(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងអូស្ត្រាលីត្រូវបានគេរាយការណ៍ថាបានលួចចរចាគ្នាជាសម្ងាត់អស់រយៈពេលជាច្រើនខែមកហើយលើគម្រោងផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ដែលបានបង្កជាវិបត្តិការទូតមិនធ្លាប់មានពីមុនមកជាមួយសម្ព័ន្ធមិត្តចាស់វស្សារបស់ខ្លួនគឺបារាំង។ កិច្ចព្រមព្រៀងផលិតនាវាមុជទឹក នុយក្លេអ៊ែរនេះត្រូវបានប្រកាសកាលពីថ្ងៃទី១៥ ខែកញ្ញាកន្លងទៅក្រោមក្របខណ្ឌនៃការបង្កើតសម្ព័ន្ធភាពយោធាត្រីភាគី AUKUS រវាងសហរដ្ឋអាមេរិក, អង់គ្លេស និងអូស្ត្រាលី។
តាមរយៈកិច្ចព្រមព្រៀងខាងលើ អូស្ត្រាលីបានសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកមានតម្លៃរាប់ពាន់លានដុល្លារពីបារាំង ដែលបានចោទថាទង្វើដែល ប្រទេសទាំង៣ បានធ្វើគឺជា «ការលួចចាក់ពីក្រោយខ្នង» ស្របពេលគេមិនទាន់ដឹងថាតើអូស្ត្រាលីនឹងត្រូវសង ឬមិនសងសំណងឱ្យបារាំងវិញដោយរបៀបណានោះទេ? បើតាមកិច្ចសម្ភាសន៍ជាមួយក្រុមមន្ត្រីអាមេរិក និងអង់គ្លេស រដ្ឋាភិបាលអូស្រ្តាលីរបស់លោកនាយករដ្ឋមន្ត្រី ស្កុត ម៉ូរីសុន បានទាក់ទងជាមួយរដ្ឋបាលថ្មីរបស់អាមេរិកភ្លាមៗ បន្ទាប់ពីលោក ចូ បៃដិនស្បថឡើងកាន់តំណែងជាប្រធានាធិបតី ដើម្បីប្រាប់ពីបំណងលុបចោលការទិញនាវាមុជទឹក ១២គ្រឿងពីបារាំង។ នាឱកាសចូលរួមកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសអង់គ្លេស កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ លោក បៃដិនបានបើកកិច្ចពិភាក្សាត្រីភាគីជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន និងលោក ម៉ូរីសុន ពោលគឺតែបីថ្ងៃប៉ុណ្ណោះមុននឹងលោក ម៉ូរីសុនបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស ដើម្បីពិភាក្សាការងារជាមួយលោក ម៉ាក្រុង។
ទាំងលោក ម៉ូរីសុន រួមទាំងលោក បៃដិនដែលធ្លាប់ជួបពិភាក្សាជាមួយលោក ម៉ាក្រុង ក្នុងកិច្ចប្រជុំ G7 នៅពេលនោះដែរ តែមិនបានបង្ហើបត្រង់ៗប្រាប់ពីគម្រោងបង្កើត សម្ព័ន្ធភាព AUKUS ឬគម្រោងលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីបារាំងទេ។ រហូតដល់វិនាទីចុងក្រោយ ទើបមន្ត្រីកំពូលៗរបស់លោក បៃដិនបានជូនដំណឹងពី បញ្ហានេះប្រាប់សមភាគីបារាំងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងលោក បៃដិន, លោក ចនសុន, និងលោក ម៉ូរីសុនបានប្រកាសជាផ្លូវការពីការបង្កើតសម្ព័ន្ធភាព AUKUS នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូចេញពីសេតវិមានកាលពីថ្ងៃទី១៥ ខែកញ្ញានេះ។ ការប្រកាសបង្កើតសម្ព័ន្ធភាព AUKUS បានបង្កភាពភ្ញាក់ផ្អើល និងការងឿនឆ្ងល់ថាតើ ហេតុអ្វីបានជាសហរដ្ឋអាមេរិកមិនបានប្រឹក្សាយោបល់ជាមួយបារាំងជាមុន បើទោះជាដឹងថាការធ្វើបែបនេះនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតជាមួយបារាំង ក៏ដោយ?
