Thursday, May 28, 2020

រដ្ឋាភិបាលជប៉ុន គ្រោងនឹងផ្តល់នូវហិរញ្ញប្បទានឥតសំណងទឹកប្រាក់ប្រមាណ១៨លានដុល្លារអាមេរិកជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយលោក Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយមន្រ្តីការទូតជប៉ុន និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅកម្ពុជា នៅព្រឹកថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា រហូតមក ជាពិសេសចំពេលដែលកម្ពុជាក៏ដូចជាពិភពលោកកំពុងតែជួបវិបត្តិ និងការរាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលជប៉ុន គ្រោងនឹងផ្តល់នូវហិរញ្ញប្បទានឥតសំណងទឹកប្រាក់ប្រមាណ២០០០លានយ៉េនជប៉ុន ត្រូវជាប្រមាណ១៨លានដុល្លារអាមេរិកជូនរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការផ្តល់ជាឧបករណ៍ សម្ភារៈ និងបរិក្ខារពេទ្យជូនក្រសួងសុខាភិបាលសម្រាប់ទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា៕

សូមអានសេចក្តីជូនព័ត៌មានខាងក្រោម៖




ប្រធានអង្គការសុខភាពពិភពលោក កោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងគាំទ្រចំពោះភាពជាអ្នកដឹកនាំនយោបាយ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោក តេត្រូ អ៊ែតហានូម ហ្គេប្រេយ៉េសស៊ុស (Tedros Adhanom) ប្រធានអង្គការសុខភាពពិភពលោក (WHO) បានផ្ញើលិខិតមួយជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយសម្តែងការកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងបង្ហាញការគាំទ្រចំពោះភាពជាអ្នកដឹកនាំនយោបាយ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
តាមរយៈលិខិតនោះ ប្រធានអង្គការសុខភាពពិភពលោក បានសរសេរថា «ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រតិបត្តិផែនការយុទ្ធសាស្ត្រប្រុងប្រៀបទុកជាមុន និងផែនការឆ្លើយតបនឹងជំងឺកូវីដ១៩ ជាសាកលរបស់អង្គការសុខភាពពិភពលោក។
ខ្ញុំបាទសូមឆ្លៀតយកឱកាសនេះ ធ្វើការកោតសរសើរកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ។ ជាពិសេស សូមកោតសរសើរចំពោះបុគ្គលិកសុខភាពសាធារណៈនៅជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ជាថ្មីម្ដងទៀត ខ្ញុំបាទសូមបង្ហាញការគាំទ្រ ចំពោះភាពជាអ្នកដឹកនាំនយោបាយ ការចូលរួម និងតួនាទីរបស់សម្ដេចតេជោ។

នៅក្នុងលិខិតនោះដែរបានឱ្យដឹងថា អង្គការសុខភាពពិភពលោក នៅក្នុងកម្រិតសកល តំបន់ និងជាតិ បានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាដៃគូធំៗនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដោយសារជំងឺកូវីដ១៩ រួមមួយនេះ ដែលយើងត្រូវរួមដៃគ្នា ក្នុងការប្រឆាំងនឹងការរីកសាយភាយនាពេលអនាគត។ ការចូលរួម និងសាមគ្គីភាពទាំងអស់គ្នា យើងនឹងទទួលបានជោគជ័យ។ សូមសម្តេចតេជោនាយករដ្ឋមន្រ្តី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ»៕



ក្រសួងសុខាភិបាល៖ ជនបរទេសដែលចូលកម្ពុជាតម្រូវឲ្យមានលិខិតបញ្ជាក់សុខភាពថាគ្មានកូវីដ-១៩ និងការធានារ៉ាប់រងសុខភាពទឹកប្រាក់៥ម៉ឺនដុល្លារ

