Saturday, August 02, 2014
ពិធីបើកសន្និសីទអន្តរជាតិលើកទី៥ស្តីពី «ភាពជាអ្នកដឹកនាំ នៃបញ្ញវន្តឆ្នើមឆ្នាំ២០១៤» ក្រោមប្រធានបទ «រៀនគិត រៀបផែនការ អនុវត្ត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
Photo: Mr. Sim Leap |
Photo: Mr. Sim Leap |
Photo: Mr. Sim Leap |
Photo: Mr. Sim Leap |
Photo: Mr. Sim Leap |
Photo: Mr. Sim Leap |
Photo: Mr. Sim Leap |
Photo: Mr. Sim Leap |
Photo: Mr. Sim Leap |
Photo: Mr. Sim Leap |
Photo: Mr. Sim Leap |
Photo: Mr. Sim Leap |
Photo: Mr. Sim Leap |
Photo: Mr. Sim Leap |
Photo: Mr. Sim Leap |
Photo: Mr. Sim Leap |
Photo: Mr. Sim Leap |
សុន្ទរកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ថ្លែងក្នុងឱកាសពិធីបើកសន្និសីទអន្តរជាតិលើកទី៥ស្តីពី «ភាពជាអ្នកដឹកនាំ នៃបញ្ញវន្តឆ្នើមឆ្នាំ២០១៤» ក្រោមប្រធានបទ «រៀនគិត រៀបផែនការ អនុវត្ត»
ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៤ នៅសណ្ឋាគារ Sofitel
-ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍
-ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
-ឯកឧត្តមហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា
- ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
- លោកស្រី Janice Leong នាយកប្រចាំតំបន់អាស៊ីតំណាងអង្គការHumanitarian Affairs UK
‑ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
‑ អង្គសន្និសីទទាំងមូលជាទីមេត្រី!
ជាបឋម ខ្ញុំសូមសម្ដែងនូវគារវកិច្ចយ៉ាងកក់ក្ដៅបំផុតចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងក្មួយៗយុវជនទាំងអស់។ ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយក្រៃលែងដោយបានចូលរួមជាមួយអ្នកទាំងអស់គ្នាក្នុងពិធីបើកសន្និសីទអន្តរជាតិលើកទី៥ស្តីពី«ភាពអ្នកដឹកនាំនៃបញ្ញវន្តឆ្នើមឆ្នាំ២០១៤»ក្រោមប្រធានបទ«រៀនគិត រៀបផែនការ អនុវត្ត» (Dream It. Plan It. Do It.) ដ៏មានសារៈសំខាន់នាពេលនេះ។
ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះអ្នកចូលរួមមកពីទូទាំងពិភពលោកទាំងអស់មកកាន់ព្រះរាជាណាចក្រកម្ពុជា!
ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណចំពោះអង្គការ HumanitarianAffairs UKដែលបានសម្រេចរៀបចំសន្និសីទអន្តរជាតិលើកទី៥ ស្តីពី «ភាពជាអ្នកដឹកនាំនៃបញ្ញវន្តឆ្នើម ឆ្នាំ២០១៤»ពីថ្ងៃទី០១-០៧ ខែសីហា ឆ្នាំ២០១៤ នៅរាជធានីភ្នំពេញ។ ខ្ញុំមានក្ដីសោមនស្សរីករាយឥតឧបមា នៅពេលដែលប្រទេសកម្ពុជាកំពុងពង្រឹងទំនាក់ទំនងរបស់ខ្លួនបន្ថែមទៀតជាមួយនឹងថ្នាក់ដឹកនាំយុវជនមកពីទូទាំងពិភពលោកតាមរយៈសន្និសីទអន្តរជាតិនេះ។
អ្នកពាក់ព័ន្ធជាច្រើន បានចូលរួមក្នុងការពិភាក្សា និងពិគ្រោះយោបល់អស់រយៈពេលដ៏យូរ ដើម្បីរៀបចំសន្និសីទនេះឡើង។ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជានិងស្ថាប័ន-ពាក់ព័ន្ធ សម្រាប់កិច្ចខំប្រឹងប្រែងសហការដ៏ល្អ ក្នុងការរៀបចំព្រឹត្តិការណ៍សន្និសីទអន្តរជាតិនេះ។
សន្និសីទអន្តរជាតិលើកទី៥នេះ គឺជាវេទិកាមួយសម្រាប់យុវជនឆ្នើមដែលមកពីប្រទេសនានាជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ ដើម្បីពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និងទទួលយកនូវចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗជាមួយវាគ្មិនដែលសុទ្ធសឹងតែជាបុគ្គលឆ្នើម និងពោរពេញទៅដោយបទពិសោធន៍ទាក់ទងនឹងការងារសង្គម បរិស្ថាន និងការអភិវឌ្ឍសហគមន៍។
សន្និសីទនេះគឺជាឱកាសដ៏មានអត្ថប្រយោជន៍មួយ សម្រាប់ការអភិវឌ្ឍខ្លួនឯងការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ ព្រមទាំងជំរុញឲ្យយុវជនចេះរៀបចំផែនការច្បាស់លាស់ ឈានទៅអនុវត្តជាសកម្មភាពជាក់ស្តែងប្រកបដោយប្រសិទ្ធភាពដែលនេះគឺជាកត្តាកំណត់ដើម្បីទទួលបានជោគជ័យក្នុងជីវិតនាពេលអនាគតស្របតាមទស្សនទាន “យុវជនជាសសរទ្រូងនៃការអភិវឌ្ឍ” និង “យុវជនជាទំពាំងស្នងឬស្សី”។
ចាប់តាំងពីការបង្កើតរហូតដល់បច្ចុប្បន្នសហភាពសហព័ន្ធយុវជនកម្ពុជា បាននិងកំពុងអនុវត្តការងារគួរឱ្យកត់សម្គាល់ និងបង្កើតនូវទំនាក់ទំនងសំខាន់ៗប្រកបដោយចីរភាពជាមួយនឹងបណ្ដាសហគមន៍នានាជាច្រើន។ សន្និសីទនេះគឺជាសក្ខីភាពតំណាងឱ្យយុទ្ធនាការ និងសកម្មភាពថ្មីៗរបស់សហភាព ដែលខ្ញុំតែងតែរីករាយនឹងចូលរួម។
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គណៈប្រតិភូ ភ្ញៀវជាតិ និងអន្តរជាតិជាទីមេត្រី!