ជាការពិតណាស់ បារាំងមានហេតុផលត្រឹមត្រូវក្នុងការបង្ហាញពីការខឹងសម្បារចំពោះសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី។ ប៉ុន្តែ បើតាមក្រុមមន្ត្រីអាមេរិក និងអង់គ្លេស ការមិនប្រឹក្សាយោបល់ជាមុនជាមួយបារាំង គឺដោយសារតែពួកគេព្រួយបារម្ភខ្លាចថាប្រធានាធិបតីបារាំង លោក ម៉ាក្រុងអាចនឹងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីរារាំងកុំឱ្យ សម្ព័ន្ធភាព AUKUS ត្រូវបានបង្កើតឡើង។ ក្នុងន័យនេះសហរដ្ឋអាមេរិកចង់លេងផ្លូវកាត់ នោះគឺបង្កើត AUKUS រួចហើយចាំលួងចិត្តបារាំងតាមក្រោយ។
ក្រុមអ្នកជំនាញភាគច្រើនយល់ថាទំនាក់ទំនងរវាងបារាំង ឬសហភាពអឺរ៉ុប និងអាមេរិកមិនមែនត្រូវបញ្ចប់ត្រឹមតែវិបត្តិនាវាមុជទឹកនេះទេ ហើយអាមេរិកនៅតែមានឱកាស ស្ដារទំនាក់ទំនងឡើងវិញជាមួយបារាំងដែលនៅតែត្រូវការការគំាទ្រពីសហរដ្ឋអាមេរិក ជាពិសេសគឺការគាំទ្របារាំង ក្នុងប្រតិបត្តិការប្រឆាំងភេរវករក្នុងតំបន់អាហ្វ្រិក, ការបង្កើនភាពជាដៃគូរវាងបារាំង និងអាមេរិកក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានពលរដ្ឋបារំាង ១.៦លាននាក់កំពុងរស់នៅ, ទទួលស្គាល់ការព្រួយបារម្ភរបស់បារាំងចំពោះ
យុទ្ធសាស្ត្រស្ថិរភាពអឺរ៉ុប, គំាទ្រ ឬលើកកម្ពស់គោលជំហរបារាំង ជាពិសេសនៅក្នុងអង្គការ NATO។
តាមការពិតទៅ បារាំងមិនមែនត្រឹមតែខឹងនឹងរឿងអូស្ត្រាលីលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីខ្លួនប៉ុណ្ណោះទេ តែអ្វីដែលបារាំងខឹងបំផុតនោះគឺថាក្នុងនាមជា មហាអំណាចមួយហ្នឹងគេដែរ ហេតុអ្វីបានជាត្រូវបានអាមេរិក អូស្ត្រាលី និងអង់គ្លេស ធីបចោលចេញពីកិច្ចសហប្រតិបត្តិការឥណ្ឌូ-ប៉ាស៊ីហ្វិក?
គេត្រូវចាំថាទោះជាមិនបានលើកឡើងពីឈ្មោះចិន តែសម្ព័ន្ធភាព AUKUS ត្រូវបានគេមើលឃើញថាបង្កើតឡើងក្នុងចេតនាប្រឆាំងការកើនឡើងឥទ្ធិពលចិន នៅក្រោម «យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក» របស់លោក ចូ បៃដិន។ ចម្លើយមួយដ៏សំខាន់ គឺនៅស្ថិតត្រង់យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកនេះឯង ដ្បិតនៅក្រោមយុទ្ធសាស្ត្រនេះ រដ្ឋបាល លោក បៃដិនឱ្យតម្លៃខ្ពស់តែទៅលើសម្ព័ន្ធមិត្តដែលមាននិន្នាការច្បាស់លាស់ក្នុងការចូលរួមជាមួយអាមេរិកប្រឆាំងនឹងចិនតែប៉ុណ្ណោះ។ ជាឧទាហរណ៍ដូចជាក្រុមប្រទេស សន្តិសុខចតុភាគី ឬហៅកាត់ថាក្វាដ (Quad) មានអាមេរិក, អូស្ត្រាលី, ជប៉ុន និងឥណ្ឌាជាសមាជិកដែលត្រូវបានបង្កើតឡើង ដើម្បីខ្ទប់ឥទ្ធិពលចិនក្រោមយុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិកផងនោះ បារាំង ឬក៏ប្រទេសអឺរ៉ុបដទៃក៏មិនត្រូវបានកោះហៅឱ្យចូលរួមនោះដែរ។ នេះគឺដោយសារបារាំង និងអឺរ៉ុបមិនមានជំហរច្បាស់លាស់ចំពោះចិន ដោយជួនកាលតឹងរ៉ឹង ហើយពេលខ្លះទៀតក៏ទន់ភ្លន់ ដូចជាការព្យាយាមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុប និងចិន ទោះជាមិនទាន់បានជោគជ័យ តែជំហរ បែបនេះមិនមែនជាអ្វីដែលអាមេរិកចង់បាននោះទេ។