ក្នុងកិច្ចប្រជុំរបស់គណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល បានសម្រេចឲ្យជនបរទេសទាំងអស់ ដែលចង់ចូលប្រទេសកម្ពុជាតម្រូវឲ្យមានវិញ្ញាបនបត្រសុខភាពបញ្ជាក់ពីភាពគ្មានវីរុសកូវីដ-១៩ចំនួន៧២ម៉ោងមុនថ្ងៃចេញដំណើរនិងធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់៥ម៉ឺនដុល្លារ។ នេះបើតាមរបាយការណ៍ស្ដីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចុះទី២៧ ខែឧសភា ឆ្នាំ២០២០នេះដែលកិច្ចប្រជុំនេះធ្វើឡើងក្រោមវត្ដមានលោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។
របាយការណ៍របស់ក្រសួងសុខាភិបាលបានបញ្ជាក់យ៉ាងដូច្នេះថា អង្គប្រជុំបានឯកភាពគ្នា ធ្វើការរឹតបន្ដឹងការត្រួតពិនិត្យសុខភាពនៅតាមច្រកចេញចូលអន្តរជាតិដោយរៀនសូត្រពីបទពិ​សោ​​ធន៍ ការងារចាត់ចែង គ្រប់គ្រងអ្នកដំណើរ និងដាក់ចេញនូវ ដំណោះស្រាយលើបញ្ហាមួយចំនួនដូចជា៖
* ការរកទីកន្លែងសម្រាប់ដាក់ធ្វើចត្តាឡីស័ក
* ការបង់ថ្លៃស្នាក់នៅ និងចំណីអាហារដោយសាម៉ីអ្នកដំណើរ
* ក្នុងអំឡុងពេលស្នាក់នៅធ្វើចត្តាឡីស័ក តម្រូវការឲ្យមានវិញ្ញាបនបត្រសុខភាពបញ្ជាក់ពីភាពគ្មានវីរុសកូវីដ-១៩ ចំនួន៧២ម៉ោង មុនថ្ងៃចេញដំណើរ និងការធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់៥ម៉ឺនដុល្លារ (សម្រាប់ជនបរទេស) ជាដើម។
ជាមួយគ្នានេះ អង្គប្រជុំក៏បានចែករំលែកបទពិសោធធ៍ការងារ ត្រួតពិនិត្យសុខភាព ដែលបានអនុវត្តន៍ក្នុងអំឡុងពេលមួយ សប្តាហ៍កន្លងមកនេះ ក្នុងការស្វែងរក ភាពអាចមានវីរុសកូវីដ-១៩ លើអ្នកដំណើរតាមជើងយន្តហោះមកកាន់កម្ពុជា ដោយអ្នកដំណើរទាំងអស់ (ទាំងខ្មែរ និងជនបរទេស) តម្រូវឲ្យអនុវត្តន៍តាមវិធានការ ត្រួតពិនិត្យសុខភាព និងវិធានការចត្ដាឡីស៍កចំនួន១៤ថ្ងៃផងដែរ៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលខាងក្រោម៖




សេចក្តីប្រកាសព័ត៌មានស្តីពីការកែសម្រួលវិធានការត្រួតពិនិត្យសុខភាពអ្នកដំណើរកាន់លិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ចូលមកប្រទេសកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ស្ដីពីការ​កែ​សម្រួល​វិធានការត្រួតពិនិត្យសុខភាពអ្នកដំណើរកាន់លិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ចូលមកប្រទេសកម្ពុជា តាមច្រកចេញចូលអន្តរជាតិ។

សូមអានសេចក្ដីប្រកាសព័ត៌មានមានខ្លឹមសារទាំងស្រុង៖


លោក ប៉ាន សូរស័ក្តិ៖ កំណែទម្រង់ច្បាប់នឹងធ្វើឱ្យវិស័យពាណិជ្ជកម្មនៅកម្ពុជាមានការកើនឡើង និងកាន់តែទំនើប

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទ​ដ្ឋាន​គតិយុត្ត និងត្រួតពិនិត្យការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកម្មវិធីគោលនយោបាយវិស័យពាណិជ្ជកម្ម ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទាំង១០ នៅក្រោមគណៈកម្មការនេះ។
លោករដ្ឋមន្ត្រី បានកត់សម្គាល់នូវវឌ្ឍនភាពល្អប្រសើរនៃការរៀបចំសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ជាពិសេសការរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗទាក់ទងនឹងច្បាប់ដូចជា ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។ ក្រៅពីនោះផងដែរ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែងរបស់អនុគណៈកម្មការរៀបចំធ្វើសេចក្ដីព្រាងច្បាប់ ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីម្ហូបអាហារ ដែលបានជិតនឹងឈានដល់ដំណាក់កាលបញ្ចប់ក្នុងពេលឆាប់ៗនេះ។
ជាមួយនោះទៀត លោក និងអង្គប្រជុំទាំងមូលក៏បានស្ដាប់នូវរបាយការណ៍វឌ្ឍនភាពរបស់អនុគណៈកម្មការដទៃទៀត រួមមានអនុគណៈកម្មការទទួលបន្ទុក៖ សេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចសន្យាពាណិជ្ជកម្ម, ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត, សេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា និងច្បាប់ស្ដីពីក្ស័យធន, សេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និងច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម, សេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា និងសេចក្ដីព្រាងច្បាប់ស្ដីពីភ្នាក់ងារពាណិជ្ជកម្ម។

លោករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងផ្ដល់អនុសាសន៍ណែនាំមួយចំនួនជូនដល់អនុគណៈកម្មការទាំងអស់ ដើម្បីអនុវត្ត និងសម្រេចឲ្យបាននូវគោលដៅតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ខ្លួន ក្នុងគោលបំណងអភិវឌ្ឍប្រព័ន្ធច្បាប់ក្រោមវិស័យពាណិជ្ជកម្មរបស់កម្ពុជាឱ្យកើនឡើង និងមានភាពទំនើបមួយជំហានទៀត ក៏ដូចជាបំពេញកាតព្វកិច្ចការធ្វើកំណែទម្រង់ច្បាប់របស់កម្ពុជានៅក្រោមកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក និងកិច្ចព្រមព្រៀងដទៃទៀតដែលកម្ពុជាជាហត្ថាលេខី៕




លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នរលកទី២ នៃការរាតត្បាតជំងឺឆ្លងកូវីដ១៩

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបន្តអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរ សូមប្រុងប្រយ័ត្នរលកទី២ នៃការរាតត្បាតជំងឺឆ្លងកូវីដ១៩។
លោកនាយករដ្ឋមន្រ្ដី ក៏បានបញ្ជាក់ថា ដើម្បីទប់ស្កាត់នូវការរាតត្បាតជំងឺកូវីដ១៩ រលកទី២ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានជំរុញឲ្យប្រជាពលរដ្ឋ ត្រូវថែរក្សាអនាម័យសុខភាពអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ កុំឲ្យឆ្លងមេរោគកូវីដ១៩ឲ្យសោះ និងសូមកុំឲ្យមានវិប្បដិសារីកើតឡើង ព្រោះតែការធ្វេសប្រហែសមើលស្រាល ចំពោះស្ថានការណ៍បច្ចុប្ប្នន្ន។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសរសេរក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា «សូមប្រុងប្រយ័ត្នរលកទី២ នៃការរាតត្បាតជំងឺឆ្លងកូវីដ១៩! អ្វីដែលសំខាន់បំផុតនៅពេលនេះគឺការថែរក្សាអនាម័យសុខភាពអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ កុំឲ្យឆ្លងមេរោគកូវីដ១៩ ឲ្យសោះ។ សូមកុំឲ្យមានវិប្បដិសារីកើតឡើង ព្រោះតែការធ្វេសប្រហែសមើលស្រាលចំពោះស្ថានការណ៍បច្ចុប្ប្នន្ន ។ ទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានតិចមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់នឹងត្រៀមទប់ស្កាត់គ្រប់ពេល ជាពិសេសនៅក្នុងរលកទី២នៃការងើបឡើងវិញនៃជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ដ៏កាចសាហាវបំផុតនេះ។មកទល់ថ្ងៃនេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ចំនួនអ្នកឆ្លងក្នុងប្រទេស ២១៧ ដែលមានអ្នកឆ្លងរោគបានកើនឡើងជាង៥លាននាក់ហើយ (5,491,678) ហើយស្លាប់ជាង៣០ម៉ឺននាក់ ក្នុងនោះកម្ពុជាក៏មានអ្នកឆ្លងថ្មី២នាក់ផងដែរ។ មកទល់ពេលនេះ មិនទាន់មានថ្នាំព្យាបាលកូវីដ១៩នៅឡើយទេ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋ ត្រូវតែពាក់ម៉ាស ហើយត្រូវដុសលាងសម្អាតដៃជាប្រចាំ ដោយទឹកអាល់កុល ឬជែលសម្លាប់មេរោគ។ ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស ឬខ្ទប់ដោយដៃនៅពេលក្អក ឬកណ្តាស ជាពិសេសនៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាដូចជាទីផ្សារ ភោជនីយដ្ឋាន និងទីកន្លែងធ្វើការជាដើម។
សូមបន្តស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាលគ្រប់ពេល។ បើមានចម្ងល់ឬការសង្ស័យណាមួយ សូមទូរស័ព្វទៅលេខ ១១៥ ជាបន្ទាន់។ យើងទាំងអស់គ្នាត្រូវបន្តចូលរួមទប់ស្កាត់ការឆ្លងរាតត្បាត នៃជំងឺឆ្លងកូវីដ១៩នៅទូទាំងប្រទេស»។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប១២៤ករណី ដោយក្នុងនោះមានអ្នកជំងឺ១២២នាក់បានព្យាបាលជាសះស្បើយ និង២នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ៕