Saturday, June 10, 2023

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា និងពិសារអាហារសាមគ្គី

 សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់

ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមក្នុងពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកកម្ពុជា។ ខ្ញុំសូមអបអរសារទរចំពោះសមាគមឧកញ៉ាកម្ពុជា ដែលត្រូវបានបង្កើតឡើង និងសូមកោតសរសើរដល់ អ្នកឧកញ៉ា លី យ៉ុងផាត់ ស្ថាបនិក និងជាប្រធានសមាគមឧកញ៉ាកម្ពុជា ដែលបានផ្ដួចផ្ដើមគំនិតក្នុងការបង្កើតសមាគមនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់សមាគម​ឧកញ៉ា​កម្ពុជាផងដែរ ដែលបានស្នើរូបខ្ញុំជាប្រធានកិត្តិយស និងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលចំនួន៤រូបជាអនុប្រធានកិត្តិយស។

មុននេះបន្តិច អ្នកឧកញ៉ា លី យ៉ុងផាត់ បានជម្រាបរួចហើយអំពីសាវតារនៃគោរមងារ “ឧកញ៉ា” ដែល​​ត្រូវបានប្រើប្រាស់តាំងពីសម័យបរមបូរាណមកម៉្លេះ។ រហូតមកដល់បច្ចុប្បន្ននេះ ក្នុងយុគសម័យសេដ្ឋកិច្ចទីផ្សារសេរី គោរមងារ “ឧកញ៉ា” ​ត្រូវបាន​ប្រើប្រាស់ឡើងវិញក្នុងសង្គមខ្មែរ ដែលជាគោរមងារដ៏ខ្ពង់ខ្ពស់ប្រទាន​ដោយព្រះមហាក្សត្រតាម​រយៈព្រះរាជក្រឹត្យ ជូនដល់ប្រជាពលរដ្ឋខ្មែរដែលមានស្នាដៃក្នុងការអភិវឌ្ឍ និងការកសាងជាតិ។ ដោយឃើញមានការចូលរួមចំណែករបស់ឧកញ៉ាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចយើង និងការកើនឡើង​ជាបន្តបន្ទាប់នៃចំនួនឧកញ៉ា ក៏ដូចជាដើម្បីលើកតម្កើងកិត្តិនាមថ្មីនៃឧកញ៉ាក្នុងសម័យសន្តិភាពនេះ កាលពី​​​ពីរឆ្នាំមុន​ ខ្ញុំបានផ្តល់ការណែនាំឱ្យមានការរៀបចំបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា, ការផ្តល់គោរមងារឧកញ៉ា, និងការដកហូតគោរមងារឧកញ៉ា សំដៅរក្សាបាននូវកិត្យានុភាព សាមគ្គីធម៌ និងគុណធម៌ក្នុងគោរមងារជាឧកញ៉ា។

{ផ្ដើមសេចក្ដីអធិប្បាយ}

សម្ដេច ឧកញ៉ា អស់លោក អ្នកនាងកញ្ញា ជាទីមេត្រី!
ម្សិលមិញនេះ ព្រះរាជក្រឹត្យទាក់ទងជាមួយនឹងគោរមងារ ឧកញ៉ានេះ បានទៅដល់តុរបស់ខ្ញុំរួចស្រេចទៅហើយ។ ប៉ុន្ដែខ្ញុំបានស្នើសម្ដេច ក្រឡាហោម ស ខេង ដែលបានដឹកនាំរៀបចំនូវពង្រាងព្រះរាជក្រឹត្យ លិខិតបទដ្ឋានគតិយុត្ដក្នុងការគ្រប់គ្រងនេះ កែសំរួលមាត្រាចំនួន៣ និងអាចមានមានមាត្រាខ្លះទៀត។ ខ្ញុំចង់ជម្រាបជូនថា តាមការស្រាវជ្រាវ ខ្ញុំក៏ទើបតែដឹងពីម្សិលមិញនេះដែរ ឧកញ៉ា នៅប្រទេសយើងមិនមែនមានត្រឹមតែ២ ថ្នាក់ ដូចបច្ចុប្បន្នទេ។ បច្ចុប្បន្នយើងមាន ឧកញ៉ា និង អ្នកឧកញ៉ា។ ពីអតីតកាល យើងមានដល់ទៅ៣ ថ្នាក់ ឯណោះ គឺ ឧកញ៉ា អ្នកឧកញ៉ា និងលោកឧកញ៉ា។ ជាសក្ខីភាព មានព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះមហាក្សត្រ ដែលបានឡាយព្រះហស្ថលេខាទៅលើក្រឹត្យដែលព្រះរាជទានគោរមងារសំរាប់តែងតាំងលោក យមរាជ ជាលោកអ្នកឧកញ៉ា មានឋានៈស្មើអគ្គរាជទូត។ ព្រះរាជក្រឹត្យនេះចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៨៦?? នេះជាព្រះរាជក្រឹត្យដែលព្រះមហាក្សត្រព្រះរាជទាន(គោរមងារ) ដែលសម្ដេច ស ខេង បានផ្ដល់ឲ្យខ្ញុំ។