អង្គសន្និសីទទាំងមូលនឹងមើលឃើញថា ប្រទេសកម្ពុជាគឺជាប្រទេសអច្ឆិរយៈមួយនៅអំឡុងពេលស្នាក់នៅទីនេះ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គណៈប្រតិភូទាំងអស់ ប្រាកដជានឹងឆ្លៀតឱកាសនេះ ដើម្បីធ្វើដំណើរទស្សនកិច្ចទៅកាន់រមណីយដ្ឋានអង្គរជាបេតិកភណ្ឌពិភពលោក ដែលជាសាក្ខីភាពដ៏អស្ចារ្យមួយនៃនវានុវត្ត និងការច្នៃប្រឌិតរបស់មនុស្សជាតិ បន្សល់ទុកដោយបុព្វបុរសខ្មែរយើង។ ទើបតែម្សិលមិញនេះ យើងបានឮអំពីលទ្ធផលនៃការស្ទង់មតិមួយស្ដីពីទីក្រុងល្អបំផុតរបស់ពិភពលោក ធ្វើឡើងដោយគេហទំព័រដ៏ល្បីមួយគឺ Travel + Leisure ដែលនៅក្នុងនោះ ជាលើកទីមួយហើយដែលទីក្រុងសៀមរាបស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមទីក្រុងល្អបំផុតទាំង១០ របស់ពិភពលោក (ដោយឈរពីក្រោយទីក្រុង Kyoto, Charleston និង Florence)។
ជាក់ស្ដែង កាលពីឆ្នាំ២០១៣ កន្លងទៅនេះ យើងបានទទួលភ្ញៀវទេសចរពីទូទាំងពិភពលោកចំនួន ៤,២លាននាក់ ដែលបានបង្កើតជាប្រាក់ចំណូលបាន ២,៥ពាន់លានដុល្លារ ស្នើនឹង ១៦% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ហើយយើងសង្ឃឹមថា ចំនួនភ្ញៀវទេសចរនេះនឹងកើនឡើងដល់ ៥លាននាក់ នៅឆ្នាំ២០១៤។ឆ្នាំនេះគឺជាឆ្នាំ ដែលកម្ពុជាសម្រេចបាននូវសមិទ្ធផលមួយដ៏ធំធេង នោះគឺការបញ្ជូនត្រឡប់មកវិញនូវបដិមានាសតវត្សទី១០ ចំនួន ៥ ដែលត្រូវបានគេលួចប្លន់នៅអំឡុងទសវត្សទី៧០ នៅអំឡុងពេលមានសង្គ្រាមក្នុងប្រទេស។ បន្ទាប់ពីរយៈពេល ៤០ឆ្នាំមក បដិមាទាំង ៥ បានវិលត្រឡប់មកកាន់ទីឋានកំណើតរបស់ខ្លួនវិញ បន្ទាប់កិច្ចខិតខំរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយនឹងរដ្ឋាភិបាលនិងរដ្ឋអាជ្ញាអាមេរិក។ កានពីខែមុន អគ្គនាយកអង្គការយូណេស្កូ លោកស្រី Irina Bokova បានមានប្រសាសន៍អំពី «ជោគជ័យដ៏មហស្ចារ្យ» នេះ នៅអំឡុងពេលថ្លែងសុន្ទរកថារបស់លោកស្រី នៅឯពិធីបើកកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាឆ្នាំ១៩៧០ ស្ដីពីការហាមប្រាម និងការទប់ស្កាត់ការនាំចូល ការនាំចេញ និងការបញ្ជូនដោយខុសច្បាប់នូវសម្បត្តិវប្បធម៌។
ចំពោះបេតិកភណ្ឌវប្បធម៌ ប្រទេសកម្ពុជាមានស្នាដៃជាច្រើនសម្រាប់ការទស្សនា ដូចជា ការសម្ដែងសិល្បៈ សូត្រប្រណីត ចម្លាក់ប្រាក់ និងសិប្បកម្មប្រពៃណីផ្សេងៗទៀតជាច្រើន ដែលទាំងអស់នេះគឺជាផ្នែកនៃបេតិកភណ្ឌអរូបីដ៏រស់រវើករបស់កម្ពុជា។ របាំព្រះរាជទ្រព្យ និងល្ខោនស្បែកធំត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌអរូបីពិភពលោករបស់អង្គការយូណេស្កូ។ ប្រជាជនកម្ពុជាយើងជឿជាក់ថា បេតិកភណ្ឌរបស់យើង តំណាងឱ្យដួងព្រលឹង និងវប្បធម៌នៃមនុស្សខ្មែរសម័យបុរាណ ហើយមានបង្កប់នូវរឿងព្រេងពាក់ព័ន្ធនឹងដើមកំណើតប្រទេសកម្ពុជាផងដែរ។ យើងទាំងអស់គ្នាដឹងហើយថា ភាពសម្បូរបែបនៃវប្បធម៌នេះហើយគឺជាអ្វីដែលធ្វើឱ្យប្រទេសកម្ពុជាមានភាពរុងរឿង។ បេតិកភណ្ឌ មិនថារូបី អរូបី ឬឯកសារ ត្រូវតែទទួលបាននូវការថែរក្សា និងអភិរក្ស ពីព្រោះថា បេតិកភណ្ឌគឺជាអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលរបស់យើងទាំងអស់គ្នា។
