(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានថ្លែងថា បើបណ្តាប្រទេសនានាក្នុងពិភពលោក មិនប្រកាន់យកពហុភាគីនិយម ពិភពលោកនឹងមិនអាចយកឈ្នះលើជំងឺរាតត្បាត នាពេលបច្ចុប្បន្ន និងអនាគតបានទេ។
ប្រមុខការទូតកម្ពុជាថ្លែងបែបនេះ
នៅក្នុងសន្និសីទរដ្ឋមន្ត្រីពាក់កណ្តាលឆមាស នៃចលនាមិនចូលបក្សសម្ព័ន្ធ ស្តីពី «ចលនាមិនចូលបក្សសម្ព័ន្ធ
នៅចំណុចនៃកិច្ចខិតខំប្រឹងប្រែងពហុភាគី ក្នុងការឆ្លើយតបទៅនឹងការប្រឈមពិភពលោក» ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤
ខែកក្កដា ឆ្នាំ២០២១។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន, លោក ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖
«ចំពោះកម្ពុជា
មានតែនៅក្នុងក្របខ័ណ្ឌនៃពហុភាគីនិយមពិតប្រាកដមួយប៉ុណ្ណោះ ដែលសហគមន៍ អន្តរជាតិនឹងអាចដោះស្រាយនូវបញ្ហាប្រឈមសំខាន់ៗទាំងនេះបាន។
ការណ៍ដែលគ្រាន់តែរៀបរាប់ពីពហុភាគី និយមដើម្បីផលប្រយោជន៍ខ្លួនឯង ដោយមិនទទួលស្គាល់ពហុនិយមនៃពិភពលោក
នោះគ្រាន់តែជាការនិយាយតែមាត់ប៉ុណ្ណោះ»។
លោកបន្តថា «ពហុភាគីនិយមពិតមានន័យថា ការទទួលយកភាពខុសគ្នា និងការប្រែក្លាយគូប្រជែងឱ្យទៅជាការប្រកួតប្រជែងដោយសន្តិវិធី
និងភាពស្មោះត្រង់។ បើសិន ជាគ្មានចំណុចទាំងនេះទេ យើងនឹងមិនអាចយកឈ្នះលើជំងឺរាតត្បាតនាពេលបច្ចុប្បន្ន
និងអនាគតបានទេ យើងនឹងមិនអាចបន្ថយល្បឿននៃការប្រែប្រួលអាកាសធាតុ និងអេកូឡូស៉ី ក៏ដូចជាយើងនឹងមិនអាចគ្រប់គ្រងបច្ចេកវិទ្យាថ្មី
នៅក្នុងបរិបទនៃគូប្រកួតប្រជែង ដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះទេ»។
ប្រមុខការទូតកម្ពុជា បន្ថែមថា
យោងតាមប្រវត្ដិសាស្ដ្រ ចលនាមិនចូលបក្សសម្ព័ន្ធបានផ្តួចផ្តើមគំនិតនៃទំនាក់ទំនងអន្តរជាតិ
ដែលជួយទប់ស្កាត់សង្គ្រាមលោកថ្មី។ លោក ប្រាក់ សុខុន ជឿជាក់ថា សព្វថ្ងៃនេះ នៅក្នុងពិភពពហុភាគីនៃការក្រកួតប្រជែងប្រកបដោយគ្រោះថ្នាក់
គំនិតនៃការរួមរស់ដោយសន្តិសហវិជ្ជមាន ដូចដែលបានបង្កើតឡើងដោយសហស្ថាបនិកនៃចលនាមិនចូលបក្សសម្ព័ន្ធ
គឺនៅតែមានភាពសមស្របជាងពេលណាទាំងអស់ ហើយគ្មានប្រទេសណាមួយដែលប្រសើរ ឬមានសមត្ថភាពជាងចលនាមិនចូលបក្សសម្ព័ន្ធ
ក្នុងការលើកកម្ពស់គំនិតនេះ ម្តងទៀតនោះទេ។
នាពេលបច្ចុប្បន្ន
ក្នុងចំណោមបញ្ហាប្រឈមសំខាន់ៗ ដែលកំពុងញាំញីពិភពលោក ក្នុងរយៈពេល ០២ឆ្នាំចុងក្រោយនេះ
រួមនឹងការប្រណាំងប្រជែងភូមិសាស្រ្តនយោបាយរបស់មហាអំណាច ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩
ដ៏កាចសាហាវ គឺជាដំណាក់កាលដ៏អាក្រក់បំផុតនៃវិបត្តិផ្នែកសុខភាព
សេដ្ឋកិច្ច-សង្គមកិច្ច និងមនុស្សធម៌។
ការរើបកាន់តែខ្លាំងឡើងវិញនៃគ្រោះមហន្តរាយដោយធម្មជាតិ និងពីអាកាសធាតុ
និងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ដែលអាចនឹងកើតមានឡើងនាពេលបន្ទាប់។
