Thursday, April 09, 2020

លិខិតមិត្តអ្នកអាន៖ «ខានចូលឆ្នាំម្តងប្រសើរជាងសាកល្បងឆ្លងកូវិដ-១៩!»

ក្នុងស្មារតីទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិ និង សុខមាលភាពរបស់ប្រជាពលរដ្ឋខ្មែរជាង១៦លាននាក់នៅទូទាំងប្រទេស រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ធមន្ត្រី ហ៊ុន សែន ហើយដែលបានការគាំទ្រនិង
ការឯកភាពពីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជាមួយ កូវិដ-១៩បានសម្រេចបិទមិនឲ្យពលរដ្ឋធ្វើចរាចរណ៍ពីភ្នំពេញទៅកាន់បណ្តាខេត្ត ឬពីខេត្តមួយទៅកាន់ខេត្តមួយឡើយ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះពោលគឺចាប់ពីយប់អាធ្រាតថ្ងៃទី៩ដល់ ១៦ មេសាឆ្នាំ ២០២០ ។
ជាការពិត មានអ្នកខ្លះអាច យល់ឃើញថា នេះជាការបិទ សិទ្ធិសេរីភាពក្នុងការដើរហើររបស់ប្រជាពលរដ្ឋ ជាពិសេស ក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលគ្រួសារខ្មែរត្រូវការជួបជុំគ្នាមួយឆ្នាំម្តង។
ប៉ុន្តែ បើយោងលើស្ថានការណ៍ជាក់ស្តែងនៅជុំវិញពិភពលោក ដែលកំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីកូវិដ-១៩យើងនឹង យល់ថា វិធានការពិសេស នេះពិតជាសមស្របណាស់ពីព្រោះសូមកុំភ្លេចថា កូវិដ-១៩ គឺជា មេរោគដែលឆ្លងរាលដាលយ៉ាងឆាប់រហ័សបំផុតជាពិសេសវាឆ្លងរាលដាលកាន់តែលឿននៅពេលមនុស្សជួបជុំគ្នាកកកុញច្រើននិងនៅជិតគ្នា។ ប្រទេសចិន ដែលទទួលរងការវាយប្រហារមុនគេនិងយ៉ាងលឿនរហ័ស គឺក៍ ដោយសារតែមេរោគនេះបានផ្ទុះឡើងចំពេលបុណ្យចូលឆ្នាំថ្មីដែលពលរដ្ឋចិនរាប់រយលាននាក់ធ្វើដំណើរចុះឡើងខ្វាត់ខ្វែងយ៉ាងកកកុញក្នុងពីធីបុណ្យចូលឆ្នាំថ្មី។
នៅអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលកំពុងរងការវាយប្រហារពេញទំហឹងដោយកូវិដ-១៩រហូតធ្វើឲ្យមនុស្សឆ្លងរាប់សែននាក់ និងស្លាប់រាប់ម៉ឺននាក់គឺក៍ ដោយសារតែពលរដ្ឋមិនស្តាប់ការណែនាំរបស់រដ្ឋាភិបាល ហើយនាំគ្នាចេញដើររហេត រហូតគ្មានឈប់ឈរ។
លើការជាក់ស្តែងដែលយើង បានដឹងលឺទាំងអស់គ្នានោះ គឺ ប្រទេស អ៊ីតាលី បារាំង អេស្ប៉ាញ អង្គ្លេស ជាដើម
ដែលមានប្រជាជនស្លាប់រៀង រាល់ថ្ងៃហើយក្នុងមួយថ្ងៃៗ ប្រទេសទាំងនេះមានប្រជាជនខ្លួនបានស្លាប់ក្នុងចន្លោះពី ជាង៤០០នាក់ទៅជិត២០០០ នាក់
នៅទីបំផុត ក៍បានសម្រេចយក
វិធានការបិទខ្ទប់ប្រទេសហើយបង្ខំឲ្យពលរដ្ឋសម្ងំនៅតែក្នុងផ្ទះដើម្បីទប់ស្កាត់គ្រោះមហន្តរាយដែលកាន់តែធ្ងន់ធ្ងរឡើងៗជា លំដាប់។
វិធានការរាំងខ្ទប់មនុស្សកុំឲ្យដើរគឺជាជម្រើសតែមួយគត់ដែល មានប្រសិទ្ធភាពបំផុតសម្រាប់ទប់ទល់ជាមួយមេរោគកូវិដ-១៩ ខណៈដែលអ្នកវិទ្យាសាស្ត្រ មិនទាន់រកឃើញថ្នាំព្យាបាល
ឬវ៉ាក់សាំងការពារជំងឺនេះបាននៅឡើយ។
ក្នុងន័យនេះ រដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចហាមប្រាមមិនឲ្យពលរដ្ឋខ្លួនធ្វើដំណើរឆ្លងពីភ្នពេញទៅខេត្ត ឬពីខេត្តមួយទៅខេត្តមួយទៀត រឺ ពីស្រុកមួយទៅ ស្រុកមួយទៀត គឺជាជម្រើស ដ៏ សមស្របបំផុតដែលមិនអាចចៀសវាងបានឡើយនៅក្នុងស្មារតីទទួលខុសត្រូវខ្ពស់និងក្នុងទស្សនៈ«ការពារប្រសើរជាងព្យាបាល»។
ពិតហើយ ប្រជាពលរដ្ឋខ្មែរដែល ទទួលផលពីសុខសន្តិភាព និងការអភិវឌ្ឍន៍ តែងតែស្វែងរកការជួបជុំ សប្បាយរីករាយ ក្នុងនោះពិធីបុណ្យធំៗដែលបានជួបជុំគ្រួសារ មិត្តភ័ក្ត គឺជាពិធីដ៏ សប្បាយរីករាយបំផុត។ ដូច្នេះ
ការខកខានមិនបានជួបជុំក្នុងពេលបុណ្យចូលឆ្នាំពិតជាការខកចិត្តមួយ។ ប៉ុន្តែ បើយើងសាកល្បងគិតថា ក្រោយពីពិធីជួបជុំបុណ្យចូលឆ្នាំដ៏ សប្បាយរីករាយទៅ ស្រាប់តែ កូវិដ-១៩ផ្ទុះឡើងនៅគ្រប់ទិសទី។ ឪពុកម្តាយ បងប្អូន ជីដូនជីតា យើងស្រាប់តែឆ្លង មេរោគនេះ តើយើងមានអារម្មណ៍បែបណា? វាពិតជា រឿងសោកសង្រេងខ្លាំងណាស់គឺខ្លាំងជាងការខកខានមិនបានទៅជួបជុំគ្នារាប់រយរាប់ពាន់ដងឯណោះ។ ហើយជួនកាល វិប្បដិសារីនេះនឹងកើតមានសម្រាប់ខ្លួនយើងពេញមួយជីវិតក៏ថាបាន។
ម្យ៉ាងទៀត បុណ្យចូលឆ្នាំមានជារៀងរាល់ឆ្នាំ ។ ដូច្នេះ បើយើងខានរៀបចំឆ្នាំនេះ យើងនៅតែអាចរៀបចំពិធីបុណ្យនេះឡើងវិញបាននៅឆ្នាំក្រោយ។
សុភាសិតបូរាណខ្មែរយើងបាន ពោលថា «ទាល់តែឃើញក្តា
មឈូសទើបស្រក់ទឹកភ្នែក»។ សុភាសិតនេះចង់ទូន្មានដល់ កូនខ្មែរថា «កុំឲ្យព្រហើន កុំមើលស្រាលសភាពការណ៍ ហើយកុំរង់ចាំដល់មាត់ជ្រោះនៃ សេចក្តីស្លាប់ទើបនាំគ្នា
ស្រក់ទឹកភ្នែកហើយភ្ញាក់រលឹក ពីព្រោះវាហួសពេលទៅហើយ»។ ជាពិសេសក្នុង សមរភូមិប្រយុទ្ធជាមួយសត្រូវឥតស្រមោលដូចជា កូវិដ-១៩ នេះជាដើម រឹតតែមិនត្រូវមើលងាយសភាពការណ៍សោះឡើយ។
បច្ចុប្បន្ន ប្រទេសកម្ពុជាយើងមិនទាន់រងគ្រោះខ្លាំងដោយសារកូវិដ-១៩នៅឡើយនោះទេ។ នេះគឺដោយសារតែរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ធមន្ត្រី ហ៊ុន សែន មានភាពឈ្លាសវៃ
ស្គាល់និងវាយតម្លៃ
សភាពការណ៍បានត្រឹមត្រូវ និងស្គាល់កាលៈទេសៈ ហើយដឹងថា ពេលណាត្រូវធ្វើអ្វី។ ដំណើរការចាត់ចែងរបស់លោកនាយក រដ្ឋមន្ត្រីតាំងពីដំណាក់កាលទី១ រហូតដមកដល់ពេលនេះ គឺជាការរៀបចំក្រឡាដើរបានយ៉ាង ល្អទាំងនៅក្នុងក្របខណ្ឌជាតិ និងអន្តរជាតិទើបអាចបញ្ចៀស ប្រទេសជាតិយើងមិនឲ្យធ្លាក់ ចូលក្នុងមហន្តរាយនៃកូវិដ-១៩ រហូតដល់ពេលនេះ ខណៈដែល បណ្តាប្រទេសក្នុងតំបន់និងក្នុងពិភពលោកកំពុងតែធ្លាក់ដុនដាបយ៉ាងខ្លាំងបំផុត។
ដូច្នេះសរុបមកវីញ យើងជា ពលរដ្ឋខ្មែរ គ្មានជម្រើសអ្វីល្អជាងការស្តាប់និងអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាលនោះឡើយ ហើយជាពិសេសការខកខានជួបជុំគ្នាម្តងក្នុងពិធីបុណ្យចូលឆ្នាំមិនមែនជារឿងដែលយើងមិនអាចធ្វើបាននោះឡើយ។ ពិធីបុណ្យចូលឆ្នាំនៅតែអាចធ្វើនៅនឹងកន្លែងជាមួយបងប្អូន មិត្តភ័ក្តិ ក្រុមគ្រួសារជា លក្ខណៈទ្រង់ទ្រាយតូចបាន ដដែល។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ «ក្រោយបុណ្យចូលឆ្នាំយើងមានសុវត្ថិភាពពីកូវិដ-១៩ នោះទើបជាដំណឹងល្អ»។
ដូច្នេះ ការខនខានចូលឆ្នាំម្តង ប្រសើរជាងសាកល្បងឆ្លង
កូវិដ-១៩ក្នុងជីវិត។ ខ្ញុំជឿជាក់ថា បងប្អូនខ្មែរយើងអាចធ្វើបាន ដើម្បីខ្លួនយើង គ្រួសារយើង និងសហគមន៍ យើងចៀសផុតពី
កូវិដ-១៩។
ដោយ : អ្នកនយោបាយតុកាហ្វេ




(Video)៖ បទបញ្ជារបស់រាជរដ្ឋាភិបាលស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបទបញ្ជាឲ្យដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត រហូតដល់ពីស្រុកមួយ ទៅស្រុកមួយ ដោយចាប់អនុវត្តពីយប់ថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

សូមអានបទបញ្ជារបស់រាជរដ្ឋាភិបាលខាងក្រោម៖





ប្រធានកម្មវិធីផ្ទះទេវតា ដឹកនាំក្រុមការងារ ចុះប្រគល់ផ្ទះទេវតាចំនួន៣ខ្នងបន្តទៀត ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង

ស្វាយរៀង៖ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន៣ខ្នងបន្តទៀត ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តស្វាយរៀង នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ពិធីនេះក៏មានការចូលរួមពីលោក តូច ប៉ូលីវ៉ាអភិបាលរងខេត្តស្វាយរៀង និងក្រុមការងារផងដែរ។
នៅក្នុងពិធីប្រគល់ផ្ទះទេវតានេះដែរ លោកស្រី ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាល លោកទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
ក្នុងឱកាសនោះផងដែរ លោកស្រី ហ៊ុន ម៉ាណា បានមានប្រសាសន៍ឱ្យ ប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ពីសុខភាព ជាពិសេសអនុវត្តការលាងដៃជាប់ជាប្រចាំ និងពាក់ម៉ាស់ផងដែរ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងតែរាតក្បាតក្នុងប្រទេសកម្ពុជាយើង។
ទន្ទឹមនឹងនេះ ផ្ទះទេវតាចំនួន៣ខ្នងដែលត្រូវប្រគល់ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តស្វាយរៀង រួមមាន៖
១-ផ្ទះលេខ២៧៥ ប្រគល់ជូនអ្នកមីង សុខ ម៉ាប់ អាយុ៥៥ឆ្នាំ រស់នៅភូមិមុខដា ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ជាអំណោយរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។
២-ផ្ទះលេខ២៧៤ ប្រគល់ជូនលោក ជាម សាលី អាយុ៣៩ឆ្នាំ រស់នៅភូមិព្រៃខ្ជាយ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ជាអំណោយរបស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។
៣.ផ្ទះលេខ២៧៣ ប្រគល់ជូនអ្នកមីង វា សុីថា រស់នៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។
ចំពោះប្រជាពលរដ្ឋ ដែលទទួលបានអំណោយផ្ទះខាងលើ ក៏បានទទួលអំណោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន បន្ថែមទៀតរួមមានសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួន។ ជាមួយកម្មវិធីសប្បាយរីករាយយ៉ាងក្រៃលែង នេះដែរ លោកស្រី ហ៊ុន ម៉ាណា និងក្រុមការងារ ក៏បានចែកអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់លោកយាយ លោកតា និងក្មួយៗសិស្សានុសិស្សដែលបានចូលរួមអបអរសាទរពិធីប្រគល់ផ្ទះទេវតានេះដែរ អំណោយរួមមាន៖ សម្ភារសិក្សា, នំកញ្ចប់, សំលៀកបំពាក់, ជែលលាង, សាប៊ូលាងដៃ និងថវិកាមួយចំនួន។
ដោយឡែកប្រជាពលរដ្ឋដែលកំពុងជួបជីវភាពខ្វះខាតខ្លាំងចំនួន១គ្រួសារទៀត ឈ្មោះ ម៉ម ស៊ាន់ អាយុ៧១ ឆ្នាំរស់នៅភូមិមុខដា ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ក៏បានទទួលអំណោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ អំណោយរួមមាន៖ អង្ករ១០០គីឡូក្រាម, ត្រីខ១កេស, មី៥កេស, ទឹកគោខាប់១កេស, ពូក ខ្នើយ មុង កន្ទេល, ប្រេងកូឡា ប្រេងខ្យល់, ចានដែក ឆ្នាំងតូច-ធំ, វែកបាយ វែកសម្ល វែកឆា ស្លាបព្រា សម, កំសៀវ ចានបាយ ចានសម្ល, តែ១គីឡូក្រាម, ស្ករស៥គីឡូក្រាម, ទឹកសុីអុីវ៣យួរ, វិទ្យុ១គ្រឿង, សំលៀកបំពាក់, ថ្នាំពេទ្យ និងថវិកាចំនួន ៥០មុឺនរៀល៕