យោងតាមព្រះរាជក្រឹត្យនោះទៀតសោត នៅថ្ងៃខាងមុខ ពេលជួបគ្នា យើងនឹងមានឯកសណ្ឋានសំរាប់ឧកញ៉ារបស់យើង។ អ្វីដែលយើងត្រូវកែសំរួលនៅត្រង់ថា តើយើងដាក់ស្ថាប័នណាគ្រប់គ្រង? តាមពង្រាងថ្មីនេះ បានដាក់ឲ្យក្រសួងមហាផ្ទៃធ្វើការលើកសំណើនិងធ្វើការគ្រប់គ្រង។ ប៉ុន្ដែក្របខណ្ឌដើម ពីមុនមករហូតមកដល់ពេលនេះ គឺស្ថិតនៅទីស្ដីការគណៈរដ្ឋមន្ដ្រីឯណោះ។ នៅទីនោះមានទាំងនាយកដ្ឋានសំរាប់ការវាយតម្លៃគ្រឿងឥស្សរិយសនិងការវាយតម្លៃអំពីអស្សរជនដែលមានស្នាដៃ។ ដូច្នេះហើយបានជាខ្ញុំប្រគល់ឲ្យសម្ដេចក្រឡាហោម ស ខេង រៀបចំកែសំរួលមាត្រា ៤ ៨ ៩ និងមាត្រាមួយទៀតដែលខ្ញុំមិនចាំដែលពាក់ព័ន្ធ ហើយរក្សាសមត្ថកិច្ចឲ្យនៅដដែល ដើម្បីឲ្យមានសង្គតិភាពលើកិច្ចការក្នុងរយៈពេលកន្លងទៅ។

អញ្ចឹងប្រសិនបើសម្ដេចក្រឡាហោម ស ខេង ដឹកនាំកែសំរួល មិនយូរប៉ុន្មានទេ ព្រះរាជក្រឹត្យនេះនឹងចេញ។ ពេលដែលព្រះរាជក្រឹត្យចេញ ខ្ញុំសូមស្នើ អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលជាប្រធានលើកសំ​ណើតែងតាំងមួយចំនួនមុនសំរាប់ថ្នាក់លោកឧកញ៉ា ដែលជាគោរមងារខ្ពស់ក្នុងចំណោមគោរមងារទាំងបី … ការយកវិធានការបែបនេះ ព្រោះថាស្ថាប័នច្រើនដែលមានការពាក់ព័ន្ធ ស្ថាប័នខ្លះ សប្បុរសជនខ្លះបានជួយនៅកម្រិតថ្នាក់ជាតិ ដូចជាវិស័យការពារជាតិ សុខាភិបាល។ ដូច្នេះវាមានការចាំបាច់ស្នើទៅកាន់នាយករដ្ឋមន្ដ្រី។ រដ្ឋមន្ដ្រីមានសិទ្ធិស្នើទៅកាន់នាយករដ្ឋមន្ដ្រី ប៉ុន្ដែត្រូវឆ្លងការវាយតម្លៃពី សេនាធិការរបស់រាជរដ្ឋាភិបាលសំរាប់ការផ្ដល់គោរមងារ នៅទីស្ដីការគណៈមន្ដ្រីដែលមានយន្ដការហើយស្រេច។

