Monday, October 28, 2019

ពិធីសម្ពោធសមិទ្ធផលនានា នៅទីបញ្ជាការវរៈសេនាតូចលេខ២ ការពារព្រំដែន

ស្វាយរៀង៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅទីបញ្ជាការវរៈសេនាតូចលេខ២ ការពារព្រំដែន ខេត្តស្វាយរៀង ក្រោមអធិបតី ភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង។
លោកស្រី ម៉ែន សំអន បានមានប្រសាសន៍ថា តាមរយៈរបាយការណ៍ស្វាគមន៍របស់លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ដស្វាយរៀង និងរបាយការណ៍របស់នាយឧត្តមសេនីយ៍ ចៅ ភិរុណ សូមសម្ដែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះការវិវត្ដន៍ និងការរីក ចម្រើនដ៏គួរឱ្យកត់សម្គាល់របស់ខេត្ដស្វាយរៀង ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ ដែលកើតចេញពីការខិតខំប្រឹងប្រែង និងស្មារតីសាមគ្គីភាពរវាងថ្នាក់ដឹកនាំ មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃ ដោយមានការឧបត្ថម្ភគាំទ្រយ៉ាងស្មោះស្ម័គ្រពីប្រជាជនដែលបានខិតខំបំពេញការងារក្នុងរយៈកាលកន្លងមក។
លោកស្រី បានបន្តថា បច្ចុប្បន្នយើងបានកសាងប្រទេសពីបាតដៃទទេ ដោយខិតខំស្តារ និងកសាងឡើងវិញជាបណ្តើរៗនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាផ្លូវថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ និងវត្តអារាម។ល។ ជាក់ស្តែងនៅខេត្តស្វាយរៀង និងស្រុកស្វាយទាប យើងនេះជាភស្តុតាងជាក់ស្តែងស្រាប់។
តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់លោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន នៅដើមឆ្នាំ ១៩៩៩ បានអនុវត្តដោយជោគជ័យនូវដំណើរការសមាហរណកម្មអតីតតំបន់ត្រួតត្រាដោយខ្មែរក្រហម ចូលក្នុងសង្គមជាតិ និងធ្វើសន្តិភាវូបនីយកម្ម ប្រទេសជាតិទាំងមូល លើមូលដ្ឋានបង្រួបបង្រួមជាតិដែលបាននាំមកនូវសន្តិភាព ឯក ភាពជាតិនិងឯកភាពទឹកដីទាំងស្រុង៕












គណបក្សខ្មែររួបរួមជាតិ គាំទ្រវិធានការរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ចលនាក្រៅច្បាប់ញុះញង់ ប្រជាពលរដ្ឋឲ្យធ្លាក់ក្នុងគ្រោះថ្នាក់

