Monday, September 25, 2023

ខ្លឹមសារនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស៊ូប្រាម៉ានីញ៉ាម ចៃសានកា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា

 នារសៀលថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម ស៊ូប្រាម៉ានីញ៉ាម ចៃសានកា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា និងគណៈប្រតិភូ។

ក្រោយពីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសឥណ្ឌា និងគណៈប្រតិភូ សម្ដេចធិបតី បានរំឭកអំពីជំនួបពីអតីតកាល ជាពិសេសនៅទីក្រុងញូវដែលី នៅពេលដែលសម្តេចធិបតី បំពេញទស្សនកិច្ចក្នុងនាមជាអគ្គមេបញ្ជាការកងទ័ពជើងគោក និងលើកចុងក្រោយនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពី ២សប្តាហ៍មុន នាអំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ សម្តេចធិបតី ក៏បានអរគុណចំពោះការអបអរសាទរដល់ សម្តេចធិបតី និងបានរំលេចថាប្រទេសយើងទាំងពីរបន្តនូវការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនង និងខិតខំបំពេញការងារជាមួយគ្នា ឱ្យសម្រេចបានជាផ្លែផ្កាចំពោះកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួច ព្រមទាំងស្វែងរកវិស័យសក្ដានុពល សម្រាប់កិច្ចព្រមព្រៀងថ្មីៗទៀត។
ពាក់ព័ន្ធនឹងសន្ធិសញ្ញាអាជីវកម្ម និងវិនិយោគ (BIT) ដែលក្រុមការងារនៃប្រទេសទាំងពីរកំពុងចរចា សម្តេចធិបតី បានស្នើឱ្យពន្លឿន និងឈានដល់បញ្ចប់ នាពេលខាងមុខដ៏ខ្លី។ ជាការឆ្លើយតប ឯកឧត្ដមរដ្ឋមន្ត្រី បានគោរពជម្រាបជូន សម្តេចធិបតី ថា ឯកឧត្តម ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ចំនួន ២លើក ដែលលើកចុងក្រោយ នៅឆ្នាំ២០២២ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ចំពោះកិច្ចសហប្រតិបត្តិការ ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រទេសយើងទាំងពីរ នឹងខិតខំស្វែងរកវិស័យដែលមានសក្ដានុពល តាមរយៈការពង្រឹងបន្ថែមនូវភាពជាដៃគូអភិវឌ្ឍ។
ចំពោះវិស័យសន្តិសុខ និងយោធា ភាគីទាំងពីរបានយល់ស្របថាគួរត្រូវពង្រឹងសហប្រតិបត្តិការ តាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលកងទ័ព និងការរៀបចំការជួបជុំគ្នា សម្រាប់ធ្វើការផ្លាស់ប្តូរជាទស្សនវិស័យ និងបទពិសោធន៍ ឱ្យបានទៀងទាត់ និងញឹកញាប់។ ចំពោះវិស័យទេសចរណ៍ និងវប្បធម៌ ឯកឧត្ដមរដ្ឋមន្ត្រី យល់ឃើញថា គម្រោងស្តីពីនវានុវត្តន៍ និងអភិរក្ស គួរត្រូវបានរៀបចំឡើង ខណៈដែលប្រទេសទាំងពីរ បានទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាមួយគ្នារាប់ពាន់ឆ្នាំមកហើយ។
ពាក់ព័ន្ធនឹងសន្តិសុខតំបន់ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវការព្រួយបារម្ភអំពីបញ្ហាដែលកំពុងកើតមានឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាពិសេសចំពោះការឆ្លងដែនដ៏គំហុករបស់ប្រជាជនមីយ៉ាន់ម៉ា អស្ថិរភាពតាមតំបន់ជាប់ព្រំដែន និងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការរៀបចំ ដែលទាំងនេះទាមទារនូវការយកចិត្តទុកដាក់ខ្ពស់ ទាំងការស្វែងយល់ឱ្យបានច្បាស់លាស់អំពីបញ្ហាដែលជាឫសគល់ និងអំពីដំណោះស្រាយសមស្រប។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេច និងចូលរួមជាមួយអាស៊ាន នៅក្នុងកិច្ចដំណើរការដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា។
មុននឹងឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណ និងបានវាយតម្លៃខ្ពស់ ចំពោះគំនិតផ្ដួចផ្ដើមនៃការលុបបំបាត់ចោលគ្រាប់មីន ដែលកំពុងមានវឌ្ឍនភាពល្អ និងដែលនឹងអាចចូលរួមចំណែកដល់កម្ពុជា នៅក្នុងយុទ្ធនាការនៃការលុបបំបាត់ចោលគ្រាប់មីនទាំងស្រុង នៅឆ្នាំ២០២៥។ ចំពោះបញ្ហានៅប្រទេសមីយ៉ាន់ម៉ា សម្តេចធិបតី បានបញ្ជាក់ថា ជម្លោះដែលកំពុងតែរីកសាយភាយ គួរត្រូវបានដោះស្រាយដោយឈរលើគោលការណ៍ច្បាប់ និងគួរមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសពីគ្រប់សមាជិកទាំងអស់របស់អាស៊ាន។ ការផ្តល់នូវដំណោះស្រាយសមស្រប និងប្រកបដោយប្រសិទ្ធភាពនៅមីយ៉ាន់ម៉ា គឺជាការបង្ហាញនូវសមត្ថភាព ភាពខ្លាំង និងការរួបរួមគ្នាជាធ្លុងមួយ ក្នុងក្របខណ្ឌអាស៊ាន នៅក្នុងការបំពេញតួនាទីជាយន្តការតំបន់ដ៏មានប្រសិទ្ធភាព។ សម្តេចធិបតី បានបន្តថា អាស៊ានត្រូវរួបរួមគ្នាជាសំឡេងតែមួយ ដើម្បីបញ្ចប់នូវរាល់ជម្លោះ និងត្រូវចាប់ផ្តើមផ្តល់ជំនួយដល់ប្រជាជនដែលងាយរងគ្រោះ។ ក្នុងន័យនេះ កម្ពុជា បានបញ្ជូនបេសកជនពិសេសទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីស្វែងរកដំណោះស្រាយសមស្រប និងបន្តផ្តល់នូវគំនិតផ្តួចផ្តើមនានា សំដៅកសាងសុខសន្តិភាពឡើងវិញ ជូនប្រជាជន និងប្រទេសមីយ៉ាន់ម៉ា។
នាទីបញ្ចប់ ប្រទេសទាំងពីរក៏បានប្ដេជ្ញាចិត្តជួយគាំទ្រ និងសហការគ្នាទៅវិញទៅមក នៅក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ ដែលជាប្រពៃណីនៃប្រទេសជាមិត្ត តាំងពីយូរលង់មកហើយ។








