Monday, September 02, 2019

សូមទស្សនាវីដេអូ៖ ហេតុអ្វីបានជាឯកឧត្តម កឹម សុខា ត្រូវចាប់ខ្លួន?

សូមទស្សនាវីដេអូ៖ ហេតុអ្វីបានជាឯកឧត្តម កឹម សុខា ត្រូវចាប់ខ្លួន?
Why H E Kem Sokha Was Arrested ?

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ កម្ពុជាមានវប្បធម៌ចំណាស់ត្រូវជ្រើសរើសយកដំណើរការដឹកនាំប្រទេសទៅតាមកាលៈទេសៈឱ្យស្របតាមវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ បានលើកឡើងថា កម្ពុជាជាប្រទេសមួយដែលមានវប្បធម៌ និងអរិយធម៌ចំណាស់ជាងសហរដ្ឋអាមេរិក ដូច្នេះត្រូវជ្រើសរើសយកដំណើរការដឹកនាំរបស់ប្រទេសទៅតាមកាលៈ ទេសៈឱ្យស្របតាមវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន មិនមែនត្រូវដើរតាមបែបបទប្រជាធិបតេយ្យបង្គាប់បញ្ជា ឬការចង់បានណាមួយរបស់អាមេរិកនោះឡើយ។ លោក បានលើកឡើងដូចនេះជាការឆ្លើយតបទៅនឹងសំណួររបស់និស្សិតកម្ពុជាក្នុងពេលធ្វើបឋកថាស្តីពី «ការរក្សាតុល្យការនៃទំនាក់ទំនងជាមួយមហាអំណាចក្នុងបរិបទអាស៊ាន» ដែលរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩។
និស្សិតមួយរូប បានចោទសួរទៅលោក មហាធា ថា ក្នុងបរិបទប្រទេសកម្ពុជាតើត្រូវតែដើរលំអានប្រជាធិបតេយ្យរបស់អាមេរិកឬយ៉ាងណា នោះ ត្រូវបានលោក ឆ្លើយតបសំណួរនេះដោយ បានគូសបញ្ជាក់ថា ប្រទេសនីមួយៗមានវប្បធម៌ អរិយធម៌ មានគុណតម្លៃ មានទំនៀបទម្លាប់ និងការគិតផ្សេងៗគ្នា។ លោកបានបន្តថា កម្ពុជាជាប្រទេសដែលមានវប្បធម៌ អរិយធម៌ចំណាស់ច្រើនបើធៀបជាមួយសហរដ្ឋអាមេរិក។ ក្នុងន័យនេះលោក មហាធា មហាម៉ាត់ បានលើកទឹកចិត្តឱ្យកម្ពុជាដើរទៅតាមអ្វីដែលខ្លួនមានដោយប្រែប្រួលទៅតាមកាលៈទេសៈ ដោយមិនត្រូវផ្តេកផ្តួលថាត្រូវតែអនុវត្តន៍តាមបែបបទលទ្ធិ ប្រជាធិបតេយ្យតាមបែបអាមេរិក ឬការចង់បានរបស់អាមេរិកនោះឡើយ។
នៅក្នុងបឋកថានោះ លោក មហាធា ក៏បានក្រើនរំលឹកដល់និស្សិតកម្ពុជាឱ្យខិតខំសិក្សាស្វែងយល់ថា តើមានអ្វីកំពុងកើតឡើង ហើយត្រូវចៀសវាងនូវអ្វីដែលអាក្រក់នាំឱ្យអន្តរាយដល់ខ្លួនដូចជា គ្រឿងញៀនជាដើម។ លោកនាយករដ្ឋមន្ត្រី ក៏បានផ្តាំយុវជនដែលអាចក្លាយទៅជាមេដឹកនាំនោះ ត្រូវចៀសឱ្យបានការយកអាវុធ និងសង្គ្រាមមកដោះស្រាយបញ្ហា ពោលត្រូវប្រើការទូត និងការជជែកគ្នាដើម្បីដោះស្រាយបញ្ហាទាំងឡាយ៕


ទស្សនៈវិភាគ៖ តើនរណាខ្លាចនរណា?


