អត្ថបទដោយ: ឧត្តម សក្តិ
រហូតមកទល់ពេលនេះ បក្សប្រឆាំង នៅតែបន្តប្រើពាក្យសម្តីញុះញង់ ដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យងើបឡើងចូលរួមក្នុងសកម្មភាពតវ៉ា ធ្វើបាតុកម្ម ជាបន្តបន្ទាប់ លើគ្រប់រូបភាព ។
ការអំពាវនាវនេះត្រូវបានគេមើលឃើញថា កើតមានចាប់តាំងពីមុនការបោះឆ្នោតមកម៉្លេះ ក្រុមនេះ និងបក្ខពួកបានអន្ទងអូសទាញប្រជាពលរដ្ឋ និងយុវជន កម្មករ កម្មការិនី ព្រះសង្ឃ អោយលង់ជឿលើនយោបាយបោកប្រាស់ ប្រជាភិថុតិ ក្រោមស្លាកសង្គ្រោះជាតិ ។
ថ្មីៗនេះ ដោយការនៅតែងប់ងុលនឹងនយោបាយប្រឆាំងជ្រុលហួសហេតុ បានដុតរោលចិត្តប្រឆាំងរបស់លោកស្រី មូ សុខហួរ និងបក្សពួកមួយចំនួនអោយឡើងកំដៅ និងវង្វេងវង្វាន់ ពីមួយថ្ងៃទៅមួយថ្ងៃនឹកគិតតែពីចង់ធ្វើសកម្មភាពតវ៉ាក្រៅរង្វង់ច្បាប់ និងបានចាប់យកទីលានប្រជាធិបតេយ្យជាចំនុចអាទិភាពលើសការងារណាៗទាំងអស់ ក្នុងឋានៈខ្លួនឯងជាអ្នកតំណាងរាស្ត្រ ។
គេបានសង្កេតឃើញថា ព្រឹកព្រលឹមឡើង និងជាញយដង គឺតែងតែឃើញវត្តមានលោកស្រី មូរ សុខហួរ កាន់ផ្កាឈូក នៅនឹងដៃ ដែលន័យមួយចង់បញ្ជាក់ថា យុទ្ធនាការបដិវត្តន៍ផ្កាឈូកនៅកម្ពុជា គឺមេក្លោងធំ អាចជាលោកស្រីមូរ សុខហួរនេះឯង ក្នុងចំណោមមេយុទ្ធសាស្ត្រមួយចំនួនទៀត។ ប៉ុន្តែ ប្រសិនបើលោកស្រី មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនអោយបានសមស្របតាមតួនាទី ភារកិច្ច ដែលច្បាប់កំណត់អោយទេ លោកស្រី នឹងមិនអាចសម្រេចនូវជោគជ័យដើម្បីប្រយោជន៍ជាតិឡើយ។
ពលរដ្ឋខ្មែរ មិនត្រូវការភាពចលាចលសង្គម និងចង់វិលទៅរកសង្គ្រាមជាថ្មីឡើយ។ សកម្មភាពរបស់ លោកស្រី មូរ សុខហួរ រាល់ថ្ងៃ គឺបានប្រាស់ចាកអំពីរដ្ឋធម្មនុញ្ញ តាមរយៈការបន្តប៉ុនប៉ង បំផុសបំផុលអោយមានចលនាបះបោរផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ លើគោលដៅដែលលោកស្រីហៅថា (គណបក្សសង្គ្រោះជាតិ គឺដើម្បីកសាងអំណាចពលរដ្ឋ និងស្ថាបន័ជាតិ គឺជួយរក្សាឬសគល់ចលនាសំរាប់ធ្វើការផ្លាស់ប្តូរតាមអំណាចមហាជន) ។ នេះបើយោងតាមការស្រង់សម្តីរបស់លោកស្រី មូរ សុខហួរ ចុះផ្សាយក្នុងសារព័ត៌មាន Cambodia Dialy កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤។
តើដល់ពេលណាទើបមេដឹកនាំក្រុមបក្សប្រឆាំងបញ្ចប់នូវនយោបាយបំផ្លាញអាយុជីវិត និងអនាគតកូនខ្មែរតាមរយៈយុទ្ធសាស្ត្រលាបពណ៌ ញុះញុងបំបែកបំបាក់ រុញច្រានអោយមានបដិវត្តមហាជន និងបង្កហឹង្សាសង្គម ដែលនាំអោយគ្រោះថ្នាក់ និងប៉ះពាល់ដល់ស្ថិរភាព សន្តិភាព និងការអភិវឌ្ឈន៍ជាតិ?
