Friday, May 08, 2015

គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ប្រកាសប្តេជ្ញាអនុវត្តវប្បធម៌សន្ទនា ឲ្យមានប្រសិទ្ធិភាព


យោង​តាមសេចក្តីថ្លែង​ការណ៍រួម រវាង​គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ ចេញ​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ដែល​ចុះហត្ថ​លេខា​ដោយ សម្តេច​តេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ភាគីទាំងពីរ បានប្តេជ្ញា​បន្តអនុវត្ត​វប្បធម៌សន្ទនា​រួមគ្នា​រវាង​គណបក្សនយោបាយ​ធំៗទាំង​ពីរ ឲ្យមានប្រសិទ្ធ​ភាព។
នៅក្នុងសេចក្តី​ថ្លែង​ការណ៍រួម​ដដែល​នេះ ក៏បាន​លើក​ឡើងថា ដោយ​យោង​តាមស្មារតី​នៃកិច្ច​ព្រមព្រៀង ថ្ងៃទី ២២ ខែកក្ដដា ឆ្នាំ២០១៤ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និងគណបក្ស​សង្គ្រោះជាតិ និង​ដើម្បី​លើក​កម្ពស់​ការអនុវត្តន៍​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ឲ្យ​កាន់​តែប្រសើរ​ឡើង គណបក្ស​ប្រជាជន​កម្ពុជា ដែលដឹក​នាំរាជ​រដ្ឋាភិបាល និងគណបក្ស​សង្គ្រោះជាតិ ដែលនៅ​ក្រៅ​រាជរដ្ឋាភិបាល សំរេច​អនុវត្ត​នូវវប្បធម៌​សន្ទនា ដោយ​រក្សាភាព​ស្មោះត្រង់​ជា​មួយគ្នា យក​ធ្វើ​ជាមូលដ្ឋាន​ក្នុង​ការពិភាក្សា​ដោះស្រាយ​បញ្ហាជាតិ និងសង្គម​ដោយ​សន្តិ​វិធី។
ចៀស​វាង​ឲ្យខាង​តែបាន នូវ​ការញុះញុង ការលាប​ពណ៌​គ្នា ការប្រើពាក្យ​អសុរោះ និងការ​ជេរប្រមាថ ពិសេស​ត្រូវ​លុប​បំបាត់​ចោល​នូវ​ផ្នត់​គំនិត​នៃ​ការគុំ​គួន សង​សឹក​គ្នា បាន​សេចក្តី​ថា ត្រូវបញ្ចប់​នូវ​នយោបាយ ទឹក​ឡើង​ត្រី​ស៊ីស្រមោច ទឹក​ហោចស្រមោច​ស៊ី​ត្រី​៕

អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment