Thursday, September 12, 2019

ឯកឧត្តម ថងលុន ស៊ីសូលីត នាយករដ្ឋមន្រ្តី ឡាវ អញ្ជើញបំពេញទស្សនកិច្ច ផ្លូវការ នៅកម្ពុជារយៈពេលពីរថ្ងៃ

ឯកឧត្តម ថងលុន ស៊ីសូលីត (THONGLOUN SISOULITH) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ អញ្ជើញបំពេញទស្សនកិច្ច ផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃ។

ពីថ្ងៃទី ១២-១៣ ខែកញ្ញា ឆ្នាំ២០១៩

បទយកការណ៍ ៖ រាជរដ្ឋាភិបាលនៅតែបន្ត បេសកម្មស្វែងរកយុត្តិធម៌ និងចងចាំចំពោះជនរងគ្រោះក្នុងសម័យខ្មែរក្រហម

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

អភិបាលខេត្តកំពង់ចាម សួរសុខទុក្ខ ប្រជាពលរដ្ឋដែលបានរុះរើផ្ទះចេញពីទីកន្លែងបាក់ច្រាំងទន្លេ

កំពង់ចាម៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ លោក អ៊ុន ចានដា អភិបាលខេត្តកំពង់ចាម និង មន្ត្រីខេត្តមួយចំនួនទៀត បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន ៣៣គ្រួសារ ដែលបានរុះរើផ្ទះ ជាបន្តបន្ទាប់ចេញពីកន្លែងបាក់ច្រាំងទន្លេ ក្នុង ឃុំកោះអណ្តែត និង ឃុំឬស្សីស្រុក ក្នុងស្រុកស្រីសន្ធរ ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានចែកជូន ប្រជាពលរដ្ឋរុះរើផ្ទះទាំង ៣៣ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន កៅស៊ូតង់ ១ និងថវិកា ២០០០០០៛ ។
លោក បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយត្ន័ខ្ពស់ ចំពោះ កូនតូចៗហែលទឹកលេង ខ្លាចលង់ទឹក , ត្រូវមានអនាម័យហូបទឹកស្អាត ហើយ បើមានសត្វអសិរពិស ចឹក ទិច ឬខាំ ត្រូវ ឆាប់បញ្ជូនសមាជិកគ្រួសារ ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដែលមានថ្នាំវ៉ាក់សាំងពស់ចឹក។ រីឯអំណោយផ្តល់ជូន ពេលនេះ មានតិចតួច គ្រាន់តែចូលរួមជួយ រំលែកទុកលំបាកជាមួយបងប្អូនតែប៉ុណ្ណោះ។

នៅពេលទឹកស្រក លោក នឹងចាត់អោយជំនាញចុះសិក្សា លើកគម្រោងផែនការ រកវិធីទប់បាវខ្សាច់តាមច្រាំងទន្លេ កុំអោយបាក់ស្រុតបន្ត ដោយធ្វើយ៉ាងណាកុំអោយបងប្អូន លំបាក រុះរើផ្ទះ ផ្លាស់ប្តូរកន្លែងរស់នៅ ដូចពេលនេះទៀត៕





កិច្ចប្រជុំពិភាក្សាការងាររវាងប្រតិភូសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ជាមួយនឹងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ កិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាលរបស់ប្រតិភូ សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ដឹកនាំដោយ លោក ប៉ុល លឹម ប្រធានក្រុមសមាជិក ព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ក្នុង គោលបំណង ដើម្បីស្វែងយល់ អំពីស្ថានភាពទូទៅ និងការរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងជំរុញការផ្តល់សេវារដ្ឋបាលជូនដល់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយ តម្លាភាព ប្រសិទ្ធភាព ។
លោក ព៉ុល លឹម បានបញ្ជាក់ថា ប្រតិភូក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ៤ ចុះមកប្រជុំសំណេះសំណាលគឺដើម្បីឈ្វេងយល់ពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្តយន្តការដោះស្រាយករណីផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនិងសកម្មភាពការងារពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការនៅខេត្តបន្ទាយមានជ័យ។
មានប្រសាសន៍ក្នុងជំនួបនេះលោក ប៉ុល លឹម និងសមាជិកព្រឹទ្ធសភា បានលើកឡើងពីតួនាទីពាក់ព័ន្ធនឹងការ ចុះពិនិត្យមកនេះគឺ សិក្សាឈ្វេងយល់បន្ថែម ការបម្រើសេវារដ្ឋបាល និងសេវាសាធារណៈ ការងារ អត្រានុកូលដ្ឋាន នីតិវិធីកែឈ្មោះ ខុសអក្ខររាវិរុទ្ធ .ការងារភូមិឃុំមានសុវត្ថិភាព និង បញ្ហាទំនាស់ដីធ្លី របស់ប្រជាពលរដ្ឋ ដើម្បីប្រមូលយកព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធនិងស្នើឱ្យស្ថាប័នពាក់ព័ន្ធជួយពន្លឿនការដោះស្រាយបញ្ហាដែលបានកើតឡើងឱ្យបានឆាប់។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រមុខដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យគ្រប់ជាន់ថ្នាក់បានខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យដើម្បីបម្រើទៅតាមសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។
អាជ្ញាធរខេត្តក៏បានបង្កើតក្រុមការងារចុះមូលដ្ឋានដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។ អាជ្ញាធរខេត្តបានខិតខំបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួនយ៉ាងសកម្មតាមរយៈការចុះដោះស្រាយរាល់បញ្ហាប្រឈមផ្សេងៗ។ ក្នុងនោះខេត្តក៏បានការចុះធ្វើវេទិកា សាធារណៈ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមផ្ទះ ជាមួយនឹងក្រុមការងារថ្នាក់ជាតិនិងថ្នាក់ខេត្តយ៉ាងសកម្ម។
លោក អ៊ុ រាត្រី បានបន្ថែមទៀតថា មានសមិទ្ធផលជាច្រើនដែលរដ្ឋបាលខេត្ត ក៏ដូចជាបណ្តាវិស័យជំនាញនានាក្នុងខេត្តសម្រេចបានប៉ុន្តែក្នុងនោះក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលខេត្តបានដាក់ទិសដៅថ្មីៗបន្ថែមក្នុងការអនុវត្តបន្តជាមួយនឹងការប្តេជ្ញាចិត្តក្នុងការពុះពារដោះស្រាយឱ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត។
នៅក្នុងឱកាសនោះលោក ប៉ុល លឹម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបម្រើសេវាជូនពលរដ្ឋ និងអភិវឌ្ឍន៍ខេត្តលើគ្រប់វិស័យ ពិសេសការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងបានជួយ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ជាមួយនោះដែរលោកប្រធានគណៈប្រតិភូក៏បានទទួលយកនូវរាល់សំណូមពរ និងបញ្ហា ប្រឈមរបស់ខេត្ត យកមកសិក្សាបន្ថែម ដើម្បីធ្វើអន្តរាគមន៍ពន្លឿនការដោះស្រាយ ទៅតាមយន្តការរបស់ព្រឹទ្ធសភា ៕