លោក Xi Jinping និងលោកជំទាវ Peng LiYuan រៀបចំពិធីលៀងសាយភោជន៍ទទួលស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិ ដែលអញ្ជើញចូលរួមពិធីសម្ពោធបើក នៃការប្រកួតកីឡាអាស៊ីលើកទី១៩ ក្រុង Hangzhou


(ប៉េកាំង)៖ ថ្ងៃត្រង់ថ្ងៃទី២៣ ខែកញ្ញ លោក Xi Jinping ប្រធានរដ្ឋចិននិងភរិយា Peng LiYuanបានរៀបចំពិធីលៀងសាយភោជន៍នៅសណ្ឋាគារ Xizi ក្រុង Hangzhou ខេត្ត Zhejiang ដើម្បីស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិដែលអញ្ជើញចូលរួម ពិធីសម្ពោធបើកនៃការប្រកួតកីឡាអាស៊ីលើកទី១៩ ក្រុងHangzhouប្រទេសចិន។

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក Bashar al-Assad ប្រធានាធិបតីស៊ីរី ព្រះអង្គម្ចាស់ Mishal Al-Ahmad Al-Jaber Al-Sabah រជ្ជទាយាកូវ៉ែត លោក Prachanda នាយករដ្ឋមន្ត្រីនេប៉ាល់ លោក HanDuck-soo នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Xanana Gusmao នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក Johari Jahaya ប្រធានសភាជាន់ទាបម៉ាឡេស៊ីនិងភរិយា Noraini លោក Singhប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ីនិងភរិយា Vinita លោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិព្រមទាំងតំណាងរាជវង្ស រួមមានសម្តេច Sufri តំណាងព្រះចៅស៊ុលតង់ប្រ៊ុយណេ សម្តេច Faisal នៃប្រទេសហ្ស៊កដានីនិងម្ចាស់ក្សត្រី Siriwanvali នៃប្រទេសថៃជាដើម។ មុនពិធីលៀងសាយភោជន៍ ភ្ញៀវកិត្តិយសបានរីករាយទស្សនា នូវការបង្ហាញបេតិកភណ្ឌវប្បធម៌អរូបីខេត្ត Zhejiang៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន




អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីជោគជ័យនៃបេសកកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក


នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីបេសកកម្មរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចូលរួមមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាំមកនូវជោគជ័យធំធេងជូនជាតិមាតុភូមិ ជាលើកទី៣ ក្នុងរយៈពេល១ខែ។ 



សូមភ្ជាប់មកជាមួយនូវខ្លឹមទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មាន ដែលមានចំនួន៥ទំព័រដូចខាងក្រោម៖

ឯកឧត្តម វង្សី វិស្សុត ចែករំលែកនូវទស្សនទានគន្លឹះចំនួន ៥ ដើម្បីលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍភាសាខ្មែរ


ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វចនានុក្រមខ្មែរ ឆ្នាំ២០២២ ក្នុងទម្រង់បោះពុម្ពជាសៀវភៅ និងឌីជីថល ដែលបានប្រារព្ធធ្វើឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ទន្ទឹមនឹងសម្ដែងមោទកភាពចំពោះស្នាដៃវណ្ណកម្មភាសា និងអក្សរសាស្ត្រខ្មែរដែលមានតម្លៃជាប្រវត្តិសាស្ត្រ និងបានលេចចេញជារូបរាងឡើងនេះ ជាមួយនឹងការបញ្ជាក់ថា វចនានុក្រមខ្មែរ ឆ្នាំ២០២២ គឺជាកម្លាំងពង្រឹងអត្តសញ្ញាណជាតិកម្ពុជា ហើយក៏ជាប្រភពមួយដ៏ចាំបាច់សម្រាប់ទ្រទ្រង់ដល់ការអប់រំ ការសិក្សាស្រាវជ្រាវ និងកិច្ចការងាររដ្ឋបាលដែលបម្រើទាំងវិស័យសាធារណៈ និងឯកជនឱ្យកាន់តែមានភាពងាយស្រួល ទាំងល្បឿន ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់។ វចនានុក្រមខ្មែរ ជាទម្រង់ឌីជីថលដែលអាចប្រើប្រាស់បានលើទូរសព្ទដៃ និងកុំព្យូទ័រនឹងផ្ដល់ជាមធ្យោបាយងាយស្រួលសម្រាប់សាធារណជន ក្នុងការស្វែងរកពាក្យពេចន៍ និងផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធសម្រាប់ប្រើប្រាស់គ្រប់ពេលវេលា និងគ្រប់ទីកន្លែងបានយ៉ាងឆាប់រហ័ស។

ទោះជាយ៉ាងនេះក្ដី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា នឹងបន្ដគោលនយោបាយរាជរដ្ឋាភិបាលអាណត្ដិមុនជាមួយនឹងទស្សនវិស័យរស់រវើកក្នុងការអភិរក្ស និងអភិវឌ្ឍនូវវប្បធម៌ ជាពិសេសអក្សរសាស្ត្រខែ្មរយើង។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តឱ្យមានការគិតគូរផងដែរអំពីការប្រើប្រាស់ពាក្យកម្ចីពីបរទេស ជាពិសេសពាក្យបច្ចេកទេសសំខាន់ៗ ដើម្បីធានាសង្គតិភាពនៃខ្លឹមសារដើមនៃពាក្យទាំងនោះឱ្យសមស្របទៅតាមបរិបទ និងការវិវត្តនៃស្ថានភាពសង្គម សេដ្ឋកិច្ចសកលបានទាន់ពេលវេលា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចែករំលែកនូវមតិយោបល់គន្លឹះមួយចំនួន ដើម្បីលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍន៍ភាសាខ្មែរ ដូចខាងក្រោម៖  

ទី១. ក្រុមប្រឹក្សាជាតិភាសាខ្មែរ និងគណៈកម្មាធិការជំនាញរបស់ខ្លួនទាំង១៧ ជាសេនាធិការ ត្រូវបន្ដចងក្រងនិងអភិវឌ្ឍវចនានុក្រមខ្មែរជាប្រចាំ តាមរយៈការធ្វើបច្ចុប្បន្នកម្មសូរ, សំណេរនិងវាក្យសព្ទឱ្យកាន់តែសម្បូរបែប, គ្រប់ជ្រុងជ្រោយនិងឆ្លើយតបនឹងការវិវត្ដនៃសង្គម, សេដ្ឋកិច្ច, បច្ចេកវិទ្យា, ឌីជីថលនិងសកលភាវូបនីយកម្ម។