នេះជាការបញ្ជាក់បន្ថែមថាព្រះរាជក្រឹត្យនេះបានរៀបចំរួចហើយ។ ម្សិលមិញខ្ញុំបានពិនិត្យរហូតដល់ជិតម៉ោងមួយថ្ងៃបន្ទាប់ពីបានវិលត្រឡប់ពីខេត្តកំពង់ឆ្នាំង។ ខ្ញុំក៏បានពិភាក្សាឯកភាពជាមួយសម្ដេចក្រឡាហោម ថានឹងប្រគល់ការងារនេះទៅកាន់ទីស្ដីការគណៈរដ្ឋមន្ដ្រីដែលមានយន្ដការហើយស្រាប់នៅទីនោះ។ ឥលូវនេះ(ទីស្ដីការ)មាននាយកដ្ឋានគ្រឿងឥស្សរិយសនិងគណៈកម្មាការវាយតម្លៃ។ គេអាចបង្កើតឲ្យមានអគ្គនាយកដ្ឋានមួយដើម្បីធ្វើកិច្ចការវាយតម្លៃគ្រឿងឥស្សរិយសនិងថ្នាក់ឧកញ៉ាជាដើម ដើម្បីមានសង្គតិភាពជាមួយការរីកលូតលាស់នៃសង្គមខ្មែរ ដែលមានអ្នកចូលរួមកាន់តែច្រើនសំរាប់វិស័យមនុស្សធម៌ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាការរួមចំណែកនានាដែលសក្ដិសមនឹងទទួលបាននូវកិត្តិយស ដែលជាឧកញ៉ា អ្នកឧកញ៉ា ឬលោកឧកញ៉ា។

{បញ្ចប់សេចក្ដីអធិប្បាយ}

ខ្ញុំក៏សូមបញ្ជាក់ផងដែរថា ការបង្កើតសមាគមឧកញ៉ាកម្ពុជា និងការតែងតាំងគោរមងារឧកញ៉ា
ពុំមែនជាការចងក្រងខ្សែបណ្តាញបក្សពួក និងការផ្តល់ជូនបុព្វសិទ្ធិពិសេសសម្រាប់បុគ្គល ឬក្រុមណាមួយ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ពោលគឺទាំងសមាគមនេះ និងបណ្តាឧកញ៉ាទាំងអស់​ត្រូវតែគោរពប្រតិបត្តិតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា​នៃព្រះរាជាណាចក្រកម្ពុជាជាធរមាន ដើម្បីធានាបញ្ចៀស​ឱ្យបាននូវបាតុភាពអសកម្ម និងរូបភាពឆ្គាំឆ្គងដោយប្រការណាមួយ ដែលបង្កនូវភាពថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋយើង។

ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណយ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​វិស័យ​ឯកជន ជា​ពិសេស​​​អ្នកឧកញ៉ា និងឧកញ៉ា ដែលជានិច្ចកាល​តែងតែចូលរួ​ម​ក្នុង​សកម្មភាពសង្គមនានា
​ដូចជា សកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ ជាពិសេស​ក្នុងអំឡុង​ពេល​នៃ​ការរីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។ ខ្ញុំបាន​កត់សម្គាល់ឃើញថា រាល់សេចក្ដីអំពាវនាវទាំងឡាយរប​ស់រាជរដ្ឋាភិបាល ជារឿយៗ​​តែងតែ​មាន​ការ​គាំទ្រ និងចូលរួ​មយ៉ាង​សកម្មពីសំណាក់​វិស័យឯកជន​ តាមរយៈការបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ការចូលរួមឧបត្ថម្ភក្នុងការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ យុទ្ធនាការស្រោចវ៉ាក់សាំង និងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជាជាដើម ដូចដែល​ អ្នកឧកញ៉ា លី យ៉ុងផាត់ បានលើកឡើងពីខាងដើមមុននេះ។​