កម្ពុជា-ឡាវ កំណត់ខណ្ឌសីមាបានចំនួន៨៦ភាគរយ នៃខ្សែព្រំដែនរវាងប្រទេសទាំងពីរ

កម្ពុជា-ឡាវ បានកំណត់ខណ្ឌសីមា ចំនួន៨៦ភាគរយហើយ នៃខ្សែព្រំដែនរវាងប្រទេសទាំងពីរ។ នេះបើតាមចេញសេចក្តីថ្លែងការណ៍រួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ។
សេចក្តីថ្លែងការណ៍រួមខាងលើនេះ បានបង្ហាញបន្ទាប់ពីជំនួបទ្វេភាគីរវាង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) បានបញ្ចប់ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ។
ក្នុងសេចក្ដីថ្លែងការណ៍រួម បានបញ្ជាក់យ៉ាងដូច្នេះថា «ភាគីទាំងពីរ បានឯកភាពគ្នា ប្រគល់ភារកិច្ចជូនគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែន នៃប្រទេសទាំងពីរ ដើម្បីរួមគ្នាព្រាង ឲ្យបានឆាប់បំផុតនូវ សន្ធិសញ្ញាស្តីពី ការខណ្ឌសីមាព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពាក់ព័ន្ធកំណាត់ព្រំដែន ដែលភាគីទាំងពីរ បានកំណត់ខណ្ឌសីមា រួចរាល់ហើយ ចំនួន៨៦% នៃខ្សែព្រំដែនរវាង ប្រទេសទាំងពីរ»។

សេចក្ដីថ្លែងការណ៍រួម បានបន្ថែមទៀតថា ចំពោះកំណាត់ព្រំដែន ដែលនៅសេសសល់មិនទាន់ខណ្ឌសីមា ភាគីទាំងពីរ បានព្រមព្រៀងគ្នាថា នឹងបន្តពិភាក្សារិះរកផ្លូវដោះស្រាយបញ្ហា ដោយសន្តិវិធីឱ្យបានឆាប់បំផុត។
សេចក្ដីថ្លែងការណ៍ បានគូសបញ្ជាក់ថា ភាគីទាំងពីរ ក៏បានឯកភាពប្រគល់ភារកិច្ច ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន នៃប្រទេសទាំងពីរ ឲ្យពិភាក្សាគ្នាអំពីការដាំបង្គោលព្រំដែនបន្ថែម នៅលើកំណាត់ព្រំដែន ចំនួន៨៦ភាគរយ និងផលិតផែនទីព្រំដែន ដោយបង្ហាញពីខ្សែព្រំដែន ដែលភាគីទាំងពីរ បានទទួលយកសម្រាប់ភ្ជាប់ជាឧបសម្ព័ន្ធ នៃសន្ធិសញ្ញាដូចពោលខាងលើ៕





កម្ពុជា-ឡាវ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងបង្កើនពាណិជ្ជកម្មទ្វេភាគីលើវិស័យថាមពលអគ្គិសនី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្ត្រីឡាវ បានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចទ្វេរភាគី តាមរយៈកិច្ចប្រឹងប្រែងរួម ដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសបង្កើនពាណិជ្ជកម្មទ្វេភាគីលើវិស័យថាមពលអគ្គិសនី នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ។

តាមរយៈសេចក្តីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពី ដែលមាន១២ចំណុច បានបញ្ជាក់ឱ្យដឹងថា សារៈសំខាន់នេះ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដូចជា៖ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហិរញ្ញវត្ថុ ការដឹកជញ្ជូន ទូរគមនាគមន៍ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជលូតុវិទ្យា និងបរិស្ថាន។ ភាគីទាំងពីរយល់ស្របគ្នាថា ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសង្គម-វប្បធម៌ ដែលរួមមានសុខុមាលភាពសង្គម អប់រំ និងកីឡា ព័ត៌មាន វប្បធម៌ និងទេសចរណ៍ ការថែរក្សាសុខភាព និងយុវជន មិនត្រឹមតែគាំទ្រ ដល់ទំនាក់ទំនងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ស្មារតីភាព រវាងប្រជាជាតិទាំងពីរផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់ នៃការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី តាមរយៈកិច្ចប្រឹងប្រែងរួមដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ហើយព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗ ទៀតដូចជា៖ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហិរញ្ញវត្ថុ ការដឹកជញ្ជូន ទូរគមនាគមន៍ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដលូតុវិទ្យា និងបរិស្ថាន»។
ថ្នាក់ដឹកនាំកំពូលទាំងពីរ បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ជាពិសេសតាមរយៈការបង្កើនពាណិជ្ជកម្មទ្វេភាគីផ្នែក ថាមពលអគ្គិសនី ផលិតពីប្រភពវារីអគ្គិសនីរោងចក្រដើរដោយធ្យូងថ្ម និងប្រភពថាមពលកកើតឡើងវិញផ្សេងៗទៀត រវាងប្រទេសទាំងពីរ នៅក្នុងបណ្តាឆ្នាំខាងមុខផ្អែកតាម សមត្ថភាពផងខ្លួន។ ក្នុងន័យនេះ ភាគីទាំងពីរបានឯកភាពគ្នាជំរុញលើកទឹកចិត្តដល់ស្ថាប័ន ពាក់ព័ន្ធទាំងសងខាងធានាថា ការសាងសង់បណ្តាញបញ្ជូន អគ្គិសនីតង់ស្យុងខ្ពស់ រវាងកម្ពុជា-ឡាវនឹងត្រូវបានរួចរាល់តាមការព្រមព្រៀងគ្នា និងស្របតាមផែនការ។ ភាគីទាំងពីរបានបង្ហាញនូវបំណងរួមក្នុងការជំរុញពាណិជ្ជកម្ម ថាមពលថ្នាក់តំបន់ ហើយយល់ស្របគ្នាថា ពាណិជ្ជកម្មថាមពលរវាងកម្ពុជា-ឡាវ និងវៀតណាម អាចនឹងជំរុញបានតាមរយៈការបង្កើតនូវបណ្តាញ បញ្ជូនអគ្គិសនីរួមនៃប្រទេសទាំងបី៕




លោកនាយករដ្ឋមន្រ្តីឡាវ ប្រកាសយ៉ាងម៉ឺងម៉ាត់ថា ឡាវមិនឲ្យទណ្ឌិត សម រង្ស៊ី ឆ្លងកាត់ទឹកដីមកបំផ្លាញកម្ពុជានោះទេ

នៅចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទសទាំងពីរ, លោក ថងលូន ស៊ីស៊ីលីត ក៏បានប្រកាសជំហរដ៏រឹងមាំរបស់រដ្ឋាភិបាលខ្លួនថា ប្រទេសឡាវដែលជាភូមិផងរបងដ៏ល្អរបស់កម្ពុជានោះ មិនអនុញ្ញាតដាច់ខាតឲ្យទណ្ឌិត សម រង្ស៊ី ឆ្លងកាត់ប្រទេសឡាវ ចូលមកបំផ្លិចបំផ្លាញប្រទេសកម្ពុជានោះឡើយ ហើយរដ្ឋាភិបាលក្រុងវៀងច័ន្ទ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ជាទីបំផុត។

ការប្រកាសជំហរដ៏រឹងមាំជូនភាគីកម្ពុជា ពីសំណាក់នាយករដ្ឋមន្រ្តីឡាវខាងលើនេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតរួមគ្នាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាពនា កំលុងទស្សនកិច្ចផ្លូវការរបស់លោកនៅកម្ពុជារយៈពេល ២ថ្ងៃ។
លោក ថងលូន ស៊ីស៊ូលីត បានប្រកាសពីជំហររដ្ឋាភិបាលរបស់ខ្លួនយ៉ាងដូច្នេះថា «ខ្ញុំទើបបានព័ត៌មានពីសម្ដេចតេជោ ហ៊ុន សែន មុននេះ។ ខ្ញុំសូមបញ្ជាក់ថា បុគ្គលណាដែលមានទោសមកឆ្លងប្រទេសឡាវ សញ្ជាតិណាក៏ដោយ ដើម្បីយកឡាវជាកន្លែងឆ្លងកាត់ដើម្បីទៅបំផ្លាញប្រទេសផ្សេងនោះ យើងនឹងដំណើរការ យ៉ាងម្មត់ចត់ យើងនឹងធ្វើការយ៉ាងម្មត់ចត់ មិនឲ្យកើតបញ្ហានេះឡើង»
ឆ្លើយតបការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលសម្ដៅទៅដល់អ្នកវិភាគមួយរូបថា ប្រទេសឡាវ នឹងផ្ដល់ទីតាំងឲ្យបុគ្គល សម រង្ស៊ី ឆ្លងកាត់នោះ, លោក ថង់លូន ស៊ីស៊ូលីត ក៏បានបញ្ជាក់យ៉ាងច្បាស់ៗទៀតថា វាជាព័ត៌មានក្លែងក្លាយ ជាព័ត៌មានមិនពិត ដែលមានបំណងបង្កើតការបែកបាក់រវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ។
លោកនាយករដ្ឋមន្ដ្រីឡាវ បានបញ្ជាក់ជូនសមភាគី និងជនជាតិកម្ពុជាទូទាំងប្រទេសយ៉ាងដូច្នេះថា៖ «ដោយឡែកចំពោះប្រទេសកម្ពុជា ដែលជាមិត្តភ័ក្រ ករណីនេះមិនពិតដូចគេនិយាយនោះទេ ជាព័ត៌មានមិនល្អ បង្កើតភាពបំបែកឲ្យប្រទេសឡាវ និងកម្ពុជា»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា សាលដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី បានបញ្ជូនទៅកាន់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីឲ្យដឹងថា បុគ្គលរូបនេះបានប្រព្រឹត្តខុសច្បាប់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ក្នុងនាមជាមេដឹកនាំកំពូល និងជាអ្នកទទួលខុសត្រូវលើជោគវាសនាជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គេនឹងចាត់ទុកថា ក្រុមនោះ (ទណ្ឌិត សម រង្ស៊ី) នឹងអាចប្រើប្រាស់ដីឡាវ ដើម្បីចូលមកកម្ពុជា ខ្ញុំចង់ឲ្យឯកឧត្តម នាយករដ្ឋមន្ដ្រីបញ្ជាក់ទៅពួកគេអំពីគោលការណ៍អាស៊ាន អំពីគោលការណ៍របស់ឡាវ ដែលមិនផ្ដល់ មិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួន ប្រឆាំងប្រទេសកម្ពុជា ឬប្រឆាំងជាមួយប្រទេសជិតខាង។ ខ្ញុំក៏សូមបញ្ជាក់ជូន ផងដែរថា មិនមែនគ្រាន់តែឡាវទេ ទាំងថៃ រដ្ឋាភិបាលថៃ បានទទួលរួចមកហើយ នូវសាលដីកាតុលាការដើម្បីចាប់ខ្លួនជនណាដែល មានសាលដីកាតុលាការ។ យើងក៏នឹងបញ្ជូនសាលដីកាតុលាការនោះ ទៅកាន់ប្រទេសទាំងអស់ នៅក្នុងក្របខ័ណ្ឌអាស៊ានរបស់យើង។ ចឹងសូមអញ្ជើញធ្វើតាមចំណង់របស់ខ្លួនទៅចុះ»




កម្ពុជា-ឡាវ ចេញសេចក្តីថ្លែងការណ៍រួម សម្រាប់ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឡាវ មកកាន់កម្ពុជា

បន្ទាប់ពីជំនួបទ្វេភាគីរវាង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) បានបញ្ចប់ នៅវិមានសន្តិភាព នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ភាគីទាំងពីរកម្ពុជា-ឡាវ បានចេញសេចក្តីថ្លែងការណ៍រួមចំនួន១២ចំណុច ដើម្បីបង្ហាញអំពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្រ្តីឡាវមកកាន់កម្ពុជា។

សូមអានខ្លឹមសារសេចក្តីថ្លែងការណ៍រួមកម្ពុជា-ឡាវ នៅខាងក្រោមដូចតទៅ៖








នាយឧត្តមសេនីយ៏ ជៀង អំ ៖ សមិទ្ធផលដែលកម្ពុជាសម្រេចបានមកដល់ថ្ងៃនេះគឺដោយសារតែប្រទេសជាតិមានសុខសន្តិភាព

