Tuesday, July 13, 2021

ប្រមុខការទូតកម្ពុជា៖ បើមិនប្រកាន់ពហុភាគីនិយម ពិភពលោកនឹងមិនអាចយកឈ្នះ លើជំងឺរាតត្បាតបានទេ

 (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានថ្លែងថា បើបណ្តាប្រទេសនានាក្នុងពិភពលោក មិនប្រកាន់យកពហុភាគីនិយម ពិភពលោកនឹងមិនអាចយកឈ្នះលើជំងឺរាតត្បាត នាពេលបច្ចុប្បន្ន និងអនាគតបានទេ។


ប្រមុខការទូតកម្ពុជាថ្លែងបែបនេះ នៅក្នុងសន្និសីទរដ្ឋមន្ត្រីពាក់កណ្តាលឆមាស នៃចលនាមិនចូលបក្សសម្ព័ន្ធ ស្តីពី «ចលនាមិនចូលបក្សសម្ព័ន្ធ នៅចំណុចនៃកិច្ចខិតខំប្រឹងប្រែងពហុភាគី ក្នុងការឆ្លើយតបទៅនឹងការប្រឈមពិភពលោក» ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន, លោក ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះកម្ពុជា មានតែនៅក្នុងក្របខ័ណ្ឌនៃពហុភាគីនិយមពិតប្រាកដមួយប៉ុណ្ណោះ ដែលសហគមន៍ អន្តរជាតិនឹងអាចដោះស្រាយនូវបញ្ហាប្រឈមសំខាន់ៗទាំងនេះបាន។ ការណ៍ដែលគ្រាន់តែរៀបរាប់ពីពហុភាគី និយមដើម្បីផលប្រយោជន៍ខ្លួនឯង ដោយមិនទទួលស្គាល់ពហុនិយមនៃពិភពលោក នោះគ្រាន់តែជាការនិយាយតែមាត់ប៉ុណ្ណោះ»

លោកបន្តថា «ពហុភាគីនិយមពិតមានន័យថា ការទទួលយកភាពខុសគ្នា និងការប្រែក្លាយគូប្រជែងឱ្យទៅជាការប្រកួតប្រជែងដោយសន្តិវិធី និងភាពស្មោះត្រង់។ បើសិន ជាគ្មានចំណុចទាំងនេះទេ យើងនឹងមិនអាចយកឈ្នះលើជំងឺរាតត្បាតនាពេលបច្ចុប្បន្ន និងអនាគតបានទេ យើងនឹងមិនអាចបន្ថយល្បឿននៃការប្រែប្រួលអាកាសធាតុ និងអេកូឡូស៉ី ក៏ដូចជាយើងនឹងមិនអាចគ្រប់គ្រងបច្ចេកវិទ្យាថ្មី នៅក្នុងបរិបទនៃគូប្រកួតប្រជែង ដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះទេ»

ប្រមុខការទូតកម្ពុជា បន្ថែមថា យោងតាមប្រវត្ដិសាស្ដ្រ ចលនាមិនចូលបក្សសម្ព័ន្ធបានផ្តួចផ្តើមគំនិតនៃទំនាក់ទំនងអន្តរជាតិ ដែលជួយទប់ស្កាត់សង្គ្រាមលោកថ្មី។ លោក ប្រាក់ សុខុន ជឿជាក់ថា សព្វថ្ងៃនេះ នៅក្នុងពិភពពហុភាគីនៃការក្រកួតប្រជែងប្រកបដោយគ្រោះថ្នាក់ គំនិតនៃការរួមរស់ដោយសន្តិសហវិជ្ជមាន ដូចដែលបានបង្កើតឡើងដោយសហស្ថាបនិកនៃចលនាមិនចូលបក្សសម្ព័ន្ធ គឺនៅតែមានភាពសមស្របជាងពេលណាទាំងអស់ ហើយគ្មានប្រទេសណាមួយដែលប្រសើរ ឬមានសមត្ថភាពជាងចលនាមិនចូលបក្សសម្ព័ន្ធ ក្នុងការលើកកម្ពស់គំនិតនេះ ម្តងទៀតនោះទេ។