បន្ថែមលើនេះ វិស័យឯកជ​ន​ក៏បាន​ចូលរួម​យ៉ាង​ពេញទំហឹងក្នុងការ​ស្តារ និងអភិវឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន​ដូចជា​ ផ្លូវថ្នល់ ស្ពាន សាលា​រៀន​​ មន្ទីរពេទ្យ និងវត្តអារាម ​ជាដើម ដែលបានលើក​កម្ពស់​សុខុមាល​ភាពសង្គមជូន​ប្រជា​ពលរដ្ឋ​​កម្ពុជា។ ជាក់ស្ដែង កាលពីថ្មីៗនេះ កម្ពុជា​សម្រេច​បានជាស្ថាពរនូវការសាងសង់អគារមជ្ឈមណ្ឌលពហុឯកទេស “អគារតេជោអភិវឌ្ឍន៍” នៃមន្ទីរពេទ្យកាល់ម៉ែត ដែលមានខ្ទង់ចំណាយ​សរុប​ប្រមាណ​ ៨២លាន​ដុល្លារអាមេរិក។ ក្នុង​ចំណោម​​ថវិកាវិភាគទាន ដែល យើងទទួលបាន ថវិកាវិភាគទានពីសប្បុរសជនឯកជនចំនួនជាង ២០០នាក់ សរុប​​ជាទឹកប្រាក់ប្រមាណ ៧៥លានដុល្លារអាម៉េរិក ក្នុងនោះគ្រាន់​តែសប្បុរសជនជាង១០នាក់ បាន​ឧបត្ថម្ភក្នុងម្នាក់​ៗ៣លានដុល្លារ​​អាមេរិក គឺយើងទទួល​បានជាង​៣០លាន​ដុល្លារ​​អាមេរិក​ទៅ​ហើយ។ សកម្មភាព ទាំងអស់នេះ​ស្ដែង​ចេញ​ឱ្យ​ឃើញ​នូ​វ​វប្បធម៌​ចែក​រំលែក​ ទឹកចិត្ត​សប្បុរសធម៌ ស្មារតីសាមគ្គីភាព និងភាតរភាពក្នុងនាមជាខ្មែរដូ​ច​គ្នា។

ក្រៅពីវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តខាងលើ អ្នកឧកញ៉ា និងឧកញ៉ាតំណាងវិស័យឯកជនបានដើរតួនាទីជាសារវន្តក្នុងការលើកស្ទួយការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលជំនាញដល់បញ្ញវ័ន្ត សិស្សនិស្សិត និងកម្មក/រការិនីខ្មែររាប់លាននាក់ ផងដែរ។ ជាក់ស្តែង ក្នុងផ្នែកអប់រំកាយ និងកីឡា វិស័យឯកជនបានចូលរួមស្រាក់ដៃគ្នាក្នុងការឧបត្ថម្ភគាំទ្រដល់ការបណ្តុះបណ្តាល ហ្វឹកហ្វឺន និង
លើកទឹកចិត្តកីឡាករ/ការិនីកម្ពុជា និងដំណើរការរៀបចំនៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាបានទន្ទឹងរង់ចាំអស់រយៈពេល៦៤ឆ្នាំ មកហើយ។ សកម្មភាពគាំទ្រទាំងនេះហើយដែលរួមចំណែកក្នុងការញ៉ាំងឱ្យវិស័យកីឡានៅកម្ពុជាខ្ពស់មុខខ្ពស់មាត់ ស្មើនឹងបណ្តា​​ប្រទេស
ជាមិត្តផ្សេងទៀតក្នុងតំបន់អាស៊ាន។ ជាសក្ខីភាពដែលពុំអាចក្លែងបន្លំបាន កម្ពុជាមានលទ្ធភាពក្នុងការដណ្តើមមេដាយជូនជាតិកាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ពីសូន្យមេដាយនៅព្រឹត្តិការណ៍ស៊ីហ្គេម​លើកទី២០ ឡើងមកដល់២៨២មេដាយ នៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលជាកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រសម្រាប់កម្ពុជាយើង។ ជាមួយគ្នានេះ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នេះទៀតសោត ត្រូវបានបិទបញ្ចប់ដោយជោគជ័យ រហូតទទួលបាននូវការកោតសរសើរពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិយ៉ាងក្លៀវក្លា ព្រមទាំងត្រូវបានគេស្គាល់កម្ពុជាថា “ប្រទេសតូចក៏ប៉ុន្តែបេះដូងធំទូលាយ”។