ទី២. គ្រឹះស្ថានអប់រំទាំងអស់ ត្រូវលើកកម្ពស់ការបន្ដប្រើប្រាស់នូវវចនានុក្រមខ្មែរជាសម្ភារសិក្សា តាមរយៈការបណ្ដុះផ្នត់គំនិត ស្រឡាញ់ភាសាខ្មែរ និងប្រើវចនានុក្រមខ្មែរដល់គ្រប់សិស្ស និស្សិតគ្រប់កម្រិត ដើម្បីធានាថា សិស្សនិស្សិតទាំងអស់ ពិតជាអាចសរសេរអក្ខរាវិវុទ្ធ និងវេយ្យាករណ៍ខ្មែរបានត្រឹមត្រូវល្អប្រសើរ។ ក្នុងន័យនេះ, ឯកឧត្តម វង្សី វិស្សុត បានលើកទឹកចិត្តឱ្យមានការគិតគូរចែកចាយវចនានុក្រមខ្មែរ ឆ្នាំ២០២២នេះ ឱ្យបានគ្រប់គ្រឹះស្ថានអប់រំទូទៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ទី៣. ជំរុញ និងផ្សព្វផ្សាយជូនដល់សាធារណជន ពិសេសក្រសួង-ស្ថាប័ននានាក្នុងរាជរដ្ឋាភិបាលឱ្យចូលរួមប្រើប្រាស់វចនានុក្រមខ្មែរ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ ឱ្យកាន់តែទូលំទូលាយ ដើម្បីជាមូលដ្ឋានក្នុងការផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធ, សំណេរ, អំណាន និងនិយមន័យ សំដៅចូលរួមចំណែកអភិរក្ស និងអភិវឌ្ឍភាសា និងអក្សរសាស្រ្តខ្មែរយើងជាបន្តទៅទៀត។

ទី៤. អំពាវនាវឱ្យដៃគូអភិវឌ្ឍន៍, វិស័យឯកជន និងគ្រប់តួអង្គពាក់ព័ន្ធ ចូលរួមផ្ដល់ការគាំទ្រ ទាំងស្មារតីទាំងសម្ភារ បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការបន្ដអភិវឌ្ឍវចនានុក្រមខ្មែរ ជាពិសេសការគាំទ្រលើការធ្វើទំនើបកម្មឌីជីថល និងឃ្លាំងទិន្នន័យភាសាខ្មែរ និងលើកទឹកចិត្តឱ្យមានការរៀបចំកម្មវិធីឌីជីថលសម្រាប់សន្ទានុក្រមនានា ដែលត្រូវបានរៀបចំឡើងកន្លងមកនេះ សម្រាប់ជាប្រយោជន៍ដល់អ្នកជំនាញបច្ចេកទេសពីគ្រប់វិស័យ។

ទី៥. លើកទឹកចិត្តបញ្ញវន្ដ និងអ្នកសិក្សាគ្រប់ៗរូបឱ្យមានមនសិការស្រឡាញ់ភាសាខ្មែរ និងចូលរួមផ្ដល់មតិស្ថាបនានិងធាតុចូលជាប្រចាំ ដើម្បីធ្វើឱ្យវចនានុក្រមខ្មែរថ្មីនេះ កាន់តែមានសុក្រឹត្យភាព, ច្បាស់លាស់ និងមានភាពកាន់តែល្អប្រសើរសម្រាប់ការប្រើប្រាស់ ក៏ដូចជាសម្រាប់ការបោះពុម្ពផ្សាយលើកក្រោយៗទៀត។

បើតាមការឱ្យដឹងរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ «ក.ជ.ភ.ខ» នៃរាជបណ្ឌិត្យសភាកម្ពុជាក្នុងដំណើរការបច្ចុប្បន្នកម្មវចនានុក្រមខ្មែរ បានរំលេចនូវខ្លឹមសាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងមាត្រា៥ ចែងថា «ភាសា និងអក្សរដែលប្រើជាផ្លូវការ គឺភាសា និងអក្សរខ្មែរ» និងបានបន្ថែមថា ភាសាតែងតែមានការវិវត្តជានិច្ច។ រយៈពេលជាងកន្លះសតវត្ស គិតពីពេលនៃការបោះពុម្ពផ្សាយវចនានុក្រមខ្មែរ គ្រាទី៥ ក្នុងឆ្នាំ១៩៦៧-១៩៦៨ មកដល់ឆ្នាំ២០២២ ពាក្យជាច្រើននៅមិនទាន់បំពេញបន្ថែមក្នុងវចនានុក្រមនៅឡើយ។ ដូច្នេះ ការរៀបចំធ្វើបច្ចុប្បន្នកម្មវចនានុក្រមខ្មែរត្រូវធ្វើជាបន្តបន្ទាប់គ្មានទីបញ្ចប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ភាសាខ្មែរផង និងដើម្បីស្របតាមស្ថានភាពនៃការរីកចម្រើនរបស់សង្គមខ្មែរ និងពិភពលោក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ ព័ត៌មានវិទ្យា ក្នុងបរិបទសាកលភាវូបនីយកម្មនេះផងដែរ។ 