ខ្ញុំ​​​បាន​​មើល​​​​​វី​ដេ​អូ​​ឃ្លីប​​ ដែល​លោក​ សម រង្ស៊ី​ បាន​បង្ហោះ​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​គាត់ម្តង​ហើយ​ម្តងទៀត​​ជា​មួយ​​​នឹង​​កាយ​​វិកា​ឆ្កា​ដៃ​​ឆ្កា​​ជើង​ដូច​មនុស្ស​វិកល​ចរិក ក៏​ដូច​ជាវីដេអូ​ផ្សេងៗ​ទៀត​ដែល​គាត់​បាន​ផុស​ គឺ​មួយ​ម៉ាត់​ណា​ក៏​គាត់​បញ្ជាក់​ថា​ «គាត់​ចូល​មក​កម្ពុជា​ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩​ នេះ​ ​មិន​មែន​មក​ឱ្យ​លោក​ ហ៊ុន សែន​ ចាប់​ដាក់​គុគ​ដូច​លោក កឹម សុខា​ ឬ​ត្រូវ​សម្លាប់​ដូច​លោក​ កែម ឡី ​នោះ​ទេ ប៉ុន្តែ​ការ​ត្រឡប់​ចូល​ស្រុក​របស់​គាត់​​គឺ​គាត់​មក​ចាប់​លោក ហ៊ុន សែន​ និងទៅ​បំ​ផុសកម្លាំង​ប្រជា​ពលរដ្ឋ​ឱ្យ​​​បញ្ចប់​​រដ្ឋាភិបាល​ស្រប​ច្បាប់​បច្ចុប្បន្ន​នេះ​ឱ្យ​បាន​​»​។ ស្តាប់​ឮសម្តី​នេះ​ខ្ញុំ​អស់​សំណើច​ម្នាក់​​ឯង​​​ ហើយ​​ក៏​​លើក​​ជា​ចម្ងល់​ និង​​វិភាគ​​មើល​​ហេតុ​ផល​មួយចំនួន​​យ៉ាង​ដូច្នេះ​​​ថា​ «រវាង​លោក​ ហ៊ុន សែន​ និង​លោក សម រង្ស៊ី​ តើ​នរណា​ខ្លាច​នរណា?»​
បើយើង​និយាយ​ដោយ​ស្មោះ​ត្រង់​ និង​មើល​ឃើញ​ពី​ស្ថាន​ភាព​ពិត​ជាក់​ស្តែង​នៅកម្ពុជា​បច្ចុប្បន្ន​នេះ​​និង​ធ្វើ​ការ​ប្រៀប​ធៀប​អំពី​អ្វី​ដែល​លោក​ ហ៊ុន សែន កំពុង​មាន​ ក្នុង​ការ​គ្រប់​គ្រង​ប្រទេស​​ ជាមួយ​នឹង​​អ្វី​ដែល​លោក​សម រង្ស៊ី​ កំពុង​មាន​ គឺ​ខុសគ្នា​​ស្រឡះ​​ពី​​អ្វី​ដែល​លោក​ សម រង្ស៊ី​ កំពុង​ក្អក​ខ្លាំង​ណាស់​។​
ទី​១​ លោក​ ហ៊ុន សែន​ បច្ចុប្បន្ន​ជានាយករដ្ឋ​មន្ត្រី​ក្នុង​តំ​ណែងស្រប​ច្បាប់​ ឡើង​កាន់​អំណាច​តាម​​រយៈ​ការ​បោះ​ឆ្នោត​គាំ​ទ្រ​ពី​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​សម្លេង​គាំ​ទ្រ​រហូត​ដល់​ទៅ​ ៨៣.០២%​ មាន​​​ន័យ​​ថា​​ប្រជារាស្ត្រ​ពេញ​ចិត្ត​ការ​ដឹក​នាំ​របស់​គាត់​​​ដែល​មានការ​រី​ចម្រើន​ និង​មាន​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង​ជាលំដាប់​។​ ប្រាកដ​ហើយ​ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​ គឺ​តែង​តែ​មាន​ប្រជារាស្ត្រ​មួយ​ផ្នែក​គាំ​ទ្រ​ និងមួយផ្នែក​ទៀត​មិន​គាំ​ទ្រ​ចំពោះ​ការ​ដឹក​នាំ​​​របស់​រដ្ឋាភិបាល​ ប៉ុន្តែ​ ប្រសិន​បើ​អ្នក​ដែល​គាំ​ទ្រ​រដ្ឋាភិបាល​មាន​ចំនួន​ភាគ​ច្រើន​លើស​លប់ ​គឺ​អ្នក​ដែល​​មិន​គាំ​ទ្រដែល​មាន​ចំនួន​​ភាគ​តិច​នោះ​ត្រូវ​គោរព​ និង​​​ធ្វើ​​តាម​​មតិ​​ភាគ​ច្រើន​។​​ ដូច្នេះ​ ប្រសិន​បើ​ប្រជាពលរដ្ឋ​ភាគច្រើន​គាំ​ទ្រ​លោក​ ហ៊ុន សែន​ តើ​អាច​និ​យាយ​​ថា​​លោក ហ៊ុន សែន​ ខ្លាច​លោក សម រង្ស៊ី​ វិល​ចូល​ស្រុក​ទាំងខ្លួន​គាត់​កំពុង​​​មាន​ដីកា​ចាប់​ខ្លួន​ឬ?
ទី២​ ក្នុង​នាម​ជានាយក​រដ្ឋ​មន្ត្រី​របស់​ប្រទេស​មួយ​ លោក ហ៊ុន សែន​ គ្រប់​គ្រង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទនៅក្នុង​ដៃ​ប្រកប​​ដោយ​​ប្រសិទ្ធភាព​ និង​មាន​អំណាចបញ្ជា​កម្លាំង​ដើម្បី​អនុវត្ត​ដីកា​តុលាការ​ចាប់​ខ្លួន​​ទណ្ឌិត ​ដែល​កំពុង​រត់​គេច​ពី​សំណាញ់​ច្បាប់យក​មកដាក់​ទោស​បាន​គ្រប់​​វិនាទី​​​​​ដោយ​គ្មានផល​​លំបាក​ឡើយ​។ មាន​ន័យ​ថា​ ទោះបី​ជាការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី​ តាម​​ផ្លូវ​​គោគ​ អាកាស ឬផ្លូវ​ទឹក​ និង​ខិត​ខំ​​លាក់​​ខ្លួន​ពួន​អាត្មា​​នៅក្រហែង​​ណា​​ក៏​​មិន​អាច​គេច​ផុត​ពីការ​អូស​ក​យក​មក​​ញាត់​គុគ​អស់​មួយជីវិត​ដែរ​។​
ទី៣ លោក ហ៊ុន សែន​ មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​គ្រប់​គ្រង​និរន្តរភាព​សេដ្ឋ​កិច្ច​ ដោយ​ធ្វើ​ឱ្យ​​សេដ្ឋ​កិច្ច​ជាតិ​មាន​កំណើន​ជារៀង​រាល់​ឆ្នាំ​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​រង្វង់​ប្រមាណ​៧%ក្នុង​មួយឆ្នាំ​ ដែល​ប្រការ​នេះ​គឺ​ជាសរសរ​ស្តម្ភ​ធំ​មួយ​នៃ​ស្ថេរភាព​សង្គម​ មិន​អាច​ធ្វើ​ឱ្យ​មាន​ចលាចល​សង្គម​ដែល​ជាចំណុច​ខ្សោយ​សម្រាប់​ក្រុម​លោក សម រង្ស៊ី​ អូស​ទាញ​ប្រជាពលរដ្ឋ​ឱ្យ​ទៅ​ធ្វើ​អំពើ​វិទ្ធុ​ង្ស​នា​ប្រឆាំង​នឹងភាព​រស់​នៅ​ដ៏​សុខ​សាន្ត​ ក្នុង​សុខ​សន្តិភាព​ ក្រោម​​ការ​ដឹក​នាំ​របស់​លោក​ ហ៊ុន សែន​ ឡើយ​។​​​
ទី៤​ ប្រសិន​បើ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ មិន​ស្រប​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​ក្រុម​ប្រឆាំង​នោះ​ ក៏​គ្មាន​បរទេស​ណា​គេទទួលស្គាល់និងធ្វើការជាមួយដែរ។​​ នេះ​ស​ឱ្យ​ឃើញ​ថា​ រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​លោក ហ៊ុន សែន ជានាយក​រដ្ឋ​មន្ត្រី​ កំពុង​មាន​ទំនាក់យ៉ាង​ល្អ​​ប្រសើរ​លើ​​កិច្ច​ការ​​បរទេស​ជាមួយ​ប្រទេស​ជាច្រើន​ ទាំង​ប្លុក​សេរី​ និង​ប្លុក​កុំ​ម្មុយនីស​ ហើយ​ប្រទេស​ទាំង​នោះ​​នៅ​តែ​គាំ​ទ្រ​វត្តមាន​របស់​ប្រទេស​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​ និង​អង្គការ​សហប្រជាជាតិ​។​
ទី៥ ការ​ជាប់​ឆ្នោត​​ជាបន្ត​បន្ទាប់​របស់​លោក ហ៊ុន សែន​ បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​គាត់​នៅ​តែ​ជាមេដឹក​នាំ​ដែល​មាន​ប្រជាប្រិយភាព​ចំពោះ​ប្រជាពលរដ្ឋ​ មន្ត្រីរាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ជាពិសេស​ចំពោះ​កម្មករ​ កម្មការិនី​​ ក្នុង​ការ​លើក​កម្ពស់​ជីវភាព​របស់​ពួក​គេ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ពីមួយឆ្នាំ​ទៅ​មួយឆ្នាំ​។​
តាម​រយៈ​ការវិភាគ​​របស់​ខ្ញុំដោយឈរលើ​ហេតុ​ផល​មួយ​ចំនួន​ខាង​លើ​​ ​ខ្ញុំ​ក៏​សង្ឃឹ​ម​ថា​បង​ប្អូន​​ប្រជា​ពល​រដ្ឋ​​ទូទៅ ក៏​​ប្រាកដ​​ជាគិត​ និង​​​បាន​​មើល​​ឃើញ​​នូវ​​ចំណុច​​ទាំង​​នេះ​​ដូច​​រូប​​ខ្ញុំ​ ជាមិន​ខាន​ ហើយ​ប្រហែល​ជា​មិន​បាន​ឃើញ​នូវ​ចំណុច​ដែល​លោក ហ៊ុន សែន​ ត្រូវ​ព្រួយ​បារម្ភ​ ឬខ្លាច​លោក សម រង្ស៊ី​ កុំ​ថា​ឡើយ​មាន​លទ្ធ​ភាព​មក​ចាប់​លោក ហ៊ុន សែន សូម្បី​តែហ៊ាន​មក​ជាន់​ដី​កម្ពុជា​ក៏​គាត់​មិនហ៊ាន​មក​ផង​ ដូច្នេះ​ «រវាង​លោក​ ហ៊ុន សែន​ និង​​លោក​ សម រង្ស៊ី​ តើ​នរណា​ខ្លាច​នរណា»​?​ ​បន្ថែមលើនេះយើងអាចវាយតម្លៃទៀតថា៖
ទី​១ ​សូម្បី​តែ​អ្នក​វិភាគ​ដែល​ធ្លាប់​គាំ​ទ្រ​គាត់​ក៏​វាយ​តម្លៃ​ថា​ពួក​គេ​មិន​សូវ​មាន​ជំនឿ​ចំពោះ​​ការ​ប្រកាស​​របស់​​លោក សម រង្ស៊ី​ នៅពេល​នេះ​ទេ​។​ អ្នក​វិភាគ​នយោបាយ​លោកបណ្ឌិត​ ឡៅ ម៉ុងហៃ ហាក់​មិន​សូវ​មាន​ជំនឿ​ចំពោះ​ការ​ប្រកាស​របស់​លោក សម រង្ស៊ី​ នៅពេល​នេះ​នោះ​ទេ គាត់​បញ្ជាក់​ថា​បើ​មក​ពេល​នេះ​ទាល់​តែ​មាន​លក្ខខណ្ឌ​ដូច​កាល​ពី​ខែ​​កក្កដា​ ឆ្នាំ​២០១៣​ គឺ​មាន​ភ្លើង​ខៀវ​ពី​លោក ហ៊ុន សែន​ និង​មាន​ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​ ប៉ុន្តែ​ពេល​នេះ​គ្មាន​ទេ​ បើ​ចូល​មក​មាន​តែ​ត្រូវ​គេចាប់​ដាក់​គុគ​មិន​ខាន​។​