រាជរដ្ឋាភិបាលទទួលស្គាល់ពីតួនាទីដ៏សំខាន់នៃវិស័យឯកជន ជាពិសេសវិនិយោគិនក្នុងស្រុក ក្នុង​​ការ​អភិវឌ្ឍ​លើគ្រប់វិស័យ​ទាំង​​អស់ និងតែងចាត់ទុកវិស័យឯកជនជាក្បាល​ម៉ាស៊ីន​ក្នុងការរុញ​ច្រាន​កំណើនសេដ្ឋកិច្ច។ ជាក់ស្ដែង​តាម​រយៈ​ទិន្នន័យកត់ត្រាដោយក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុង​រយៈ​ពេល
​​​​​៥ឆ្នាំ​ចុង​ក្រោយនេះ គិតចាប់ពីឆ្នាំ២០១៨ ដល់ ២០២២ ទុនវិនិយោគ​ក្នុងស្រុក​ប្រចាំឆ្នាំតែងតែបានឈរនៅ​លំដាប់​​​លេខ​រៀង​ទី១ ឬទី២​​ នៃទុន​វិនិយោគ​សរុប។

ទិន្នន័យ​នេះបាន​​សបញ្ជាក់​ឱ្យ​ឃើញថា ​ការ​វិនិយោគ​ក្នុង​ស្រុក​ពិតជា​បានចូលរួម​ចំណែក​យ៉ាង
ធំធេង ក្នុ​ង​ការអភិវឌ្ឍសង្គម-​សេដ្ឋកិច្ច​កម្ពុជា និងបង្កើតការងារជាច្រើនជូនបងប្អូនប្រជាពលរដ្ឋយើង​។ ការ​ខិតខំ​​​ប្រឹង​ប្រែង​ ការចែក​រំលែក និងការចូលរួមទាំងអស់នេះ បាន​ធ្វើឱ្យ​កម្ពុជា​​អាច​សម្រេច​បាន​នូវ​ការរីក​ចម្រើនផ្នែក​សង្គម​-សេដ្ឋកិច្ច ជាពិសេស​ការងើបឡើង​វិញយ៉ាងឆាប់រហ័ស​នៃសេដ្ឋកិច្ចបន្ទាប់ពី​វិបត្តិ​នៃ​​ជំងឺកូវីដ-១៩ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបន្ទាប់ពីទទួលបាន​ជោគជ័យ​គួរជា​ទី​មោទនៈ​ក្នុង​ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និង​ក្នុងការ​គ្រប់គ្រង​ផល​ប៉ះពាល់​ពីវិបត្តិ​នៃជំងឺ​នេះបាន​យ៉ាងល្អប្រសើរ​។ ជា​លទ្ធផល សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ ត្រូវបានប៉ាន់ស្មានថាបានបន្តកើនឡើងក្នុងអត្រាប្រមាណ ៥,២%។ ដោយឡែក នៅឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានក្នុងអត្រាកំណើនរង្វង់ ៥,៦% ទោះបីជាកម្ពុជាកំពុងហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជា​ និងបញ្ហាប្រឈមមួយចំនួនក៏ដោយដូចជា ការអូសបន្លាយនៃសង្គ្រាមនៅអ៊ុយក្រែន បញ្ហា​កោះ​តៃវ៉ាន់​ កំណើន​អតិផរណា ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍ និងការថមថយនៃ​សេដ្ឋកិច្ច​ចិននិង​តំបន់សហភាពអឺរ៉ុប ជាដើម។