នាពេលបច្ចុប្បន្ន ក្នុងចំណោមបញ្ហាប្រឈមសំខាន់ៗ ដែលកំពុងញាំញីពិភពលោក ក្នុងរយៈពេល ០២ឆ្នាំចុងក្រោយនេះ រួមនឹងការប្រណាំងប្រជែងភូមិសាស្រ្តនយោបាយរបស់មហាអំណាច ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ ដ៏កាចសាហាវ គឺជាដំណាក់កាលដ៏អាក្រក់បំផុតនៃវិបត្តិផ្នែកសុខភាព សេដ្ឋកិច្ច-សង្គមកិច្ច និងមនុស្សធម៌។ ការរើបកាន់តែខ្លាំងឡើងវិញនៃគ្រោះមហន្តរាយដោយធម្មជាតិ និងពីអាកាសធាតុ និងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ដែលអាចនឹងកើតមានឡើងនាពេលបន្ទាប់។

បើតាមលោក ប្រាក់ សុខុន, កម្ពុជាជឿជាក់យ៉ាងមុតមាំថា ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកលទាំងនេះ ការខិតខំប្រឹងប្រែងកិច្ចសហប្រតិបត្តិការពហុភាគី គួរតែត្រូវបានបញ្ចូលជាមូលដ្ឋាន នៅក្នុងប្រព័ន្ធបទបញ្ញត្តិនានា ដោយស្របតាមគោលការណ៍បានឌុង សេចក្តីថ្លែងការណ៍បាគូឆ្នាំ២០១៩ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

ខណៈដែលសហគមន៍អន្តរជាតិព្យាយាមជម្នះផលប៉ះពាល់នៃជំងឺរាតត្បាត យើងត្រូវពង្រឹងគុណតម្លៃនៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាឱ្យប្រទេសទាំងអស់ទទួលបានវ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រ ដោយគ្មានការរារាំង និងប្រកបដោយសមភាព។ ភាពចាំបាច់នេះ មានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យប្រទេសជាសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋ ដើរលើមាគ៌ាស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ វិធីសាស្រ្តទិសដៅពីរបច្ចុប្បន្នរបស់ប្រទេសអភិវឌ្ឍន៍ ប្រឆាំងនឹងប្រទេសកំពុងអភិវឌ្ឍន៍ អាចនឹងទទួលបរាជ័យដោយខ្លួនឯង។

ពាក់ព័ន្ធនឹងគ្រោះមហន្តរាយដោយធម្មជាតិ និងពីអាកាសធាតុ ការប្រឈមនានាដែលយើងកំពុងជួបប្រទះ ត្រូវការចាំបាច់នូវវិធីសាស្រ្តរួមមួយ ដែលកើតចេញពីការសាមគ្គីភាព ការប្តេជ្ញាចិត្តដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន និងស្មារតីមនុស្សធម៌។ នៅក្នុងបរិបទនេះ កិច្ចការនៃចលនាមិនចូលបក្សសម្ព័ន្ធ មានសារៈសំខាន់បំផុតក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសម្រាប់មនុស្សទាំងពួង។ ឧទាហរណ៍៖ ការអនុវត្តនៃគោលដៅសកម្មភាពអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវបានលើកទឹកចិត្តតាមរយៈការអនុម័តប្រភពថាមពលកកើតឡើងវិញ ដែលជួយទប់ស្កាត់ការបំភាយកាបូន នឹងមានផលប្រយោជន៍ដល់ពិភពលោកទាំងមូល។

ការប្រឈមជាសកល ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការមកដល់នៃបដិវត្តឧស្សាហកម្មទី៤ នឹងតម្រូវឱ្យយើងសហការគ្នាក្នុងការផ្ទេរបច្ចេកវិទ្យា និងការចែករំលែកបច្ចេកវិទ្យា មិនមែនគ្រាន់តែរវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ប៉ុណ្ណោះទេ។ ការផ្តល់ការគាំទ្រផ្នែកបច្ចេកវិទ្យាបែបនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរក្សានិរន្តរភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេសសមាជិកចលនាមិនចូលបក្សសម្ព័ន្ធនីមួយៗ ក្នុងអំឡុងពេលផ្លាស់ប្តូរ ឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលពិភពលោក។

ការទាក់ទាញការវិនិយោគផ្នែកបច្ចេកវិទ្យានៅក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងសុខាភិបាល នឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ច៕








No comments:

Post a Comment