Thursday, September 21, 2023

សារលិខិតសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣


 (ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ អង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី២១ ខែកញ្ញា ជាថ្ងៃដ៏ពិសេស សម្រាប់បណ្តាប្រទេសនៅទូទាំងសកលលោក ប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ» ដើម្បីបង្ហាញនូវការប្តេជ្ញាចិត្តរួមគ្នា លើកគុណតម្លៃសន្តិភាព ក៏ដូចជាការរំលឹកដល់វីរភាពនានា ក្នុងការរួមចំណែកធ្វើឱ្យ សម្រេចបាននូវសន្តិភាព។

នៅឆ្នាំ២០២៣នេះ ការប្រារព្ធទិវាសន្តិភាព ក្រោមមូលបទ «សកម្មភាព ដើម្បីសន្តិភាព៖ ការប្តេជ្ញាចិត្តរួមគ្នា សម្រាប់គោលដៅសកល» ដោយផ្តល់គុណតម្លៃជាចម្បង ដល់សកម្មភាពដើម្បីសន្តិភាពនឹងអំពាវនាវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមចំណែកធ្វើឱ្យគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រេចបានជោគជ័យ ដើម្បីបញ្ចប់នូវវិនាសកម្ម ភាពក្រីក្រ ភាពអត់ ឃ្លាន ការប្រែប្រួលអាកាសធាតុ និងធានានូវភាពរុងរឿងសម្រាប់ទាំងអស់គ្នា.

ដើម្បីសម្ដែងអំណរសាទរ និងចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការប្រារព្ធ «ទិវាន្តិភាពអន្តរជាតិ» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារលិខិត ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ។

តាមរយៈសារលិខិតនេះ សម្តេចនាយករដ្ឋមន្ត្រី បានប្រកាសជាថ្មីជូនជនរួមជាតិថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នឹងបន្តតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត និងប្រកាន់ខ្ជាប់ចំពោះពាក្យស្លោក «អរគុណសន្តិភាព» របស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចធិបតីបានបញ្ជាក់យ៉ាងដូច្នេះថា «ជនរួមជាតិជាទីស្នេហា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត និងប្រកាន់ខ្ជាប់ចំពោះ ពាក្យស្លោក «អរគុណសន្តិភាព» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ខ្ញុំ ព្រះករុណាខ្ញុំ ជឿជាក់យ៉ាងមុតមាំថា ការប្រារព្ធទិវាសន្តិភាពអន្តរជាតិឆ្នាំនេះ នឹងបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តសារជាថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់តម្ល សន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក»។

សម្តេចបានជម្រាបជូនបងប្អូនជនរួមជាតិផងដែរថា សន្តិភាពមិនមែនជាអ្វីដែលកើតឡើងដោយចៃដន្យនោះទេ។ ដើម្បីកសាងសន្តិភាព យើងទាំងអស់គ្នាត្រូវពុះពារគ្រប់ឧបសគ្គ ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាព រួបរួមគ្នាជាធ្លុងមួយ និងភាតរភាពជាអន្តរជាតិ។ ភ្នក់ភ្លើងសង្គ្រាម សោកនាដិកម្ម ការបែកបាក់រងទុក្ខវេទនាខ្លោចផ្សារកទីបំផុតគ្មាន ដែលប្រជាជាតិយើងបានឆ្លងកាត់ អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមក គឺជាមេរៀន និងបទពិសោធន៍ដ៏ជូរចត់ ដែលមិនអាចបំភ្លេចបាន ហើយដែលនាំឱ្យយើងទាំងអស់គ្នាបានយល់យ៉ាងច្បាស់ ពីគុណតម្លៃនៃសន្តិភាព។