គណៈប្រតិភូសមាគមន៍នាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចំនួន ២៩រូប កាលពីរសៀលថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៩ បានចូលសំដែងការគួរសម នាយឧត្តមសេនីយ៏ ជៀង អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ។ យុវជនវ័យក្មេងទាំងនេះ ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុង «កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍លើក ទី៤៦ នៅក្នុងប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តរយៈពេល ៥២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។
គោលបំណងនៃកម្មវិធីនេះ គឺដើម្បីពង្រឹងទំនាក់ទំនង និងការស្វែងយល់ពីគ្នាទៅវិញ ទៅមក រវាងយុវជន នៃ ប្រទេសជប៉ុន និងយុវជននៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ ពង្រីកទស្សនៈវិស័យរបស់ពួកគេ ចំពោះ ពិភពលោក និងលើសពីនេះទៀត ដើម្បីពង្រឹងស្មារតី នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំនាញជាក់ស្តែងសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។
គោលបំណងទាំងនេះ អាចសម្រេចបានតាមរយៈការចូលរួមជីវភាពប្រចាំថ្ងៃរបស់ពួកគេ នៅលើនាវា ការណែនាំឲ្យស្គាល់គ្នាទៅ វិញទៅមក អំពីប្រទេសរបស់ពួកគេ ការចូលរួមការពិភាក្សា និងសកម្មភាពផ្លាស់ប្តូរជាច្រើនទៀត នៅពេលធ្វើដំណើរតាមនាវា និងតាមបណ្តាប្រទេស ដែលពួកគេត្រូវទៅទស្សនា។
នាយឧត្តមសេនីយ៏ ជៀង អំ មានប្រសាសន៏ថា នេះគឺជាឱកាសដ៏មានសារៈសំខាន់ បំផុត ដែលក្មួយៗជាយុវជនបានជួបប្រស្រ័យជាមួយយុវជន នៃបណ្តាប្រទេសនានាក្នុងតំបន់។ ក្មួយៗគឺជា ឯកអគ្គរាជ ទូតសុច្ឆន្ទៈរបស់កម្ពុជា ដែលត្រូវពាំនាំនូវសភាពការណ៏ពិតរបស់កម្ពុជាបច្ចុប្បន្នទៅប្រាប់ ដល់យុវជនអន្តរជាតិទាំងអស់ ឲ្យបានយល់ដឹង។
លោកបានបន្តទៀតថា សមិទ្ធផលដែលកម្ពុជា សម្រេច បានមកដល់សព្វថ្ងៃនេះគឺដោយសារតែប្រទេសជាតិមានសុខសន្តិភាព, មានស្ថេរភាព នយោបាយទើបមានការអភិវឌ្ឍប្រទេសកម្ពុជាដែលធ្លាប់តែទទួលរងនូវការខ្ទេចខ្ទាំដោយរបបប្រល័យ ពូជសាសន៏និង សង្គ្រាមផ្ទៃក្នុងនោះ បាននឹងកំពុងតែមានការកសាងលើគ្រប់ហេដ្ឋារចនាសម្ព័ន្ធនានា, ពិសេសខិតខំលើការ កសាងធនធានមនុស្សឲ្យមានដំណើរការជឿនលឿនដូចបណ្តាប្រទេសនានា ផងដែរ។
លោកក៏បានបញ្ជាក់ផងដែរថា ទាំងនេះគឺបានមកអំពីការតស៊ូប្តូរផ្ដាច់របស់ ខ.ភ.ម តាំងពីដើម រៀងមកដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងភារកិច្ចការពារជាតិ, ការពារទឹកដី និងការពារប្រជាជន និងពិសេសការយកជីវិតធ្វើជាដើមទុន របស់ថ្នាក់ដឹកនាំនៃយើង គឺលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលបានចេញស្វែងរកការរំដោះប្រជាជនឲ្យរួចពីរបបប្រល័យពូជសាសន៏ និងស្វែងរកការបង្រួបបង្រួមជាតិក្រោមនយោបាយ ឈ្នះ ! ឈ្នះ ! របស់លោក។

បន្ថែមពីនេះ លោកក៏ បានផ្ដាំផ្ញើឲ្យ ក្រុមយុវជន រក្សានូវអាកប្បកិរិយាល្អប្រកប ដោយភាពវិជ្ជមានរបស់ខ្លួនចំពោះយុវជនដ៏ទៃទៀត ដើម្បី ទទួលបានការគោរពស្រឡាញ់ពីអ្នកទាំងនោះ ប្រៀបដូចសកម្មភាពរបស់បងៗ ខ.ភ.ម យើងដែលបាន នឹងកំពុងតែបំពេញភារកិច្ចអន្តរជាតិក្នុងការថែរក្សាសន្តិភាពជូនអង្គការសហប្រជាជាតិ និង សង្ឃឹមយ៉ាង មុតមាំថា ពួកគេនឹងណែនាំយុវជនដទៃ ទៀតបាន ស្គាល់ នូវវប្បធម៌ កេរ្តិ៍ឈ្មោះ និងបេតិកភណ្ឌ របស់ ប្រទេសកម្ពុជាផងដែរ ៕



លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ អនុញ្ញាតិឱ្យក្រុមហ៊ុនឧស្សាហកម្មភាគខាងជើងចិនចូលជួបពិភាក្សាការងារ

