Friday, May 08, 2015

ទស្សនៈ « វប្បធម៌សន្ទនា » ៖ នឹងមានជោគជ័យដូចគ្នានឹងយុទ្ធសាស្រ្តឈ្នះ-ឈ្នះ


ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ ជាអ្នក​ទទួល​ផល​ប្រយោជន៍ពី វប្បធម៌​សន្ទនា រវាងសម្តេច​តេជោ ហ៊ុន សែន មេ​ដឹកនាំនៃ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) និង​ជានាយករដ្ឋ​មន្រ្តីនៃ​រាជរដ្ឋា​ភិបាល កម្ពុជា​ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ (CNRP) និងជាមេដឹក​នាំសម្លេង ភាគ​តិច​នៅក្នុងរដ្ឋសភា។

ក្នុងនាម​ជា​មេដឹក​នាំ​បក្សនយោបាយ​របស់​ខ្លួន​មេ​ដឹក​នាំទាំង​ពីរមាន​ឋានៈ​ស្មើគ្នា​។និយាយ​អំពីមុខ​តំណែង​រៀងៗ​ខ្លួន​នៅក្នុង​អំណាច​ដឹកនាំ​ជាតិវិញ​ភាគីម្ខាង​បំពេញ​បន្ថែម​ទៅលើ​ភាគីម្ខាង​ទៀតដោយ​គ្មាន​ភាគី​ណាគ្រប​ទៅលើភាគី​ណា​ទេ។ បណ្ឌិត​ខាងរដ្ឋធម្មនុញ្ញ​និង​ខាង​ច្បាប់ ដែល​មាន សេចក្តី​សុខក្សេមក្សាន្ត​នៅក្នុងវិមាន​ភ្លុក​របស់​ខ្លួន បាន​នៅស្ងៀមស្ងាត់​រយៈ​ពេល​រាប់​សប្តាហ៍ ប្រហែល​ជារាប់ខែ​ហើយ​ក៏ប្រហែល​ជារាប់​ឆ្នាំ​ទៀត​ផង។ មាន​តែអ្នក​វិភាគ​នយោបាយ​ជាតិ​កម្ពុជា ប៉ុណ្ណោះ​ទេដែល​បាន​យក​ចិត្ត​ទុក​ដាក់​ពិចារណាទៅ​លើ​គំរូនៃ វប្បធម៌សន្ទនា របស់​កម្ពុជា​ដែល ដូច​សព្វ​ដង គឺនិយាយ​អំពី​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន​នៃវប្បធម៌​នេះតាម​ការយល់​ឃើញ​រៀងៗ ខ្លួន។ ប៉ុន្តែ​តួអង្គ​ចម្បង​សុទ្ធតែមាន​សុទិដ្ឋិនិយម​ព្រម​ទាំង​សន្យា​ថារក្សាវប្បធម៌​ថ្មី​នេះ​ឲ្យ​បាន​គង់​វង់។

សម្តេចតេជោ ហ៊ុន សែន បានភ្ជាប់​« វប្បធម៌សន្ទនា »នេះទៅនឹង​យុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ របស់​លោក​ដែល «មាន​តែ​មួយ​គ្មាន​ពីរនៅ​លើពិភពលោក »ដូច​ដែល​សម្តេចតេជោ​បាន​ថ្លែង​និង មាន​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំង​ថា «វប្បធម៌សន្ទនា» នេះតាម​ដែលលោក​យល់​ឃើញ​នោះ នឹង​ក្លាយ​ទៅ ជាជោគជ័យ​មួយ​ទៀត​នៅក្នុង​សម័យកាល​របស់​លោក។ ចំពោះ​លោក សម រង្ស៊ី វិញ​លោក​បាន ថ្លែង​ជាសាធារណៈទៅ​កាន់​អ្នក​គាំទ្រលោក​ថាលោក​នឹងរក្សា «វប្បធម៌សន្ទនា» នេះ​ហើយ​តាម ដែល​លោកយល់​ឃើញ​វប្បធម៌សន្ទនាគឺ​ជាមធ្យោបាយ​មួយក្នុង​ការដោះ​ស្រាយបញ្ហា​សង្គម​បច្ចុប្បន្ន​។សម្តេចតេ​ជោបង់​សំណាញ់​នយោបាយ​ដ៏ធំមួយ​ចំណែក​លោក សម រង្ស៊ី ផ្តោត​លើបញ្ហា សង្គម។

វប្បធម៌សន្ទនា  ហ៊ុន  សែន  សម  រង្ស៊ី» ទោះបី​សាធារណៈជន​ទូ​ទៅមិន​បាន​ដឹង​ថា បាន​កសាង លើមូលដ្ឋាន អ្វី​ក៏ដោយ​តែ «វប្បធម៌សន្ទនា»នេះនឹង​បង្ហាញ​រូបរាង​ច្បាស់​លាស់​តាមរយៈ ពាក្យ​សំដី និង​សកម្មភាព​ដែល​នឹង​សំដែង​ចេញ​នៅចំពោះ​មុខ​សាធារណជន ថាតើ​អ្នក​ណាកំពុង​ធ្វើ​អ្វី​ខ្លះ។ នោះ​គឺជាផល​ប្រយោជន៍​ដ៍ធំដែលសាធារណជន​នឹង​ទទួល​បាន​ពី «វប្បធម៌សន្ទនា ហ៊ុន សែន - សម រង្ស៊ី»

ថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ២០១៥

សាស្រ្តាចារ្យ​ ប៉ែន ងឿន ទីប្រឹក្សា

សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ កម្ពុជា

No comments:

Post a Comment