ចំណែក​លោក គឹម សុខ វិភាគ​ថា​៖ «បើ​លោក​សម រង្ស៊ី ប្រថុយ​ចូល​ស្រុក​ដោយ​គ្មានការ​ព្រមព្រៀង​គ្នា​ជាមុនរវាង​ក្រុម​លោក ហ៊ុន សែន និងក្រុម​លោក​សម រង្ស៊ី ក្នុង​ករណី​នេះ​ខ្ញុំ​គិត​ថា​ស្រាល​បំផុតលោក​សម រង្ស៊ី នឹង​ត្រូវ​ចាប់​ដាក់គុក ​ហើយ​បើ​ធ្ងន់​ជាង​នេះ​នឹង​ត្រូវ​បាតុករគាំទ្រ​លោក ហ៊ុន សែន ​​​វ៉ៃ​​បែក​​ក្បាល​​សិន​​ ហើយ​​អាជ្ញាធរ​​នៃ​​ក្រុម​​លោក ហ៊ុន សែន ប្រើលេស​ការពារ​សុវត្ថិភាព​ និង​ព្យាបាល​របួស​​ចាប់​​យក​​ទៅ​ដាក់​​ឃុំ​​ក្នុ​ង​​ផ្ទះ​​ដូច​​លោក​​ កឹម​ សុខា​ អញ្ចឹងដែរ​​។
រីឯអ្នក​វិភាគ​នយោបាយ​លោក ឯម សុវណ្ណារ៉ា ​ថា​លោក​មិន​សូវ​មាន​ជំនឿ​ចំពោះ​ការ​ប្រកាស​របស់​​លោក​ សម រង្ស៊ី លើក​​នេះ​​នោះ​​ទេ ​ដោយ​​សារ​​វា​​នៅ​​មិន​​ទាន់​​ដល់​​ដំណាក់​​កាល​​ចុង​ក្រោយ​នៃ​​ជី​វិត​​នយោ​បាយ​​របស់​​លោក​ ​សម រង្ស៊ី​។​​លោកវិភាគ​ថា​៖ កាល​​ណា​​គាត់​​ចូល​មក​​គេ​ចាប់​​គាត់​​ហើយ​​​ទី​១​  ទី២​បើ​​គាត់​​មាន​​ជំរើស​​គឺ​​គាត់​​នៅ​​ខាង​​ក្រៅ​​ហើយ​ គាត់​មិន​ចូល​មក​វិញ​ទេ​។​
ទី២ សម្រាប់​ស្ថាន​ភាព​បច្ចុប្បន្ន​របស់​លោក សម រង្ស៊ី​ គឺ​គាត់​គ្មាន​ទាំង​ទី​តាំង​ឈរ​ជើង​ពិត​ប្រាកដ​​ដើម្បី​ពង្រឹង​​កម្លាំង​គាំ​ទ្រ​ដែល​នៅចំនួន​​សេស​សល់ដ៏​តិច​តួច​នោះ​ឡើយ​។​ ការ​ប្រមូល​កម្លាំង​គាំ​ទ្រ​គឺ​ធ្វើ​ឡើង​របៀប​មាន់​សម្លរ​មិនហ៊ាន​ចូល​ទី​លាន​ប្រកួត​ បាន​តែ​ប្រកូក​ប្រកាស​ពី​ចម្ងាយ​ និង​ជំរុញ​ឱ្យ​អ្នក​គាំទ្រ​ប្រឈម​មុខ​នឹង​ច្បាប់​ ជាប់​គុគ​ ជាប់​ច្រវ៉ាក់​ជំនួស​ខ្លួន​ ចំណែក​លោក សម រង្ស៊ី​ ខ្លួន​ឯង​យក​លុយ​ដែល​រៃ​អង្គាស​បាន​ពី​អ្នក​គាំ​ទ្រ​ទៅ​ជិះយន្ត​ហោះ​ដើរ​លេង​ពី​ប្រទេស​មួយទៅ​ប្រទេស​មួយ​ ដេក​សណ្ឋាគារ​ទំនើបៗ​ ស៊ី​អាហារ​ឆ្ងាញ់​ៗ​តែ​ខ្លួន​ឯង​ និង​ក្រុម​ហែរ​ហម​  តើចំណុច​​​ណា​​ទៅ​​ក្នុង​​ក្បួន​សឹក​ដែល​​មេ​ទ័​ព​ប្រមើល​​មើល​ឃើញ​​ផ្លូវ​ឈ្នះ​លើ​សមរភូមិ​នោះ​?​
ទី​៣ សម រង្ស៊ី​ តាំង​ពី​ធ្វើ​នយោ​បាយ​​នៅ​ក្នុង​គណបក្ស​​ហ៊្វុន​ស៊ីន​ប៉ិច​ គណបក្ស​ជាតិ​ខ្មែរ​ គណបក្ស​ សម រង្ស៊ី​ គណបក្ស​សង្គ្រោះជាតិ​មក​ គឺ​គ្មាន​ឆន្ទៈ​តស៊ូ​មោះ​មុត​ និង​គ្មាន​ទស្សនៈ​វិស័យ​នយោបាយ​ច្បាស់​លាស់​ទេ​។ កន្លង​មក​ គេ​ឃើញ​ សម រង្ស៊ី​ ធ្វើ​កិច្ច​ការ​​អ្វី​​មួយ​ គឺ​ធ្វើ​បាន​តែ​មួយ​ឆាវ​ប៉ុណ្ណោះ​​​ ហើយ​បន្ទាប់​មក​ក៏​រលាយ​សូន្យ​។ ឧទាហរណ៍​ គម្រោងប្រមូល​លុយ​​​មូល​និធិ​ទូរទស្សន៍​ព្រះ​អាទិត្យ​ គម្រោង​​ចលនា​សង្គ្រោះ​ជាតិ​ គឺ​ក្រោយ​ពី​បង្កើត​ឡើង​ដើម្បី​ប្រមូល​​លុយ​ហើយ​គឺ​ត្រូវ​រលាយ​បាត់​ទៅ​វិញ​ទាំង​គម្រោង​ ទាំង​លុយ​លែង​ឃើញ​ស្រមោល​។​ ពាក្យ​សម្តី​របស់​លោក សម រង្ស៊ី​ គឺ​ពោរពេញ​ទៅ​ដោយ​ពាក្យ​កុហក បោក​ប្រាស់​អ្នក​គាំ​ទ្រ​ជាញឹក​ញាប់​។ ឧទាហរណ៍​ ពេល​វេលា​ត្រឡប់​មក​កម្ពុជា​វិញ​ ម្តង​កុហក​ថា​ថ្ងៃ​នេះ​ ម្តង​ថា​ថ្ងៃ​នោះ​ គឺគ្រាន់​តែ​ជាលេស​បង្កើត​កម្មវិធី​រៃ​អង្គាស​ប្រាក់​តែ​ប៉ុណ្ណោះ​។​
អ្វី​ដែល​បង្ហាញ​នូវ​ភាព​ល្ងង់ខ្លៅ​បំផុត​របស់​លោក សម រង្ស៊ី​ នោះ​ គឺ​ការ​កុហក​អ្នកគាំ​ទ្រ ក្នុង​ការ​ប្រកាស​​​មិន​​ចូល​​រួម​​នៅក្នុ​ង​រដ្ឋ​សភានាពេល​កន្លង​មក​​​​ ប៉ុន្តែ​ទី​បំផុត​ក៏​ត្រូវ​រត់​ចូល​រដ្ឋ​សភា​ក្បត់​ពាក្យ​សន្យា​ ហើយ​ចូល​រួម​ធ្វើ​វិសោធនកម្មដ្ឋ​ធម្មនុញ្ញ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ពី​​​​​ ​២/៣ ទៅ​៥០%​បូក​១​ ដែល​​ចំណុច​នេះ​គឺ​ជាការ​ប្រគល់​អំណាច​​ដាក់លើ​ជើង​ពានជូន​ដល់​គណបក្ស​ប្រជាជន​របស់​លោក ហ៊ុន សែន​ យ៉ាង​​ពិត​ប្រាកដ​​។​​
ទី​៤​ លោក សម រង្ស៊ី​ គ្មាន​កម្លាំង​ប្រដាប់​អាវុធ​នៅក្នុង​ដៃ​នោះ​ទេ​។ ពាក្យ​ក្នុង​សឹក​សង្គ្រាម​គេ​និយាយ​ថា​ «នយោបាយ​រួម​ផ្សំ​អាវុធ​» ចុះ​បើ​ពេល​នេះ​គ្មាន​អំណាច​ គ្មាន​កម្លាំង គ្មាន​អាវុធ​ បែបនេះ​ តើ​ធ្វើ​ការ​តស៊ូ​រំពឹង​​​មេឃ​​យ៉ាង​ម៉េច គឺ​ច្បាស់​​ជា​បរាជ័យ​។ ដូច្នេះ​បើមើល​ឃើញ​​បរាជ័យបែប​នេះ​ លោក សម រង្ស៊ី​ សារភាព​រួច​ហើយ​លោក​មិន​ចូល​ទៅ​ឱ្យ​លោក ហ៊ុន សែន​ ចាប់​នោះ​ទេ​។ ម្យ៉ាង​ទៀត​ លោក សម រង្ស៊ី​ គឺ​ជា​ទណ្ឌិ​ត​​ដែល​​កំពុង​​រត់​​គេច​​ពី​​សំណាញ់​​ច្បាប់​ សូម្បី​តែ​ការ​បង្ហាញ​ខ្លួន​នៅ​ក្រៅ​ប្រទេស​ម្តង​នៅ​ទី​នេះ​ ម្តង​នៅ​ទី​នោះ​ គឺ​បង្ហាញ​ខ្លួន​ទាំង​ការ​ភ័យ​ខ្លាច​ ព្រោះ​ខ្លាច​សត្រូវ​ខាង​ក្នុង​ផង​ និង​សត្រូវ​ខាង​ក្រៅ​​ផង​​។​​​​​
ទី៥​ ពាក្យ​​ចាស់​​ពោល​​ថា​​ ធ្វើ​ស្រែ​និង​ទឹក​ ធ្វើ​សឹកនិង​បាយ​។ បើ​គ្មាន​លុយ​បែបនេះ​ ធ្វើ​សកម្មភាព​​ម្តង​​ណា​​ក៏​​រៃ​​អង្គាស​ប្រាក់​ រំពឹង​ជំនួយ​បរទេស​ក៏​គេ​លែង​ជួយ​ព្រោះ​រាល់​ផែន​ការ​ដែល​គេ​ធ្លាប់​ជួយ​គឺ​ត្រូវ​បរាជ័យ​រាល់​លើក​ ហើយ​​គ្មាន​ទទួល​បាន​លទ្ធផល​អ្វី​ទាំង​អស់​។​
ទោះ​ជាយ៉ាង​ណា​ ការ​ប្រកាស​ផែន​ការ​ចូល​មក​ចាប់​លោក ហ៊ុន សែន​ នៅថ្ងៃ​ទី​៩ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ខាង​មុខ​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ អ្នក​វិភាគ​ និង​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​នៅកម្ពុជាវាយ​តម្លៃ​ថា​​គឺ​មាន​តែ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ទេ​ ដែល​ជាអ្នក​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​អាច​ចាប់​លោក​ សម រង្ស៊ី​ បាន​មួយ​រំពេច​ និង​យ៉ាង​យូរ​បំផុត​ត្រឹម​២៤ម៉ោង​ប៉ុណ្ណោះ ទោះ​បី​ជា​លោក សម រង្ស៊ី​ វិល​មក​តាម​ផ្លូវ​គោគ​ អាកាស​ ឬផ្លូវ​ទឹក​​ ប្រសិន​បើ​លោក សម រង្ស៊ី​ ពិត​ជាក្លាហាន​ហ៊ាន​វិល​​ត្រឡប់​​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ដែល​ខ្លួន​បាន​ប្រកាស​នាពេល​ចុង​ក្រោយ​នេះ​មែន។ តាម​រយៈ​សម្មតិកម្ម​​ខាងលើ​ គេ​អាច​សន្និដ្ឋាន​បាន​យ៉ាង​ប្រាកដ​ថា​ រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី​ តើ​ នរណា​ ខ្លាច​នរណា?​​​​
សរុប​មក​ ផែនការចូល​មក​កម្ពុជា​ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩​ នេះ​គឺ​គ្រាន់​តែ​ជា​ផែន​ការ​ញុះញង់​បង្ក​ចលាចល​ក្នុង​កលល្បិ​ច​បង្ក​ឱ្យ​មាន​បដិវត្ត​ពណ៌​ថ្មី​មួយទៀត ​ដែល​ធ្លាប់​ទទួល​បរាជ័យ​កាល​ពី​​ឆ្នាំ​​២០១៣​ ម្តង​​រួច​​មក​​ហើយ​​។​ ប្រសិន​បើ​ គ្មាន​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​តាម​ការ​ញុះញង់​របស់​គាត់​ទេ​នោះ​ ការប្រកាសនេះ​គឺ​គ្រាន់​តែ​ជា​ផែន​ការ​ខ្យល់​ និងជាសម្តីអ្នកនយោបាយមាន់​សម្លរ​តែប៉ុណ្ណោះ។ ក្នុង​នាម​ជា​នាយករដ្ឋ​មន្ត្រី​ជាប់​ឆ្នោត​ដោយ​ស្រប​ច្បាប់​ លោក ហ៊ុន សែន បាន​ប្រកាស​ជា​ច្រើន​លើក​ច្រើន​សារ​រួច​មក​​ហើយ​ថា ​​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​​នឹង​មិន​អនុញ្ញាត​ឱ្យ​ក្រុម​ជន​ក្បត់​ជាតិ​ដែល​ជាទណ្ឌិត​មួយ​ក្តាប់​តូច​​​មក​បំផ្លាញ​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ដែល​កម្ពុជា​រក​បាន​ដោយ​ពិបាក​នា​ពេល​បច្ចុប្បន្ន​នេះ​ឡើយ​៕​
ដោយ​៖ យី វិត (ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​សៀមរាប​)​



នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី កោតសរសើរការរីកចម្រើនរបស់កម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោក មហាធៀរ មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី បានកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលបានប្រែប្រួលយ៉ាងឆាប់រហ័ស ដោយមានទាំងសំណងអគារខ្ពស់ៗ កំពុងរីកដុះដាលពាសពេញរាជធានីភ្នំពេញ។ លោកបានថ្លែងកោតសរសើរដូចនេះនៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញធ្វើបាឋកថាជូនដល់និស្សិតខ្មែរប្រមាណ៧០០នាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ក្រោមប្រធានបទ «ការរក្សាតុល្យភាពទំនាក់ទំនង ជាមួយប្រទេសមហាអំណាច នៅក្នុងបរិបទអាស៊ាន»។

លោក មហាធៀរ មហាម៉ាត់ (Mahathir Mohamad) បានអះអាងថា នៅពេលយន្ដហោះចុះចត ដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ លោក បានសង្កេតឃើញថា រាជធានីភ្នំពេញ ហាក់បានផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ខុសប្លែកកាលពីពេលលោកអញ្ជើញមកលើកមុន ពោលបច្ចុប្បន្នរាជធានីភ្នំពេញមានអគារខ្ពស់ៗជាច្រើន បានរីកដុះដាល។ នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី បានគូសបញ្ជាក់ទៀតថា សម្រាប់ស្ថានភាពចរាចរណ៍វិញ ហាក់មានការមមាញឹកយ៉ាងខ្លាំង ដែលជាសញ្ញាណមួយបញ្ជាក់អំពីការអភិវឌ្ឍ និងសម្បូរសប្បាយរុងរឿងរបស់ប្រទេសកម្ពុជា។

