នៅទីក្រុងញូវយ៉ក នាសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថាបញ្ជាក់នូវជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត ក្នុងការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។
កិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមអគ្គលេខាធិការ បាន គីមូន ដែលលោកបានស្នើឡើងនៅក្នុងអំឡុងពេលនៃមហាសន្និបាតលើកទី៦៩ របស់អង្គការសហប្រជាជាតិ ក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តឱ្យប្រមុខដឹកនាំប្រទេសនីមួយៗ បង្កើនការយកចិត្តទុកដាក់ខិតខំអនុវត្តឱ្យបានជោគជ័យនូវផែនការសកម្មភាព ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ក៏ដូចជាពង្រឹងមហិច្ឆិតានយោបាយ សំដៅរួមគ្នាសម្រេចឱ្យបាននូវ កិច្ចព្រមព្រៀងអាកាសធាតុថ្មីទីក្រុងប៉ារីស ឆ្នាំ២០១៥ ដោយផ្អែកលើគោលការណ៍គន្លឹះនានានៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ជាពិសេសគោលការណ៍ទទួលខុសត្រូវរួម ប៉ុន្តែក្នុងកម្រិតខុសៗគ្នា និងការធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសក្រីក្រ។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ដោយសារសមត្ថភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជានៅមានកម្រិតទើបកម្ពុជាងាយទទួលរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ។ បើទោះបីកម្ពុជាបានរួមចំណែកធ្វើឱ្យមានការប្រែប្រួលអាកាសធាតុតិចតួចក៏ពិតមែន ក៏ប៉ុន្តែកម្ពុជានៅតែបន្តខិតខំចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ នៅក្នុងរបៀបវារៈអភិវឌ្ឍន៍ជាតិ តាមរយៈការដាក់ចេញនូវវិធានការសមស្រប ដែលរួមមានការកសាងសមត្ថភាពស្ថាប័ន ការរៀបចំនិងអនុវត្តផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជាសម្រាប់រយៈពេល១០ឆ្នាំខាងមុខ ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុ ទៅក្នុងដំណើរការកសាងផែនការនិងគម្រោងថវិកា ការរៀបចំក្របខ័ណ្ឌហិរញ្ញប្បទានប្រែប្រួលអាកាសធាតុ ក្របខ័ណ្ឌតាមដានវាយតម្លៃនិងអនុវត្តវិធានការនានា ដើម្បីកសាងភាពធន់របស់សហគមន៍ និងរបរចិញ្ចឹមជីវិតដែលមាននិរន្តរភាព សំដៅឈានដល់ការអភិវឌ្ឍបៃតង ដែលបញ្ចេញកាបូនតិច ធន់នឹងអាកាសធាតុ មានសមធម៌ ចីរភាព និងផ្អែកលើចំណេះដឹង ដែលនេះជាការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបានគាំទ្រឱ្យមានការផ្តល់ហិរញ្ញវត្ថុថ្មីជាបន្ថែម សម្រាប់មូលនិធិអាកាសធាតុបៃតងឱ្យកើនដល់១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ នៅមុនឆ្នាំ២០២០ រួមទាំងការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាព សម្រាប់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍អាចចាត់វិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ។ ឯកឧត្តមក៏បានអំពាវនាវឱ្យបណ្តាប្រទេសអ្នកមានទាំងអស់បង្កើនមហិច្ឆិតានិងការប្តេជ្ញាចិត្តកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដើម្បីកំហិតកំណើនសីតុណ្ហភាពជាមធ្យមលើពិភពលោកឱ្យមកនៅត្រឹមក្រោម២°C នៅមុនឆ្នាំ២១០០ ធៀបទៅនឹងកម្រិតនៅមុនសម័យបដិវត្តន៍ឧស្សាហកម្ម និងត្រូវផ្តល់ការគាំទ្រដល់ការអភិវឌ្ឍដោយចីរភាពនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងបរិបទនៃសន្តិសុខស្បៀងអាហារ ទឹក និងថាមពល និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាពិសេសនៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច។