តាលមកពីការយកពន្ធ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា ការចោទប្រកាន់បែបនេះ ពុំឆ្លុះបញ្ចាំងពីការពិតនិងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជួយជ្រោមជ្រែងវិស័យកសិកម្មឡើយ៕

សេចក្តីបំភ្លឺតបនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត អំពី ការយកពន្ធលើចំណេញមូលធន !


 ថ្មីៗនេះមានការផ្សព្វផ្សាយ និងចែកចាយ លើបណ្តាញសង្គម នូវព័ត៌មានមួយចំនួន ដែលពាក់ព័ន្ធនឹងកិច្ចការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ជាព័ត៌មានមិនពិត មានចរឹតជាការបំភាន់ បំភ្លៃ មួលបង្កាច់ នាំឱ្យសាធារណៈជន មានការយល់ច្រឡំ។ ជាមួយគ្នានេះករណីពន្ធលើចំណេញមូលធន ក៏ត្រូវបានយកមកផ្សព្វផ្សាយខុសពីការពិតផងដែរ។ យោងតាមសេចក្តីបំភ្លឺ របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឱ្យដឹងថា ពន្ធចំណេញមូលធន គឺមិនមែនជាប្រភេទពន្ធដែលទើបតែបង្កើតថ្មីនោះទេ។ សម្រាប់នីតិបុគ្គល ពន្ធនេះត្រូវបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ១៩៩៤មកម្លេះ។ ជាក់ស្តែង ក្រុមហ៊ុន និងសហគ្រាសនានាបានបង់ពន្ធលើប្រាក់ចំណូលដែលរួមបញ្ចូលទាំងចំណេញមូលធន មិនតែប៉ុណ្ណោះសហគ្រាសដែលប្រកបអាជីវកម្មលើវិស័យអចលនទ្រព្យក៏បានបង់ពន្ធនេះដែរ។ ក្រោយមកពន្ធលើចំណេញមូលធនត្រូវបានដាក់បញ្ចូលក្នុងច្បាប់ស្តីពីសារពន្ធនៅឆ្នាំ១៩៩៧ ហើយការអនុវត្តពន្ធលើចំណេញមូលធន សម្រាប់រូបវន្តបុគ្គលត្រូវបានចែងលម្អិតក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៧។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំលិខិតបទដ្ឋានគតិយុត្ត បែបបទ និងនីតិវិធីនៃការប្រមូលពន្ធ លើចំណេញមូលធនសម្រាប់រូបវន្តបុគ្គលរួចរាល់តាំងពីឆ្នាំ២០២០ ដោយផ្អែកលើគោលការណ៍ទន់ភ្លន់ សាមញ្ញ ជាមួយនឹងការអនុគ្រោះក្នុងកម្រិតខ្ពស់ ប្រសិនបើធៀបនឹងការអនុវត្តនៅបណ្តាប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ក្នុងតំបន់ និងសាកលលោក។ ជាការគិតគូរចំពោះផលប៉ះពាល់នានា បណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-19 រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក៏បានសម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន សម្រាប់រូបវន្តបុគ្គល ជាបន្តបន្ទាប់ចំនួន៣លើករួចមកហើយ ដោយចុងក្រោយកំណត់យករយៈពេលអនុវត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្រាប់ទ្រព្យជាមូលធន ៥ផ្នែក (ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស)។ ដោយឡែក ពន្ធចំណេញមូលធនសម្រាប់ផ្នែកអចលនទ្រព្យ រាជរដ្ឋាភិបាលបានសម្រេចពន្យារការចាប់ផ្តើមអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៤ ដើម្បីជាចំណែកដ៏សំខាន់មួយចូលរួមគាំទ្របន្ថែមដល់វិស័យអចលនទ្រព្យ។

ដូច្នេះការលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ គឺពុំឆ្លុះបញ្ចាំងពីការពិតនោះទេ។ ផ្ទុយទៅវិញរាជរដ្ឋាភិបាល បាននិងកំពុងពិចារណាបន្ថែមលើក្របខ័ណ្ឌ ក្នុងការសម្រួលការអនុវត្តពន្ធ លើចំណេញមូលធន ក៏ដូចជា រយៈពេលកំណត់សមស្របក្នុងការចាប់ផ្តើមអនុវត្តពន្ធ លើចំណេញមូលធនសម្រាប់រូបវន្តបុគ្គលនេះ៕

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលធនធាន របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលារការកម្ពុជា


ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី និងជាប្រធាន​ក្រុមកា​រងារ​របស់​រាជរដ្ឋា​ភិបាល​ទទួល​បន្ទុកការ​អនុវត្ត​មុខ​ងារ​សេស​សល់របស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលារការកម្ពុជា(អ.វ.ត.ក.) បានដាក់​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់ជាផ្លូវការ នូវមជ្ឈមណ្ឌលធនធាន និងកម្មវិធីផ្សព្វផ្សាយជាស៊េរី របស់ អ.វ.ត.ក. នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានការចូលរួមពី ឯក​អគ្គរដ្ឋ​ទូត​ប្រទេស បារាំង ជប៉ុន អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និង​អ្នក​សម្រប​សម្រួលភាគីអន្តរជាតិនៃ អ.វ.ត.ក. ផងដែរ។