គណបក្សខ្មែររួបរួមជាតិរបស់ លោក ញឹក ប៊ុនឆៃ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ បានបង្ហាញការគាំទ្រចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ ចលនាក្រៅច្បាប់ដែលដឹកនាំដោយ ទណ្ឌិត សម រង្ស៉ី ដើម្បីញុះញង់ បំផុស បំភាន់ ប្រជាពលរដ្ឋឲ្យធ្លាក់ក្នុងគ្រោះថ្នាក់ជាថ្មីម្តងទៀត។
តាមរយៈសេចក្តីប្រកាសរបស់ខ្លួន គណបក្សខ្មែររួបរួមជាតិ បានបញ្ជាក់៣ចំណុចដូចតទៅ៖
១៖ គណបក្សខ្មែររួបរួមជាតិវាយតម្លៃខ្ពស់ និងចាត់ទុកជាការត្រឹមត្រូវស្របច្បាប់ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងបង្ការបាតុភាពទាំងឡាយដែលបង្កដោយចលនាក្រៅច្បាប់ញុះញង់ បំផុស បំភាន់ ប្រជាពលរដ្ឋស្លូតត្រង់ឲ្យធ្លាក់ក្នុងគ្រោះថ្នាក់។ គណបក្សខ្មែររួបរួមជាតិ សូមគាំទ្រទាំងស្រុងនូវចំណាត់ការតាមផ្លូវច្បាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរក្សាសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ សន្តិភាព និងស្ថិរភាពនៅកម្ពុជា។
២៖ គណបក្សខ្មែររួបរួមជាតិ សូមអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋជនរួមជាតិ សូមកុំចាញ់កលឧបាយរបស់ក្រុមប្រឆាំងក្រៅច្បាប់ ដែលគ្មានអ្វីក្រៅពីនាំឲ្យប៉ះពាល់ដល់សុវត្ថិភាព និងជីវភាពផ្ទាល់ខ្លួន ដ៏ដូចជាធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សន្តិសុខ និងសង្គមជាតិ បង្កការរារាំងដល់ការអភិវឌ្ឍ។
៣៖ គណបក្សខ្មែររួបរួមជាតិ សូមចូលរួមជាមួយបងប្អូនជនរួមជាតិខ្មែរទាំងឡាយ ក្នុងការអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតព្រះទីប អកអំបុក សំពះព្រះខែ ដោយសេចក្តីសប្បាយរីករាយ តាមគន្លងប្រពៃណី ជាតិខ្មែរយើងតាំងពីបូរាណរៀងមក។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ស្ថាប័ន និងក្រសួងមានសមត្ថកិច្ច កំពុងមានចំណាត់ការលើ សមាជិកក្រុមឧទ្ទាមដែលដឹកនាំដោយ លោក សម រង្ស៉ី ដែលរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដោយក្នុងនោះ បានចាប់ខ្លួនជនពាក់ព័ន្ធជាបន្តបន្ទាប់។ ប៉ុន្តែទោះជាយ៉ាងនេះក្តីសម្រាប់អ្នកដែលសារភាព ក៏ត្រូវបានរួចផុតពីទោសផងដែរ៕

អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើស្ថានភាពបច្ចុប្បន្ននៅកម្ពុជាគួរឱ្យគេបារម្ភទេ?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា សព្វថ្ងៃបើនិយាយអំពីស្ថានភាពស្រុកទេស អ្វីដែលគេហៅថាថ្ងៃបដិវត្ដថ្មីដ៏មហិមារបស់ សម រង្ស៊ី ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ហាក់ដូចជានៅស្ងាត់ឈឹង គឺពុំមានអ្វីជាការឲ្យគេបារម្មណ៍នោះទេ។ ដោយគ្រាន់តែក្នុងស្ថានភាពនេះ មានទស្សនៈពីរបានចោទសួរគ្នាពីមាត់មួយទៅមាត់មួយតែប៉ុណ្ណោះជាអាទិ៍៖
ទស្សនៈទី១ ខាងមជ្ឃដ្ឋានអ្នកគំាទ្រពួកប្រឆំាងដែល សម រង្ស៊ី ជាមេខ្លោងទំាងក្នុងស្រុក ក៏ដូចជាអ្នករស់នៅក្រៅស្រុក នំាគ្នាស្រែកបន្ទរថាថ្ងៃទី៩ វិច្ឆិកានេះនឹងមានផ្ទុះការបះបោរយ៉ាងគគ្រឹកគគ្រេងអម សម រង្ស៊ី ចូលមកភ្នំពេញដើម្បីចាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ រីឯទស្សនៈ ទី២ អ្នកគំាទ្ររាជរដ្ឋាភិបាល ពិសេសគំាទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទំាងក្នុងស្រុកក៏ដូចជាអ្នករស់នៅក្រៅស្រុកផងដែរ បានប្រកាសអំពីវិធានការផ្លូវច្បាប់ជារៀងរាល់ថ្ងៃ ត្រៀមខ្លួនទូទំាងប្រទេសដើម្បីចាប់ខ្លួន សម រង្ស៊ី ទោះជាចូលមកតាមច្រកណាក៏ដោយដើម្បីឲ្យទទួលទោស។
ស្ថិតត្រង់ចំណុចនេះ បើយើងងាកក្រោយបន្ដិច ពិនិត្យមើលប្រវត្ដិសាស្រ្ដនៃការឈឺចាប់ប្រជាជាតិដ៏កំសត់ខ្មែរយើង គឺយើងច្បាស់ជាសួរថាហេតុអ្វីកម្ពុជាក៏កម្មអ្វីម៉្លេះ? សង្រ្គាមមិនចេះចប់ កម្ពុជាគឺទើបតែងើបផុតពីរបបប្រល័យពូជសាសន៍សោះ។ លោក រត្ន័ សណ្ដាប់ បានបន្ដថា បើដូច្នេះដោយសារតែការបែកបាក់ជាតិ ពិសេសរបបវាលពិឃាតនេះហើយ ទើបចូលដល់បរិបទថ្មី គឺក្ដីមេត្ដា អាណិតអាសូរខ្មែរ ពីសំណាក់ពិភពលោក បានញុំាងឲ្យមានកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ដែលបានចាប់បដិសន្ធិថ្ងៃទី២៣ តុលា ឆ្នំា១៩៩៣ គឺជាការសន្មត់របស់ភាគីខ្មែរអ្នកច្បំាងទំាង៤ក្រុមសំរេចចិត្ដរួបរួមគ្នាបញ្ចប់នូវការបង្ហូរឈាមគ្នា បញ្ចប់របបប្រល័យពូជសាសន៍ ឲ្យខ្មែរចេះស្រទ្បាញ់គ្នានេះឯង។
បើឈរលើកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ដែលពិភពលោកគេអាណិតអាសូរនេះ កម្ពុជាក៏បានហែលឆ្លង និងឆ្លងកាត់នូវព្រឹត្ដិការណ៍គួរឲ្យកត់សម្គាល់ជាច្រើនដំណាក់កាលទៀតពិសេសខាងនយោបាយដោយក្នុងនោះមាន៖ ទី១ ការបោះឆ្នោតសកលឆ្នាំ១៩៩៣ និងព្រឹត្ដិការណ៍ផ្ទុះអាវុធថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ រវាងក្រុមដែលបានអង្គុយចរចាគ្នានៅទីក្រុងប៉ារីសតែម្ដង។ លើកទី២ ការប្រទ្រួសប្រទ្រះគ្នា ក្រោយការបោះឆ្នោតសកលឆ្នាំ១៩៩៨ ដែលនៅតែមិនត្រូវគ្នារវាងក្រុមអតីតរដ្ឋកម្ពុជា និងក្រុមអ្នកតស៊ូក្រុមតស៊ូជាយដែនទៀត តែក៏មានការព្រមព្រៀងគ្នាបង្កើតរាជរដ្ឋាភិបាលចម្រុះថ្មីមួយ។ រីឯដំណាក់កាលទី៣ គឺព្រឹត្ដិការណ៍ក្រោយការបោះឆ្នោតឆ្នាំ២០០៣ ដោយក្រុមអ្នកតស៊ូជាយដែនមិនទទួលស្គាល់លទ្ធផលបោះឆ្នោតសកលទៀត តែក៏នៅតែមានការចរចាចេញរួចទៀត។ តែឆ្នាំ២០០៨ ក៏ឈានដល់បរិបទថ្មីមួយទៀត គឺក្រុមអ្នកតស៊ូជាយដែនរលាយសូន្យ ហើយមានការងើបឡើងនៃពួកប្រឆំាងគ្មានហេតុផលថ្មីមួយ ដែលមាន សម រង្ស៊ី និង កឹម សុខា ជាមេខ្លោង។ បន្ទាប់មកបានឈានដល់ព្រឹត្ដិការណ៍ដ៏ធំចុងក្រោយ គឺពួកប្រឆំាងថ្មីមួយនេះបានរួមផ្សំធាតុគ្នាប្រមូលសម្លេងឆ្នោតយកបាន៥៥អាសនៈ រីឯក្រុមអ្នកតស៊ូជាយដែន ដែលជាកម្លំាងស្នូលក្នុងការរុញចលនាសន្និសីទទីក្រុងប៉ារីស បានរលាយដូចអំបិលចាក់ចូលទន្លេចតុមុខ ជ្រាបចូលក្នុងទឹកយ៉ាងសូន្យឈឹង។
លោក រត្ន័ សណ្ដាប់ បានបន្ដថាស្ថិតក្នុងបរិបទនៃការងើបទ្បើងពួកប្រឆំាងថ្មីនេះ កម្ពុជាក៏ឈានចូលដល់បរិបទថ្មី គឺព្រឹត្ដិការណ៍ «បដិវត្ដពណ៌»។ ពួកអ្នកគំាទ្រជំនោរពួកប្រឆំាងថ្មីរាប់ម៉ឺននាក់ ងើបទ្បើងជ្រួលជ្រើមធ្វើបាតុកម្មពេញទីក្រុងភ្នំពេញ ទាមទារដោយសង្ខើញ «ហ៊ុន សែន អើយចុះចេញទៅៗ»។ ក្នុងនោះ ដល់នាទីចុងក្រោយ ពួកប្រឆំាងថ្មីនេះបាននំាគ្នាទៅស្បថនៅអង្គរវត្ដ រីឯគណបក្សប្រជាជនកម្ពុជា ដែលបានទទួលអាសនៈ៦៨ បាននំាគ្នាស្បថនៅព្រះបរមរាជវំាង។ បន្ទាប់មកក៏មានការចរចាគ្នាបានត្រឹមតែ កឹម សុខា បានទទួលតំណែងអនុប្រធានទី១រដ្ឋសភា។ ខុសកាលពីក្រុមអ្នកតស៊ូជាយដែនមុនដែលពួកគេទាមទាររហូត ដល់តួនាទីប្រធានរដ្ឋសភា តួនាទីក្នុងរដ្ឋាភិបាល មានឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាគ្រប់ក្រសួង។ កាន់តែទ្បឺកឺជាងនេះទៅទៀត ពួកប្រឆំាងថ្មីនេះបានចាប់ផ្ដើមចាង ហ៊ានក្អេងក្អាងពាសពេញមូលដ្ឋានទូទំាងប្រទេស បំបះបំបោរប្រជាជនឲ្យចេះបែងចែកខ្មែរគ្នាឯងឲ្យមានបេះដូងកំហឹងគុំគួនក្នុងនោះមានការបង្កចលាចលបង្កសកម្មភាពខុសច្បាប់នានារាប់មិនអស់ ទើបឈានដល់ការរំលាយពួកប្រឆំាងថ្មីមួយនេះជាស្ថាពរ!
ជាសរុបលោក រត្ន័ សណ្ដាប់ បានបញ្ជាក់ថា បើដូចនេះចំពោះទង្វើខុសច្បាប់របស់ពួកប្រឆំាងថ្មី ឈានដល់ការរលាយសូន្យសុង ហើយស្រែកប្រកូកប្រកាសពីក្រៅប្រទេស ដោយរត់ទៅរកសន្ធិសញ្ញាទីក្រុងប៉ារីសគឺជាការគួរឲ្យខ្មាស់អន្ដរជាតិ! គួរឲ្យខ្មាស់ប្រទេសដែលធ្លាប់ជួយក្រុមអ្នកតស៊ូជាយដែនឲ្យបានចូលស្រុកនាឆ្នាំ១៩៩៣ទៅវិញទេ។ បើដូច្នេះថ្ងៃទី៩ វិច្ឆិកាខាងមុខគឺជាថ្ងៃខ្មោចលង ជាថ្ងៃ«រាត្រីឆ្កែលូ» យ៉ាងដូច្នេះឯង៕

ប្រធានាធិបតីហុងគ្រី និងភរិយា ចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងបំពាក់កម្រងផ្កានៅវិមានឯករាជ្យ

បន្ទាប់ពីចូលគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ នៅព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងភរិយា បានបន្តចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ និងបំពាក់កម្រងផ្កានៅវិមានឯករាជ្យ។ ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងភរិយា បានអញ្ជើញមកដល់កម្ពុជាហើយ នៅយប់ថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែតុលា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។
តាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកប្រធានាធិបតី នឹងទទួលការចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ចំពោះលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។ លោកប្រធានាធិបតីហុងគ្រី នឹងមានជំនួបពិភាក្សាការងារជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលនៅក្នុងជំនួបនោះ កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួមនឹងត្រូវបានលើកយកមកពិភាក្សា។ ក្រៅពីនេះលោកប្រធានាធិបតី និងភរិយា នឹងអញ្ជើញទៅទស្សនាប្រាសាទនានា នៅក្នុងឧទ្យានអង្គរ និងកន្លែងសំខាន់ៗមួយចំនួន នៅក្នុងខេត្តសៀមរាប។
ក្រសួងការបរទេស បានបញ្ជាក់ថា ទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងមកកាន់កម្ពុជារបស់លោក យ៉ាណូស អាឌ័រ មកកាន់កម្ពុជា នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ហុងគ្រី ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ក៏ដូចជាបង្កើនវិសាលភាពនិងជម្រៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា កាលពីអំឡុងទស្សនកិច្ចនៅប្រទេសហុងគ្រី កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកប្រធានាធិបតីហុងគ្រី Janos Ader ផងដែរ។ ក្នុងជំនួបនោះ លោក ហ៊ុន សែន បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងហុងគ្រី។ លោក បានថ្លែងអំណរគុណដល់ប្រធានាធិបតីហុងគ្រី ហើយរង់ចាំទទួលស្វាគមន៍លោកប្រធានាធិបតីប្រកបដោយភាពកក់ក្តៅ៕







Video៖ សារនៅក្នុងFacebook Page របស់លោក ស ខេង

Video៖ សមាជិកអតីត CNRP ១០នាក់ទៀត នៅខេត្តបាត់ដំបងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ដោយសារមិនចង់ពាក់ព័ន្ធនឹងរដ្ឋប្រហាររបស់ទណ្ឌិត សម រង្ស៊ី

សមាជិកអតីត CNRP ១០នាក់ទៀត នៅខេត្តបាត់ដំបងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ដោយសារមិនចង់ពាក់ព័ន្ធនឹងរដ្ឋប្រហាររបស់ទណ្ឌិត សម រង្ស៊ី

អតីតសមាជិក នៃអតីតគណបក្សសង្រ្គោះជាតិ ១០នាក់ទៀត នៅខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០១៩ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែ មិនចង់ពាក់ព័ន្ធជាមួយនឹងសកម្មភាពរបស់ ទណ្ឌិត សម រង្ស៉ី ដែលរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងប្រមាថព្រះមហាក្សត្រ។
សមាជិកអតីត CNRP មាន៨រូប នៅស្រុកបាណន់ ខេត្តបាត់ដំបង និង ២រូប នៅស្រុកសំពៅលូន ដែលរួមមាន៖
១៖ លោក ហួន ចន្ថា រស់នៅភូមិពាក់ស្បែក ឃុំស្នឹង
២៖ លោក ហាយ សុភាព
៣៖ អ្នកស្រី វ៉ាត់ ចាន់ដេត
៤៖ អ្នកស្រី អ៊ុក ស្រីម៉ុម
៥៖ លោក វ៉ាន់ ស៊ន
៦៖ លោក ប៉ែល តឿ
៧៖ អ្នកស្រី ទិន ហុង
៨៖ អ្នកស្រី ហួម ហ៊ុ
៩៖ លោក អ៊ឹម យឿន
១០៖ លោក អ៊ុង វណ្ណា
សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ជាមួយនឹងការប្រកាសនេះ លោក បានអំពាវនាវ និងប្រកាសផ្តល់ថវិកាលើកទឹកចិត្ត ឱ្យកងទ័ពផ្តាច់ខ្លួនហើយប្រឆាំងនឹងរាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវឱ្យព្រះមហាក្សត្រដាក់រាជ្យថែមទៀតផង៕



អតីតប្រធានគណបក្សឃុំអង្គកែវ របស់អតីតគណបក្សសង្គ្រោះជាតិ សម្រេចចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា

តាកែវ ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៩ លោក មូល ប៊យ អតីតប្រធានគណបក្សឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ របស់អតីតគណបក្សសង្គ្រោះជាតិ បានសម្រេចចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយមានពិធីប្រកាសបញ្ចូលជាផ្លូវការក្រោមអធិបតីភាពលោក សុខ ផេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង និងលោក សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកទ្រាំង។
ក្នុងពិធីនោះ គណៈអធិបតីបានថ្លែងអំណរគុណចំពោះលោក មូល ប៊យ ដែលបានសម្រេចចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាការពារសន្តិភាពស្ថេរភាព និងការអភិវឌ្ឍន៍។
លោក បន្តថានេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះថាមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលតែងតែនៅក្បែប្រជាពលរដ្ឋរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ហើយខិតខំពុះពារនាំយកនូវសន្តិភាពពេញលេញទូទាំងប្រទេសជូនប្រជាពលរដ្ឋ។
ជាមួយគ្នានោះ លោក សុខ ផេង ក៏បានផ្តាំផ្ញើដល់សមាជិកគណបក្សទាំងអស់ត្រូវរួមរួបសាមគ្គីគ្នាបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ ហើយប្តេជ្ញាដាច់ខាតការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញមិនឱ្យក្រុមឧទ្ទាមក្បត់ជាតិផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បានឡើយ៕



លោក ហ៊ុន ម៉ាណែត៖ ខ្មែរខ្លាំងមិនអាស្រ័យលើក្រុមហ៊ុនបរទេសខ្លាំងទេ គឺអាស្រ័យលើក្រុមហ៊ុនខ្មែរខ្លាំង