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងក្នុងឱកាសប្រារព្ធពិធីប្រកាសឱ្យប្រើប្រាស់វចនានុក្រមខ្មែរ ឆ្នាំ២០២២ ថា សមិទ្ធផលស្នាដៃដែលសម្រេចបាននេះ ក៏ផ្ដើមចេញការអនុវត្តដ៏ម៉ឺងម៉ាត់ តាមពាក្យពេចន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ បណ្ឌិត្យសភាចារ្យ ហ៊ុន សែន «ដើមត្នោតមួយដើម ត្រូវប្រើឱ្យអស់លទ្ធភាព» ដែលពាក្យពេចន៍ទាំងអស់នេះ គឺជាការលើកទឹកចិត្តសម្រាប់ក្រុមការងារពាក់ព័ន្ធទាំងអស់ នៅក្នុងការចងក្រង បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថលនេះឡើង ហើយដែលរាជបណ្ឌិត្យសភាកម្ពុជានឹងបន្តដំណើរទៅមុខទៀតដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ជាតិ ក៏ដូចជាការវិវត្តនៅក្នុងតំបន់ និងពិភពលោក។

រីឯឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានមានប្រសាសន៍ថា ការរៀបចំធ្វើវចនានុក្រមនេះ គឺជាការបន្តពីការយកចិត្តទុកដាក់ ស្រឡាញ់ ថែរក្សា ការពាររបស់បុព្វបុរសគ្រប់ជំនាន់ និងពីបណ្ដាបញ្ញវន្តជាច្រើនរូប ជាពិសេសពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ 

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរអស់ពីដួងចិត្ត ចំពោះក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានខិតខំបូជាកម្លាំងកាយ, ប្រាជ្ញា និងស្មារតីក្នុងការបំពេញកិច្ចការជាប្រវត្តិសាស្ត្ររហូតដល់សម្រេចបានវចនានុក្រមខ្មែរថ្មីនេះដែលជាសមិទ្ធផលធំធេងមួយទៀត នៃភាសានិងអក្សរសាស្ត្រខ្មែរ បន្ទាប់ពីវចនានុក្រមខ្មែរ បោះពុម្ពគ្រាទី៥ ឆ្នាំ១៩៦៧-១៩៦៨។  

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានឆ្លៀតយកឱកាសនេះ ដើម្បីឧទ្ទិសស្នាដៃនេះជាមហាកុសលជូនដល់ដួងព្រះវិញ្ញាណក្ខន្ធសម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ និងវិញ្ញាណក្ខន្ធអ្នកប្រាជ្ញភាសា និងអ្នកអក្សរសាស្ត្រជាតិគ្រប់រូប ដែលបានបូជា លះបង់ ផ្តល់វិភាគទាន និងខិតខំគ្រប់បែបយ៉ាង ដើម្បីអភិរក្ស និងអភិវឌ្ឍភាសា និងអក្សរសាស្ត្រជាតិខ្មែរ ឱ្យស្ថិតស្ថិរគង់វង្ស និងមានការរីកចម្រើនជាភិយ្យោភាពមកដល់បច្ចុប្បន្ន៕




















សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ចំពោះការបោះឆ្នោតគឺកម្ពុជាបានអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់រដ្ឋធម្មនុញ្ញ ដែលផ្ទុយពីការលើកឡើងរបស់ក្រុមខ្លះ

 

លោក Bony Khim Live ពីសហរដ្ឋអាមេរិក៖ អាមេរិកសម្រេចបន្តផ្តល់ជំនួយឱ្យកម្ពុជា គឺមិនមែនកើតឡើងដោយស្នាដៃក្រុមប្រឆាំងឡើយ!

 

លិខិតមិត្តអ្នកអាន៖ កម្ពុជានឹងមានសមិទ្ធផលថ្មី គឺព្រលានយន្តហោះដល់ទៅ២ នឹងត្រូវដាក់សម្ពោធដើម្បីទាក់ទាញបន្ថែមនូវទេសចរណ៍!