យុវជន ដែលដឹកនាំដោយសហភាពសហព័ន្ធយុវជនកម្ពុជាបានចូលរួមយ៉ាងសកម្ម និងមុះមុតនៅក្នុងការគ្រប់គ្រងបេតិកភណ្ឌ ទេសចរណ៍ប្រកបដោយចីរភាព និងការអភិវឌ្ឍសហគមន៍ ដោយបង្កើតនូវទំនាក់ទំនងថ្មីៗរវាងសង្គមនិងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដែលក្នុងនោះយុវជនដើរតួនាទីយ៉ាងសំខាន់បំផុតនៅក្នុងសហគមន៍ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ និងភាពរុងរឿងនៃសេដ្ឋកិច្ចសង្គម។ ជាមួយនឹងគោលដៅរបស់ពួកគេ យុវជនបានគិតគូរអំពីគោលដៅ បានរៀបចំផែនការសម្រាប់គោលដៅ ហើយឥឡូវនេះ យុវជនបាននិងកំពុងអនុវត្តគោលដៅនោះ។ ខ្ញុំសូមបន្ថែមនូវឃ្លាមួយទៀតគឺ យុវជនកំពុងធ្វើឱ្យគោលដៅនោះស្ថិតស្ថេរគង់វង្សយូរអង្វែង។
ពិតណាស់ថា ការជួបជុំគ្នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅ ឆ្លុះបញ្ចាំងឲ្យឃើញនូវការបន្តយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍយុវជន និងការលើកកំពស់តួនាទីយុវជនក្នុងការងារអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ។ ព្រឹត្តិការណ៍នេះក៏ជាឱកាសមួយបង្ហាញពិភពលោកឲ្យឃើញថាកម្ពុជាកំពុងស្ថិតនៅលើវិធីដ៏ត្រឹមត្រូវឆ្ពោះទៅកាន់សុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍតាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានធ្វើការផ្សះផ្សារ បង្រួបបង្រួម និងឯកភាពជាតិ ដោយពុំមានការបង្ហូរឈាម ដែលបានធ្វើឲ្យកម្ពុជាទទួលបានសន្តិភាពពេញលេញដែលពុំធ្លាប់មានក្នុងរយៈកាលប្រមាណ ៥០០ ឆ្នាំចុងក្រោយនេះ។
ក្នុងរយៈពេលជាងមួយទសវត្សចុងក្រោយនេះកម្ពុជាបានឆ្លងកាត់នូវការវិវត្តន៍យ៉ាងច្រើនមិនត្រឹមតែក្នុងទិដ្ឋភាពនយោបាយនិងសន្តិសុខប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានការប្រែប្រួលរីកចំរើនក្នុងទិដ្ឋភាពសេដ្ឋកិច្ច និងសង្គមផងដែរ។ កម្ពុជាមានការផ្លាស់ប្តូររូបភាពយ៉ាងឆាប់រហ័សពីអ្វីដែលធ្លាប់ស្គាល់ថាជាទឹកដីនៃវាលពិឃាតប្រល័យពូជសាសន៍ប៉ុលពត ដែលការអភិវឌ្ឍធ្លាក់ដល់កម្រិតសូន្យមកជាកម្ពុជាមួយដែលមានសុខសន្តិភាពស្ថិរភាពនយោបាយ មានសន្តិសុខសុវត្ថិភាពពេញលេញនិងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យប្រកបដោយក្តីសង្ឃឹមឆ្ពោះទៅរកអនាគតមួយដ៏រុងរឿងនិងត្រចះត្រចង់ និងបាននិងកំពុងដើរតួនាទីយ៉ាងសកម្មនៅលើឆាកអន្តរជាតិ និងតំបន់។
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គណៈប្រតិភូ ភ្ញៀវជាតិ និងអន្តរជាតិជាទីមេត្រី!
- ក្មួយៗយុវជន ជាទីស្នេហា!