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ អនុញ្ញាតិអោយក្រុមហ៊ុនឧស្សាហកម្ម ភាគខាងជើងប្រទេសចិន (NORINCO) ចូលជួបសម្តែងការគួរសម នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ នៅអាគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី។
លោកតំណាងក្រុមហ៊ុនឧស្សាហកម្ម ភាគខាងជើងប្រទេសចិន(NORINCO) បានថ្លែងអំណរគុណចំពោះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ និងក្រសួងការពារជាតិកម្ពុជា ដែលបានអនុញ្ញាតិឲ្យក្រុមហ៊ុនចូលជួបសម្តែងការគួរសមនាពេលនេះ។
លោកបានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន មានការអភិវឌ្ឍខ្លួនយ៉ាងលឿន និងការប្រែប្រួលខ្លាំងណាស់ផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុន Norico នៅតែជាអ្នកផ្គត់ផ្គង់ខាងសំភារៈ និងបរិក្ខារយោធា ជូនទៅខាងកងទ័ពរំដោះប្រជាជនចិន ជាពិសេសផ្នែកកងទ័ពជើងគោក។ ក្រុមហ៊ុន ក៏មានការធ្វើអជីវកម្ម រុករកប្រេងកាត និងធនធានរ៉ែ លោហៈ។ ក្នុងនោះ លោកតំណាងក្រុមហ៊ុន បានពាំនាំនូវសៀវភៅទី១ ស្តីអំពីសមិទ្ធផលរបស់ក្រុមហ៊ុនកំពុងធ្វើការងារមួយចំនួន ក្នុងគោលនយោបាយផ្លូវ១ ខ្សែក្រវាត់១ ។ សៀវភៅទី២ ក្រុមហ៊ុន បានអនុវត្តការងារមនុស្សធម៌ និងការងារបរិស្ថាន ប្រគល់ជូនដល់លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់។

ជាកិច្ចឆ្លើយតបក្នុងឱកាសនោះផងដែរ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដែលបានបង្ហាញ និងបញ្ជាក់អំពីការរីកចំរើន ខាងវិស័យផលិតសំភារៈបច្ចេកទេស និងបច្ចេកវិទ្យាខាងការពារជាតិ និងយោធាដ៏ល្អមួយនេះ។ លោក បានអបអរសាទរចំពោះបច្ចេកវិទ្យា និងការរីកចម្រើនរបស់ក្រុមហ៊ុន ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្លាំងក្លា ក្នុងវិស័យសំភារៈគ្រឿងបំពាក់ទាំងឡាយរបស់ក្រុមហ៊ុន ដែលបានអភិវឌ្ឍន៍ដោយឥតឈប់ឈរមកដល់ពេលនេះ ៕






កម្ពុជាមានភាពលេចធ្លោក្នុងចូលរួមកិច្ចប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

បន្ទាប់ពីបានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំ អនុរដ្ឋមន្ត្រីការពារជាតិអាស៊ាន សាធារណរដ្ឋកូរ៉េរួចមក នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិនៅ ថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ បានបន្តដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមក្នុងកិច្ចសន្ទនា ការពារជាតិនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េជាបន្តទៀត។
សូមបញ្ជាក់ថា នៅក្នុងកិច្ចសន្ទនាការពារជាតិ ទីក្រុងសេអ៊ូលឆ្នាំ២០១៩នេះ មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញផ្នែកសន្តិសុខមកពី៥៦ប្រទេស និង៦ អង្គការអន្តរជាតិ បានចូលរួមក្នុងវេទិការ។ កិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលឆ្នាំ២០១៩នេះ បានប្រព្រឹត្តទៅក្រោមទិសស្លោក ការកសាងសន្តិភាពរួមគ្នា ភាពប្រឈម និងទស្សនវិស័យ។
នៅក្នុងពិធីបើកកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូល លោក ចុង ឃីអ៊ុងឌូ រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋកូរ៉េ បានលើកឡើងពីការកសាងសមត្ថភាពកងទ័ពឲ្យបានខ្លាំង ដើម្បីធ្វើជាខ្នងបង្អែក នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ឆ្ពោះទៅរកសន្តិភាព និងវិបុលភាពក្នុងឧបទ្វីបកូរ៉េ។ ចំណែកឯនៅក្នុងសន្ទរកថារបស់ លោក លី ណាក់ យុន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកូរ៉េ បានស្នើសុំអោយឲ្យបន្តនូវការរៀបចំឡើងវិញ ចំពោះកិច្ចសន្ទនា វ៉ាស៊ីនតោន ព្យុងយ៉ាង ក្នុងការកាត់បន្ថយអាវុធនុយក្លេអ៊ែរ ដែលអាចផ្ដល់នូវការបង្កើតសន្តិភាពពេញលេញ នៅក្នុងឧបទ្វីបកូរ៉េ។
នៅក្នុងកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូល នាឱកាសនោះដែល លោក រ៉ាណាត់ ស៊ីង រដ្ឋមន្ត្រីការពារជាតិឥណ្ឌា បានចូលរួមបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងភ្ជាប់ទំនាក់ទំនងជាមួយកូរ៉េខាងជើង និងបានស្នើឲ្យរដ្ឋាភិបាលកូរ៉េខាងជើង បន្តគាំទ្រសន្តិភាព និងកាត់បន្ថយអាវុធនុយក្លេអ៊ែរ។
នៅក្នុងកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូល ឆ្នាំ២០១៩ នោះ មានប្រធានបទសំខាន់សំខាន់ជាច្រើនដែលដែលបណ្តាលប្រទេស បានចូលរួមក្នុងកិច្ចសន្ទនានេះ បានលើកយកពិភាក្សា នៅក្នុងនោះរួមមាន៖ ដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ សន្តិភាពនៅអាស៊ីភាគ ឥសាន ការប្រឈម និងភារកិច្ច ប្រតិបត្តិការរក្សាសន្តិភាព អន្តរជាតិ និងជំនួយមនុស្សធម៌ យុទ្ធសាស្ត្រការពារជាតិ និងការគ្រប់គ្រងវិបត្តិក្នុងសន្តិសុខលំហអាកាស។
សូមបញ្ជាក់ថា កិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលមានសារៈសំខាន់ណាស់សម្រាប់ សន្តិសុខក្នុងតំបន់។ កិច្ចសន្ទនាក្នុងឆ្នាំ ២០១៩ នេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីថ្នាក់ដឹកនាំ នៃសាធារណរដ្ឋកូរ៉េ ដែលនៅក្នុងពិធីបើកកិច្ចសន្ទនា មានរដ្ឋមន្ត្រីការពារជាត និងនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកូរ៉េ បានថ្លែងយ៉ាងច្បាស់ពីចំណាប់អារម្មណ៍របស់ខ្លួនលើបញ្ហាសន្តិសុខក្នុងតំបន់។

