Sunday, February 18, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រីប្រចាំការ វង្សី វិស្សុត ក្នុងថ្ងៃចម្រើនជន្មាយុគ្រប់៥៩ឆ្នាំ ឈានចូល៦០ឆ្នាំ

 



(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានផ្ញើសារជូនពរ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃថ្ងៃចម្រើនជន្មាយុគម្រប់៥៩ឆ្នាំ ឈានចូល៦០ឆ្នាំ។


តាមរយៈសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត បានយ៉ាងដូច្នេះថា៖ «ឯកឧត្តម ជាទីរាប់អាន! ស្ថិតក្នុងឱកាសជ័យមង្គល នៃពិធីខួបកំណើតរបស់ ឯកឧត្តម គម្រប់ ៥៩ឆ្នាំ ឈានចូល ៦០ឆ្នាំ ខ្ញុំ និងភរិយា សូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូន ឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង និងមានអាយុយឺនយូរ។


ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ដែលជានិច្ចកាលតែងតែបានខិតខំបំពេញបេសកកម្មជាតិដ៏ថ្លៃថ្លា ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលកិច្ចការប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រី ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលលើកិច្ចការជាច្រើន ដើម្បីរួមចំណែកបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន សំដៅអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿន ក៏ដូចជាការបន្តលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។


ជាថ្មីម្ដងទៀត ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យសិរី សួស្តីជ័យមង្គលគ្រប់ប្រការដល់ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបនូវពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម ទទួលនូវការស្រឡាញ់រាប់អានពីខ្ញុំ និងភរិយា»៕


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែករំលែកចំណេះដឹង បទពិសោធជីវិត និងការងារ ក្នុងកម្មវិធី «បងស្រី និងប្អូនស្រី»



នាព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គ ស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី «បងស្រី និងប្អូនស្រី » ដោយបានចែករំលែកចំណេះដឹងបទពិសោ ធល្អៗអំពីការសិក្សាតាំងពីថ្នាក់បឋមដល់ថ្នាក់បណ្ឌិត ជូនប្អូនៗយុវតី សិស្ស-និស្សិត សមាជិក សមាជិកា និងភ្ញៀវកិត្តិយសសរុបចំនួនប្រមា ណ ៦៥០ នាក់ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។


លោកជំទាវបណ្ឌិត បានចែករំលែកចំណេះដឹង បទពិសោធជីវិត និងការ ងារ ដែលលោកជំទាវបានជួបប្រទះកន្លងមក ដើម្បីជាត្រីវិស័យចង្អុលទិសក្នុងការរៀបចំគោលដៅជីវិត ។ លើសពីនេះ បទពិសោធ និងចំណេះ ដឹងទាំងនោះ បានបង្ហាញអំពីថាម ពល និងការចាប់ផ្តើមដ៏ល្អ តាមរយៈការបណ្តុះគំនិតវិជ្ជមាន ប្រកបដោយពុទ្ធិ និងភាពម្ចាស់ការខ្លួនឯង ដើម្បីយកទៅអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ រួមទាំងការសិក្សា និងការប្រកបការងារផ្សេងៗ ។


អង្គពិធីទាំងមូលបានសម្តែងនូវក្ដីរីក រាយចំពោះឱកាសទទួលបាននូវបទពិសោធជីវិត និងការងារដ៏មានសារៈ សំខាន់របស់ លោកជំទាវបណ្ឌិត ជាទុនគន្លឹះសម្រាប់យកទៅអនុវត្តក្នុងការកសាងជីវិតឱ្យកាន់តែប្រសើរឡើ ង ។






ពិធីម្ពោធបើកការដ្ឋានផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា




នៅសល់ប៉ុន្មានម៉ោងទៀតតែប៉ុណ្ណោះ គឺនៅព្រឹកព្រលឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព  នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកការដ្ឋានជាផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា។


គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា ដែលមានតម្លៃប្រមាណ ៦០លានដុល្លារអាមេរិក ត្រូវប្រើរយៈពេលសាងសង់ ៤២ខែ ដោយប្រើឥណទានសម្បទានពីមិត្តចិន និងត្រូវស្ថាបនាមួយខ្សែ(ដូចស្ពានកោះនរា ឬស្ពានឫស្សីកែវ)ទទឹង ២៧ម៉ែត្រ, ៤គន្លងរថយន្ត ,២កន្លងម៉ូតូ និង២គន្លងថ្មើរជើង។


ស្ពានដ៏សំខាន់ដែលកើតឡើងដោយការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេធិការ បានដំណើរការការដ្ឋានមុនពិធីសម្ពោធបើកការដ្ឋានជាផ្លូវការចាប់ផ្តើម ដោយបានខួងសសរគ្រឹះជាបន្តបន្ទាប់ និងធានាសមិទ្ធផលរួចរាល់តាមការគ្រោងទុក ដែលមកដល់ពេលនេះ សម្រេចបានជាង ២ភាគរយហើយ។


ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវសាងសង់ប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ)សាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ,ទីប្រឹក្សាគម្រោង  ដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។


ពេលសាងសង់រួច ស្ពាននេះនឹងជួយ៖

-កាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។


- ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។


-កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ។


គួរបញ្ជាក់ថា នេះជាស្ពានទី៦ ក្នុងចំណោមស្ពានដែលបានសាងសង់រួច៖ ស្ពានឆ្លងកោះពេជ្រ-កោះនរា, ស្ពានព្រះមុនីវង្សទាំង២, ស្ពានព្រែកសំរោង-តាខ្មៅ ,ស្ពានកោះអន្លង់ចិន, ស្ពានកោះធំ និងស្ពានមួយទៀតកំពុងសិក្សាភ្ជាប់ផ្លូវជាតិលេខ២៣៕