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ប្រជាជាតិយើងទាំងមូលបានរំដោះខ្លួន ទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លា របស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្ដម សីហនុ។ ប៉ុន្តែព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ បានផ្ដល់ពេលវេលាត្រឹមតែជាង ១០ឆ្នាំប៉ុណ្ណោះ ឱ្យប្រជាជនកម្ពុជាបានស្គាល់ និងរស់ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ នៅមុនពេលដែលកម្ពុជាត្រូវធ្លាក់ចូលក្នុងវិនាសកម្ម និងសង្គ្រាមស៊ីវិលជាច្រើនឆ្នាំម្ដងទៀត។ ចាប់ពីឆ្នាំ១៩៧០ ដល់ ១៩៧៥ យើងបានឆ្លងកាត់រដ្ឋប្រហារសង្គ្រាមស៊ីវិល អស់រយៈពេល៥ឆ្នាំ បន្ទាប់មករបបប្រល័យពូជសាសន៍អស់ជាង ៣ឆ្នាំ ហើយបានហែលឆ្លងស្ថានភាពសន្តិភាពខ្លះ និងសង្គ្រាមខ្លះ រយៈពេល ១៨ឆ្នាំបន្ថែមទៀត។

អតីតកាលដ៏លំបាកវេទនារបស់ប្រជាជាតិយើងនេះ ត្រូវបានបិទបញ្ចប់ទាំងស្រុងនៅឆ្នាំ ១៩៩៨ បន្ទាប់ពីបានអនុវត្តយ៉ាងជោគជ័យនូវ «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកវិញជូនប្រជាជាតិនេះ នូវសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាព ទឹកដីទាំងស្រុង។ ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ សន្តិភាពបានផ្ដល់ឱកាសឱ្យកម្ពុជា ផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុត ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ប្រទេសកម្ពុជាបានក្លាយ ទៅជាប្រទេសមានសេដ្ឋកិច្ចដែលរីកចំរើនជាង ៧ភាគរយក្នុងមួយឆ្នាំៗ ក្នុងរយៈពេលជាងពីរទសវត្សកន្លងមកនេះ ដែលនាំឱ្យកម្ពុជាសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយអាចនឹងឈានទៅសម្រេចបានឋានៈ ជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០។ កម្ពុជាដែលពីមុនធ្លាប់តែខ្វះខាត និងត្រូវពឹងផ្អែកស្ទើរទាំងស្រុងទៅលើជំនួយបរទេស ដើម្បីអាចរស់រាន់បាន បច្ចុប្បន្នកម្ពុជាមានមហិច្ឆតាលើកស្ទួយមោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរឡើង តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព។

សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា កាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ យ៉ាងរលូន ដែលមានលក្ខណៈសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាព ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ប្រជាពលរដ្ឋជាង ៨លាន ២សែននាក់ ត្រូវជាប្រមាណ ៨៤,៥៩% បានចូលរួមបោះឆ្នោត គឺជាសក្ខីកម្មដ៏ប្រចក្សនូវទឹកចិត្តរបស់ប្រជាជាតិកម្ពុជាទាំងមូល ដែលស្រឡាញ់សុខសន្តិភាព និងគោរពគាំទ្រយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ៕





សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបើកកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលកាកបាទក្រហមកម្ពុជាធ្វើជាម្ចាស់ផ្ទះ

 សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខា។

កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ ដែលកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកាកបាទក្រហម និងអឌ្ឍចន្ទក្រហម មកពីភូមិភាគអាស៊ីអាគ្នេយ៍ សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, អាយ.ស៊ី.អរ.ស៊ី, កាកបាទក្រហម អឌ្ឍចន្ទក្រហមព្រុយណេ, កាកបាទក្រហមឥណ្ឌូនេស៊ី, កាកបាទក្រហមឡាវ, អឌ្ឍចន្ទក្រហមម៉ាឡេស៊ី, កាកបាទក្រហមមីយ៉ាន់ម៉ា, កាកបាទក្រហមហ្វីលីពីន, កាកបាទក្រហមសិង្ហបុរី, កាកបាទក្រហមថៃ, កាកបាទក្រហមទីម័រខាងកើត និងកាកបាទក្រហមវៀតណាម។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិភាក្សា ពិគ្រោះយោបល់ ស្វែងរកដំណោះស្រាយថ្មី ក្នុងវិស័យមនុស្សធម៌ និងដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការក្នុងចលនាអន្ដរជាតិ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

សូមជម្រាបថា មុនពិធីបើកកិច្ចប្រជុំនៅព្រឹកនេះ ក៏មានជំនួបសវនាការ រវាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងប្រធានប្រតិភូនៃសមាគមជាតិ ភូមិភាគអាស៊ីអាគ្នេយ៍ សហព័ន្ធអន្ដរជាតិ អាយ.ស៊ី.អរ.ស៊ី ផងដែរ។