កំណើនដែលពោរពេញដោយថាមវ័ន្ត និងជវភាពនេះ មិនអាច​កាត់​ផ្ដាច់​ចេញ​ពី​ការចូលរួ​ម​ចំណែករបស់អ្នកឧកញ៉ា ឧកញ៉ា និងបងប្អូនជនរួមជាតិទាំងអស់គ្នាឡើយ។ ដូច្នេះហើយ ខ្ញុំសូម
កោត​សរសើរ​យ៉ាង​​ស្ម័គ្រស្មោះ​ ព្រមទាំងសូមថ្លែងអំណរគុណនូវការចែករំលែកធនធាន និង​ទឹកចិត្ត​​លះបង់​ចូលរួមកន្លងមក ហើយ​ខ្ញុំសូមលើក​ទឹកចិត្ត​ឱ្យ​ស្មារតី​វិជ្ជមានទាំងនេះ​នៅតែបន្ត​មាន​ តរៀងទៅ។

សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីទាំងអស់!

ពិតណាស់ ដូចដែល អ្នកឧកញ៉ា លី យ៉ុងផាត់ បានជម្រាបជូនពីគោលបំណងរបស់សមាគមនេះជាហូរហែ ហើយគោលបំណងទាំងនោះទៀតសោត សុទ្ធសឹងតែជាអ្វីដែលរាជរដ្ឋាភិបាលក៏ប្រាថ្នាចង់បាន។ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងប្រធានកិត្តិយស ខ្ញុំសូមគាំទ្រការបង្កើតឱ្យមានសមាគមនេះឡើង និងសូមផ្តាំផ្ញើទៅកាន់សមាគមឧកញ៉ាកម្ពុជា និងបណ្តាឧកញ៉ាទាំងអស់គប្បី​លៃលកយ៉ាងណាត្រូវអនុវត្តឱ្យបានល្អ និងខ្ជាប់ខ្ជួននូវប្រការ ដូចតទៅ៖

(១) បន្តរក្សាកិត្តិសព្ទ កិត្យានុភាព ឧត្តមភាព និងសេចក្តីថ្លៃថ្នូរដ៏ឧត្តុង្គឧត្តមរបស់ខ្លួនក្នុងគោរមងារជាឧកញ៉ា ស័ក្តិសមត្រូវបានព្រះមហាក្សត្រទ្រង់ផ្តល់សេចក្តីទុកព្រះទ័យ ត្រាស់បង្គាប់ និងផ្តល់គោរមងារជាអ្នកឧកញ៉ា ឬឧកញ៉ា ដោយប្រកាន់យកនូវឥរិយាបទប្រពៃថ្លៃថ្នូរ ជាគំរូដល់ជនានុជនខ្មែរទូទាំងប្រទេសគ្រប់ជំនាន់

(២) ប្រកៀកស្មាជាមួយរាជរដ្ឋាភិបាលក្នុងការត្រួសត្រាយ និងកាច់ចង្កូតនាវាកម្ពុជាឈានឆ្ពោះទៅរកភាពរុងរឿង ដោយចូលរួមឱ្យបានយ៉ាងសកម្មក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិយើងតាមសកម្ម​ភាព​ផ្សេងៗ ពិសេសក្នុងបេសកកម្មកាត់បន្ថយភាពក្រីក្រ និងជួយយកអាសាប្រជាពលរដ្ឋទីទ័លលំបាក ដូចពាក្យចាស់បុរាណទូន្មានថា “អ្នកមានរក្សាក្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅ នូវសំប៉ាន”

(៣) ចូលរួមទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ វឌ្ឍនភាពជាតិ ឧត្តមភាពជាតិ និងការពារឱ្យបាន
ដាច់ខាតនូវឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ ពិសេសជួយផ្គត់ផ្គង់អុកស៊ីសែនបន្ថែមដល់ប្រព័ន្ធអេកូឡូស៊ី​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា តាមរយៈការបង្កើតធុរកិច្ចបន្ថែម ឬការចាប់ដៃគូធុរកិច្ច ឬការប្រាស្រ័យ​ទាក់ទងធុរជន ឬសមាគមវិនិយោគិនបរទេសធំៗ ​ ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត​ ពោលគឺបំពេញតួនាទីឱ្យបានល្អ ស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។ បន្ថែម​លើនេះ សូមចូលរួម​ឱ្យបាន​សកម្មជា​ពិសេស​លើការធ្វើទំនើបកម្ម និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច តាមរយៈការ​ជំរុញ​​បច្ចេក​វិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ ទាំងក្នុងវិស័យផលិតកម្ម និងសេវាកម្ម ឱ្យស្របតាម​បរិការណ៍​នៃ​បដិវត្តកម្ម​ឧស្សាហកម្ម​ជំនាន់​ទី៤ ព្រមទាំងចូលរួមលើកកម្ពស់ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ឱ្យកាន់តែច្រើនថែមទៀត។