ក្រោយពីគ្រប់គ្រងបានដោយជោគជ័យនូវរោគរាតត្បាតជាសកលកូវីដ-១៩ ពេលនេះជាពេលដែលកម្ពុជាស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ខ្លួន ក្នុងនោះវិស័យទេសចរណ៍គឺជាផ្នែកមួយដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាចំណូលរបស់ប្រជាពលរដ្ឋខ្មែរ។ ដោយឃើញពីសារៈសំខាន់នៃវិស័យមួយនេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ណែត បានបន្តកៀរគរភ្ញៀវទេសចរណ៍អន្តរជាតិ ឱ្យមកដើរលេងកំសាន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការចរចាស្នើជើងហោះហើរត្រង់មកកម្ពុជា និងសម្ពោធដាក់ឱ្យប្រើប្រាស់នូវព្រលានយន្តហោះខ្នាតអន្តរជាតិចំនួន២ នៅចុងឆ្នាំ២០២៣ និងមួយទៀតនៅដើមឆ្នាំ២០២៤ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ។ 

មិនថាក្នុងជំនួបជាមួយមេដឹកនាំបរទេស រហូតដល់កិច្ចប្រជុំកម្រិតពិភពលោក សម្តេចធិបតី មិនភ្លេចនោះទេក្នុងការចរចាស្នើសុំឱ្យមានជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា ដោយសម្តេចធិបតីបានប្រើពាក្យថា «ទាក់ម៉ូយ» ឱ្យមកប្រទេសកម្ពុជា។

ការហោះហើរត្រង់មកកាន់កម្ពុជានឹងទាក់ទាញភ្ញៀវទេសចរណ៍ចូលមកលេងប្រទេសកម្ពុជាកាន់តែច្រើនដោយសារមូលហេតុចំនួន២ គឺ 1/ ចំណេញពេលវេលាព្រោះការហោះហើរត្រង់មិនតម្រូវឱ្យអ្នកធ្វើដំណើរចុះចតនៅប្រទេសជិតខាងរួចរង់ចាំជិះយន្តហោះមួយទៀតមកកាន់កម្ពុជានោះទេ។ 2/ ចំណាយតិចជាងមុន ព្រោះមិនត្រូវបង់ថ្លៃទិដ្ឋការតមកប្រទេសកម្ពុជា។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងនៅសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះថា ព្រលានយន្តហោះខ្នាតអន្តរជាតិថ្មីចំនួន២ ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ គឺស្ថិតនៅខេត្តសៀមរាប និងនៅក្នុងខេត្តកណ្តាល មានទំហំធំជាងព្រលានយន្តហោះដែលប្រើប្រាស់សព្វថ្ងៃ ២ ទៅ ៣ដង ជាខ្នាតស្តង់ដារអន្តរជាតិ។

ព្រលានយន្តហោះអន្តរជាតិ ដែលមានទីតាំងស្ថិតនៅខេត្តកណ្តាល សាងសង់លើផ្ទៃដី ២.៦០០ហិកតា ដោយរំពឹងថានឹងទទួលបានអ្នកធ្វើដំណើរចំនួន២៧លាននាក់នៅឆ្នាំ២០៣០ និងកើនទៅដល់ ៣០លាននាក់នៅឆ្នាំ២០៥០។ ព្រលានអន្ដរជាតិ នៅខេត្ដសៀមរាប ត្រូវបានប៉ានប្រមាណថា នឹងទទួលបានអ្នកធ្វើដំណើរចំនួន ៧លាននាក់នៅក្នុងឆ្នាំដំបូងៗ ចំនួន១០លាននាក់នៅឆ្នាំ ២០៣០ និង២០លាននាក់នៅឆ្នាំ ២០៥០។ យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា សម្រាប់រយៈពេល ៧ខែ ពោលគឺចាប់ពីខែមករា ដល់ឧសភា ដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរអន្តរជាតិជាង ២,១៦លាននាក់បានមកទស្សនាកម្ពុជា ក្នុងអត្រាកំណើនប្រហែល ៣០០% ធៀបរយៈពេលដូចគ្នាឆ្នាំក្នុង២០២២។