លោក ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ប្រទេសកម្ពុជារីកចម្រើន ក្រុមហ៊ុនត្រូវតែរីកចម្រើន សក្តានុពលរបស់យើងគឺត្រូវរីកចម្រើន។ ខ្មែរខ្លាំងមិនអាស្រ័យទៅលើក្រុមហ៊ុនបរទេស ខ្លាំងនោះទេ គឺអាស្រ័យលើក្រុមហ៊ុនខ្មែរខ្លាំង។
ការលើកឡើងបែបនេះរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងកម្មវិធី រាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2019 ដែលរៀបចំឡើងនៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។ កម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2019 ក៏មានការចូលរួមពីលោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល, លោក អោម សេងបូរ៉ា ស្ថាបនិក CEO master club និងវិទ្យាស្ថានស៊ីអ៊ីអូ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។
លោក ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «វិស័យឯកជនខ្មែរខ្លាំងជាកត្តាមួយ ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចខ្មែរពិត ព្រោះថា ក្រុមហ៊ុនខ្មែរមិនលើកក្រុមហ៊ុនទៅណាទេ ព្រោះជាប្រទេស របស់យើងផ្ទុយពី ការវិនិយោគរបស់បរទេសគេអាចលើកទៅប្រទេសផ្សេង ប៉ុន្តែកម្ពុជាទោះបីមានលទ្ធភាពពង្រីកទៅប្រទេសផ្សេង ក៏មិនចោលមូលដ្ឋានប្រទេសកំណើតដែរ ព្រោះគ្រប់វិស័យខ្មែរត្រូវតែរឹងមាំម្ចាស់ការលើខ្លួនឯង»។
លោកបានថ្លែងបន្ដថា ប្រទេសជាតិយើងរីកចម្រើនបានដោយសារប្រទេសមានប្រជាជនខ្លាំង មានប្រជាជនដែលមានចំណេះដឹង សមត្ថភាព និងការទទួលខុសត្រូវខ្ពស់ និងការថែរក្សាសុខសន្តិភាព ស្ថេរភាព និងការលើកស្ទួយសេដ្ឋកិច្ច ក្នុងនោះវិស័យឯកជនមានសារៈសំខាន់សំខាន់ ជាមួយនិងវិស័យរដ្ឋ និងវិស័យផ្សេងៗទៀត ក្នុងក្របខណ្ឌទីផ្សារសេរី ដែលរាជរដ្ឋាភិបាលមានតួនាទីជំរុញ ឲ្យវិស័យឯកជនខ្លាំង តាមរយៈការពង្រឹងផ្នែកច្បាប់ និងការដោះស្រាយវិវាទផ្សេងៗ លើកទឹកចិត្ត និងមានប្រព័ន្ធការងារ ដើម្បីឲ្យវិស័យឯកជនរីកចម្រើន។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា ការវាស់ស្ទង់នៃការរីកចម្រើនរបស់ក្រុមហ៊ុននីមួយៗ គឺមិនខុសពីប្រទេសជាតិនោះទេ យើងមើលចំណុចពីរទី១ កំណើនដែលផ្ដោតលើតួលេខ និងលទ្ធផល និងទី២ កម្រិតនៃការអភិវឌ្ឍដែលផ្តោតលើកត្តាពីរសំខាន់គឺ កត្តាមនុស្ស និងកត្តារបៀបរបបការងារ ដែលជាកត្តាសំខាន់ក្នុងការធានានិរន្តរភាពចីរភាព នៃការរីកចម្រើនរបស់ក្រុមហ៊ុន របស់វិស័យឯកជន និងរបស់ប្រទេសជាតិ។
លោកបានបញ្ជាក់ថា ក្រុមហ៊ុនត្រូវការបុគ្គលិកដែលមានសុខភាព សមត្ថភាព ចំណេះដឹង និងការទទួលខុសត្រូវ និងប្រធានក្រុមហ៊ុនដែលមានសមត្ថភាព និងសីលវិធីក្នុងការដឹកនាំ ដែលធ្វើឲ្យក្រុមហ៊ុនជោគជ័យ និងរួមគ្នាដើម្បីឲ្យវិស័យឯកជនជោគជ័យ វិស័យឯកជនជោគជ័យធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសយើងជោគជ័យ។ នេះគឺជាមូលដ្ឋានសំខាន់ និងជាការចូលរួមចំណែករបស់ CEO Master Club និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទាំងអស់។
