Wednesday, April 24, 2019

អភិបាលរងខេត្តពោធិ៍សាត់ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់

ពោធិ៍សាត់៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ លោកខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខាកាកកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់របើកដំបូលផ្ទះ រលំផ្ទះ ចំនួន១៥គ្រួសារ និងឆេះផ្ទះមួយគ្រួសារព្រមទាំងបានយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋ ១៦គ្រួសារ នៅភូមិជង្រុក ភូមិកណ្តាល ឃុំផ្ទះរុងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់។
លោកអភិបាលរងខេត្ត ក៏បានពាំនាំនូវការសួរសុខទុក្ខរបស់លោកស្រី ប៊ុន រានីហ៊ុន សែនប្រធានកាកបាទ ក្រហមកម្ពុជានូវក្ដីកង្វល់ចំពោះប្រជាពលរដ្ឋទូទាំងប្រទេសក៏ដូចជាក្នុងខេត្តពោធិ៍សាត់ ថ្វីត្បិតតែអំណោយនេះមានចំនួនតិចតួចក្ដីក៏បងប្អូនអាចដោះស្រាយបានមួយរយៈដែរ។
ក្នុងពិធីនោះដែរ លោកអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះទាំងនោះខិតខំប្រឹងប្រែងបន្តររកសុីចិញ្ចឹមជីវិតនឹងថែរក្សាទុកដាក់របស់របរសន្សំប្រាក់កាសដើម្បីចិញ្ចឹមកូនចៅបន្តរទៀតកំអោយអស់សង្ឃឹមព្រោះយើងនៅមានជីវិតអ្វីៗក៏អាចរកបានដែរ៕



មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំប្រចាំខែ និងទិសដៅអនុវត្តបន្ត

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០១៩ ដឹកនាំកិច្ចប្រជុំដោយលោក ម៉ម ឈឿម ប្រធានមន្ទីរព័ត៌មានខេត្ត ដោយមានការចូលរួមពីអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីនៃមន្ទីរព័ត៌មានផងដែរ។
ខ្លឹមសារនៃរបៀបវារៈ ដែលត្រូវបានអង្គប្រជុំលើកឡើងមានដូចខាងក្រោម៖
១. ផ្សព្វផ្សាយស្តីពីការងារត្រៀមលក្ខណៈរៀបចំចូលរួម ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ “ខ្ញុំ ស្រឡាញ់កាកបាទក្រហកម្ពុជា”។
២. បូកសរុបការងារប្រចាំខែមេសា ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ខែឧសភា ឆ្នាំ២០១៩។
លើសពីនោះលោកក៏បានជំរុញនូវការចុះយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានអោយបានទាន់ពេលវេលា នូវគ្រប់ប្រព័ន្ធផ្សព្វផ្សាយដែលមន្ទីរមានតាមរយៈ វិទ្យុ គេហទំព័រ TVonline Page និងគណនី Facebook របស់ការិយាល័យព័ត៌មានមន្ទីរ និងក្រុង ស្រុក។
៣. ពិភាក្សាទៅលើបញ្ហាប្រឈមផ្សេងៗ ៕

អគ្គរដ្ឋទូតឡាវមានចំណាប់អារម្មណ៍ក្នុងការវិនិយោគ និងធ្វើ ពាណិជ្ជកម្មនៅខេត្តសៀមរាប

សៀមរាប៖ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នេះ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានជួបពិភាក្សាជាមួយអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយ លោក Amphay KINDAVONG អមដំណើរដោយអគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំខេត្តស្ទឹងត្រែង និង សហការី នៅសាលាខេត្តសៀមរាប។