សុខសន្តិភាព និងស្ថិរភាពនយោបាយគឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់ធានាបាននូវការអភិវឌ្ឍលើគ្រប់វិស័យ សំដៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ជាក់ស្តែង ក្នុងឆ្នាំ២០១៣ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៧,៦% ហើយកំណើននេះត្រូវបានប៉ាន់ស្មានថាស្ថិតក្នុងរង្វង់ពី ៧% ទៅ ៨% នៅឆ្នាំបន្ទាប់។ ផ្អែកលើកំណើនដ៏ខ្ពស់នេះ កម្ពុជាទទួលបានកំណត់ត្រាជាប់ចំណាត់ថ្នាក់ទី៥ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដែលអាចសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍។ លើសពីនេះទៀត កម្ពុជានឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ និងឈានទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ សមិទ្ធផលដ៏ថ្លៃថ្លានេះអាចសម្រេចទៅបានអាស្រ័យដោយផ្តើមចេញពីឆន្ទៈ និងសមត្ថភាពដឹកនាំរបស់រាជរដ្ឋាភិបាល និងការចូលរួមប្រកបដោយការទទួលខុសត្រូវពីផ្នែកឯកជន និងប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ តាមរយៈការយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។
យើងទាំងអស់គ្នានឹងធ្វើដំណើរដល់ឆ្នាំ២០១៥ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ដែលជាឆ្នាំកំណត់នៃការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍របស់អង្គការសហប្រជាជាតិ ដែលក្នុងនោះរួមមានគោលដៅជាអន្តរជាតិចំនួន ៨ ផ្ដោតលើការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋប្រកបដោយចីរភាព។
កម្ពុជាបានសម្រេចនូវវឌ្ឍនភាពសំខាន់ៗជាច្រើនដោយសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍នៅក្នុងវិស័យជាច្រើន រួមមានការកាត់បន្ថយអត្រានៃភាពក្រីក្រការកាត់បន្ថយអត្រាមរណភាពកុមារ និងការធ្វើឱ្យប្រសើរឡើងសុខភាពមាតា។ ដោយឡែក ចំពោះការអប់រំជាមូលដ្ឋានកម្ពុជានឹងសម្រេចបាននូវសន្ទស្សន៍សំខាន់ៗ។
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គណៈប្រតិភូ ភ្ញៀវជាតិ និងអន្តរជាតិជាទីមេត្រី!
យុវជនជាថ្នាក់ដឹកនាំដែលមកជួបជុំគ្នានៅថ្ងៃនេះ ប្រហែលជាអាចដើរតួនាទីនាំមុខយ៉ាងសំខាន់ក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវដឌ្ឍន៍សហសវត្សរ៍ទាំងនេះ។ ខ្ញុំសូមស្នើឱ្យយុវជនគ្រប់រូបយកអ្វីដែលខ្លួនបានរៀនពីសន្និសីទនៅថ្ងៃនេះ ទៅអនុវត្តឱ្យបានល្អបំផុត សម្រាប់ខ្លួនឯង និងបុព្វហេតុរួមនៃប្រជាពលរដ្ឋទូទៅ និងសហគមន៍ទាំងមូល។
នៅពេលដែលខ្ញុំបានឃើញក្មួយៗយុវជនទាំងអស់ ដែលមកចូលរួមក្នុងសន្និសីទនៅថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សជាខ្លាំង ដោយបានឃើញចរិតលក្ខណៈយុវជនរបស់ក្មួយៗគឺ ពោរពេញដោយថាមពល សុខភាពបរិបូរណ៍ ក្ដីរំភើបរីករាយ ភាពក្លៀវក្លា និងគំនិតច្នៃប្រឌិត។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្មួយៗយុវជនទាំងអស់នឹងអាចសម្រេចបាននូវសមិទ្ធផលជាច្រើន តាមរយៈការកសាងភាពជាអ្នកដឹកនាំយុវជនរួមគ្នា និងក្នុងភាពជាដៃគូជាមួយអង្គការយុវជន មនុស្សពេញវ័យ និងសហគមន៍ដទៃទៀត។
ប្រធានបទ ដែលយកមកពិភាក្សានៅថ្ងៃនេះ សុទ្ធសឹងជាប្រធានបទសំខាន់ និងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមជ្ឍដ្ឋាននានានៅជុំវិញពិភពលោកហើយខ្ញុំសង្ឃឹមជឿជាក់ថា ផ្លែផ្កានៃកិច្ចពិភាក្សានេះនឹងអាចជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាពមានលក្ខណៈស៊ីជម្រៅ រួមចំណែកដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាពយុវជន និងការពង្រឹងតួនាទីយុវជនក្នុងការងារសង្គម និងបរិស្ថាន។
-ក្មួយៗយុវជនជាទីស្រឡាញ់!