ទន្ទឹមនឹងនេះ ខ្ញុំក៏សូមណែនាំឱ្យ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ​ ធ្វើជាដៃគូដ៏ល្អជាមួយសមាគមឧកញ៉ាកម្ពុជា ដើម្បីសម្រេចបាននូវផែនការ​សកម្មភាព​
បីឆ្នាំរំកិល ដែល​បាន​កំណត់​ក្នុងអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​សមាគមឧកញ៉ា​កម្ពុជា​ ស្ដីពីភាពជាដៃគូក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និង
កា​រវិនិយោគ​នៅក្នុងព្រះ​រាជាណាចក្រកម្ពុជា។

សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីទាំងអស់!

ជាថ្មីម្តងទៀត ខ្ញុំសូមចែករំលែកនូវអារម្មណ៍រំភើបរីករាយ ប្រកបដោយមោទនភាពជាទីបំផុត ដែលសមាគមនេះត្រូវបានបង្កើតឡើង ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងត្រូវការដៃគូសហការជាយុទ្ធសាស្ត្រ​ ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ នេះជាសក្ខីកម្ម​​បញ្ជាក់ឱ្យឃើញពីចំណងមេត្រីភាពយ៉ាងរឹងមាំរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក៏ដូចជាការរួបរួមគ្នាវេញជាធ្លុងមួយរវាងភាគីទាំងពីរ ក្រោមម្លប់ត្រឈឹងត្រឈៃនៃសុខសន្តិភាព ដើម្បីបុព្វហេតុ​​ជាតិមាតុភូមិ និងការអភិវឌ្ឍដ៏យូរអង្វែងនៅកម្ពុជា។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ​សមាគមឧកញ៉ាកម្ពុជានឹងក្លាយជាថ្នាលសាបព្រោះ និងជាមូលដ្ឋានគ្រឹះនៃបណ្តាញទំនាក់ទំនងសហការដៃគូធុរកិច្ចនិងវិនិយោគធំៗនៅកម្ពុជា ព្រមទាំងជាដៃគូ​​​ពុំអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនតួនាទីរបស់កម្ពុជាឱ្យកាន់តែខ្ពស់លើឆាកពាណិជ្ជកម្មតំបន់ និង
សកល។​ ជាចុងក្រោយ​ ខ្ញុំសូម​​ប្រសិទ្ធពរជ័យសព្ទសាធុការ ជូនដល់សម្តេច ឯកឧត្តម លោកជំទាវ
អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីទាំងអស់ ឱ្យជួបប្រទះនូវពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី



នៅល្ងាច ថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី ដែលពិធីនេះធ្វើឡើងនៅ The Premier Center Sen Sok ។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញចូលរួមនៅក្នុងពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃនេះ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានគោរមងា ឧកញ៉ាមានកម្រិតថ្នាក់ចំនួន២ថ្នាក់ គឺឧកញ៉ា និងអ្នកឧកញ៉ា  ដែលនៅពេលខាងមុខ នឹងមានមួយថ្នាក់ទៀតគឺលោកអ្នកឧកញ្ញ៉ា ដែលពីអតីតកាលក៏មានការតែងតាំង និងគោរម្យងារដ៏សំខាន់មួយនេះផងដែរ។
សម្តេចតេជោ ហ៊ុន  សែន បានមានប្រសាសន៍ថា ការចងក្រងសមាគមឧកញ៉ាកម្ពុជា គឺជាការធ្វើឡើងស្របតាមគោលបំណងរបស់សម្តេច ដើម្បីចងក្រងគ្នាធ្វើសកម្មភាពនានា ជាពិសេសផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។ សម្តេចតេជោ បានថ្លែងនូវការកោតសរសើរដល់អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលបានប្រឹងប្រែងធ្វើកិច្ចការមួយនេះបានយ៉ាងល្អប្រសើរ ហើយសម្តេចក៏ប្រកាសផ្តល់ទំនុកចិត្តដល់អ្នកឧកញ៉ា លី យ៉ុងផាត់ សម្រាប់ការវាយតម្លៃ ដើម្បីផ្តល់បណ្ណសរសើរ និងគ្រឿងឥស្សរយសសម្រាប់កិច្ចខិតខំប្រឹងរបស់សមាជិកសមាគមដល់ចំពោះជាតិ និងប្រជាជន។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការចងក្រងសមាគមឧកញ៉ាមិនមែនជាការចងក្រងបណ្តាញ ឬបក្សពួកនោះឡើយ ប៉ុន្តែកន្លងមកបណ្តាឧកញ៉ាតែងចូលរួមជួយសង្គមតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងបង្ហាញពីវប្បធម៌ចែករំលែក និងសាមគ្គីភាព។សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់ ក្នុងនោះ៥ឆ្នាំចុងក្រោយនេះ ទុនវិនិយោគក្នុងស្រុកតែងជាប់លេខរៀងទី១ ឬទី២ ហើយការវិនិយោគក្នុងស្រុកបានរួមចំណែកធំធេងក្នុងសង្គមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ។សម្តេចតេជោបានមានប្រសាសន៍ថា ការចម្រើនលូតលាស់របស់ជាតិប្រកបដោយថាមវន្ត មិនអាចកាត់ផ្តាច់ពីការរួមចំណែករបស់អ្នកឧកញ៉ា ឧកញ៉ា និងជនរួមជាតិនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បាន អំពាវនាវដល់ឧកញ៉ារក្សាកិត្តិយស័ព្ទ កិត្តិនាម និងសេចក្តីថ្លៃថ្នូជាឧកញ៉ា ឱ្យស័ក្តិសមនឹងការទុកព្រះទ័យរបស់ព្រះមហាក្សត្រ។សម្តេចតេជោក៏បានអំពាវនាវដល់ឧកញ៉ាត្រូវប្រកៀកស្មាជាមួយរាជរដ្ឋាភិបាល ត្រួសត្រាយកម្ពុជា ឆ្ពោះទៅកាន់ភាពរុងរឿង កាត់បន្ថយភាពក្រីក្រ និងជួយប្រជាពលរដ្ឋដូចពាក្យស្លោកថា «អ្នកមានរក្សាខ្សត់ ដូចសំពតព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន»។ សម្តេចតេជោក៏បានសូមណែនាំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើជាដៃគូដ៏ល្អជាមួយសមាគមឧកញ៉ាកម្ពុជា ដើម្បីសម្រេចបាននូវផែនការ សកម្មភាពបីឆ្នាំរំកិល ដែលបាន កំណត់ ក្នុងអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ស្ដីពីភាពជាដៃគូក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។ សម្តេចតេជោពិតជាមានមោទនភាពជាទីបំផុត ដែលសមាគមនេះត្រូវបានបង្កើតឡើង ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងត្រូវការដៃគូសហការជាយុទ្ធសាស្ត្រ ដើម្បីឈានទៅសម្រេចឱ្យបាននូវ ចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
សម្តេចតេជោ ហ៊ុន សែន មានសង្ឃឹមយ៉ាងមុតមាំថា សមាគមឧកញ៉ាកម្ពុជានឹងក្លាយជាថ្នាលសាបព្រួស និងជាមូលដ្ឋានគ្រឹះនៃបណ្តាញទំនាក់ទំនងសហការដៃគូធុរកិច្ចនិងវិនិយោគធំៗនៅកម្ពុជា ព្រមទាំងជាដៃគូ ពុំអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនតួនាទីរបស់កម្ពុជាឱ្យកាន់តែខ្ពស់លើឆាកពាណិជ្ជកម្មតំបន់ និងសកលលោក៕