Monday, March 30, 2015

បទវិចារណកថា ដោយ៖ លី គាំ, តើជាល្បិច​របស់​គណបក្ស​ប្រឆាំង​ដើម្បី​បង្វែរ​សភាព​ការណ៍ឬ?

តាមរយៈ​​​​លិខិតដែលមាន«ឡូហ្គោរ»(Logo) គណបក្សសម រង្ស៊ី រួមទាំងរបាយការណ៍គណៈកម្មាធិការអចិន្រ្តៃយ៍របស់គណបក្សសម រង្ស៊ី ស្តីអំពីការខ្វែងគំនិតគ្នារវាងប្រធានថ្មី គឺលោក គង់គាំ និងអតីតប្រធាន គឺ លោក សម រង្ស៊ី ​​ហាក់បីដូចជាបានបង្ហាញថា ថ្នាក់ដឹកនាំរបស់​​គណបក្សសម រង្ស៊ី មានការបែក​បាក់ផ្ទៃក្នុង ឬមានការថ្នាំងថ្នាក់ជាមួយ លោក សម រង្ស៊ី  ដែលមិនប្រកាន់នូវពាក្យសច្ចៈ និយាយបាតដៃជាខ្នងដៃ ក្នុងការប្តូរសមាសភាពពាក់កណ្តាលអាណត្តិ នៃសមាជិកព្រឹទ្ធសភារបស់​ក្រុមខ្លួន។
បើអ្នកនៅខាងក្រៅមើលទៅឃើញថា ក្រុមអ្នកដឹកនាំបក្សប្រឆាំងកំពុងតែមានការប្រទាញប្រទង់គ្នាកាន់តែច្រើនទៅៗ ពីបញ្ហាមួយទៅបញ្ហាមួយ ក្នុងនោះមានរឿង លោកស្រី ឡាក់ សុ​ភាព ជាមួយ លោក កឹម សុខា រឿងលោក កឹម សុខា ជាមួយ លោក សម រង្ស៊ី។ល។ ឥឡូវលេចរឿងលោក គង់ គាំ ជាមួយ លោក សម រង្ស៊ី ទៀត។
ប៉ុន្តែមានមតិមួយក្រុមទៀត ជាក្រុមអ្នកវិភាគតាមតុកាហ្វេ គេនិ​យាយ​ថា «ជារឿង​​នយោ​បាយ» ព្រោះ​​ថា ​​បច្ចុប្បន្នអ្នកណាក៏ដឹងដែរថា លោក ហ៊ុន សែន កំពុងតែតាមយ៉ាងស្អិតលើករណី លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ លើករណីប៉ុនប៉ង​ «ធ្វើរដ្ឋប្រហារ» ទម្លាក់នាយករដ្ឋមន្រ្តី និងរដ្ឋាភិបាលស្របច្បាប់ តាមការ​ប្រ​មូលផ្តុំមនុស្សធ្វើបាតុកម្ម និងនៅពីក្រោយចលនាកុប្បកម្ម ដែលប្រើប្រាស់ឧបករណ៍អាចសំលាប់ ជីវិតមនុស្សបាន នៅផ្លូវវេង​ស្រេង ដើម្បី​តទល់នឹងក្រុមសមត្ថកិច្ច កាលពីខែមករា ដើមឆ្នាំ២០១៤ កន្លងទៅ។
ទោះជាការចោទប្រកាន់នេះ ត្រូវបាន លោក កឹម សុខា ឆ្លើយបកវិញយ៉ាងហី ថាខ្លួនគ្មានបំណងយ៉ាងនេះទេ ដែល​ផ្ទុយស្រឡះពីអ្វីដែលខ្លួនបាន «សារភាព​​» នៅចំពោះមុខការប្រមូលផ្តុំអាណិកជនខ្មែរនៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក ដែលបាននិយាយកោកៗថា «ខ្ញុំសូមទោស​បងប្អូន ដែលពួកយើងត្រូវបរាជ័យក្នុងការផ្តួលរំលំ លោក ហ៊ុន សែន ​​និងគណបក្សប្រជា​ជន​កម្ពុជា» តើភាសានេះមិនប្រៀបបានទៅនឹងការសារភាពជាផ្លូវការទៅនឹងអ្នកស្តាប់រាប់រយ​នាក់ និងប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមដូចជា(Facebook) និងវិទ្យុអាស៊ី​​សេរី ជាដើម ទេឬអ្វី?    