នរណាក៏បានដឹងដែរថា បក្សប្រឆាំងបានព្យាយាមផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ជាច្រើនលើកច្រើនដងកន្លងមកហើយ តាមរយៈការដឹកនាំធ្វើបាតុកម្ម កុបកម្មហិង្សាដែលបានបណ្តាលអោយប្រជាពលរដ្ឋស្លាប់ និងរបួសជាច្រើននាក់ ។
អំពើផ្ទុយពីច្បាប់នេះ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋម្ចាស់ឆ្នោត ជាពិសេសថ្នាក់ដឹកនាំគណបក្សកាន់អំណាចដែលទទួលសម្លេងគាំទ្រភាគច្រើនបំផុត មិនគាំទ្រនូវសកម្មភាពដែលដើរចេញពីផ្លូវច្បាប់ ប្រាស់ចាកពីគោលការណ៍ប្រជាធិបតេយ្យ ក្នុងការផ្លាស់ប្តូរសង្គម តាមរយៈអំពើហឹង្សាដែលដឹកនាំដោយគណបក្សប្រឆាំងនោះទ្បើយ។
វិធានការផ្លូវច្បាប់ នឹងត្រូវបានដោះស្រាយ ប្រសិនបើផែនការនោះ កើតចេញជារូបរាងឡើង និងធ្វើសកម្មភាពបង្កចលាចលសង្គម។ ការធ្វើខ្លួនអោយដើរឆ្ងាយពីការទទួលខុសត្រូវ ក្នុងរបបប្រជាធិបតេយ្យ ដែលអ្នកតំណាងរាស្ត្រ ទាំងអស់ត្រូវឈរលើគោលជំហរផលប្រយោជន៍ជាតិ ដើម្បីសុខមាលភាពប្រជាពលរដ្ឋទូទាំងប្រទេស មេដឹកនាំបក្សប្រឆាំងគួរទទួលយកថា ខ្លួនជាអ្នកចាញ់ឆ្នោត ត្រូវផ្ដល់កិត្តិយសដល់គណបក្សឈ្នះឆ្នោត ដោយប្រកាន់ជំហរជាអ្នកកីទ្បា លើទីលានប្រជាធិបតេយ្យ ចាញ់ និង ឈ្នះជាការធម្មតា ។
ដូចនេះ បក្សប្រឆាំងគួរចូលខ្លួនមកដោះស្រាយបញ្ហាប្រទេសជាតិ នៅក្នុងក្របខណ្ឌរដ្ឋសភាជាតិ ក្នុងនាមគណបក្សដែលទទួលបានសម្លេងគាំទ្រស្របតាមឆន្ទៈរបស់រាស្រ្ត ។
ថ្មីៗនេះគណបក្សប្រជាជនកម្ពុជា ក្នុងនាមបក្សឈ្នះឆ្នោតបាន យល់ព្រមធ្វើសម្បទាននយោបាយដែលផ្តល់អោយនូវអ្វីដែលជាការទាមទារបស់គណបក្សសង្គ្រោះជាតិ នាពេលកន្លងមក លើការដាក់បញ្ចូលគ.ជ.ប ទៅជាច្បាប់រដ្ឋធម្មនុញ្ញ និងការអនុញ្ញាតឱ្យបក្សប្រឆាំងមានប្រព័ន្ធផ្សព្វផ្សាយជាដើម ប៉ុន្តែ ឆន្ទៈនយោបាយនេះត្រូវបានមេដឹកនាំបក្សប្រឆាំងមានចេតនាធ្វើអោយមានការជាប់គាំងមិនអាចរកវិធីបញ្ចប់ជម្លោះនយោបាយបាន តាមរយៈការប្រើលេសក្នុងការជ្រើសរើសក្បាលម៉ាស៊ីនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាចំណុចខ្ទាស់គ្នារវាងក្រុមចរចានៃគណបក្សទាំងពីរ មិនអោយចេញរួច ដោយក្នុងនោះគណបក្សសង្គ្រោះជាតិគឺនៅតែទទូចចង់ឱ្យមានការជ្រើសរើសសមាសភាពដឹកនាំគ.ជ.បដោយសំឡេងសមាជិកក្នុងសភាចំនួន២/៣ ដែលជារូបមន្តអោយកើតមានវិបត្តិនៅស្រុកខ្មែរ ។
ត្រង់ចំនុចនេះ ត្រូវបានគេមើលឃើញថា គណបក្សប្រឆាំង ហាក់ដូចជាមានឆន្ទៈក្នុងចរចារ ប៉ុន្តែ គ្មានឆន្ទៈក្នុងការដោះស្រាយបញ្ហាឡើយ ពីព្រោះអ្វីដែលគណបក្សប្រឆាំងលើកមក ត្រូវបានគណបក្សប្រជាជនទទួលយក និងដោះស្រាយ ប៉ុន្តែ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានឯកភាពដោះស្រាយតាមហើយនោះ បែរជាបក្សប្រឆាំងបង្កើតតែសំណូមពរ និងពង្រីកបញ្ហាបន្ថែមថ្មីៗរាប់មិនអស់ ។
ទង្វើទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ពីចេតនារបស់គណបក្សប្រឆាំង គឺមិនចង់បញ្ចប់បញ្ហាឡើយ គឺពួកគេមានគោលដៅជាយុទ្ធសាស្ត្រ គឺការចិញ្ចឹមទំនាស់ ជាជាងការដោះស្រាយបញ្ចប់ទំនាស់។
ប្រជាពលរដ្ឋខ្មែរច្រើនលើសលប់បានដឹង និងឃើញច្បាស់ណាស់អំពីចេតនាអាក្រក់របស់គណបក្សសង្គ្រោះជាតិ ដែលពួកគាត់នៅតែទទូច ហើយត្រូវការយ៉ាងចាំបាច់អោយបក្សមួយនេះ ធ្វើការលើកកម្ពស់ និងការគោរពឆន្ទៈរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ រហូតដល់ខ្លួនបានទទួល៥៥អាសនៈ គឺដើម្បីអោយអ្នកតំណាងរាស្រ្តទាំង៥៥រូប នាំគ្នាចូលអង្គុយធ្វើការក្នុងសភា មិនមែនអោយធ្វើការកៀងគរប្រជាពលរដ្ឋមកធ្វើបាតុកម្ម តាមចិញ្ចើមថ្នល់ ដែលនាំឲ្យពួកគាត់ខាតបង់នូវពេលវេលា រំខានដល់ការរកទទួលទាន និងរំខានដល់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេសញ៉ាំងឲ្យប្រទេសបាត់បង់ស្ថេរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាពនោះទេ។
ក្នុងដំណាក់កាលនេះ ជំរើសតែមួយគត់របស់គណបក្សសង្រ្គោះជាតិ ដែលតែងតែតាំងខ្លួនឯងជាអ្នកប្រជាធិបតេយ្យ អាចចូលរួមបំរើប្រជាពលរដ្ឋស្របតាមនីតិរដ្ឋនោះ គឺការងាកមកគោរពច្បាប់ និងបំពេញកាតព្វកិច្ចជាអ្នកតំណាងរាស្ត្រ និងត្រូវតែទទួលស្គាល់ការពិត គឺគួរគប្បីចាប់យកអាសនៈដែលខ្លួនទទួលបានក្នុងអង្គសភា មិនគួរធ្វើខ្លួនជាតំណាងរាស្រ្តទំនើង ដើរស្រែកឡូឡាតាមចិញ្ចើមផ្លូវ តាមទីសាធារណៈ បង្កើតភាពភយ័ខ្លាចដល់ប្រជាពលរដ្ឋនោះទេ។
ប៉ុន្តែ រហូតមកដល់ម៉ោងនេះ សកម្មភាពរបស់លោកស្រី មួរ សុខហួ មិនត្រឹមតែខំប្រឹងបង្កើនល្បឿនបង្កភាពអាណាធិបតេយ្យ គ្មានច្បាប់ទម្លាប់ប៉ុណ្ណោះទេ ថែមទាំងបានបោះបង់ចោលទាំងស្រុងនូវតួនាទី និងកាតព្វកិច្ចរបស់ខ្លួនដែលជាអ្នកតំណាងរាស្ត្រជាប់ឆ្នោតអោយស្ថិតនៅកៀនជញ្ជាំង ប៉ុន្តែ បែរជាជ្រើសរើសយករបៀបសិស្សខ្ជិលច្រអូស មិនស្តាប់សង្គាប់នាយកសាលា គឺលោកស្រី ធ្វើខ្លួនជា « សិស្សដ៏កំជិលម្នាក់គ្មានវិន័យ និងគេសវេសពីថ្នាក់រៀន ហើយមកប៉ោឡែតាមដងផ្លូវទៅវិញ» ។
របៀបសិស្សខ្ជិល មិនត្រូវបានគេយកមកធ្វើជាគំរូសម្រាប់បង្ហាញនូវគុណភាព តម្លៃ និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ដែលគួរសង្គមកោតសរសើរនោះទេ។