យ៉ាងណាមិញ លោកនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា ការរីកចម្រើនរបស់ប្រទេសកម្ពុជា ក៏ដោយសារប្រជាជនមានសមត្ថភាព និងជំនាញពិតប្រាកដ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៕





ឯកអគ្គរាជទូតជប៉ុនថ្មី បង្ហាញភាពសប្បាយរីករាយយ៉ាងក្រៃលែងដែលបានមកកាន់កម្ពុជាដែលជាមិត្តជិតស្និទ្ធ របស់ជប៉ុន

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនថ្មី ដែលទើបមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១ខែ កញ្ញា បានសម្ដែងសេចក្ដីសប្បាយរីករាយយ៉ាងក្រៃលែង ចំពោះការដល់ប្រទេសកម្ពុជា ដែលជាមិត្តជិតស្និទ្ធ របស់ប្រទេស ជប៉ុន និងជាប្រទេស ដែលមានវប្បធម៌ដ៏អស្ចារ្យ។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនថ្មី ទើបតែមកដល់ប្រទេសកម្ពុជា បានឲ្យដឹងតាមបបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២ កញ្ញានេះថា «ជម្រាបសួរ! ខ្ញុំបាទ មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា។ ខ្ញុំទើបតែមកដល់ ប្រទេសកម្ពុជាកាលពីម្សិលមិញ។ ខ្ញុំមានកិត្តិយស និងសប្បាយរីករាយយ៉ាងក្រៃលែង បានមកកាន់ប្រទេសកម្ពុជា ដែលជាមិត្តជិតស្និទ្ធ របស់ប្រទេសជប៉ុន និងជាប្រទេស ដែលមានវប្បធម៌ដ៏អស្ចារ្យ។ ខ្ញុំទន្ទឹងរង់ចាំជួបជាមួយ លោក លោកស្រី ក្មួយៗ និងទស្សនាទីកន្លែងនានា នៅប្រទេសកម្ពុជា»។
សូមបញ្ជាក់ថា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ត្រូវបានតែងតាំង ជាឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំប្រទេសកម្ពុជា បន្តពីលោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ដែលចប់អាណត្តិ៕

កម្ពុជា-កូរ៉េ ប្ដេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាថែមទៀតលើផ្នែកនគរបាល

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយលោក Lim Jung-Tack អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការរដ្ឋបាល ក្រសួងមហាផ្ទៃ និងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ នៅទីស្តីការក្រសួងមហាផ្ទៃ។ ភាគីកម្ពុជា-កូរ៉េ បានប្ដេជ្ញាបន្តពង្រឹង-ពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបន្ថែមទៀតទាក់ទងជាមួយវិស័យនគរបាល របស់ប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរឡើង។
ភាគីកូរ៉េ នឹងបន្តអនុវត្តការចុះអនុស្សារណនៃការយោគយល់ (MOU) ជាមួយកម្ពុជាឲ្យស្របតាមការចងបានរបស់ភាគីទាំងពីរ។ ភាគីទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការ ជាពិសេសលើផ្នែកនគរបាល នៃប្រទេសទាំងពីរឲ្យកាន់តែមានការប្រសើរឡើងថែមទៀត។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងក្រសួងមហាផ្ទៃប្រទេសទាំងពីរ ដោយបានសហប្រតិបត្តិការលើផ្នែកនគរបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ចំណែក លោក Lim Jung-Tack ក៏បានអញ្ជើញលោក ស ខេង ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-កូរ៉េដែលនឹងប្រព្រឹត្តធ្វើនៅកូរ៉េ នាចុងខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។ ជាការឆ្លើយតប លោក ស ខេង នឹងពិនិត្យមើលលទ្ធភាពជាក់ស្ដែងហើយបើសិនជាមិនមានពេលវេលាសមស្រប លោកនឹងចាត់រដ្ឋលេខាធិការ ប្រចាំការរបស់ក្រសួងមហាផ្ទៃ ឲ្យដឹកនាំប្រតិភូទៅចូលរួមផងដែរ៕