តើ​លោក​ កឹម​ សុ​ខា ដឹង​ថារឿងនេះវា​ធ្ងន់ធ្ងរ គឺ​ជាចលនាតស៊ូមួយ​ បាន​ផ្ទុះ​ឡើង​តាមរយៈការប្រមូលផ្តុំមនុស្សរាប់ម៉ឺននាក់ ស្ទើរតែរៀងរាល់ថ្ងៃ អស់​រយៈពេលជិតមួយឆ្នាំ រហូត​​ដល់​មានការចរចាគ្នារវាងគណបក្សទាំងពីរ  នាថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៤ ដើម្បីព្រមព្រៀងគ្នាបញ្ចប់​ចលនានេះ។ កិច្ច​ព្រមព្រៀងនេះ​បាន​ធ្វើ​ឲ្យពលរដ្ឋទូទាំងប្រទេសមានក្តីសង្ឃឹមថា ​ចលនាប្រ​ទាញ​​ប្រទង់គ្នា ​រវាងក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាល​​ត្រូវបានបញ្ចប់ដោយសន្តិវិធី។  ​ប៉ុន្តែ​អ្វី​ដែល​គេ​នៅ​តែ​ឆ្ងល់នោះគឺ​ថា ហេតុអ្វីក៏ លោក កឹម សុខា ​​​​នៅតែមិនអស់ចិត្ត មិនអស់ថ្លើម លើក​ក​កាយ​រឿងនេះឡើងវិញ? តើនេះក៏ដោយសារមច្ឆិហតាដ៏ធំធេងរបស់ខ្លួនទេឬអ្វី?
តើចលនាក្នុងជួរបក្សប្រឆាំងដែលគេឃើញថា ខិតខំបង្វែរករណី លោក កឹម សុខា ឲ្យទៅជាគេមើលឃើញការបែក​បាក់​ផ្ទៃក្នុងឡើងទៀត រវាង​លោក​ គង់​ គាំ ជា​មួយ​ លោក​សម​ រង្ស៊ី គេគិតថា ជា​ឆាក​ល្ខោនដ៏កំប៉ិចកំប៉ុកទៅ​វិញ​ទេ។ ឆាកនេះមិន​អាចបង្វែរ​​ភ្នែក​សាធារណៈឲ្យបំភ្លេច​រឿង លោក កឹម សុខា ​​បានឡើយ។
ដល់គិតយូរៗទៅ លោក កឹម សុខា បែបភ័យខ្លួន  ប្តូរកម្មវិធីវិលត្រឡប់មកកម្ពុជា យ៉ាងតក់ក្រហល់ ពី​ថ្ងៃ​ទី២៤ មក​ថ្ងៃទី២៥ ខែមីនាឆ្នាំ២០១៥​ វិញ ដើម្បីឆ្លៀតយកឱកាសជិះយន្តហោះទៅអង្វករ លោក ប្រធាន លោក សម រង្ស៊ី របស់ខ្លួន នៅប្រទេសបារាំង ​​ដើម្បីសុំឲ្យទៅចរចាជាមួយ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យបន្ធូរដៃរឿងនេះ ឬក៏អាច​ឈាន​ដល់​បំភ្លេច​រឿង​នេះចោល។
លោក កឹម សុខា គិតបែបនេះដូជាមើលស្រាលរឿង​រ៉ាវ​ពេក គឺ​ករណី​ច្បាប់ ឬនិតិរដ្ឋនៃប្រទេសមួយ ​«មហិច្ឆិតាផ្តួលរំលំរដ្ឋាភិបាល »   គិតថាមេដឹកនាំមួយរូប គឺ លោក ហ៊ុនសែន ដែលជានិច្ចជា​កាល ​​ត្រូវក្រុមប្រឆាំងមានគំនិតចង់ផ្តួលរំលំ សុខចិត្តដេកធ្វើព្រងើយឲ្យផែនការពួកគេបាន​សម្រេច ឬយ៉ាងណា?