មានប្រសាសន៍នោះដែរ លោក Amphay KINDAVONG ក៏បានបញ្ជាក់អំពីគោលបំណងរបស់ប្រតិភូមកកាន់ទឹកដីប្រវត្តិសាស្ត្រ ខេត្តសៀមរាបដើមី្បធ្វើការសិក្សាស្វែងយល់ អំពីស្ថានភាពនៃវិស័យទេស ចរណ៍របស់ខេត្តសៀមរាប។ ក្នុងនោះលោកប្រធានប្រតិភូ ក៏បានធ្វើការកោតសរសើរផងដែរពីកិច្ចអភិវឌ្ឍន៍ រីកចម្រើននៃព្រះរាជាណាចក្រកម្ពុជា សំខាន់ខេត្ត សៀមរាប ដែលជាមជ្ឈមណ្ឌលប្រមូលផ្តុំទៅដោយភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ នៅលើពិភពលោកចូលមកទស្សនាកម្សាន្ត។ ក្នុងនោះដែរលោកក៏បានលើកផងដែរ អំពីកិច្ចទំនាក់ទំនងជាប្រវត្តិសាស្ត្រ រវាងកម្ពុជា ឡាវ មានតាំងពីដូនតាដ៏យូលង់មកហើយ។ ម៉្យាងទៀតប្រទេសទាំងពីរ មានភូមិផងរបងជាមួយគ្នា និងមានវប្បធម៌ ប្រពៃណី សាសនាដូចគ្នា ដែលប្រជាជនទាំងពីរបានធ្វើការប្រតិបត្តិគ្នាទៅវិញទៅមកទៀតផង។ លោកក៏បានបញ្ជាក់ផងដែរ ពីការ ដឹកនាំរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើកិច្ចទំនាក់ទំនងគ្នាល្អ ក្នុងការដោះស្រាយរាល់វិវាទជាមួយគ្នាប្រកបដោយសន្តិវិធី ។
លោក Amphay KINDAVONG ក៏បានឲ្យដឹងផងដែរថា ដំណើរបំពេញបេសកកម្មរបស់ប្រតិភូ និងធ្វើការទំនាក់ទំនងជាមួយបណ្តាខេត្តជាប់នៅព្រំដែនឡាវ ក្នុងការធ្វើពាណិជ្ជកម្មនឹងគ្នាទៀតផង។ ម៉្យាងទៀតដោយ ខេត្តសៀមរាប ដែលមានសម្បត្តិវប្បធម៌ដ៏លី្បល្បាញ គឺប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាសក្តានុពលមួយដ៏ខ្លាំងក្លាក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ដូច្នេះហើយទឹកដីនៃខេត្តសៀមរាប ទោះបីមិនជាប់នឹងប្រទេសឡាវ ក៏វាមិននៅឆ្ងាយ ពីគ្នាផងដែរ។ លោកក៏បានគូសបញ្ជាក់ថា ក្នុងវិស័យអាកាសចរណ៍ ក៏មានក្រុមហ៊ុនអាកាសចរណ៍ឡាវ មួយបានកំពុងធ្វើអាជីវកម្ម នៅក្នុងខេត្តសៀមរាបផងដែរ។
ក្នុងកិច្ចស្វាគមន៍ចំពោះប្រតិភូ នាឱកាសនោះដែរ លោក ទៀ សីហា ក៏បានលើកឡើងអំពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា ឡាវ មានជាយូរលង់មកហើយ ព្រមទាំងបានប្រគៀកស្មាគ្នា ដើមី្បទាមទារនូវឯករាជ្យទឹកដី ពីពួកអាណានិគមនិយមបារាំងសេសទៀតផង។ ក្នុងនោះដែរលោក ក៏បានលើកពីសក្តានុពលរបស់ខេត្តសៀមរាប ដោយពឹងផ្អែកទៅលើវិស័យទេសចរណ៍ និង កសិកម្ម ព្រមទាំងបានលើកផងដែរ អំពីស្ថានភាពនៃភ្ញៀវទេសចរណ៍ ដែលបានចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ដោយខេត្តសៀមរាប សម្បូរ ទៅដោយសម្បតិ្តវប្បធម៌ដ៏សម្បូរបែប ដែលមានរមណី ដ្ឋានវប្បធម៌ និង ធម្មជាតិជាច្រើនទៀតផង។
លោកអភិបាលខេត្ត ក៏បានគូសបញ្ជាក់ថា ខេត្តសៀមរាបក៏មានទំនាក់ទំនង សហប្រតិបត្តិការជាមួយខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមរយៈខ្លឹមសារ អនុស្សរណៈ នៃការយោគយល់គ្នា រវាងខេត្តចំប៉ាសាក់ និង ខេត្តសៀមរាប នាឆ្នាំ២០១១ ដោយផ្តោតលើវិស័យ ទេសចរណ៍ វប្បធម៌ កសិកម្ម វិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និង វិស័យផ្សេងៗទៀត។ តែក្នុងរយៈពេល កន្លងមកនេះ ភាគីទាំងពីរមិនទន់បានធ្វើអ្វីមួយរួមគ្នាដើមី្បជាគុណប្រយោជន៍គ្នាទៅវិញទៅមកឡើយ គឺបានត្រឹមផ្លាស់ប្តូរនូវ ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូខេត្តទាំងពីរតែប៉ុណ្ណោះ។ ក្នុងនោះដែរឯកឧត្តមក៏បានបញ្ជាក់ជូនប្រតិភូផងដែរថា ចំពោះបងប្អូន ប្រជាជនឡាវ ដែលមកស្នាក់នៅខេត្ត សៀមរាបស្របច្បាប់ ចំនួន ៤នាក់ ព្រមទាំងមានក្រុម ហ៊ុនរបស់ជនជាតិឡាវ១ក្រុមហ៊ុន ដែលបានចុះបញ្ជីពាណិជ្ជកម្ម។
