Thursday, September 21, 2023

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបើកកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលកាកបាទក្រហមកម្ពុជាធ្វើជាម្ចាស់ផ្ទះ

 សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខា។

កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ ដែលកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកាកបាទក្រហម និងអឌ្ឍចន្ទក្រហម មកពីភូមិភាគអាស៊ីអាគ្នេយ៍ សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, អាយ.ស៊ី.អរ.ស៊ី, កាកបាទក្រហម អឌ្ឍចន្ទក្រហមព្រុយណេ, កាកបាទក្រហមឥណ្ឌូនេស៊ី, កាកបាទក្រហមឡាវ, អឌ្ឍចន្ទក្រហមម៉ាឡេស៊ី, កាកបាទក្រហមមីយ៉ាន់ម៉ា, កាកបាទក្រហមហ្វីលីពីន, កាកបាទក្រហមសិង្ហបុរី, កាកបាទក្រហមថៃ, កាកបាទក្រហមទីម័រខាងកើត និងកាកបាទក្រហមវៀតណាម។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិភាក្សា ពិគ្រោះយោបល់ ស្វែងរកដំណោះស្រាយថ្មី ក្នុងវិស័យមនុស្សធម៌ និងដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការក្នុងចលនាអន្ដរជាតិ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

សូមជម្រាបថា មុនពិធីបើកកិច្ចប្រជុំនៅព្រឹកនេះ ក៏មានជំនួបសវនាការ រវាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងប្រធានប្រតិភូនៃសមាគមជាតិ ភូមិភាគអាស៊ីអាគ្នេយ៍ សហព័ន្ធអន្ដរជាតិ អាយ.ស៊ី.អរ.ស៊ី ផងដែរ។

គួររម្លឹកថា ក្នុងឱកាសកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ហើយក្នុងឱកាសនោះ កាកបាទក្រហមកម្ពុជា ក៏ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ផងដែរ ចាប់ពីថ្ងៃទី១៧-២០ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីសមាគមជាតិអឌ្ឍចន្ទក្រហមព្រុយណេ ធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២២។

ដូច្នេះមុនដំណើរការកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០នេះ ក៏បានរៀបចំវេទិកាយុវជនអាស៊ីអាគ្នេយ៍លើកទី២ ដែលមានប្រតិភូយុវជន មកពីសមាគមជាតិទាំង១១ និងមន្ត្រីសម្របសម្រួលមកពីសហព័ន្ធអន្តរជាតិ និងយុវជនកាកបាទក្រហមកម្ពុជា ជា អិល.អូ សរុប ៥៥នាក់។ វេទិកាយុវជននេះ បានផ្ដោតសំខាន់លើការកសាងសមត្ថភាពនៃការប្រាស្រ័យទាក់ទង និងដោះស្រាយបញ្ហារបស់យុវជន ដោយប្រើបច្ចេកវិទ្យាឌីជីថល និងវេទិកាផ្សេងៗ ដោយការអនុវត្តវិធីសាស្ត្រ ច្នៃរកដំណោះស្រាយថ្មី ក្នុងការងារមនុស្សធម៌៕








No comments:

Post a Comment