និយាយពីអូស្រ្តាលីវិញ ការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីបារាំង គឺមានន័យសំខាន់បីយ៉ាងសម្រាប់ទីក្រុងកង់បេរ៉ា។ ទីមួយ គឺនាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរមានសមត្ថភាពខ្ពស់ជាងឆ្ងាយ បើធៀបទៅនឹងនាវាមុជទឹកដើរដោយថាមពលឥន្ធនៈធម្មតាដែលអូស្ត្រាលីបញ្ជាទិញពីបារាំង។ ជាក់ស្ដែងថ្លែងនៅក្នុង សន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញានេះ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Peter Dutton បាននិយាយដោយឥតលាក់លៀមថាការសម្រេចចិត្ត ជ្រើសរើសយកបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែរអាមេរិក ជំនួសនាវាមុជទឹកបារាំង គឺឈរលើមូលដ្ឋានប្រយោជន៍សន្តិសុខជាតិអូស្ត្រាលី ពីព្រោះថានាវាមុជទឹកបារាំងជា ប្រភេទនាវាមុជទឹកធម្មតាមិនអាចធ្វើប្រតិបត្តិការយូរនៅក្រោមបាតសមុទ្រ ហើយងាយត្រូវបានគេចាប់សញ្ញាទៀត។
ហេតុផលទី២ គឺបរាជ័យរបស់ក្រុមហ៊ុនផលិតនាវាមុជទឹកបារាំង Naval Group ដែលធ្វើឱ្យតម្លៃផលិតនាវាមុជទឹកកើនឡើងខ្ពស់លើសខ្ទង់ចំណាយ និងការពន្យារពេល ពោលគឺគេរំពឹងថានាវាមុជ ទឹកបារាំងនឹងហួសសម័យ នៅពេលត្រូវបានដាក់ឱ្យដំណើរក្នុងរយៈពេល ១៥ឆ្នាំខាងមុខ រាប់ចាប់ពីពេលនេះទៅ។ ហេតុផលទី៣, តាមរយៈការ ចូលរួមជាមួយអាមេរិក និងអង់គ្លេស អូស្ត្រាលីចំណេញបានបច្ចេកវិទ្យាថ្មីក្នុងការផលិតនាវាមុជទឹកនុយក្លេអ៊ែរ បូករួមទាំងបច្ចេកវិទ្យាបញ្ញាសម្បនិម្មិត និងបច្ចេកវិទ្យាកុំព្យូទ័រ quantum។
ដោយឡែក ចំពោះអង់គ្លេស ការចូលរួមក្នុងការបង្កើតសម្ព័ន្ធភាព AUKUS គឺនឹងពង្រឹងសមត្ថភាពវិស័យការពារជាតិរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក នៅក្រោយ Brexit និងទទួលបានផលចំណេញដោយការនាំចេញនាវាមុជទឹកឱ្យអូស្ត្រាលី ខណៈអាមេរិកផ្ទាល់នឹងប្រើឱកាសនេះបញ្ជាក់កាន់តែច្បាស់ពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដល់សម្ព័ន្ធមិត្តដែលកំពុងព្រួយបារម្ភពីការកើនឡើងឥទ្ធិពលចិនដូចជាឥណ្ឌា, ជប៉ុន, កូរ៉េខាងត្បូង និងតៃវ៉ាន់ជាដើម។
គួរបញ្ជាក់ថា លោក ចូ បៃដិន និងលោក ម៉ាក្រុង ក៏បានជួបពិភាក្សាគ្នាតាមទូរស័ព្ទដើម្បីបន្ធូរបន្ថយជម្លោះការទូត ដោយភាគីបារាំងបានយល់ព្រមបញ្ជូនអគ្គរដ្ឋទូតត្រឡប់ ទៅកាន់សហរដ្ឋអាមេរិកវិញ នៅសប្ដាហ៍ក្រោយនេះ ហើយមេដឹកនាំទាំង២ បានយល់ព្រមជួបមុខគ្នាដោយផ្ទាល់នៅអឺរ៉ុបនៅចុងខែតុលាខាងមុខនេះ។ តែទោះជាយ៉ាងនេះក្ដី ជម្លោះការទូតអាមេរិក និងបារាំង ចង់ ឬមិនចង់ វាបានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរវាងអាមេរិក និងអឺរ៉ុបបាត់ទៅហើយ គឺនៅត្រង់ថាអឺរ៉ុបនៅតែមើលឃើញថាលោក បៃដិន និងលោក ត្រាំ គ្មានអ្វីខុសគ្នានោះទេ ពោលនៅតែសម្រេចកិច្ចការអ្វីមួយដោយមិនបានប្រឹក្សាយោបល់ជាមួយសម្ព័ន្ធមិត្តជាមុន។ ដូច្នេះ ទោះជាពួកគេត្រូវការអាមេរិក ក៏មិនប្រាកដថាពួកគេនឹងធ្វើតាមអាមេរិកគ្រប់រឿងនោះដែរ៕
ប្រភព៖ AFP, New York Times (ថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១)
ដោយៈ Fresh News