ក្នុងនោះដែរ លោកអភិបាលខេត្ត ក៏បានលើកនូវសំណូមពរមួយចំនួន ដើមី្បធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ទៅលើវិស័យកសិកម្ម និង ពាណិជ្ជកម្ម រួមទាំងវិស័យទេសចរណ៍ ដោយប្រទេសយើងទាំងពីរ មានស្ថានភាពភូមិសាស្ត្រដីដូចគ្នា ដែលមានទន្លេមេគង្គឆ្លងកាត់ដូចគ្នា ព្រមទាំងសម្បត្តិវប្បធម៌ ប្រាង្គប្រាសាទ ប្រពៃណី និង សាសនាផងដែរ៕






ព្រឹទ្ធសភា អនុម័តលើរបៀបវារៈចំនួន៣ ក្នុងសម័យប្រជុំលើកទី៣

នៅព្រឹថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ ព្រឹទ្ធសភាកម្ពុជា បានបើកសម័យប្រជុំលើកទី៣របស់ខ្លួន ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៣។ ក្រោយកិច្ចប្រជុំនេះ រដ្ឋសភាបានអនុម័តទាំងស្រុងលើរបៀបវារៈទាំង៣នេះតែម្តង។
សម័យប្រជុំរបស់ព្រឹទ្ធសភា នៅថ្ងៃនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៣រូប។
របៀបវារៈទាំង៣ ដែលត្រូវបានព្រឹទ្ធសភាអនុម័តនៅព្រឹកនេះ មានដូចជា
ទី១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤
ទី២៖ ស្តាប់របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ស្ដីពីសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យ​ ប្រជុំ​លើកទី២ និងលើកទី៣ នីតិកាលទី៤
ទី៣៖ បោះឆ្នោតជ្រើសរើសបំពេញ លោកស្រី កង សៅរ៍ធន ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថានព្រឹទ្ធសភានីតិកាលទី៤ ។
សម្រាប់សម័យប្រជុំនៅថ្ងៃនេះ គឺព្រឹទ្ធសភា បានប្រកាសទទួលស្គាល់ លោក អ៊ឹង លាងហ៊ូ ជាសមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ នៅមណ្ឌលភូមិភាគទី៧ ជំនួសលោក ជុំ វង ដែលបានទទួលមរណភាព។ សមាជិកថ្មីរូបនេះ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង។ ជាមួយគ្នានេះ ព្រឹទ្ធសភាក៏បានបោះឆ្នោតជ្រើសរើស លោកស្រី កង សៅរ៍ធន សមាជិកាព្រឹទ្ធសភា ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថានផងដែរ ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ព្រឹទ្ធសភា អំពីលទ្ធផលសម័យប្រជុំនៅថ្ងៃនេះ៖



លោក រៀល ខេមរិន្ទ្ អតីតតំណាងរាស្រ្ត​គណបក្សសង្គ្រោះជាតិបង្កើតគណបក្សថ្មីឈ្មោះ «ខ្មែរអភិរក្សនិយម»

លិខិតមិត្តអ្នកអាន៖ « តំលៃនៃក្រុមឯករាជ្យ និងប្រជាធិបតេយ្យក្លែងក្លាយ កំពុងដាំក្បាលចុះ! »

ជារឿងគួរឲ្យកត់សម្គាល់ណាស់ដែលជាច្រើនទស្សវតរ៍មកនេះ នៅក្នុងប្រទេសកម្ពុជាយើង គេតែងតែលឺក្រុមដែលតាំងខ្លួនថាជាអ្នកឯករាជ្យ ឬ ប្រជាធិបតេយ្យ។ តាមការសង្កេតនិងវិភាគរបស់ខ្ញុំ (ដែលធ្លាប់បានចូលប្រឡូកបំរើការងារយ៉ាងសកម្មជិត២០ឆ្នាំ ក្នុងអង្គការសិទ្ធមនុស្ស) លើកំណត់ត្រានូវសកម្មភាពជាក់ស្តែងជាបន្តបន្ទាប់របស់ពួកគេទាំងនោះ ខ្ញុំអាចសន្និដ្ធានបានយ៉ាងច្បាស់ថា តាមពិតពួកគេជាក្រុមឯករាជ្យ និងប្រជាធិបតេយ្យក្លែងក្លាយតែប៉ុណ្ណោះ។
ហេតុអ្វីបានជាខ្ញុំហ៊ានវាយតំលៃយ៉ាងដូច្នេះ ?
ក្រុមនេះត្រូវបានគេរៀបចំឲ្យមានអង្គការចាត់តាំង និងខ្សែបណ្តាញយ៉ាងត្រឹមត្រូវដែលរួមមាន៖ អ្នកវិភាគឯករាជ្យ ~ អង្គការសង្គមស៊ីវិលឯករាជ្យ ~ សារព័ត៌មានឯករាជ្យ និង អ្នកនយោបាយប្រជាធិបតេយ្យ។ ពីដំបូងឡើយ ប្រជាពលរដ្ឋខ្មែរ រួមទាំងខ្លួនខ្ញុំផ្ទាល់មានការភាន់ ច្រឡំហើយនាំគ្នាផ្តល់ទំនុកចិត្តទាំងស្រុងដល់ក្រុមទាំងនោះ ដោយសង្ឃឹមថា ពួកគេជាអ្នកប្រជាធិបតេយ្យនិងអ្នកឯករាជ្យ ពិតប្រាកដដើម្បីចូលរួមចំណែកក្នុងការរិះគន់ស្ថាបនាសង្គម ឬ ស្ថាបនាគោលនយោបាយជាតិ ដែលរដ្ឋាភិបាលដាក់ចេញ។ ប៉ុន្តែពេលវេលាជាង២០ឆ្នាំកន្លងមកនេះ បានផ្តល់នូវពន្លឺច្បាស់ដូចថ្ងៃថា ក្រុមនេះបានបង្ហាញចរិតលក្ខណៈដោយខ្លួនឯងបន្តិចម្តងៗថា ពួកគេគឺជាក្រុមពាក់ស្លាកឯករាជ្យ និងប្រជាធិបតេយ្យក្លែងក្លាយទេតើ។ តាមរយៈការស្តែងចេញដោយ សកម្មភាពផ្ទាល់របស់ពួកគេ ក៏ដូចជាតាមរយៈការពិនិត្យ អង្កេត ស្វែងយល់បន្ថែម ខ្ញុំកាន់តែយល់ច្បាស់ថា ក្រុមឯករាជ្យនិងប្រជាធិបតេយ្យក្លែងក្លាយនេះមិនសាមញ្ញនោះទេ ពោលគឺពួកគេមានអង្គការចាត់តាំងជាខ្សែបណ្តាញយ៉ាងត្រឹមត្រូវ មានតាំងពីបណ្តាញក្នុងស្រុក និងបរទេស ហើយបានចែកទីតាំងគ្នាឈរជើងគ្រប់មជ្ឈដ្ឋាន ដើម្បីក្រឡុកក្នុងគោលដៅផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធាន។
យុទ្ធសាស្ត្រស៊ីជម្រៅរបស់បណ្តាញដែលមានការរៀបចំ យ៉ាងល្អិតល្អន់នេះដែលខ្ញុំធ្លាប់ចូលរួមប្រឡូកនោះ គឺពួកគេប្រើយុទ្ធសាស្ត្រផ្ការីក មានន័យថា ពួកគេចែកទីតាំងគ្នាឈរជើងនៅក្នុងស្ថាប័នដែលគេចាត់ទុកថា មានឥទ្ធិពលក្នុងសង្គម មានដូចជា អ្នកខ្លះឈរជើងក្នុងឆាក នយោបាយ អ្នកខ្លះទៀតក្នុងសង្គមស៊ីវិល និងអ្នកខ្លះទៀតក្នុងស្ថាប័នសារព័ត៌មាន រីឯអ្នកខ្លះទៀតឈរជាបុគ្គលឯករាជ្យ។ នៅក្នុងអង្គការសង្គមស៊ីវិល និងសារព័ត៌មាន ពួកគេក៏មានការគាំទ្រដោយបណ្តាញរបស់ខ្លួនដែលជាអង្គការសង្គមស៊ីវិលបរទេស និងសារព័ត៌មានបរទេសថែម ទៀតផងដើម្បីបន្ថែមទម្ងន់ទៅ លើសកម្មភាពនិងសំលេងរបស់ ពួកគេ។ នៅក្នុងការអនុវត្តជាក់ស្តែង ក្រុមដែលតាំងខ្លួនជាអ្នកឯករាជ្យនិង