រាល់ពិធីកំសាន្តសប្បាយនៅតាមទីធ្លាសាធារណៈគឺមិនអនុញ្ញាតិឱ្យធ្វើទេ ដើម្បីចៀសវាងការប្រមូលផ្តុំគ្នាច្រើនដែលងាយចម្លងមេរោគកូវីដ-១៩

នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ (១៣-១៦ ខែ មេសា ២០២០) ខាងមុខនេះ គឺត្រូវបានរាជរដ្ឋាភិបាលលើកថ្ងៃឈប់សម្រាកហើយ ដូចមានចែងច្បាស់នៅក្នុងអនុក្រឹត្យ ចុះថ្ងៃទី ៨ មេសា ២០២០។ រាជរដ្ឋាភិបាលនឹងសង៥ថ្ងៃជូនបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការវិញ នៅពេលណាដែលប្រទេសជាតិបានឆ្លងរួចផុតពីជំងឺកូវីដ-១៩។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋអាចប្រារព្ឋពិធីទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះរៀងៗខ្លួនបានប៉ុន្តែរាល់នូវពិធីកំសាន្តសប្បាយនៅខាង ក្រៅតាមទីធ្លាសាធារណៈគឺមិនអនុញ្ញាតិអោយធ្វើទេ ដើម្បីចៀសវាងការប្រមូលផ្តុំគ្នាច្រើនគ្នាច្រើនដែលអាចប៉ះពាល់ដល់ការចម្លងរោគកូវីដ-១៩។ អ្វីដែលរាជរដ្ឋាភិបាលសម្រេចដាក់ចេញពេលនេះ គឺដើម្បីធានានូវសុវត្ថិភាពអាយុជីវិតជូនបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារដើម្បីកុំអោយឆ្លងមេរោគកូវីដ-១៩។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងការអរគុណបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការដែលយោគយល់ចំពោះស្ថានភាពដែលប្រទេសយើងកំពុងស្ថិតក្នុងស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ នៅពេលនេះ៕


សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤











ក្រសួងសុខាភិបាលប្រកាសថា អ្នកជម្ងឺកូវីដ១៩បានព្យាបាលជាសះស្បើយថ្មីចំនួន៦នាក់បន្ថែមទៀត រកឃើញអ្នកឆ្លងថ្មី១នាក់ លាប់ជម្ងឺកូវីដ១៩ឡើងវិញ១នាក់ សរុបអ្នកជាសះស្បើយកើនឡើងដល់៦៨នាក់ និងកំពុងបន្តព្យាបាល៥០នាក់

នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានជូនព័ត៌មានថា បានព្យាបាលអ្នកជម្ងឺកូវីដបានជាសះស្បើយចំនួន៦នាក់ថ្មីបន្ថែមទៀត រកឃើញអ្នកឆ្លងថ្មី១ករណី លាប់ជម្ងឺកូវីដ១៩ឡើងវិញ១នាក់ ដូចនេះ សរុបអ្នកបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ កើនរហូតដល់៦៨នាក់ហើយគិតមកដល់ថ្ងៃនេះ និងអ្នកជម្ងឺកំពុងបន្តព្យាបាលចំនួន៥០នាក់ នៃអ្នកឆ្លងជម្ងឺកូវីដ១៩ សរុបចំនួន១១៨នាក់។

សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅខាងក្រោមដូចតទៅ៖