ក្នុង​ឱកាសនោះ ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា ក្រោយពីបានបញ្ចប់​ដំណើរការ​កាត់ក្តី​ប្រកប​ដោយជោគជ័យកាលពីចុងឆ្នាំ២០២២ និងដោយមានការគាំទ្រ និង​ទទួល​ស្គាល់​ពីសហគមន៍អន្តរជាតិ អ.វ.ត.ក. បានបន្សល់​ទុកនូវកេរ​ដំណែល​ដ៏ល្អនៅ​ក្នុង​សង្គម​កម្ពុជា ដោយបានចូលរួមចំណែកពង្រឹងសមិទ្ធផលនៃសន្តិភាព, ការផ្សះផ្សាជាតិ, ការ​ស្វែង​រក​ការ​ពិត, ការពង្រឹងនីតិរដ្ឋ, ការផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ និងបញ្ចប់​នូវ​វប្បធម៌​និទណ្ឌភាព​ចំពោះ ឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង ដែលបានសម្លាប់​រង្គាល​នូវជីវិ​ត​ប្រជាជន​កម្ពុជា​ជាង ៣លាននាក់ ព្រមទាំងការលើកកម្ពស់ដល់ការចងចាំ និងកា​រ​ទប់​ស្កាត់ការ​វិល​ត្រលប់​មកវិញ​នៃរបបដ៏សាហាវយង់ឃ្នងនេះ។

ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា ជាមួយនឹង​ធនធាន​នៃ​សំណុំ​រឿង​ដែល​មាន​បទ​ពិសោធន៍​យ៉ាង​ច្រើន និងយុត្តិសាស្ត្រនានា ដែលទទួលបានពីដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. កម្ពុជាក៏បានចែករំលែកទៅថ្នាក់តំបន់ និងអន្តរជាតិផងដែរ តាមរយៈ​ការផ្ទេរ​ចំណេះ​ដឹង, ចំណេះធ្វើ, និងបទពិសោធន៍ពី អ.វ.ត.ក. ស្រប​តាម​ទិសដៅ​ប្រែក្លាយ​កម្ពុជា​ពីប្រទេស​ធ្លាប់រៀនសូត្រពីគេ ទៅជាប្រទេសដែលគេមករៀនសូត្រវិញម្តង។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងដែរថា ក្នុងនាមរាជរដ្ឋាភិបាល និង​ក្នុងនាមលោកផ្ទាល់ លោកវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែល អ.វ.ត.ក. សម្រេចបាន ទាំង​ផ្នែកយុត្តាធិការ និងមិនមែនយុត្តាធិការ និងក៏បាន​អរគុណ​ដល់ភាគី​អង្គការ​សហ​ប្រជាជាតិ និងសហគមន៍អន្តរជាតិ ដែលបាន​ផ្ដល់ការគាំ​ទ្រដល់​ដំណើរ​ការកាត់​សេចក្ដី​ទៅដោយ​រលូន, ទាន់ពេលវេលា និងទទួលបានជោគជ័យ។ ឯកឧត្តម បានលើក​ឡើង​យ៉ាង​ដូច្នេះថា៖ «ខ្ញុំគិតថា នេះជាជោគជ័យរួមរបស់រាជរដ្ឋាភិបាល, អង្គការ​សហ​ប្រជា​ជាតិ, និងសហគមន៏ អន្តរជាតិ ដែលបានធ្វើឱ្យសាលាក្តីកូនកាត់នេះ ក្លាយ​ជាតុលាការ​គំរូមួយ សម្រាប់ឱ្យប្រទេសនានាក្នុងតំបន់ និងសកលលោកសិក្សា និងយក​ធ្វើជាគំរូ​ក្នុង​ការ​បង្កើតតុលាការវិនិច្ឆ័យទោសចំពោះឧក្រិដ្ឋកម្មធ្ងន់ធ្ងរនាពេលអនាគត ក្នុងបុព្វហេតុ​ស្វែង​រកស​ន្តិភាពក្រោយសង្គ្រាម ឬជម្លោះរ៉ាំរ៉ៃផ្ទៃក្នុង»