អ្នកប្រជាធិបតេយ្យទាំងនោះ បានធ្វើសកម្មភាពព្រមៗគ្នា។ មុនដំបូង គឺក្រុមអ្នកនយោបាយពាក់ស្លាកប្រជាធិបតេយ្យក្លែងក្លាយជាអ្នកវាយលុក គឺវាយលុកគ្រប់បញ្ហាជាពិសេសបញ្ហា រសើបៗដើម្បីបង្កជាសំឡេងដែលប្រៀបបាននឹងអ្នកទូងស្គរ។ បន្ទាប់មក ក្រុមសារព័ត៌មាន អ្នកវិភាគ និងសង្គមស៊ីវិលដែលពាក់ ស្លាកឯករាជ្យក្លែងក្លាយ ក៏ផ្តើមនាំគ្នារាំតាមសង្វាក់ស្គរដែលច្រៀងដោយអ្នកនយោបាយ «ប្រជាធិបតេយ្យក្លែងក្លាយ» ដោយ ស្រែកបន្ទរឲ្យលឺសំឡេងកាន់តែកងរំពងឡើងទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីបង្កបរិយាកាសអាប់អួរក្នុងសង្គម។ ភាពអាប់អួរ ឬឈានដល់ហិង្សា វឹកវរ គឺជាបរិយាកាសដែលពួក គេចង់បានបំផុតដើម្បីរុញនិងដុតរោលសភាពការណ៍។
ហេតុអ្វីបានជាខ្ញុំអាចនិយាយថា អ្នកនយោបាយទាំងនោះ ពាក់ស្លាកប្រជាធិបតេយ្យក្លែងក្លាយ? ចម្លើយងាយបំផុតគឺ៖
ទី១៖ ចរិតលក្ខណៈរបស់ក្រុម នយោបាយនេះមានលក្ខណៈ ជ្រុលនិយមដោយមិនទទួលយកសំឡេងជំទាស់ក្រៅពីសំឡេងហៃអើ។ អ្នកណាហ៊ាននិយាយជំទាស់នឹងត្រូវគេលាបពណ៌ជាស្វ័យប្រវត្តិថាជាអាយ៉ង យួន~ចិន ។ល។ បើនៅក្នុង ហ្វេសប៊ុកវិញ បើហ៊ាននិយាយរិះគន់បន្តិចនឹងត្រូវគេប្លុកចោលភ្លាម។
ទី២៖ ពួកគេមានជំនាញខាងជេរប្រមាថ ញុះញង់ អុជអាលប្រឌិត និងមួលបំភ្លៃដើម្បីបង្កកំហឹង ដុតកំហឹងនិងជម្លោះធ្វើយ៉ាងណាឲ្យមានការបំផ្លិចបំផ្លាញតាមគ្រប់រូបភាព។
ទី៣៖ ការដឹកនាំផ្ទៃក្នុងបក្សនិងអង្គការចាត់តាំងផ្សេងៗរបស់ពួកគេមានលក្ខណៈគ្រួសារ បក្សពួក និយមនិងតួឯកនិយម។
ទី៤៖ គ្មានគោលការណ៍និងគោលនយោបាយដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិ និងជីវភាពប្រជាជនទេ ពោលគឺចាំតែស្តីបន្ទោសរដ្ឋាភិបាលជាពិសេសអ្នកដឹកនាំដូចជាលោក ហ៊ុន សែនជាដើម។ ចំណែកឯក្រុមអ្នកវិភាគសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យ វិញ ពួកគេក៏ជាក្រុមឯករាជ្យក្លែងក្លាយដែរ។ ដើម្បីសម្គាល់ថាជាក្រុមឯករាជ្យក្លែងក្លាយ៖