គួររម្លឹកថា ក្នុងឱកាសកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ហើយក្នុងឱកាសនោះ កាកបាទក្រហមកម្ពុជា ក៏ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ផងដែរ ចាប់ពីថ្ងៃទី១៧-២០ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីសមាគមជាតិអឌ្ឍចន្ទក្រហមព្រុយណេ ធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២២។

ដូច្នេះមុនដំណើរការកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០នេះ ក៏បានរៀបចំវេទិកាយុវជនអាស៊ីអាគ្នេយ៍លើកទី២ ដែលមានប្រតិភូយុវជន មកពីសមាគមជាតិទាំង១១ និងមន្ត្រីសម្របសម្រួលមកពីសហព័ន្ធអន្តរជាតិ និងយុវជនកាកបាទក្រហមកម្ពុជា ជា អិល.អូ សរុប ៥៥នាក់។ វេទិកាយុវជននេះ បានផ្ដោតសំខាន់លើការកសាងសមត្ថភាពនៃការប្រាស្រ័យទាក់ទង និងដោះស្រាយបញ្ហារបស់យុវជន ដោយប្រើបច្ចេកវិទ្យាឌីជីថល និងវេទិកាផ្សេងៗ ដោយការអនុវត្តវិធីសាស្ត្រ ច្នៃរកដំណោះស្រាយថ្មី ក្នុងការងារមនុស្សធម៌៕








នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញបិទសមយុទ្ធសុខាពិបាល «ទេវតាសន្តិភាព ឆ្នាំ២០២៣» កម្ពុជា-ចិន

 នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសមយុទ្ធសុខាភិបាល កងយោធពលខេមរភូមិន្ទ ជាមួយ​កងទ័ពរំដោះប្រជាជនចិន ដែលមានឈ្មោះថា «ទេវតាសន្តិភាព ឆ្នាំ២០២៣» នា​បញ្ជាការដ្ឋាន​កង​ទ័ព​ពិសេស ​កងទ័ពជើងគោក ស្ថិតនៅសង្កាត់កំបូល ខណ្ឌកំពូល រាជធានីភ្នំពេញ។

សូមបញ្ជាក់ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិននេះ គឺបានធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់​ថ្ងៃ​ទី​២៦​ ខែកញ្ញាឆ្នាំ២០២៣នេះ ហើយការធ្វើនេះ គឺដើម្បីអបអរសាទរខួប លើកទី៦៥ឆ្នាំ នៃ​ការ​បង្កើត​ចំណង​ការ​ទូតរវាងកម្ពុជា-ចិន, ដើម្បីលើកកម្ពស់​សមត្ថភាព​,ការផ្លាស់ប្តូរ​បទ​ពិសោធន៍​ក្នុង​កិច្ច​សហប្រតិបត្តិការ​ផ្នែកសុខាភិបាល, ប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗ​ឲ្យ​ប្រកប​ដោយ​ប្រសិទ្ធ​ភាពជាដើម។

សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិនជា លើកដំបូង ផ្នែកសុខាភិបាលនេះ ភាគីទាំងពីរ​បាន​កំណត់​យក​ប្រធានបទ​ «ប្រតិបត្តិការសង្គ្រោះសុខាភិបាល មនុស្សធម៌អន្តរជាតិរួមគ្នា នៅតំបន់គ្រោះមហន្តរាយ ខ្យល់​ព្យុះ ​និងទឹកជំនន់ធ្ងន់ធ្ងរ»ជាដើម។ សមយុទ្ធនេះនឹងធ្វើនៅទីតាំងផ្សេងគ្នា ដោយ​ក្នុង​នោះ​នៅ​ទីកន្លែង​បញ្ជាការដ្ឋាន​ទ័ព​ពិសេស កងទ័ពជើងគោក(អតីតកងពលតូច 911) នៅមន្ទីរពេទ្យព្រះកេតុមាលា នៅ​ព្រលាន​យន្ត​ហោះយោធា និងនៅមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប។