ជាសរុប អ្វីដែលយើងបានលើកឡើងពីដំបូង ការវែកញែកវិភាគតាមតុកាហ្វេ ពីរឿងការ​​បង្វែរទិស រឿងធំឲ្យទៅរករឿងកុំប៉ិចកុំប៉ុក ដូចជាស្ថិត​នៅ​លើ​គោក​មែន! សូម​រង​ចាំ​មើល​ត​ទៅ​ទៀត។

រដ្ឋមន្ត្រី​ការបរទេស​ ឥណ្ឌូនេស៊ី​ នឹងអញ្ជើញ​មកបំពេញ​ទស្សនកិច្ច​ នៅព្រះរាជា​ណាចក្រ​កម្ពុជា​រយៈពេលពីរថ្ងៃ

យោងតាម​សេចក្តីជូនព័ត៌​មាន​របស់ ​ក្រសួង​ការបរ​ទេស ​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​ដែលចេញ​ផ្សាយ​នៅថ្ងៃទី ​៣០​ ខែមីនា ​ឆ្នាំ ២០១៥​នេះ ​បាន​បញ្ជាក់ថា​លោក​ ជំទាវ​ រីតណូ ​ម៉ាស៊ូឌី ​(Retno L.P. Marsudi)​ រដ្ឋមន្ត្រី​ការបរទេស​ថ្មី​នៃ​សាធារណ​រដ្ឋ​ឥណ្ឌូនេស៊ី ​នឹង​អញ្ជើញ​មកបំពេញ​ទស្សនកិច្ចបង្ហាញខ្លួន ​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ចាប់ពីថ្ងៃទី ​៣១​ ខែមីនា ​ដល់ថ្ងៃទី ​០១​ ខែមេសា ​ឆ្នាំ ២០១៥​។
តាមការ​គ្រោងទុក ​លោកជំទាវ ​រីតណូ​ ម៉ាស៊ូឌី​ (Retno L.P. Marsudi) ​នឹងជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ ​ឯកឧត្តម​ឧបនាយក​រដ្ឋ​មន្ត្រី ​ហោ ​ណាំហុង​ រដ្ឋមន្ត្រី​ការបរ​ទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ៕
អត្ថបទ៖ ច័ន្ទ ទេវី

មរណ​ភាព​របស់ ​លោក​ ប៉ែន​ សមិទ្ធិ ​ត្រូវបាន​ចាត់​ទុកថា​ គឺជាកា​របាត់​បង់ធន​ធាន​មនុស្ស​ដ៏ធំ​ធេង​មួយក្នុង​វិស័យ​សារព័ត៌មាន

លោក ប៉ែន សមិទ្ធិ គឺជា​អ្នកកាសែត​ជើងចាស់ របស់​កម្ពុជា​មួយរូប ហើយបច្ចុប្បន្ន​លោក​ជា ប្រធាន​ក្លឹបអ្នក​កាសែត​កម្ពុជា និងជា​និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា។ លោក ប៉ែន សមិទ្ធិ បានទទួលមរណភាព​ដោយ​រោគាពាធ នាព្រឹកថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ២០១៥នេះ នៅមន្ទីរ​ពេទ្យ​ឯកជន​មួយ ក្នុងជន្មាយុ ៥៧ឆ្នាំ។

លោក ប៉ែន សមិទ្ធិ ត្រូវ​បាន​គេដឹង​ថា ជាអ្នក​សែត​មួយ​រូប ដែល​មាន​កេរ្តិ៍ឈ្មោះល្បី​នៅកម្ពុជា មាន​បទពិសោធន៍ និងមាន​ចំនេះ​ដឹងជ្រៅ​ជ្រះក្នុង​វិស័យ​សារព័ត៌​មាន ដោយសារ​លោក​បានប្រឡូក​អាជីព​ជាអ្នក​ព័ត៌មាន​តាំងពី​ទសវត្សរ៍​ឆ្នាំ៨០មក​ ម្លេះ។
ក្រៅពី​បានជួយ​ឲ្យកា​សែត​រស្មីកម្ពុជា មាន​ភាពលេច​ធ្លោរ​នៅកម្ពុជា​ហើយ​នោះ លោក ប៉ែន សមិទ្ធិ ក៏បាន​បង្កើត​ក្លឹប​អ្នក​កាសែត​កម្ពុជា នៅឆ្នាំ២០០០ដើម្បី​ការពារ និង​លើក​កម្ពស់​សិទ្ធិ​របស់​អ្នក​សារព័ត៌​មាន ហើយ​បន្ថែម​លើនេះ លោក ប៉ែន សមិទ្ធិ ​ជាប្រធាន​ក្រុមហ៊ុន PEN Group និង​ជាអ្នក​គ្រប់​គ្រង​គេហ​ទំព័រ CEN ដ៏មាន​ប្រជាប្រិយ។