បើតាមលោក ប្រាក់ សុខុន, កម្ពុជាជឿជាក់យ៉ាងមុតមាំថា ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកលទាំងនេះ
ការខិតខំប្រឹងប្រែងកិច្ចសហប្រតិបត្តិការពហុភាគី គួរតែត្រូវបានបញ្ចូលជាមូលដ្ឋាន
នៅក្នុងប្រព័ន្ធបទបញ្ញត្តិនានា ដោយស្របតាមគោលការណ៍បានឌុង សេចក្តីថ្លែងការណ៍បាគូឆ្នាំ២០១៩
និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
ខណៈដែលសហគមន៍អន្តរជាតិព្យាយាមជម្នះផលប៉ះពាល់នៃជំងឺរាតត្បាត
យើងត្រូវពង្រឹងគុណតម្លៃនៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាឱ្យប្រទេសទាំងអស់ទទួលបានវ៉ាក់សាំង
និងឧបករណ៍វេជ្ជសាស្ត្រ ដោយគ្មានការរារាំង និងប្រកបដោយសមភាព។ ភាពចាំបាច់នេះ
មានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យប្រទេសជាសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋ ដើរលើមាគ៌ាស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។
វិធីសាស្រ្តទិសដៅពីរបច្ចុប្បន្នរបស់ប្រទេសអភិវឌ្ឍន៍ ប្រឆាំងនឹងប្រទេសកំពុងអភិវឌ្ឍន៍
អាចនឹងទទួលបរាជ័យដោយខ្លួនឯង។
ពាក់ព័ន្ធនឹងគ្រោះមហន្តរាយដោយធម្មជាតិ
និងពីអាកាសធាតុ ការប្រឈមនានាដែលយើងកំពុងជួបប្រទះ
ត្រូវការចាំបាច់នូវវិធីសាស្រ្តរួមមួយ ដែលកើតចេញពីការសាមគ្គីភាព ការប្តេជ្ញាចិត្តដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន
និងស្មារតីមនុស្សធម៌។ នៅក្នុងបរិបទនេះ កិច្ចការនៃចលនាមិនចូលបក្សសម្ព័ន្ធ មានសារៈសំខាន់បំផុតក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព
និងវិបុលភាពសម្រាប់មនុស្សទាំងពួង។ ឧទាហរណ៍៖ ការអនុវត្តនៃគោលដៅសកម្មភាពអាកាសធាតុ
និងការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវបានលើកទឹកចិត្តតាមរយៈការអនុម័តប្រភពថាមពលកកើតឡើងវិញ
ដែលជួយទប់ស្កាត់ការបំភាយកាបូន នឹងមានផលប្រយោជន៍ដល់ពិភពលោកទាំងមូល។
ការប្រឈមជាសកល ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការមកដល់នៃបដិវត្តឧស្សាហកម្មទី៤
នឹងតម្រូវឱ្យយើងសហការគ្នាក្នុងការផ្ទេរបច្ចេកវិទ្យា និងការចែករំលែកបច្ចេកវិទ្យា
មិនមែនគ្រាន់តែរវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ប៉ុណ្ណោះទេ។ ការផ្តល់ការគាំទ្រផ្នែកបច្ចេកវិទ្យាបែបនេះ
មានតួនាទីយ៉ាងសំខាន់ក្នុងការរក្សានិរន្តរភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេសសមាជិកចលនាមិនចូលបក្សសម្ព័ន្ធនីមួយៗ
ក្នុងអំឡុងពេលផ្លាស់ប្តូរ ឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលពិភពលោក។
ការទាក់ទាញការវិនិយោគផ្នែកបច្ចេកវិទ្យានៅក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ
ការអប់រំ និងសុខាភិបាល នឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ច៕