ឯកឧត្តម វង្សី វិស្សុត បានបន្តទៀតថា ទោះបីជាដំណើរការជម្រះក្ដីរបស់ អ.វ.ត.ក. ត្រូវបាន​បិទបញ្ចប់ជាស្ថាពរក្ដី តែរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ បានបន្ត​ផ្ដល់​ការគាំទ្រដល់ការអនុវត្តការងារសេសសល់របស់ អ.វ.ត.ក. ដោយអនុលោមតាម «កិច្ច​ព្រម​ព្រៀងបន្ថែមស្តីពី ការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់​ការងារ​របស់​អង្គជំនុំ​ជម្រះ​វិសាមញ្ញ» ដែលបានឯកភាពគ្នាកាលពីឆ្នាំ២០២១ រួមមាន ការងារគតិយុត្តិ មួយចំនួន, ការ​ថែរក្សាទុកនិងការគ្រប់គ្រងបណ្ណសារនៃសំណុំរឿងទាំងអស់តាមស្តង់ដារអន្តរជាតិ និងការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់សាធារណជន ក្នុង​នោះ​រួម​ទាំងការ​បង្កើតឱ្យមាន «មជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក.» ក្នុងគោលបំណងថែរក្សា និង​លើក​កម្ពស់កេរដំណែល ពាក់ព័ន្ធនឹងបណ្ណសារនៃអង្គជំនុំគម្រះរបស់សាលាក្ដីខ្មែរក្រហម ដើម្បី​អនុញ្ញាតឱ្យសាធារណជនអាចចូលមើល និងសិក្សា​ស្វែង​យល់​ពីប្រវត្តិសាស្ត្រ​ដ៏ខ្មៅងងឹត​របស់កម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលធនធាននេះ មានសមាសភាគសំខាន់ៗចំនួន៦ រួមមាន ទី១. បណ្ណាល័យ និងកន្លែងស្រាវជ្រាវ ទី២. គេហទំព័រថ្មីដែលកំពុងកែលម្អ និងធ្វើបច្ចុប្បន្នភាព, ទី៣. និហិតដ្ឋានបណ្ណសារ (Archives Repository), ទី៤. បន្ទប់​ប្រើប្រាស់​ពហុ​បំណង​សម្រាប់ រៀបចំសិក្ខាសាលានិងតុលាការត្រាប់(Moot Court), ទី៥. បន្ទប់ពិគ្រោះយោបល់ និងតាំងពិព័រណ៍, និងទី៦. ឧទ្យានសម្រាប់ការចងចាំ។

ក្នុង​ចំណោមសមាសភាគសំខាន់ៗខាងលើ បណ្ណាល័យ និងកន្លែងស្រាវជ្រាវ នៃមជ្ឈម​ណ្ឌល​ធនធានរបស់ អ.វ.ត.ក. ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីចុងខែឧសភា ឆ្នាំ២០២៣ និងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន សិស្ស និស្សិត និងអ្នកស្រាវជ្រាវជាតិ-អន្តរជាតិ អំឡុងពេលដំណើរការសាកល្បងនាពេលកន្លងមក។ បន្ទាប់ពីពិធីសម្ពោធនាថ្ងៃនេះ បណ្ណាល័យ និងកន្លែងស្រាវជ្រាវនេះ នឹងត្រូវដាក់​ក្រោម​ការ​គ្រប់គ្រងរួមគ្នាជាមួយមជ្ឈមណ្ឌលឯកសារច្បាប់ និងបើកបម្រើជាផ្លូវការ ចាប់ពីម៉ោង ១០​ព្រឹក ដល់ម៉ោង ៨យប់ សម្រាប់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងចាប់បើក ពីម៉ោង ១០ព្រឹក ដល់​ម៉ោង ៦ល្ងាច សម្រាប់ថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។

ដោយឡែក ចំពោះការងារទី២ ទី៣ និងទី៤ នៃមជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក. ក៏គ្រោង​នឹងបញ្ចប់នៅចុងឆ្នាំ២០២៣ ហើយការងារទី៥ និងទី៦ ត្រូវបាន​ដាក់ក្នុង​គម្រោង​ថវិកាសាងសង់របស់ អ.វ.ត.ក. នៅឆ្នាំ២០២៤។ ជាងនេះទៅទៀត ការដាក់​ផ្សព្វផ្សាយ​ជាសាធារណៈនូវកម្មវិធីវីដេអូខ្លីអប់រំ និងផ្សព្វផ្សាយជាស៊េរីរបស់ អ.វ.ត.ក. ដែល​ដក​ស្រង់​ចេញ​ពីឯកសារកំណត់ត្រា និងបណ្ណសារ​ពាក់ព័ន្ធ​នឹង​ដំណើរការ​កាត់​សេចក្តី​របស់​សាលា​ក្តីខ្មែរក្រហម ក៏នឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃការងារផ្សព្វផ្សាយ និងសម្មភាពអប់រំ ក្នុង​គោល​ដៅរំឭកការចង​ចាំជាប្រវត្តិសាស្ត្រ​ដល់យុវជន​ជំនាន់​ក្រោយ​អំពីរឿងរ៉ាវ​ដែលបាន​កើតមាន​ឡើងក្នុងរបបខ្មែរក្រហម តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដូចជា Facebook, Telegram, YouTube, TikTok, Instagram, និងតាមប្រព័ន្ធទូរទស្សន៍ផងដែរ៕