ដើម្បីរួមចំណែកដល់ការដោះស្រាយបញ្ហាប្រឈមទាំងនេះ ខ្ញុំសូមផ្តល់ជាគំនិតខ្លះដែលជាធាតុចូលសម្រាប់ការពិភាក្សាក្នុងអង្គសន្និសីទទាំងមូល ដូចខាងក្រោម៖
ទី១៖ យើងគួរតែធ្វើការរួមគ្នាដោយភាពសុខដុម។ យើងទាំងអស់គ្នា ដែលជាមេដឹកនាំបច្ចុប្បន្ន បានកសាងសង្គមជាតិពីបាតដៃទទេ ដើម្បីព្យាយាមសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ បន្ទាប់ពីឆ្លងកាត់ជម្លោះ សង្គ្រាមស៊ីវីល អំពើហិង្សា និងរបបប្រល័យពូជសាសន៍ ជាច្រើនទសវត្ស។ មេដឹកនាំបច្ចុប្បន្នបានកសាងសន្តិភាព សន្តិសុខ និងស្ថិរភាព ប្រកបដោយជោគជ័យ។ យើងបានសម្រេចនូវវឌ្ឍនភាពជាច្រើន ដើម្បីអភិវឌ្ឍសង្គមរបស់យើង និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ហើយយើងគួរតែបន្តធ្វើបែបនេះឱ្យកាន់តែសកម្មថែមទៀត ដើម្បីធ្វើការផ្លាស់ប្ដូរឱ្យកាន់តែប្រសើរថែមទៀត តាមរយៈកំណែទម្រង់ស៊ីជម្រៅ។ ដោយឈរលើមូលដ្ឋាននៃបទពិសោធន៍នេះ ខ្ញុំសូមជំរុញឱ្យក្មួយៗយុវជនជំនាន់ក្រោយ ធ្វើការរួមគ្នាដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ដើម្បីរក្សាឱ្យបាននូវសមិទ្ធផលសន្តិភាព និងស្ថិរភាពដ៏ត្រចះត្រចង់ទាំងអស់នេះ។
ទី២៖ នៅពេលដែលយើងគិតអំពីបញ្ញវន្តឆ្នើម និងភាពជាអ្នកដឹកនាំ យើងនឹងគិតដល់តួនាទីនៅក្នុងសង្គម ដែលអាចបង្ហាញតាមរយៈ ភាពចាស់ទុំ គតិបណ្ឌិត និងការឆ្លុះបញ្ចាំង។ នៅក្នុងសង្គមកម្ពុជា ក៏ដូចជានៅក្នុងសង្គមអាស៊ីដទៃទៀត បញ្ញវន្តតែងតែទទួលបាននូវការគោរពជាខ្លាំង ដោយហេតុនេះពួកគេមានការទទួលខុសត្រូវខ្ពស់ ក្នុងការចែករំលែកបទពិសោធន៍ ដើម្បីជួយដោះស្រាយបញ្ហាសង្គម និងដើរតួនាទីគំរូភាពជាអ្នកដឹកនាំ។
ទី៣៖ ជាទីបញ្ចប់ ខ្ញុំសូមធ្វើការពង្រីកបន្ថែមបន្តិចលើប្រធានបទនៃសន្និសីទ «រៀនគិត រៀបផែនការអនុវត្ត»។ ពាក្យទាំងនេះគឺជាការជំរុញទឹកចិត្តដល់យុវជនរបស់យើង ឱ្យមានសេចក្ដីប៉ងប្រាថ្នាខ្ពស់។ ប៉ុន្តែ ការប្រែក្លាយគំនិតប៉ងប្រាថ្នាទាំងនេះឱ្យទៅជាតថភាព ទាមទារឱ្យឆ្លងកាត់នូវជំហានជាច្រើន។ បើនិយាយតាមទិដ្ឋភាពរបស់រដ្ឋាភិបាល យើងអាចមើលឃើញថា យើងត្រូវផ្លាស់ប្ដូរពី «ការរៀនគិត (Dream It)»ឬចក្ខុវិស័យ ទៅជា «ការរៀបផែនការ (Plan It)»តាមរយៈការបង្កើតយុទ្ធសាស្ត្រ គោលនយោបាយ ផែនការមេ ផែនការសកម្មភាព និងកាលបរិច្ឆេទសកម្មភាពការងារ ហើយចុងក្រោយទៅជា «ការអនុវត្ត (Do It)»តាមរយៈច្បាប់ និងបទប្បញ្ញត្តិ។ ហើយត្រូវចងចាំថា សេចក្ដីប្រាថ្នា ដែលយើងចង់ជំរុញឱ្យមាននោះគឺជា សេចក្ដីប្រាថ្នាទាំងឡាយណា ដែលផ្ដល់ផលប្រយោជន៍ដល់ជីវិតប្រជាពលរដ្ឋ សហគមន៍ និងបរិស្ថាន - «ការភ្ជាប់ទំនាក់ទំនងប្រជាពលរដ្ឋជាមួយនឹងសហគមន៍»។
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វាគ្មិនទាំងជាតិ និងអន្តរជាតិដែលបានចូលរួមចែករំលែកចំណេះដឹង ចំណេះធ្វើ ទស្សនទានថ្មីៗ គំរូអនុវត្ត និងបទពិសោធន៍ល្អៗ និងក៏សូមកោតសរសើរចំពោះការចូលរួមយ៉ាងផុសផុលរបស់យុវជនគ្រប់រូប ក៏ដូចជាសហការី វាគ្មិនអន្តរជាតិ និងបុគ្គលិករៀបចំសន្និសីទ ដែលមានឆន្ទៈមុះមុតក្នុងការចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ ជាមួយនឹងយុវជន អង្គការយុវជននិងមនុស្សពេញវ័យ ដែលមានវត្តមាននៅអំឡុងពេលសន្និសីទរយៈពេល០៥ថ្ងៃនេះ។ ការចូលរួមដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នា នឹងជួយឱ្យសន្និសីទអន្តរជាតិនេះក្លាយជាកិច្ចពិភាក្សាបើកចំហរដ៏រស់រវើកមួយ។
ខ្ញុំសង្ឃឹមថា អង្គសន្និសីទនេះនឹងទទួលបានលទ្ធផលល្អជាផ្លែផ្កា ជាពិសេសនឹងទទួលបានអនុសាសន៍ណែនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសពិធីបិទសន្និសីទនេះ។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រីអ្នកនាងកញ្ញាប្រតិភូជាតិនិងអន្តរជាតិទាំងអស់សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលក្នុងក្រុមគ្រួសារ។
ខ្ញុំសូមប្រកាសបើកសន្និសីទអន្តរជាតិលើកទី៥ស្តីពី «ភាពជាអ្នកដឹកនាំនៃបញ្ញវន្តឆ្នើមឆ្នាំ២០១៤» ចាប់ពីពេលនេះតទៅ។
សូមអរគុណ!
Subscribe to:
Posts (Atom)