ចំពោះអ្នកចូលរួមមានកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូល មានថ្នាក់រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី ថ្នាក់ដឹកនាំយោធា និងសន្តិសុខ នៃបណ្ដាប្រទេសសំខាន់ៗ ដែលមានការចាប់អារម្មណ៍លើបញ្ហាសន្តិសុខ ដែលកំពុងប្រឈមនាពេលនេះ។ បញ្ហាសំខាន់មួយទៀត គឺកម្ពុជាយើងបានចូលរួមយ៉ាងសកម្ម និង ដើរតួជាកណ្ដាលរបស់អាស៊ាន និងចូលរួមចំណែកគ្រប់សកម្មភាពរបស់អាស៊ាន ពិសេសភាពលេចធ្លោនៃការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ៕


វគ្គបំប៉នអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ស្តីពីអនាម័យទឹកស្អាត និងអនាម័យទូទៅក្នុងសហគមន៍

ស្វាយរៀង៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា គម្រោងបង្កើននិរន្តរ៍ភាពការប្រើប្រាស់ទឹកស្អាត និងអនុវត្តន៍អនាម័យនៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្រោមការឧបត្ថម្ភពីមូលនិធិសប្បុរសធម៌កាទ្យេ តាមរយៈសហព័ន្ធអន្តរជាតិ កាកបាទក្រហម អឌ្ឈចន្ទក្រហម បានបើកវគ្គបំប៉នអ្នកស្ម័គ្រចិត្តកាកបាទក្រហម ស្តីពីអនាម័យទឹកស្អាត និងអនាម័យទូទៅ ដែលវគ្គបំប៉ននេះមានរយៈពេល ១ថ្ងៃ ក្រោមការសម្របសម្រួលពីមន្ត្រីគម្រោង សហការជាមួយមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្រោមប្រធានបទ «ការប្រើប្រាស់បង្គន់អនាម័យ សារៈសំខាន់នៃការប្រើប្រាស់បង្គន់អនាម័យ»។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក សរ វណ្ណា នាយកសាខា កញ្ញា ឡាក់ មុនីរស្មី តំណាងសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមប្រចាំកម្ពុជា លោកស្រី សំ ថាវី ប្រធានស្តីទីគណៈកម្មាធិការអនុសាខាកាក បាទក្រហមកម្ពុជាស្រុក ព្រមទាំង លោក លោកស្រី ជាអ្នកស្មគ្រ័ចិត្តកាកបាទក្រហម សរុបចំនួន ៣០នាក់ មកពីឃុំគោលដៅទាំង៣ ក្នុងស្រុកចន្ទ្រាគឺឃុំចន្ទ្រា ឃុំទួលស្តី និងឃុំសំរោង។
វគ្គបំប៉ននេះមានគោលបំណងពង្រឹងសម្ថភាពអ្នកស័្មគ្រចិត្ត ស្តីពីអនាម័យទឹកស្អាត និងអនាម័យទូទៅ និងផ្តល់ចំណេះដឹងមូលដ្ឋានស្តីពីការកសាងផែនការអំពីទឹកសុវត្ថិភាពសហគមន៍ និងការបញ្ឈប់បន្ទោរបង់ពាសវាលពាសកាល។

លោកនាយកសាខា មានមតិសំណេះសំណាលក្នុងពិធីបើកវគ្គនេះ ដោយបញ្ជាក់ពីសារៈសំខាន់ក្នុងការថែរក្សាសម្ភារៈ ដែលបានទទួល ពីគម្រោង។ លោកនាយកសាខាក៏បានបញ្ជាក់ផងដែរអំពីការជ្រើស រើស និងគ្រប់គ្រងកំលាំង អ្នកស្មគ្រ័ចិត្តដែលជាប្រភពធនធានមនុស្សកំពុងរស់នៅជាមួយសហគមន៍នៅពេលជួបគ្រោះភ័យ ហើយសកម្ម ភាព នេះឆ្លើយ​តបទៅនឹងអនុសាសន៍របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលត្រូវពង្រឹងកំលាំងធនធានមនុស្ស និងសមត្ថភាព ដល់អ្នកស្មគ្រ័ចិត្តឲ្យបានទាំងបរិមាណ និងគុណភាព ហើយក្រោយពីបញ្ចប់វគ្គនេះទៅត្រូវយកចិត្តទុកដាក់ ក្នុងនាមជាអ្នកស្មគ្រ័ចិត្ត ជាអ្នកសង្គ្រោះ ឆ្លើយតបទៅនឹងគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាក​បាទក្រហម ហើយត្រូវយកវិជ្ជានេះទៅអប់រំបន្តដល់ប្រជាពលរដ្ឋ នៅសហគមន៍ដែលខ្លួនកំពុងរស់នៅ៕




កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចុះអប់រំផ្សព្វផ្សាយស្តីពីសុខភាពមនុស្សចាស់ដល់ប្រជាពលរដ្ឋនៅភូមិព្រៃគគីរ

ស្វាយរៀង៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ គម្រោងអប់រំសុខភាពមនុស្សចាស់ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្រោមការឧបត្ថម្ភថវិកាពីសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម បានចុះអប់រំផ្សព្វផ្សាយស្តីពីសុខភាពមនុស្សចាស់ដល់ប្រជាពលរដ្ឋចំនួន ៣០នាក់ (ស្ត្រី ១៦នាក់) នៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា។ ពិធីនេះ មានការអញ្ជើញចូលរួមពីលោក សរ វណ្ណា នាយកសាខា កញ្ញា ឡាក់ មុនីរស្មី តំណាងសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមប្រចាំកម្ពុជា លោក ថា សុភាតារា ប្រធានមណ្ឌលសុខភាពព្រៃគគីរ។ គម្រោងនេះធ្វើឡើងក្រោមប្រធានបទ «ការប៉ាន់ប្រម៉ាណអំពីសុខភាពប្រជាជន ការពិនិត្យសម្ពាធឈាម ការវាស់ (IBM) ការធ្វើតេស្ដឈាមមើលជាតិស្ករ ការបង្ការ​ជំងឺមិនឆ្លង ការហាត់ប្រាណ ការធ្វើសមាធិ និងការកំណត់រកអ្នកត្រូវបញ្ជូនទៅទទួល​សេវ៉ា​នៅមណ្ឌលសុខភាព»។
គោលបំណងក្នុងគម្រោងនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺមិនឆ្លងរួមមាន ជម្ងឺមហារីក ទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ឈឺសន្លាក់ដៃជើង និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។

ក្នុងរយៈពេលផ្សព្វផ្សាយ ពិនិត្យ និងអប់រំសុខភាពមនុស្សចាស់នេះ បានរកឃើញថាប្រជា​ពលរដ្ឋភាគច្រើនមានជម្ងឺលើសសម្ពាធឈាម ប៉ុន្តែខាងមណ្ឌលសុខភាពបានធ្វើការបញ្ជូនពួកគាត់ទៅទទួលថ្នាំនៅមណ្ឌលសុខភាព៕


វេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រះ​នេត្រព្រះ

បន្ទាយមានជ័យ៖ នៅក្នុងវេទិកាសាធារណៈក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលបានធ្វើឡើងនៅក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានប្រជាពល រដ្ឋមូលដ្ឋានសុំឱ្យក្រុមការងារអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ជួយដោះស្រាយបញ្ហា ដំណាំ ស្រូវ ជួបភាពរាំងស្ងួត សុំជួយជួសជុលផ្លូវដែលរងការខូចខាតនៅតាមមូលដ្ឋាន ស្តារ-ជីកប្រឡាយទឹក និងមានបញ្ហាប្រឈមលើការអភិវឌ្ឍមូលដ្ឋានរបស់គាត់មួយចំនួនទៀត ដែលតម្រូវឱ្យជួយដោះស្រាយជា បន្ទាន់នោះ។
មានប្រសាសន៍នៅក្នុងវេទិកាសាធារណៈនេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានទទួលយកសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ បានលើកឡើងនោះ ធ្វើការដោះស្រាយជាបន្ទាន់ជូនដល់ប្រជាពលរដ្ឋ ហើយបញ្ហាដែលនៅសេសសល់ត្រូវបានស្នើសុំទៅ ក្រុមការងារថ្នាក់ជាតិជួយដោះស្រាយ និងបញ្ហាមួយចំនួនទៀតត្រូវបានដាក់បញ្ចូលទៅក្នុង គម្រោងអភិវឌ្ឍន៍របស់ខេត្តបន្តទៀត។
លោកអភិបាលខេត្ត បានលើកឡើងទៀតថាគោលបំណងវេទិកាសាធារណៈនេះ ធ្វើឡើង ដើម្បី ផ្សព្វផ្សាយកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងផ្សារភ្ជាប់គ្នាជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការជាមួយបងប្អូនប្រជាពលរដ្ឋ ពិសេសសុខទុក្ខបញ្ហាប្រឈមនៅមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយក្នុងន័យជាអ្នកបម្រើប្រជាពលរដ្ឋ ក៏ដូចជាការចុះជួបប្រាស្រ័យ ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យនេះ ។

លោកបានបញ្ជាក់ទៀតថា លទ្ធផលរំពឹងទុកនៃវេទិកាគឺ (មានគណនេយ្យភាពសង្គម) គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ និងសហការជំរុញ លើកកម្ពស់គណនេយ្យភាពរបស់ក្រសួងស្ថាប័ន និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការ ផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