បើ​តាម​ប្រសាសន៍​របស់ លោក ប៉ែន ប៉ូណា សមា​ជិកគណៈកម្មាធិការ​នាយក​របស់​ក្លឹបអ្នកកាសែត​កម្ពុជា និងជា​ប្រធាន​ស្តីទីក្លឹប​អ្នកកា​សែត​កម្ពុជា នៅថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៥ នេះ លោក ប៉ែន បូណា បាន​សម្តែង​អារម្មណ៍​សោកស្តាយ និងបាន​ហៅមរភាព​របស់​លោក ប៉ែន សមិទ្ធិ គឺជា​ការបាត់​បង់ធនធាន​មនុស្ស មួយដ៏​ធំធេង​សម្រាប់​វិស័យ​ព័ត៌​មាននៅ​កម្ពុជា។

ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​សព​លោក ​ប៉ែន ​សមិទ្ធិ ក្លឹប​អ្នកកា​សែត​កម្ពុជា បានចេញនូវ​ដំណឹង​មរណ​ទុក្ខ មួយ​នៅថ្ងៃ​ទី ៣០ ខែមីនា ឆ្នាំ២០១៥នេះ។ នៅក្នុង​ដំណឹង​មរណ​ទុក្ខនោះ ក៏បាន​លើក​ឡើង​ផង​ដែរ អំពី​ប្រវត្តិស្នា​ដៃការងារ​ក្នុងវិស័យ​ព័ត៌​មាន​របស់​លោក រួមទាំងបាន​អំពាវនាវ​ដល់សមាជិក​សមា​ជិកា ក្លឹបអ្នកកា​សែត​កម្ពុជា និងអ្នកសារ​ព័ត៌​មាន​ទាំងអស់ ចូល​រួម​ក្នុង​ពិធីបុណ្យសព​របស់​លោក ប៉ែន សមិទ្ធិ​ឲ្យបាន​គ្រប់ៗគ្នា។

គួរបញ្ជាក់​ថា សព​របស់​លោក ប៉ែន សមិទ្ធិ នឹង​ត្រូវតម្កល់​ធ្វើបុណ្យ​តាមប្រពៃ​ណី នៅគេហ​ដ្ឋានរបស់លោក​ ផ្ទះលេខ១ ផ្លូវ១៤៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការ​មន រាជ​ធានី​ភ្នំពេញ៕


អត្ថបទ៖ ច័ន្ទ ទេវី


ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ អតីត​នាយក​រដ្ឋមន្រ្តី លី​ ក្វាន់យូ​ បានកា​​រអញ្ជើញ​ចូលរួម​ពីមេដឹក​នាំពិភព​លោក​ជិត​១៧០​នាក់

នៅក្នុង​ពិធី គោរព​វិញ្ញាណក្ខន្ធ​ជូន​អតីតនាយក​រដ្ឋមន្ដ្រី​សិង្ហបុរី លី ក្វាន់យូ កាល​ពីថ្ងៃសៅរិ៍ ទី២៨ និងថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០១៥នេះ​កន្លង​ទៅថ្មីៗ​នេះ បានទទួល​ការអញ្ជើញ​ចូល​រួម​ពីសំ​ណាក់ ឥស្សរជន​ជាន់​ខ្ពស់ ដែលជាមេ​ដឹកនាំ​សំខាន់ៗ មក​ពី២៧ប្រទេស​នៅតំបន់ខុ​សៗគ្នា  រួម​ទាំង​មន្ត្រី​ជាន់​ខ្ពស់ តំណាង ២០ប្រទេស ប្រមាណ​ជា១៧០នាក់ និង​ប្រជាពល​រដ្ឋសិង្ហ​បុរីជាង ២.២០០នាក់ បាន​ចូលរួមពិធី​បុណ្យ​សពរបស់​លោក Lee Kuan Yew នៅមជ្ឈមណ្ឌល​វប្បធម៌​ក្នុងប្រទេស​សិង្ហបុរី។