ក្រៅពីធ្វើសមយុទ្ធសុខាភិបាលរួមគ្នាជាមួយកងទ័ពកម្ពុជានោះ កងទ័ពរំដោះប្រជាជនចិនក៏នឹង មាន​គម្រោង​ធ្វើ​កិច្ចការមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋខ្មែរផងដែរ ដោយកិច្ចការ​មនុស្សធម៌​នេះ​នឹង​ចុះ​ព្យាបាល​ជំងឺ​ដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ និង​នៅ​មន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប៕ 






កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ជូនដំណើរបំពេញបេសកកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូយ៉ក

  នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ជូនដំណើរបំពេញបេសកកម្មរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ អញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ​ឆ្នាំ២០២៣។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ មន្ត្រីសំខាន់ៗរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជនមួយចំនួនរបស់កម្ពុជា។

មូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»

ក្រសួងការបរទេស បានឱ្យដឹងថា ខ្លឹមសារនៃសន្ទរកថារបស់ សម្តេចធិបតី នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនឹងផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួន ៣ រួមមាន បរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)។ សម្តេចធិបតី ក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជនបរទេសមួយចំនួន ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក។

នៅអំឡុងពេលនៃកិច្ចប្រជុំខាងលើ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាថ្នាក់តំបន់និងអន្តរជាតិ រួមមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច (ECO) លើកទី១៥។ លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងគ្រោងជួបពិភាក្សាទ្វេភាគីដោយឡែកពីគ្នា ជាមួយសមភាគី មកពីបណ្តាប្រទេសនានាផងដែរ។

រយៈពេលប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីទទួលដំណឹងអំពី សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នោះ មានប្រជាពលរដ្ឋខ្មែររស់នៅបណ្តារដ្ឋនានា នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា បានប្រកាសស្វាគមន៍ និងសម្តែងការគាំទ្រជាខ្លាំង។ ពួកគេមានការពេញចិត្តចំពោះសម្តេចធិបតី ក្នុងការកាន់តំណែងជានាយករដ្ឋមន្រ្តីកម្ពុជា អាណត្តិទី៧នេះ៕





ទីស្តីការគណៈរដ្ឋមន្រ្តី ចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

(ភ្នំពេញ)៖ ទីស្តីការគណៈរដ្ឋមន្រ្តី ចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

កិច្ចប្រជុំបានធ្វើឡើងតាំងពីវេលាម៉ោងប្រមាណ៨ព្រឹក រហូតដល់វេលា ម៉ោង២រសៀល។








សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ អញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូវយ៉ក

 


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីអញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ មន្ត្រីសំខាន់ៗរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជនមួយចំនួនរបស់កម្ពុជា។

មូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»។

ក្រសួងការបរទេស បានឱ្យដឹងថា ខ្លឹមសារនៃសន្ទរកថារបស់ សម្តេចធិបតី នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនឹងផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួន ៣ រួមមាន បរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)។ សម្តេចធិបតី ក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជនបរទេសមួយចំនួន ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក។

នៅអំឡុងពេលនៃកិច្ចប្រជុំខាងលើ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាថ្នាក់តំបន់និងអន្តរជាតិ រួមមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច (ECO) លើកទី១៥។ លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងគ្រោងជួបពិភាក្សាទ្វេភាគីដោយឡែកពីគ្នា ជាមួយសមភាគី មកពីបណ្តាប្រទេសនានាផងដែរ។

រយៈពេលប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីទទួលដំណឹងអំពី សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នោះ មានប្រជាពលរដ្ឋខ្មែររស់នៅបណ្តារដ្ឋនានា នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា បានប្រកាសស្វាគមន៍ និងសម្តែងការគាំទ្រជាខ្លាំង។ ពួកគេមានការពេញចិត្តចំពោះសម្តេចធិបតី ក្នុងការកាន់តំណែងជានាយករដ្ឋមន្រ្តីកម្ពុជា អាណត្តិទី៧នេះ៕











សន្ទរកថានិងរបាយការណ៍ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រក្នុងពិធីអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក



សន្ទរកថានិងរបាយការណ៍ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្នុងពិធីអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលបានប្រារព្ធធ្វើឡើងនៅពហុកីឡដ្ឋានអូឡាំពិក នាល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងលោកជំទាវបណ្ឌិត៕