លោកបានឲ្យដឹងថា ជាការពិតប្រទេសអភិវឌ្ឍនៅលើសកលលោក ដែលមានការរីកចម្រើនខ្លាំង ផ្នែកសេដ្ឋកិច្ចគឺប្រទេសទាំងនោះសម្បូរ ដោយសហគ្រិនមានសមត្ថភាពពូកែ អាចដឹកនាំគ្រប់គ្រង ចាត់ចែងអាជីវកម្មរបស់ពួកគេ ជាលក្ខណៈស្តង់ដារជាតិ និងអាចស្រូបយកប្រាក់ចំណេញពី គ្រប់ទិសទីនៅក្នុងពិភពលោកចូលក្នុងប្រទេសរបស់ពួកគេ ដែលធ្វើឲ្យសេដ្ឋកិច្ចជាតិមានភាពរឹងមាំ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ត្រង់ចំណុចនេះខ្ញុំកត់សម្គាល់ចំពោះ តួនាទីរបស់សហគ្រិន ក្នុងការចូលរួមចំណែក ការកសាងស្ថាបនាសេដ្ឋកិច្ចជាតិ ឲ្យមានភាពរឹងមាំរីកចម្រើន និងសូមឯកភាពទស្សនៈ របស់លោក អោម សេងបូរ៉ា ក្នុងអត្ថន័យថាសហគ្រិនជាបុគ្គលស្នេហាជាតិ ដែលមានបេសកកម្មឧត្តុង្គឧត្តមក្នុងការកសាង និងអភិវឌ្ឍជាតិលើគ្រប់វិស័យ តាមរយ:ការចូលរួមផ្គត់ផ្គង់ផលិតផល និងសេវាកម្មតាមសេចក្តីត្រូវការរបស់សង្គម ការបង្កើតការងារជូនប្រជាពលរដ្ឋ ការចូលរួមកសាងធនធានមនុស្ស និងការចូលរួមបង្កើនចំណូលថវិកាជាតិ»។
លោកបានបន្ដថា «រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូពិតប្រាកដ ក្នុងការអភិវឌ្ឍប្រទេស។ វឌ្ឍនភាពរបស់វិស័យឯកជន ជាវឌ្ឍនភាពរួមរបស់ប្រទេសជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនឹងកង្វល់ធំៗ លើវិស័យឯកជនក៏ដូចជាជំរុញ សក្តានុពល ចីរភាពនៃកំណើន និងភាពរឹងមាំនៃដំណើរការពេលវែងខាងមុខរបស់កម្ពុជា»។
លោកបណ្ឌិត សុក ស៊ីផាន់ណា បានថ្លែងឲ្យដឹងថា ក្នុងបរិបទនៃប្រទេសកម្ពុជាបច្ចុប្បន្ននេះ ឃើញថាការវិត្តន៍របស់សហគ្រិន ក្នុងប្រទេសយើងនេះមានកំលាំងល្បឿន និងឥទ្ធិពលខ្លាំង។ នៅក្នុងតំបន់អាស៊ីជាតំបន់ដែលមានសុខសន្ដិភាព និងជាតំបន់មួយដែលមានសេដ្ឋកិច្ចខ្លាំង នេះជាកត្តាមួយដើម្បីផ្ដល់ឱកាសឲ្យអ្នកទាំងអស់ ដែលជាសហគ្រិនអាចមានឱកាស មានឥទ្ធិពល, មានចក្ខុវិស័យចេញទៅខាងមុខបន្ថែមទៀត។
លោក អោម សេង បូរ៉ា បានថ្លែងថា បើយើងទាំងអស់គ្នាចង់ឲ្យកម្ពុជា ក្លាយជាប្រទេសអ្នកមានឆាប់រហ័ស ដាច់ខាតត្រូវតែជួយកសាងសមត្ថភាព និងជ្រោមជ្រែងសហគ្រិន នៅក្នុងស្រុកឲ្យមានភាពរឹងមាំ ព្រោះសហគ្រិនបានបង្កើតផលិតផលសេវាកម្ម ឆ្លើយតបតម្រូវការរបស់សង្គមជាតិ, សហគ្រិនបានបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋបានច្រើន, សហគ្រិនបានចូលរួមចំណែក កសាងគុណភាពធនធានមនុស្សច្រើន និងបានចូលរួមបង្កើនចំណូលពន្ធជូនរដ្ឋបានច្រើន ដែលទាំងនេះបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនឆាប់រហ័ស និងរឹងមាំ យូរអង្វែង។
សូមជម្រាបថា កម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2019 ជាព្រឹត្តិការណ៍ដែលរៀបចំឡើង ក្នុងគោលបំណង៖ លើកកម្ពស់សហគ្រិនភាពនៅកម្ពុជាឱ្យកាន់តែខ្លាំង ក្នុងការចូលរួមចំណែកកសាងសេដ្ឋកិច្ច ក្នុងស្រុកឱ្យកាន់តែរឹងមាំ,ពង្រីកទំនាក់ទំនងធុរកិច្ចដោះដូរពាណិជ្ជកម្ម ក្នុងចំណោមសហគ្រិនកម្ពុជា ឱ្យកាន់តែទូលំទូលាយ និងបង្កើនទំនាក់ទំនង គាំទ្រជាមួយស្ថាប័នពាក់ព័ន្ធទាំងឡាយឱ្យកាន់តែខ្លាំង, លើកទឹកចិត្ត និងលើកកេរ្តិ៍ឈ្មោះសមាជិកគ្រួសារ CEO Master Club ដែលបានខិតខំប្រឹងប្រែងកសាងសមត្ថភាពរបស់ខ្លួន ក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពី លក្ខណៈគ្រួសារទៅស្តង់ដារ តាមរយៈការផ្តល់ជូន Master CEO Award, លើកទឹកចិត្ត និងលើកកេរ្តិ៍ឈ្មោះសហគ្រិនឆ្នើមរបស់ CEO Master Club ដែលបានបង្ហាញពី លទ្ធផលនៃការរីកចម្រើនអាជីវកម្មរបស់ខ្លួន គួរឱ្យកត់សម្គាល់បន្ទាប់ពីបានអនុវត្តនូវរបៀបរបប ក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពី លក្ខណៈគ្រួសារទៅស្តង់ដារ តាមរយៈការផ្តល់ជូន Outstanding CEO Award ៕