មេដឹក​នាំពិភពលោក​សំខាន់ៗ ដែលប​ង្ហាញ​វត្តមាន​ក្នុងពិធីដាក់​កម្រងផ្កា និងគោរ​ពវិញ្ញាណក្ខន្ធ អតីតនាយក​រដ្ឋមន្ត្រី សិង្ហបុរី លី ក្វាន់យូ មាន​ដូចជា សម្តេចតេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃកម្ពុជា, លោក Hassanal Bolkiah ព្រះរាជា​ប្រទេស​ប្រុយណេ លោក Joko Widodo ប្រធានា ធិបតី ប្រទេស​ឥណ្ឌូនេស៊ី, លោក Shinzo Abe នាយក​រដ្ឋមន្ត្រី​ជប៉ុន, លោក Tony Abbott នាយក​រដ្ឋមន្ត្រីប្រទេ ស​អូស្ត្រាលី, លោក Narendra Modi នាយករដ្ឋ​មន្ត្រី​ប្រទេសឥណ្ឌា និង លោក Bill Clinton អតីត​ប្រធានា​ធិបតី សហរដ្ឋអា​ម៉េរិក ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង ប៉ាក់ គួនហ៊ី នាយករ​ដ្ឋមន្ដ្រីថៃ នាយករដ្ឋ​មន្ដ្រីម៉ាឡេស៊ី ព្រះមហាក្សត្រ​ព្រុយណេ អនុប្រធានាធិបតី​ចិន  និង អតីតរដ្ឋមន្ដ្រី​ការបរទេស​អាមេរិក Henry Kisssinger ជាដើម ។ មេដឹកនាំ និងឥស្សរជន​នៃប្រទេស​ទាំងនោះ​បានហៅ​លោក លី ក្វាន់យូ ថាជា​រដ្ឋបុរស​ពិតៗនៃប្រទេស​សិង្ហបុរី ដែល​មិនអាច​បំភ្លេច​បាន​ឡើយ។ ជាមួយគ្នា​នេះ ស្ថានទូត​ជាតិ​ប្រទេស​មួយ​ចំនួន​ក្នុង​ប្រទេស​សិង្ហបុរី​បានទម្លាក់​ទង់ជាតិពាក់​កណ្ដាល់​ដង។

នៅក្នុងឱកាស​នៃពិធីបុណ្យ​ដ៏ក្រៀមក្រំ នៃមរណភាព​របស់អតីត​នាយករដ្ឋមន្ដ្រី លី ក្វានយូ កូនប្រុស​របស់លោក គឺលោក​នាយក​រដ្ឋមន្ដ្រី លី ស៊ានលុង បាន​ប្រកាស​ថា មេដឹក​នាំដ៏កំពូលរបស់​ប្រទេស​បានឃ្លាតឆ្ងាយ​ហើយ ។ លោក​បានហៅ​ឪពុករបស់​លោកថា ជាបិតា​នៃប្រទេសសិង្ហ​បុរី ។

គួរបញ្ជាក់​ថា លោក លី ក្វាន់យូ គឺជានាយក​រដ្ឋមន្ដ្រី​ដំបូង​គេនៃ​ប្រទេស​សិង្ហ​បុរី។ លោក​គឺជាជនបដិវត្តន៍​ដ៏ឆ្នើម​ប្រឆាំង និងអាណានិគម​នៃប្រទេសអង់គ្លេស ហើយ​ក្រោយ​មកលោក​គឺជា​អ្នក​បង្កើត​ឯករាជ្យ​ភាព ពីប្រទេស​ម៉ាឡេ​ស៊ីនៅ​ឆ្នាំ ១៩៦៥ ហើយនៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន​វិញ លោក លី ក្វាន់យូ ត្រូវបាន​ចាត់​ទុក​ថាជា ស្ថាប​និកនៃអាស៊ាន​ទាំងមូល​ផង​ដែរ ដោយ​លោក​បាន​ចូលរួម​ចំណែក ក្នុងការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន៕

អត្ថ​បទ៖ ច័ន្ទ ទេវី