តាមការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្រី្ត
ថាណាសក្តិ ប៉ាទិម៉ាប្រាកន (Tanasak
Patimapragorn)
រដ្ឋមន្រ្តីការបរទេសថៃ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជាដែលរួមមានឯកឧត្តម
វ៉ា គឹម ហុង ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចព្រំដែន និងលោកជំទាវ ភឿង សកុណា
រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ
ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥
ដែលស្របពេលគ្នានឹងការប្រារព្ធខួប ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា
- ថៃ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី
ហោ ណាំហុង បានជួបសន្ទនាជាមួយឯកឧត្តមឧត្តមសេនីយ៍
ប្រាយុទ្ឋ ចាន់អូឆា (Prayut Chan-o-cha)
នាយករដ្ឋមន្រ្តីថៃ នាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៥ និងបានជួបចរចាទេ្វភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី
ថាណាសក្តិ ប៉ាទិម៉ាប្រាកន រដ្ឋមន្រ្តីការបរទេសថៃ
នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ ហើយទទួលបានលទ្ធផលសំខាន់ និងជាវិជ្ជមានសំរាប់ប្រទេសកម្ពុជាយើង
គឺបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យប្រជាជនរស់នៅតំបន់ព្រំដែន អាចទៅធ្វើការនៅប្រទេសថៃ
វិលល្ងាច រឺក៏ស្នាក់នៅក្នុងរយៈពេលពី ១៥ ទៅ៣០ថ្ងៃ និងបានអនុញ្ញាតឲ្យពលករយើងប្រហែល៥០.០០០នាក់ដែលមិនទាន់បានពន្យារពេលប័ណ្ណស្នាក់នៅបណ្តោះអាសន្នមុនថ្ងៃផុតកំណត់
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ បានបន្តស្នាក់នៅរហូតដល់ខែមិនា ឆ្នាំ២០១៦ ដើម្បីបំពេញបែបបទក្លាយជាពលករស្របច្បាប់។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
បានលើកបញ្ហាពលករខ្មែរយើងដែលធ្វើការលើទូកនេសាទថៃ ហើយត្រូវបានថៅកែថៃធ្វើបាប
ហើយពលករទាំងនោះសុទ្ធតែជាពលករមិនស្របច្បាប់។ ទាំងនាយករដ្ឋមន្ត្រីថៃ ទាំងរដ្ឋមន្ត្រីការបរទេសថៃ
បានសំណូមពរឲ្យកម្ពុជាធ្វើយ៉ាងណាឲ្យពលករតាមទូកនេសាទជាពលករស្របច្បាប់ ដើម្បីជៀសវាងការរំលោភបំពានរបស់ថៅកែទូកនេសាទមកលើពលករខ្មែរ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសន្យាថានឹងធ្វើការងារនេះជាមួយក្រសួងការងារកម្ពុជា
ហើយសព្វថ្ងៃនេះ ពលករដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសុំទិដ្ឋាការឲ្យទៅធ្វើការនៅប្រទេសថៃជាពលករស្របច្បាប់
មានចំនួនជិត២០.០០០នាក់ហើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើនាយករដ្ឋមន្ត្រីថៃ
និងរដ្ឋមន្ត្រីការបរទេសថៃ ធ្វើយ៉ាងណាកុំឲ្យថៅកែទូកនេសាទថៃទទួលពលករមិនស្របច្បាប់ទៀត។
ក្នុងឱកាសនោះដែរ រដ្ឋមន្ត្រីវប្បធម៌នៃប្រទេសទាំងពីរ
ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសី្តពីការប្រគល់ - ទទួលវត្ថុបុរាណខ្មែរចំនួន១៦ដុំ
ដែលរាជរដ្ឋាភិបាលថៃបានឯកភាពជូនមកកម្ពុជាវិញ ក្រោយពីការចរចាដ៏ស្វិតស្វាញរបស់ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងឱកាសនៃការចរចារផ្លូវការជាមួយរដ្ឋមន្ត្រីការបរទេសថៃ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានស្នើឲ្យរដ្ឋាភិបាលថៃអនុញ្ញាតឲ្យអ្នកជំនាញកម្ពុជា
ទៅពិនិត្យមើលវត្ថុបុរាណចំនួន២០ដុំផ្សេងទៀតដែលសព្វថ្ងៃរដ្ឋាភិបាលថៃរក្សាទុកនៅទីក្រុងបាងកក
ក្នុងគោលបំណងស្នើឲ្យភាគីថៃប្រគល់វត្ថុបុរាណដែលជារបស់ខ្មែរមកកម្ពុជាវិញ។
ក្នុងឱកាសនៃការចរចានេះដែរ ភាគីទាំងពីរបានពិភាក្សាស្តីពីបើកច្រកស្ទឹងបត់
- បានណងអៀន ថ្មីមួយរវាងកម្ពុជា - ថៃ ដើម្បីសំរួលការដឹកទំនិញរវាងប្រទេសទាំងពីរ
ដោយទុកច្រកប៉ោយប៉ែតសំរាប់តែ ទេសចរណ៍។ ការងារច្រកស្ទឹងបត់ - បានណងអៀន បានទៅមុខរលូន
ហើយសង្ឃឹមថានឹងបានសំរេចនៅពេលឆាប់ខាងមុខនេះ។
នាពេលនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី
បានលើកឡើងអំពីការបង្កើត ”តំបន់សេដ្ឋកិច្ចពិសេស” នៅខេត្តកោះកុង និងនៅប៉ោយប៉ែត ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា
ក៏ដូចជារបស់ ថៃដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីការបរទេសថៃ ក៏បានឯកភាពបើកច្រកអន្តរជាតិអានសេះ
(ខេត្តព្រះវិហារ) - អានម៉ា (ខេត្តអ៊ុប៊ុនរាជធានី) ដើម្បីសំរួលការប្រកបរបរ និងជំនួញជួញដូរសំដៅលើក
កំពស់ជីវភាពប្រជាជនក្នុងតំបន់នោះ៕