ឯកឧត្តម យ៉ាសេង ឡាវ (Yaseng Lao) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ បានចាត់ទុកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាព្រឹទ្ធបុរសនៃនាយករដ្ឋមន្រ្តីក្នុងពិភពលោក ដែលបាននាំប្រទេសកម្ពុជាពីសង្រ្គាមមកកាន់សន្តិភាព និងការអភិវឌ្ឍ។
នៅក្នុងជំនួបសម្តែងការគួរសម និងជម្រាបលានៅវិមានសន្តិភាព ឯកឧត្តមបណ្ឌិត កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានឲ្យដឹងថា ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវដែលត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជា បានសម្តែងនូវការកោតសរសើរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដោយចាត់ទុកសម្តេចតេជោជាព្រឹទ្ធបុរសនៃនាយករដ្ឋមន្រ្តីក្នុងពិភពលោក ដោយសារសម្តេចមានបទពិសោធន៍ ៣ទសវត្សរ៍ ក្នុងការដឹកនាំប្រទេសកម្ពុជា ជាពិសេសធ្វើឲ្យកម្ពុជា មានសុខសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដូចជា វិស័យហេដ្ឋារចនាសម័្ពន្ធ ការអភិវឌ្ឍនធនធានមនុស្ស ការនាំអង្ករចេញ វិស័យកាត់ដេរជាដើម ដែលកត្តាទាំងអស់នេះហើយជាការបង្កើនចំណូលសម្រាប់ប្រទេសជាតិ ការជំរុញកំណើនសេដ្ឋកិច្ច ធ្វើឲ្យអត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយអស់ ៨០%។
សូមបញ្ជាក់ថា នៅក្នុងបេសកកម្មការទូត ៤ឆ្នាំនៅកម្ពុជាឯកឧត្តម Yaseng Lao បានរៀបចំដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលជាច្រើនដង ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានប្រមុខរដ្ឋាភិបាលឡាវបានមកធ្វើទស្សនកិច្ចនៅកម្ពុជាចំនួន ៥ដង ហើយសម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញទៅប្រទេសឡាវចំនួន ៣ដង។ ក្រៅពីនេះក៏មានថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរទាំងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិបានអញ្ជើញបំពេញទស្សនកិច្ចទៅវិញទៅមកផងដែរ។ នៅក្នុងក្របខណ្ឌទ្វេភាគី ប្រទេសទាំងពីរបានចាត់ទុកថា បញ្ហាព្រំប្រទល់ប្រទេសទាំងពីរជាព្រំប្រទល់ដែលមានមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការ៕