ទី១៖ ពួកគេជាអ្នកកាន់ជើងផ្កាប់ មុខដល់ក្រុមនយោបាយដែល ពាក់ស្លាកប្រជាធិបតេយ្យក្លែងក្លាយដូចបានលើកឡើងខាងដើម។ ទោះបីជាក្រុមនយោបាយនោះប្រព្តឹត្តកំហុសប៉ុនភ្នំក៏ពួកគេមើលមិនឃើញដែរ និងមិនដែលស្តីបន្ទោសក្រុមនយោបាយនោះសូម្បីមួយម៉ាត់។ផ្ទុយទៅវិញមានតែការពារក្រុមនយោបាយ ជ្រុលនិយមទាំងនោះជាដរាប។
ទី២៖ ក្រុមនេះមិនដែលហ៊ាន ប្រឈមមុខនឹងការពិត ឬមិនដែលឈរលើហេតុផលសម្អាងផ្លូវច្បាប់ឡើយ។ ពួកគេបានត្រឹមច្បិចយកសាច់រឿងមួយចំណែក មកនិយាយនិងវិភាគដើម្បីឲ្យសាធារណៈជនយល់ច្រឡំថាជាកំហុសរបស់រដ្ឋាភិបាល។ ប៉ុន្តែតើរឿងពិតយ៉ាងណា ពួកគេមិនដែលស្វែងយល់ឡើយ។ ករណីចាប់ដីអនាធិបតេយ្យជាឧទាហរណ៍ជាក់ស្តែង។ មិនដែលឡើយក្រុមសង្គមស៊ីវិល ឬអ្នកវិភាគឯករាជ្យទាំងនោះអប់រំ ពលរដ្ឋឲ្យគោរពច្បាប់ កុំឲ្យដើរចាប់ដីធ្លីខុសច្បាប់ ប៉ុន្តែពួកគេមានតែចាំការពារទង្វើអនាធិបតេយ្យដើម្បីជួយកេងចំណេញ នយោបាយដល់ក្រុមអ្នកនយោបាយដែលជាបណ្តាញរបស់ខ្លួន។
ទី៣៖ អង្គការសង្គមស៊ីវិល ឬសារព័ត៌មានដែលបំពេញការងារ  តាមវិជ្ជាជីវៈនិងមានឯករាជ្យភាពពិតប្រាកដតែមិនស្ថិតនៅក្នុងបណ្តាញរបស់ខ្លួនមិនត្រូវបានក្រុមនេះចាត់ទុកថាឯករាជ្យឡើយ។
ទី៤៖ នៅក្នុងវិស័យសារព័ត៌មាន វិញ ពួកគេបង្កភាពអនាធិបតេយ្យ ធ្វើសកម្មភាពដោយគ្មានអាជ្ញាប័ណ្ណ គ្មានច្បាប់ទម្លាប់ មិនបង់ពន្ធ ក្លែងបន្លំអត្តសញ្ញាណជាអ្នកនយោបាយចូលក្នុងពន្ធនាគារដោយខុសក្រមសីលធម៌វិជ្ជាជីវៈ តែដល់ពេលគេទាមទារឲ្យគោរពច្បាប់ នាំគ្នាបិទការិយាល័យ ដាក់មេផាយ ហើយស្រែកថា រដ្ឋាភិបាលធ្វើទុក្ខបុកម្នេញសារព័ត៌មានឯករាជ្យ និងសង្គមស៊ីវិលឯករាជ្យ។ ហើយនៅពេលផ្សាយព័ត៌មាន រឿងល្អវិជ្ជមាន៩០%មិនខ្ចីនិយាយ ហើយច្បុចយកតែរឿងអវិជ្ជមាន ១០% មកបំប៉ោងដើម្បីធ្វើឲ្យគេយល់ថា ជារឿងអាក្រក់ ១០០%។
ទី៥៖ ពួកគេតែងជំរុញឲ្យអាជ្ញាធរគោរពច្បាប់ ធ្វើដូចជាចង់ឲ្យប្រទេសមានច្បាប់និងគោរពច្បាប់ឲ្យបានរឹងរ៉ឹង ប៉ុន្តែដល់ ពេលខ្លួនឯងចង់រស់នៅក្រៅច្បាប់ដោយចាត់ទុកច្បាប់ថាជាឧបករណ៍ធ្វើទុក្ខបុកម្នេញ។ ជារួមពួកគេបានប្រើ បណ្តាញ នេះដើម្បីក្រឡុកសភាពការណ៍ ប្រទេសជាតិឲ្យវក់វីអស់ជាច្រើនទសវត្សរ៍។ យ៉ាងណាក៏ដោយ ចុងក្រោយនេះ ក្រុមឯករាជ្យនិងប្រជាធិបតេយ្យក្លែងក្លាយទាំងនោះរលំហាងឆេងហើយដោយសារតែមុខមាត់ពិតរបស់ពួកគេ ត្រូវបានបកអាក្រាតជាបន្តបន្ទាប់តាមរយៈការអនុវត្តច្បាប់និងការយល់ដឹងរបស់ប្រជាពលរដ្ឋដែលកាន់តែមានការយល់ដឹងអំពីធាតុពិត និងមុខមាត់ពិតរបស់ក្រុមនេះ។