ខ្លឹមសារសំខាន់ៗ ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ លោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោក ស៊ុន ចាន់ថុល លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសម្រួលភារកិច្ច និងចូលកាន់តំណែង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំថ្មី។ ពិធីនេះ បានរៀបចំធ្វើឡើង នៅសាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសាលាខេត្ត និងមន្ត្រី នៃមន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងខេត្តយ៉ាងច្រើនកុះករ។
តាមប្រកាសស្ដីពី ការផ្ទេរសម្រួលភារកិច្ច មន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ទេរសម្រួលភារកិច្ចលោក គី ដាណារិទ្ធ ពីអនុប្រធានមន្ទីរ ឡើងកាន់តំណែងជាប្រធានមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ចំណែកឯ លោក គីវិរិន ត្រូវផ្លាស់ទៅកាន់តំណែងជា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។
លោក គី វីរិន បានឡើងធ្វើរបាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់មន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្តត្បូងឃ្មុំ រយៈពេលកន្លងមក ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។
នៅក្នុងឱកាសនោះ លោក គី ដាណារិទ្ធ ទើបឡើងកាន់តំណែងថ្មី បានឡើងប្តេជ្ញាចិត្តថា បំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន អនុវត្តឱ្យបានជាដាច់ខាតតាមបាវចនា២ និងអភិក្រម៥របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គោរពប្រតិបត្តិឲ្យបានគោលការរបស់ក្រសួងសាធារណ:ការ និងដឹកជញ្ជូន ពិសេសចូលរួមសហការឲ្យបានល្អផ្ទៃក្នុងអង្គភាព និងមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ។
លោក ជាម ច័ន្ទសោភ័ណ បានកោតសរសើរវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់លោក គី វីរិន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំចាស់ កន្លងមកបានខិតខំអនុវត្តការងារ សម្រេចបាននូវ ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធនានា មានផ្លូវថ្នល់ ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ផ្លូវទឹក ការគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយ និងទឹកកខ្វក់បានល្អ។
លោកក៏បានស្នើប្រធានមន្ទីរសាធារណការខេត្តថ្មី ប្រកាន់ភ្ជាប់នូវសាមគ្គីជាធ្លុងមួយ សម្រេចបាននូវស្នាដៃធំៗបន្តទៀត និងអនុវត្តនូវអភិក្រមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនាពីរបន្ថែមទៀត គឺកែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ។
ជាមួយគ្នានោះ លោក ស៊ុយ សាន ក៏បានណែនាំដល់ប្រធាន មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំថ្មី ត្រូវខិតខំបំពេញការងារ សហការសាមគ្គីភាពផ្ទៃក្នុង ជាមួយមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត អនុវត្តនូវយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ និងគោលនយោបាយកែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា លើហេដ្ឋារចនា សម្ព័ន្ធផ្លូវ ថ្នល់ ច្បាប់ និងលិខិតបទដ្ឋាននានា តាមគោលការណ៍ក្រសួង និងតាមគណបញ្ជាការឯកភាពខេត្ត ឲ្យមានប្រសិទ្ធិភាព គណនេយ្យភាព និងតម្លាភាព ក្នុងការចូលរួមចំណែកអភិវឌ្ឍខេត្តត្បូងឃ្មុំ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕







វីដេអូ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចោទសួរថា អ្នកឯងហ៊ានភ្នាល់ ឬមិនហ៊ានភ្នាល់? ប៉ុន្តែការចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ញាត់គុក នៅតែអនុវត្តឲ្យតែហ៊ានចូលប្រទេសកម្ពុជា

ពិធីអបអរសាទរមន្ទីរពេទ្យបង្អែកខេត្ត១៦ មករា ខេត្តព្រះវិហារ ដែលទទួលបានជ័យលាភីលេខ៣ ក្នុងការផ្ដល់សេវាសាធារណៈគំរូ

ព្រះវិហារ៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ការទទួល បានជ័យលាភីលេខ៣ របស់អង្គភាពសេវាសំណុំសកម្មភាពបង្គ្រប់កំរិត៣ របស់មន្ទីរពេទ្យ បង្អែកខេត្ត ១៦មករា ក្នុងការប្រឡងប្រជែងអង្គភាព ផ្ដល់សេវាសាធារណៈ គំរូដោយមានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ជាច្រើនរូប។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានលើកឡើងថា ក្រោមការដឹកនាំ របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានខិតខំធ្វើកំណែទម្រង់ លើគ្រប់វិស័យ ក្នុងនោះ វិស័យសុខាភិបាល ជាវិស័យដ៏មានសារៈសំខាន់ ព្រោះថាវាជាប្រតិបត្តិករ ផ្ទាល់ជាមួយប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ សុខុមាលភាពសង្គម ដូច្នេះហើយក្នុងនាមជាប្រតិបត្តិករផ្ទាល់ត្រូវធ្វើយ៉ាងណា ឲ្យការផ្ដល់សេវា បានកាន់តែប្រសើរ និងទទួលបានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ ។
លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត មាន ប្រសាសន៍កោតសសើរ និងអបអរសាទរចំពោះលទ្ធផលចំណាត់ថ្នាក់លេខ ៣នៃការវាយតម្លៃរបស់មន្ទីរពេទ្យ១៦មករា ខេត្តព្រះវិហារហើយលោកអភិបាលខេត្តបានផ្តល់នូវការណែនាំដល់មន្រ្តីសុខាភិបាលដែលរួមមាន៖
– បន្តខិតខំប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួនក្នុងការពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានឥរិយាបថល្អ ទំនាក់ទំនង់ល្អ ជាមួយអ្នកជំងឺធ្វើយ៉ាងណាឲ្យសេវាសាធារណៈមួយនេះទទួលប្រសិទ្ធភាពបន្ថែមទៀតជាពិសេសការទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។
– នាពេលខាងមុខនេះខេត្តនឹងមានហានិភ័យទឹកជំនន់ទឹកភ្លៀងស្នើសុំឲ្យមន្ទីរសុខាភិបាលត្រៀមលក្ខណៈសម្ភារៈបរិក្ខារពេទ្យផ្សេងៗក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាការបង្កើនយកចិត្តទុកដាក់ចំពោះបញ្ហាគ្រុនឈាមជំងឺគ្រុនចាញ់និងបញ្ហាផ្សេងៗជាច្រើនទៀតដែលកើតឡើងដោយគ្រោះធម្មជាតិ។
ជាចុងក្រោយ លោកអភិបាលខេត្ត បាននាំនូវថវិកាចំនួន ៣លានរៀល ផ្ដល់ជូនដល់អ្នកជំងឺដៃសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ១៦មករា ចំនួន ១៥០ក្នុងម្នាក់ម្នាក់ ២ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភដល់មន្ទីរពេទ្យចំនួន ២លានរៀល ជាការលើកទឹកចិត្តដែលខិតខំបំពេញការងាររហូតទទួលបានចំណាត់ថ្នាក់លេខ ៣ទូទាំងប្រទេសនេះ៕




ក្រសួងសាធារណការ និងដឹកជញ្ជួនចេញសេចក្តីជូនដំណឹងស្តីពីការលក់លេខចុះបញ្ជីពិសេស

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រសួងសាធារណការ និងដឹកជញ្ជួន បានឱ្យដឹងថា យោងអនុក្រឹត្យលេខ៧៣ អនក្រ.បក ចុះថ្ងៃទៅ៣ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់សម្គាល់យានជំនិះ រាជរដ្ឋាលកម្ពុជា បានអនុញ្ញាតមានការចុះបញ្ជីពិសេសផ្ទាល់ខ្លួន ដែលមានលេខ ឫ/និងអក្សឡាតាំងមិនលើសពី៨(ប្រាំបី)ខ្ទង់ ដើម្បីបំពេញតម្រូវការរបស់ម្ចាស់យានជំនិះឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
សូមអានសេចក្តីជូនដំណឹងស្តីពីការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនរបស់ ក្រសួងសាធារណការ និងដឹកជញ្ជួន នៅខាងក្រោមនេះ៖

លិខិតមិត្តអ្នកអាន៖ "លោក កឹម សុខា ព្រមាន សម រង្ស៊ី ឲ្យឈប់ធ្វើឬកជាចៅហ្វាយ និងឈប់យកពលរដ្ឋធ្វើជាឈ្នាន់!"