គួរបញ្ជាក់ថាសមិទ្ធផលថ្មី អាចកើតឡើងបានគឺផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសគឺការថែរក្សាបាននូវសុខសន្តិភាពពេញផ្ទៃប្រទេស មានសន្តិភាពទើបមានការអភិវឌ្ឍ។ ព្រលាន្តយន្តហោះលំដាប់អន្តរជាតិថ្មីដែលនឹងលេចចេញជារូបរាងផ្លូវការ ក្នុងពេលខាងមុខ គឺជាសក្ខីភាពបង្ហាញពី កិច្ចអភិវឌ្ឍជាតិ ដែលនឹងចូលរួមចំណែកក្នុងការជម្រុញឱ្យប្រទេសកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត៕


ដោយ៖ ជា គំនិត



សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីកម្ពុជាដាច់ខាត

 

ពួកប្រឆាំងផ្កាប់មុខ គ្មានចេះអ្វីក្រៅពីការញុះញង់រិះគន់លាបពណ៌ និងបំផ្លាញមុខមាត់ខ្មែរនោះទេ

 

(វីដេអូ) ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» បោះពុម្ពជាសៀវភៅនិងជាទម្រង់ឌីជីថល


នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល រៀបចំដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា។ ពិធីនេះ ប្រារព្ធធ្វើនៅអគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការចូលរួមពីព្រះសង្ឃ បណ្ឌិត សាស្ត្រាចារ្យ ក្រុមការងារក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ ថ្នាក់ដឹកនាំ មកពីក្រសួង ស្ថាប័ន សិស្ស និស្សិត បញ្ញវន្ត លោកគ្រូ  អ្នកគ្រូ និងមហាជនជាច្រើននាក់។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្ដែងនូវការកោតសរសើរ ជាមួយនឹងមូលវិចារខ្ពស់បំផុត ចំពោះរាជបណ្ឌិត្យសភាកម្ពុជា និយាយជារួម និងនិយាយដោយឡែក ចំពោះក្រុមប្រឹក្សាជាតិភាសាខ្មែរ ជាពិសេស ចំពោះគណៈកម្មការរៀបចំវចនានុក្រម ទាំង ៦៥ អង្គ-នាក់ និងតួអង្គពាក់ព័ន្ធដទៃទៀត ដែលបានចូលរួមចំណែកដោយផ្ទាល់ និងប្រយោល ញុំាងធ្វើឱ្យស្នាដៃវណ្ណកម្មភាសានិងអក្សរសាស្ត្រខ្មែរ ដែលមានតម្លៃជាប្រវត្តិសាស្ត្រនេះអាចលេចចេញជារូបរាងឡើងជាស្ថាពរ ក្នុងរយៈពេល ៥ ឆ្នាំ ទោះបីជាត្រូវប្រឈមនឹងបញ្ហាមួយចំនួនក្តី។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វចនានុក្រុមខ្មែរ ឆ្នាំ២០២២ នេះ ដែលមានពាក្យសរុបចំនួន ៤៤ ៦៩៧ និងមេពាក្យ ៣១ ០៧៣ គឺជាសមិទ្ធផលលេចធ្លោ និងជាបង្គោលចរ (milestone) មួយដ៏សំខាន់ក្នុងប្រវត្តិអក្សរសាស្ត្រខ្មែរ ដែលជាការធ្វើបច្ចុប្បន្នកម្មលើវចនានុក្រមចាស់របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ក្នុងអំឡុងឆ្នាំ១៩៦៧-១៩៦៨។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍បន្ថែមថា ភាសាក្នុងលោកតែងតែមានការវិវត្តទៅតាមតម្រូវការ និងការរីកចម្រើននៃសង្គម, សេដ្ឋកិច្ច, នយោបាយនិងវិទ្យាសាស្ត្រផ្សេងៗទៀត។ ដូច្នេះ ការធ្វើបច្ចុប្បន្នកម្ម និងទំនើបកម្ម វចនានុក្រមខ្មែរ គឺជាការចាំបាច់និងបន្ទាន់ ដើម្បីឱ្យអ្នកប្រើប្រាស់ភាសា និងអក្សរសាស្ត្រ ខ្មែរមានវាក្យសព្ទ, សំណេរ, អំណាន និងនិយមន័យគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។ ដូចបានបញ្ជាក់នៅក្នុងរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ថា វចនានុក្រមខ្មែរត្រូវបានខកខានធ្វើបច្ចុប្បន្នកម្ម អស់រយៈពេលជាងកន្លះសតវត្សមកហើយ។ ទន្ទឹមនេះ ចំពោះមុខចរន្តសកលភាវូបនីយកម្ម និងក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.0នេះ ក៏ទាមទារឱ្យភាសាជាតិយើងមានការវិវត្ត និងការរីកចម្រើនដែរ តាមរយៈការបង្កើតពាក្យពេចន៍ និងបច្ចេកសព្ទឱ្យបានគ្រប់គ្រាន់និងសម្បូរបែប ដើម្បីឆ្លើយតបឱ្យបានទាន់ពេល និងមានប្រសិទ្ធភាពទៅនឹងតម្រូវការនេះ។ 