បច្ចុប្បន្ន ក្រុមអ្នកនយោបាយដែលពាក់ស្លាកប្រជាធិបតេយ្យក្លែងក្លាយកាន់តែអស់ជម្រកនិងបាត់បង់ទីតាំងឈរជើងរបស់ខ្លួនខណៈដែលក្រុមអ្នកវិភាគសង្គមស៊ីវិលនិងសារព័ត៌មានឯករាជ្យក្លែងក្លាយក៏ហាក់ដូចជាកាន់តែអស់ទីតាំងឈរជើងដែរមិនមែន ដោយសារអ្នកណាធ្វើទុក្ខបុកម្នេញនោះទេ ប៉ុន្តែបាត់បង់ដោយសារ ៖
ទី១៖ ពួកគេចាញ់ឥទ្ធិពលនៃអំណាចច្បាប់ ហើយលែងអាចធ្វើឡប់ឡែដូចពីមុនបានទៀត នៅពេលដែលប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលរឹត បន្តឹងការអនុវត្តច្បាប់។
ទី២៖ ដោយសារតែមហាជន ទូទៅបានឃើញនិងបានស្គាល់ចរិតពិតរបស់ក្រុមដែលចូលចិត្តពាក់ស្លាកឯករាជ្យ និងប្រជាធិបតេយ្យក្លែងក្លាយជាពិសេសទង្វើរបស់ពួកគេមិនដូចទ្រឹស្តីដែលពួកគេតែងសូត្រនោះឡើយនិង
ទី៣៖ គឺដោយសារប្រជាពលរដ្ឋខ្មែរត្រូវការសុខសន្តិភាព និងការអភិវឌ្ឍន៍ជីវភាពរបស់ខ្លួនជាសំខាន់ដោយមិនបណ្តោយខ្លួនងាយៗអោយចាញ់បោកក្រុមអ្នកបិទមុខ ហើយចង់ធ្វើឲ្យសភាពការណ៍វឹកវរនោះទៀតឡើយ។ ក្នុងស្ថានភាពបែបនេះ មានអ្នកវិភាគឯករាជ្យក្លែងក្លាយខ្លះកំពុងផ្អើលនឹងស្រមោលខ្លួនឯងដោយសារតែអំពើរបស់ខ្លួនមិនអាចលាក់បាំងពីភ្នែកគេបានតទៅទៀត។
ខ្ញុំយល់ថាយកល្អ គួរតែដោះស្រោមមុខឯករាជ្យនិងប្រជាធិបតេយ្យក្លែងក្លាយចេញហើយ ងាកមកធ្វើសកម្មភាពការងារតាមជំនាញឲ្យបានត្រឹមត្រូវពោលគឺ បើជាអ្នកកាសែតឲ្យច្បាស់ជាអ្នកកាសែតកុំបន្លំជាមួយអ្នកនយោបាយ។ បើជាសង្គមស៊ីវិលជំនាញអីគប្បីធ្វើកិច្ចការ នោះឲ្យច្បាស់លាស់កុំបម្រើនយោបាយ។ បើជាអ្នកវិភាគឯករាជ្យក៍ត្រូវធ្វើជាអ្នក ឯករាជ្យពិតប្រាកដពោលគឺខុសថាខុស ត្រូវថាត្រូវ កុំម្ខាងខុសរហូត ម្ខាងត្រូវរហូត ហើយតាំង ខ្លួនជាអ្នកឯករាជ្យព្រោះតំលៃ នៃការពាក់ស្រោមមុខក្លែងក្លាយជាអ្នកឯករាជ្យនិងប្រជាធិបតេយ្យបានដាំក្បាលធ្លាក់ចុះហើយ៕
ដោយ៖ អតីតមន្ត្រីសមាគមអាដហុក