នៅថ្ងៃទី ២កញ្ញានេះ លោក កឹម សុខា បានបង្ហោះសារមួយតាមហ្វេសប៊ុកដែលគេអាចយល់បានថា ជាសារព្រមានចំៗទះកំភ្លៀងលោក សម រង្ស៊ី ដែលជាដៃគូក្លែងក្លាយរបស់ខ្លួន។
ជាដំបូងលោក កឹម សុខា បានសរសេរវាយបកទៅ សម រង្ស៊ី ថា ការដែលខ្លួនគាត់ហ៊ានជាប់គុកមិនរត់ចោលស្រុកគឺមិនមែនជាការឆោតល្ងង់ដូច សម រង្ស៊ី ថា នោះឡើយ។ លោក កឹម សុខា អះអាងថា «តួនាទីជាអ្នកដឹកនាំ គឺខុសពីចៅហ្វាយ ឬថៅកែ» ពីព្រោះចៅហ្វាយ ឬថៅកែ គឺជាអ្នកចាំទទួលផលពីការងាររបស់យើង (ដែលចង់សំដៅលើបុគ្គិលិក កម្មករ)។ ប៉ុន្តែ អ្នកដឹកនាំ គឺជាអ្នកដែលលះបង់មុនគេ និងច្រើនជាងគេ ដើម្បីជាគំរូដល់អ្នកគាំទ្រ។ ត្រង់ចំណុចនេះ ខ្ញុំយល់ឃើញថា លោក កឹម សុខា ចង់ព្រមាន សម រង្ស៊ីថា កំពុងធ្វើឬកដូចចៅហ្វាយ ឬថៅកែដែលចាំតែប្រមូលផលពីអ្នកគាំទ្រ ពោលគឺទៅដល់ទីណា សម រង្ស៊ី តែងតែឃោសនា បញ្ចុះបញ្ចូលឲ្យអ្នកគាំទ្របរិច្ចាគ លុយកាក់ ដើម្បីគាំទ្រដល់សកម្មភាព នយោបាយរបស់ខ្លួន ហើយខ្លួនចាំតែទទួលផលពីអ្នកគាំទ្រទាំងនោះរហូត ជាពិសេសអ្នកគាំទ្រក្រៅស្រុកដែលម្នាក់ៗ បានបរិច្ចាគមិនដឹងអស់លុយប៉ុន្មានទៅហើយនោះទេ។ ទីបំផុតលទ្ធផលស្មើសូន្យ។
លោក កឹម សុខា បន្តទៀតថា «អ្នកដឹកនាំដែលមានគុណធម៌មិនដែលរុញច្រានឲ្យអ្នកគាំទ្រធ្វើអ្វីដែលខ្លួនមិនហ៊ានធ្វើនោះឡើយ»។ ត្រង់ចំណុចនេះ កឹម សុខា ក៏ចង់ចំអកឌឺដាក់ឲ្យ សម រង្ស៊ី ដែរថា សម រង្ស៊ី មិនសមជាអ្នកដឹកនាំអីបន្ទិចណាសោះនោះទេ ពីព្រោះខ្លួនជាមនុស្សកំសាក មិនហ៊ានលះបង់ និងក៏មិនបានធ្វើជាគំរូដល់អ្នកគាំទ្រទាល់តែសោះ។ ផ្ទុយទៅវិញ សម រង្ស៊ី បែរជាជំរុញច្រានឲ្យអ្នកគាំទ្រចេញមុខប្រឈមគ្រោះថ្នាក់ ដោយការប្រព្រឹត្តិអំពើខុសច្បាប់នានាតាមការស្រែកអំពាវនាវរបស់ខ្លួន តែសម រង្ស៊ី ខ្លួនឯងវិញមិនហ៊ានធ្វើដូចពាក្យសម្តីរបស់ខ្លួនឡើយ ពោលគឺ សម រង្ស៊ី ចេះតែម៉្យាងគត់នោះគឺការជំរុញអ្នកគាំទ្រឲ្យរងរបួស រឺស្លាប់ជំនួសខ្លួន ហើយចំណែកឯខ្លួនគាត់វិញក៏អាង និងចេះតែម៉្យាងគត់វិញដែរ នោះគឺ បើមានការអីមិនស្រួល អញ់រត់ចោលស្រុកភ្លាម ទៅសម្ងំសុខនៅស្រុកបារាំងធ្វើព្រងើយ។
កឹម សុខា ក៏បានសរសេរទៀតថា គាត់តែងតែណែនាំឲ្យកូនចៅតស៊ូដោយអហិង្សា ហើយក្នុងនាមថ្នាក់ដឹកនាំ គាត់សុខចិត្តទទួលរងគ្រោះខ្លួនឯងដោយមិនឲ្យអ្នកគាំទ្រយកខ្លួនពាំងជំនួសតែរហូតនោះឡើយ។ ត្រង់ចំណុចនេះ ខ្ញុំអាចយល់បានថា កឹម សុខា ក៏ចង់និយាយឌៀមដាមត្រង់ៗសំដៅទៅ សម រង្ស៊ី ដែរ ពីព្រោះកន្លងទៅរហូតមកដល់ពេលនេះ សម រង្ស៊ី តែងតែយកអ្នកគាំទ្រមកពាំងជំនួសខ្លួនតែរហូតហ្នឹង។ លើការជាក់ស្តែង មានសកម្មជនអ្នកគាំទ្រ សម រង្ស៊ី ច្រើននាក់មកហើយដែលត្រូវបាន សម រង្ស៊ី ញុះញង់ បញ្ឆេះកំហឹងឲ្យប្រព្រឹត្តអំពើខុសច្បាប់ និងអំពើហិង្សានានារហូតដល់ក្លាយជាជនល្មើសជាប់ទោសជំនួស សម រង្ស៊ី។
ហើយនៅចុងបញ្ចប់ កឹម សុខា ក៏បានអំពាវនាវឲ្យបញ្ឈប់នូវនយោបាយយកឈ្នះយកចាញ់ដោយយកពលរដ្ឋ និងជោគវាសនាប្រទេសជាតិធ្វើជាឈ្នាន់ ឬជារបាំងតទៅទៀត។ ត្រង់ចំណុចនេះ ពិតជា កឹម សុខា ចង់ប្រាប់ទៅ សម រង្ស៊ី ផងដែរថា សុំឈប់ធ្វើនយោបាយដោយយកប្រជាពលរដ្ឋជាឈ្នាន់ ឬជារបាំងការពារខ្លួនតទៅទៀតទៅ។
ខ្ញុំយល់ស្របព្រោះនរណាក៏ដឹងដែរថា សម រង្ស៊ី គឺជា
អ្នកនយោបាយតែម្នាក់គត់ក្នុងសតវត្សរ៍ចុងក្រោយនេះដែលធ្វើនយោបាយដោយយកប្រជាពលរដ្ឋជាឈ្នាន់ និងយកជោគវាសនាប្រទេសជាតិទាំងមូលមកធ្វើជាចំណាប់ខ្មាំងដើម្បីបំពេញនូវមហិច្ឆតាសងសឹកអោយឪពុកគាត់។ ហើយបើមើលលើការជាក់ស្តែងនៅក្នុងរយះពេលចុងក្រោយនេះក៏ឃើញកាន់តែច្បាស់មិនអាចប្រកែកបានឡើយថា សម រង្ស៊ី ពេលនេះកំពុងបន្តញុះញង់ ដុតកំហឹងនិងពង្វក់ឲ្យអ្នកគាំទ្រខ្លួនបង្កភាពចលាចលវឹកវរក្នុងប្រទេសតាមរយៈការភូតកុហកបោកប្រាស់ថា ខ្លួននឹងវិលចូលស្រុកវិញនៅថ្ងៃទី៩វិច្ឆិកា។
ប៉ុន្តែ គ្រប់គ្នាសុទ្ធតែដឹងច្បាស់ថា សម រង្ស៊ី ដែលជាមនុស្សមហាកំសាកមិនហ៊ានវិលចូលស្រុកដូចពាក្យគាត់បាននិយាយនោះឡើយ។ ផ្ទុយទៅវិញ សម រង្ស៊ី គ្រាន់តែចង់យកពលរដ្ឋអ្នកគាំទ្រធ្វើជាឈ្នាន់ឲ្យចេញមុខធ្វើអំពើខុសច្បាប់ជំនួសខ្លួនតែប៉ុណ្ណោះ។ សម រង្ស៊ី ក៏កំពុងយកវាសនាប្រទេសជាតិដែលកំពុងមានសុខសន្តិភាព និងភាពស្ងប់ស្ងាត់ មកលេងសើចដោយចង់ប្រែក្លាយប្រទេសឲ្យទៅជាវឹកវរ ចលាចល និងឈានដល់សង្គ្រាមបង្ហូរឈាមជាថ្មី។ ទោះជាយ៉ាងណា ខ្ញុំនៅតែយល់ច្បាស់ និងជឿជាក់ថា រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជានឹងមិននៅស្ងៀមអោបដៃមើលហើយ
អនុញ្ញាតិអោយអ្នកនយោបាយទុច្ចរិតដូចលោក សម រង្ស៊ីនិងបក្សពួកគាត់មួយក្តាប់តូចនេះមកធ្វើព្យុះភ្លៀងបានតាមអំពើចិត្ត ជាពិសេសមកបំផ្លាញនូវសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជន នោះបានឡើយ។
ជារួម ខ្ញុំយល់ថា សាររបស់ កឹម សុខា ដែលបង្ហោះនៅថ្ងៃនេះ គឺជាការព្រមានចំៗទះកំភ្លៀង សម រង្ស៊ី ហើយក៏អាចនឹងធ្វើឲ្យ សម រង្ស៊ី ល្មមបានភ្លឺភ្នែក ដឹងខ្លួន ហើយឈប់ប្រើនយោបាយចាំទទួលផលដោយយកប្រជាពលរដ្ឋ និងជោគវាសនាប្រទេសជាតិមកធ្វើឈ្នាន់ ឬរបាំងការពារខ្លួនតទៅទៀត។ ការព្រមានចំៗរបស់ កឹម សុខា ទៅលើ សម រង្ស៊ី នេះក៏ត្រូវបានគេមើលឃើញថា ទំនងជា កឹម សុខា អស់ក្តីអត់ធ្មត់ចំពោះទង្វើញុះញង់បំបែកបំបាក់ខ្មែរ និងការបន្តបោកប្រាស់អ្នកគាំទ្ររបស់សម រង្ស៊ី តទៅទៀតហើយ។ នេះក៏អាចជាសារចុងក្រោយមួយដែលបញ្ជាក់ថា "សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយ" ដូច សម រង្ស៊ី ដើរឃោសនាប្រមូលលុយនោះឡើយ៕
ដោយ : អ្នកតាមដាននយោបាយតុកាហ្វេ