ទោះជាយ៉ាងនេះក្ដី, ការវិវត្តនិងការរីកចម្រើននេះត្រូវតែធ្វើឡើងដោយគោរពទៅតាមក្បួនខ្នាត និង គោលការណ៍វិទ្យាសាស្ត្រត្រឹមត្រូវនិងត្រូវមានការប្រើប្រាស់ឱ្យឯកភាពគ្នា។ កង្វះឯកភាព និងស្តង់ដាក្នុងការប្រើប្រាស់ ភាសានិងអក្សរសាស្ត្រជាតិ ទាំងក្នុងសំណេរ, អំណាន និងនិយមន័យ ក៏ជាប្រភពនៃការបែកបាក់ក្នុងសង្គមជាតិផងដែរ ត្បិតភាសា និងអក្សរសាស្ត្រជាតិជាផ្នែកមួយនៃវប្បធម៌, អត្តសញ្ញាណ និងព្រលឹងជាតិ។ ដូច្នេះ ការរៀបចំវចនានុក្រមខ្មែរ ឆ្នាំ២០២២ នេះពិតជាឆ្លើយតបទៅនឹងតម្រូវការចំពោះមុខចាំបាច់និងបន្ទាន់ ក្នុងការអភិរក្សនិងការអភិវឌ្ឍភាសានិងអក្សរសាស្រ្តជាតិ និងជាផ្នែកមួយនៃការធ្វើឯកភាវូបនីយកម្ម និងស្ដង់ដានីយកម្មភាសាជាតិ ដែលនឹងធ្វើឱ្យសង្គមជាតិយើងកាន់តែមានភាពរឹងមាំ។

វចនានុក្រមខ្មែរ ឆ្នាំ២០២២នេះ ជាសមិទ្ធផលដែលកើតឡើងក្នុង អាណត្តិរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងត្រូវបានប្រកាសឱ្យប្រើនៅពេលេនេះ ក្នុងអាណត្តិរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្ដការពារ ថែរក្សា និងអភិវឌ្ឍភាសាខ្មែរ។ វចនានុក្រមខ្មែរនេះ គឺជាឃ្លាំងស្តុកមេពាក្យ វាក្យសព្ទ និងក្បួនខ្នាតវេយ្យាករណ៍សម្រាប់ប្រើប្រាស់ ដើម្បីធានាបាននូវសង្គតិភាព និងស្ដង់ដារលើការប្រើប្រាស់អក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ វចនានុក្រមខ្មែរ ក៏មានតួនាទីសំខាន់ក្នុងការរក្សានូវវប្បធម៌ អត្ដសញ្ញាណ និងព្រលឹងជាតិ ដូចខ្ញុំបានលើកឡើងមុននេះ។ ក្នុងន័យនេះ ការចងក្រងនិងការធ្វើទំនើបកម្ម វចនានុក្រមខ្មែរពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់ វប្បធម៌ និងអក្សរសាស្ត្រខ្មែរ ដែលជាឧត្ដមប្រយោជន៍ជាតិយើងស្របតាម ពាក្យស្លោករបស់ខ្មែរ ដែលថា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើនថ្កាន»។

បន្ទាប់ពីចុចប៊ូតុងប្រកាសឱ្យប្រើប្រាស់វចនានុក្រមខ្មែរ បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថលរួចមក ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានប្រគល់បណ្ណសរសើរជូនដល់ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែង នៅក្នុងការដឹកនាំសម្របសម្រួលជាមួយក្រុមការងារសំខាន់ៗជាច្រើន ដើម្បីចងក្រងរៀបចំវចនានុក្រមខ្មែរ បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថលនេះឡើង។ បន្ទាប់មក ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានទស្សនាវិទ្យាស្ថានខុងជឺ អគារវិចិត្រសាល និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដែលស្ថិតនៅក្នុងទីតាំងរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងបានថតរូបអនុស្សាវរីយក្នុងបរិយាកាសរីករាយ និងប្រកបដោយមោទកភាពបំផុត៕