Tuesday, July 13, 2021

អភិបាលខេត្តស្វាយរៀង បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ ប្រគេនព្រះសង្ឃ ប្រជាពលរដ្ឋ និងកម្មករកម្មការិនី ស្រុកស្វាយជ្រំ

 ស្វាយរៀង៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ប្រគេនព្រះសង្ឃ ជូនប្រជាពលរដ្ឋ និងកម្មករកម្មការិនី ស្រុកស្វាយជ្រំ ។

ដោយមានការចូលរួមពី លោក អ៉ឹម សារ៉ា ប្រធានក្រុមការងារចុះជួយឃុំគ្រួស លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត លោកអភិបាល អភិបាលរងស្រុកស្វាយជ្រំ លោកមេភូមិ មេឃុំ យុវជនស.ស.យ.ក ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

នាឱកាសនោះ លោក ម៉ែន វិបុល បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ មិនមានហានិភ័យដល់អាយុជីវិតនោះឡើយ។

លោកអភិបាលខេត្តក៏បានបន្តថា ការចាក់វ៉ាក់សាំងនៅក្នុងខេត្តស្វាយរៀងកន្លងទៅ គឺបានចាក់ជូនដល់មន្ត្រី-រាជការ ហើយបច្ចុប្បន្នកំពុងដំណើការចាក់ជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ កម្មករ កម្មការិនីចំនួន០៤ ស្រុក-ក្រុង រួមមាន៖ (១)ក្រុងបាវិត (២)ស្រុកកំពង់រោទិ៍ (៣)ស្រុករំដួល និងក្រុងស្វាយរៀង ទន្ទឹមនេះនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបានរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំង ចំនួន០៤ស្រុក បន្ថែមទៀតរួមមាន៖ ស្រុកស្វាយជ្រំ ស្រុករមាសហែក ស្រុកស្វាយទាប និងចន្ទ្រាស្រុកចន្ទ្រា ។

លោក ម៉ែន វិបុល ក៏បានអំពាវនាវប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំង ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម។ ចំពោះប្រជាពលរដ្ឋដែលដល់វេនមកទទួលវ៉ាក់សាំង ត្រូវអញ្ជើញមកទទួលវ៉ាក់សាំងដូសទី១ ដោយយកឯកសារមកជាមួយមានដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត ឬឯកសារពាក់ព័ន្ធនានា ។ ម្យ៉ាងទៀតក្រោយទទួលបានវ៉ាក់រួចត្រូវតែបន្តប្រកាន់ភ្ជាប់នូវវិធានការ”៣ការពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។ ឯកឧត្តមបន្តថា ការគិតគូរដ៏ឈ្លាសវ៉ៃនិងប៉ិនប្រសព្វរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់វាក់សាំងដើម្បីជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនីព្រះសង្ឃដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅដោយឥតគិតថ្លៃ ហើយនៅថ្ងៃនេះ និងជំហានបន្តបន្តបន្ទាប់ទៀតនៅពេលខាងមុខ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងមូល និងទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ក្នុងទប់ស្កាត់នៃការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច វិលទៅរកភាពដើមវិញនាពេលខាងមុខ។

សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់នៅក្នុងស្រុកស្វាយជ្រំចាប់ផ្ដើមពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ នៅតាមទីតាំងដែលបានរៀបចំ ចំនួន១៦ទីតាំង រួមមាន ៖
១-ឃុំអង្គតាសូ សាលាបឋមសិក្សារកា ២-ឃុំបាសាក់ នៅសាលាបឋមសិក្សាស្វាយតាភ្ល
៣-ឃុំចំបក់ នៅអនុវិទ្យាល័យចំបក់ ៤-ឃុំកំពង់ចំឡង នៅសាលាបឋមសិក្សាតាជៃ ៥-ឃុំតាសួស នៅសាលាបឋមសិក្សាចំបក់កោង ៦- ឃុំឈើទាល នៅមណ្ឌលសុខភាពឈើទាល ៧-ឃុំដូនស នៅសាលាបឋមសិក្សាល្ងើន ៨-ឃុំគោកព្រីង នៅសាលាបឋមសិក្សាអង្គកប្បាស ៩-ឃុំក្រោលគោ នៅវិទ្យាល័យហ៊ុនសែនក្រោលគោ ១០-ឃុំគ្រួស នៅសាលាបឋមសិក្សាគ្រោះ ១១-ឃុំពោធិរាជ នៅសាលាបឋមសិក្សាវត្តស្វាយ ១២-ឃុំស្វាយអង្គ នៅអនុវិទ្យាល័យស្វាយផ្អែម ១៣-ឃុំស្វាយជ្រំ នៅសាលាបឋមសិក្សាស្វាយជ្រំ ១៤-ឃុំស្វាយធំ នៅវត្តទួលសាមគ្គីឧត្តម ១៥- ឃុំស្វាយយា នៅសាលាបឋមសិក្សាឈូកមាស ១៦- ឃុំធ្លក នៅសាលាបឋមសិក្សាធ្លក ៕









No comments:

Post a Comment