កម្ពុជាសូមស្វាគមន៍ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធា មហាម៉ាត់ Mahathir Mohamad


នៅម៉ោង ៩:៤០នាទីព្រឹកថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៩ នេះ លោកបណ្ឌិត មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការចាប់ ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
នៅក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mohamad នឹងអញ្ជើញជួបសំដែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយ លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ហេង សំរិន ប្រធានរដ្ឋសភា ។
លោកបណ្ឌិត មហាធា មហាម៉ាត់ នឹងអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនឹងពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ីក៏នឹងពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួមផងដែរ។ បន្ទាប់មកនាយករដ្ឋមន្រ្តីទាំងពីរនឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងធ្វើការប្រកាសព័ត៌មានរួមគ្នា។
ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកបណ្ឌិត មហាធា មហាម៉ាត់ នៅកម្ពុជា នឹងរួមចំណែកកាន់តែប្រសើរក្នុ ងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដ៏ល្អរវាងកម្ពុជានិងម៉ាឡេស៊ីទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី ក្នុងកម្រិតតំបន់ និងអន្តរជាតិ ៕













ព្រឹកនេះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយះពេល ៣ថ្ងៃ

លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩។

ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ នៅលើពិភពលោករូបនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

តាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងកំលុងទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីម៉ាឡាស៊ី នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះ លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា និងលោក ហេង សំរិន ប្រធានរដ្ឋសភា។

លោក មហាធា មហាម៉ាត់ នឹងជួបប្រជុំទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដោយគ្រោងពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកនាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួមផងដែរ។ បន្ទាប់មក នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងធ្វើការប្រកាសព័ត៌មានរួមគ្នា។

ក្នុងកំលុងពេលស្នាក់នៅរាជធានីភ្នំពេញ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃកម្ពុជា។

ក្រសួងការបរទេសបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់បណ្ឌិតមហាធា មហាម៉ាត់ នៅកម្ពុជានឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដ៏ល្អរវាងកម្ពុជានិងម៉ាឡេស៊ី ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។ បន្ទាប់ពីមកដល់ប្រទេសកម្ពុជានៅរសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ លោក មហាធា មហាម៉ាត់ នឹងអញ្ជើញធ្វើបឋកថា ស្តីអំពី «ការរក្សាតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចក្នុងបរិបទអាស៊ាន» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។

លោក មហាធា ម៉ូហាម៉ាដ (Mahathir Mohamad) ជានាយករដ្ឋមន្ត្រីទី៧ របស់ម៉ាឡេស៊ី បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងព្រឹត្តិការណ៍បោះឆ្នោត កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ ដោយបានផ្តួលគណបក្សរបស់អតីតនាយករដ្ឋមន្ត្រីលោក ណាជីប រ៉ាហ្សាក់។

លោក មហាធា ជាមេដឹកនាំប្រទេសជាមិត្តទី៦ហើយ ដែលបានបានមកបំពេញទស្សនកិច្ច នៅកម្ពុជាក្នុងឆ្នាំ២០១៩នេះ។ មេដឹកនាំប្រទេសជាមិត្តដែលបានបំពេញទស្សនកិច្ចនៅកម្ពុជាឆ្នាំនេះរួមមាន៖ ប្រធានាធិបតីវៀតណាម លោក ង្វៀង ហ៊្វូជុង (Nguyen Phu Trong) បំពេញទស្សនកិច្ច រយៈពេល២ថ្ងៃពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន និងភរិយា បំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា, លោកស្រី អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បំពេញទស្សនកិច្ចចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា និង លោក KP Sharma Oli នាយករដ្ឋមន្រ្តីនេប៉ាល់ បំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា និងលោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា ប្រធានាធិបតីស្រីលង្កាទស្សនកិច្ចថ្ងៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ៕