យោងតាមសេចក្តីថ្លែងការណ៍រួម រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ
ចេញថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ដែលចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា
និងឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ភាគីទាំងពីរ បានប្តេជ្ញាបន្តអនុវត្តវប្បធម៌សន្ទនារួមគ្នារវាងគណបក្សនយោបាយធំៗទាំងពីរ
ឲ្យមានប្រសិទ្ធភាព។
នៅក្នុងសេចក្តីថ្លែងការណ៍រួមដដែលនេះ ក៏បានលើកឡើងថា ដោយយោងតាមស្មារតីនៃកិច្ចព្រមព្រៀង
ថ្ងៃទី ២២ ខែកក្ដដា ឆ្នាំ២០១៤ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ
និងដើម្បីលើកកម្ពស់ការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ឲ្យកាន់តែប្រសើរឡើង
គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរាជរដ្ឋាភិបាល និងគណបក្សសង្គ្រោះជាតិ ដែលនៅក្រៅរាជរដ្ឋាភិបាល
សំរេចអនុវត្តនូវវប្បធម៌សន្ទនា ដោយរក្សាភាពស្មោះត្រង់ជាមួយគ្នា យកធ្វើជាមូលដ្ឋានក្នុងការពិភាក្សាដោះស្រាយបញ្ហាជាតិ
និងសង្គមដោយសន្តិវិធី។
ចៀសវាងឲ្យខាងតែបាន នូវការញុះញុង ការលាបពណ៌គ្នា
ការប្រើពាក្យអសុរោះ និងការជេរប្រមាថ ពិសេសត្រូវលុបបំបាត់ចោលនូវផ្នត់គំនិតនៃការគុំគួន
សងសឹកគ្នា បានសេចក្តីថា ត្រូវបញ្ចប់នូវនយោបាយ ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី៕
អត្ថបទ៖ ច័ន្ទ ទេវី