Monday, September 25, 2023

ការផ្សព្វផ្សាយរូបភាពវិដេអូ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមដងវិថីទីក្រុងញូវយ៉ក ពិសេសនៅ Time Square គឺពុំមានគិតថ្លៃនោះទេ ដោយសារតែការស្រឡាញ់គាំទ្ររបស់កូនខ្មែរម្នាក់ធ្វើការក្នុងក្រុមហ៊ុន Billboard ជួយចាត់ចែងចាក់ផ្សាយ

 (សហរដ្ឋអាមេរិក)៖ ការផ្សព្វផ្សាយរូបភាពវិដេអូរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមដងវិថីទីក្រុងញូវយ៉ក ពិសេសនៅតំបន់ Time Square អំឡុងទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិនោះ គឺពុំមានគិតថ្លៃនោះទេ ដោយសារតែការស្រឡាញ់គាំទ្ររបស់យុវជនកូនខ្មែរម្នាក់ ដែលធ្វើការជាមួយនឹងក្រុមហ៊ុន Billboard នេះជួយចាត់ចែងចាក់ផ្សាយ។

ក្រុមហ៊ុនខាងលើនេះជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលមានកូនខ្មែរម្នាក់ឈ្មោះ សុទ្ធ ដាវីដ (David Soth) បានបំពេញការងារក្នុងនោះក្នុងនាមជាបុគ្គលសំខាន់។ លោក ដាវីដ ជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ប៉ុន្តែមានស្មារតីជាតិនិយម បានសម្របសម្រួល រហូតដល់ថៅកែរបស់ខ្លួន បានផ្តល់នូវការគាំទ្រ ហើយសម្រេចឱ្យផ្សព្វផ្សាយរូបរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយមិនគិតថ្លៃតែម្តង។

បើតាមលោក ដាវីដ, ការផ្សព្វផ្សាយរូបសម្តេចធិបតី ហ៊ុន ម៉ាណែត នៅសហរដ្ឋអាមេរិក គឺជាការសម្តែងការគាំទ្ររប​ស់លោកចំពោះមេដឹកនាំកម្ពុជា។ អ្វីដែលលោក​ David Soth បានធ្វេី​ គឺជាទឹកចិត្ត​ និងសណ្តានចិត្តរបស់គាត់សុទ្ធសាត​ ពិសេសបានផ្តល់នូវការគាំទ្ររបស់ខ្លួនចំពោះសម្តេចធិបតី​ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។

ការបញ្ជាក់អំពីក្រុមហ៊ុន Billboard ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់ក្រុមអ្នកប្រឆាំងជ្រុលនិយមថា មានករជួលក្រុមហ៊ុន Billboard នៅសហរដ្ឋអាមេរិក ដើម្បីផ្សព្វផ្សាយរូបរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលចំណាយថវិកាអស់រាប់សិបម៉ឺនដុល្លារ ឬដល់លានដុល្លារ។

សម្តេចធិបតី នាយករដ្ឋមន្រ្តី​ បានទៅបំពេញបេសកកម្មចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ នៅក្នុងឱកាសនោះ សម្តេចត្រូវបានទទួលការគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋខ្មែរជាច្រើន នៅសហរដ្ឋអាមេរិក និងកាណាដា។ សម្តេចបានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ៕



No comments:

Post a Comment