Monday, September 25, 2023

ឯកឧត្តម វង្សី វិស្សុត ចែករំលែកនូវទស្សនទានគន្លឹះចំនួន ៥ ដើម្បីលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍភាសាខ្មែរ


ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វចនានុក្រមខ្មែរ ឆ្នាំ២០២២ ក្នុងទម្រង់បោះពុម្ពជាសៀវភៅ និងឌីជីថល ដែលបានប្រារព្ធធ្វើឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ទន្ទឹមនឹងសម្ដែងមោទកភាពចំពោះស្នាដៃវណ្ណកម្មភាសា និងអក្សរសាស្ត្រខ្មែរដែលមានតម្លៃជាប្រវត្តិសាស្ត្រ និងបានលេចចេញជារូបរាងឡើងនេះ ជាមួយនឹងការបញ្ជាក់ថា វចនានុក្រមខ្មែរ ឆ្នាំ២០២២ គឺជាកម្លាំងពង្រឹងអត្តសញ្ញាណជាតិកម្ពុជា ហើយក៏ជាប្រភពមួយដ៏ចាំបាច់សម្រាប់ទ្រទ្រង់ដល់ការអប់រំ ការសិក្សាស្រាវជ្រាវ និងកិច្ចការងាររដ្ឋបាលដែលបម្រើទាំងវិស័យសាធារណៈ និងឯកជនឱ្យកាន់តែមានភាពងាយស្រួល ទាំងល្បឿន ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់។ វចនានុក្រមខ្មែរ ជាទម្រង់ឌីជីថលដែលអាចប្រើប្រាស់បានលើទូរសព្ទដៃ និងកុំព្យូទ័រនឹងផ្ដល់ជាមធ្យោបាយងាយស្រួលសម្រាប់សាធារណជន ក្នុងការស្វែងរកពាក្យពេចន៍ និងផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធសម្រាប់ប្រើប្រាស់គ្រប់ពេលវេលា និងគ្រប់ទីកន្លែងបានយ៉ាងឆាប់រហ័ស។

ទោះជាយ៉ាងនេះក្ដី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា នឹងបន្ដគោលនយោបាយរាជរដ្ឋាភិបាលអាណត្ដិមុនជាមួយនឹងទស្សនវិស័យរស់រវើកក្នុងការអភិរក្ស និងអភិវឌ្ឍនូវវប្បធម៌ ជាពិសេសអក្សរសាស្ត្រខែ្មរយើង។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តឱ្យមានការគិតគូរផងដែរអំពីការប្រើប្រាស់ពាក្យកម្ចីពីបរទេស ជាពិសេសពាក្យបច្ចេកទេសសំខាន់ៗ ដើម្បីធានាសង្គតិភាពនៃខ្លឹមសារដើមនៃពាក្យទាំងនោះឱ្យសមស្របទៅតាមបរិបទ និងការវិវត្តនៃស្ថានភាពសង្គម សេដ្ឋកិច្ចសកលបានទាន់ពេលវេលា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចែករំលែកនូវមតិយោបល់គន្លឹះមួយចំនួន ដើម្បីលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍន៍ភាសាខ្មែរ ដូចខាងក្រោម៖  

ទី១. ក្រុមប្រឹក្សាជាតិភាសាខ្មែរ និងគណៈកម្មាធិការជំនាញរបស់ខ្លួនទាំង១៧ ជាសេនាធិការ ត្រូវបន្ដចងក្រងនិងអភិវឌ្ឍវចនានុក្រមខ្មែរជាប្រចាំ តាមរយៈការធ្វើបច្ចុប្បន្នកម្មសូរ, សំណេរនិងវាក្យសព្ទឱ្យកាន់តែសម្បូរបែប, គ្រប់ជ្រុងជ្រោយនិងឆ្លើយតបនឹងការវិវត្ដនៃសង្គម, សេដ្ឋកិច្ច, បច្ចេកវិទ្យា, ឌីជីថលនិងសកលភាវូបនីយកម្ម។

ទី២. គ្រឹះស្ថានអប់រំទាំងអស់ ត្រូវលើកកម្ពស់ការបន្ដប្រើប្រាស់នូវវចនានុក្រមខ្មែរជាសម្ភារសិក្សា តាមរយៈការបណ្ដុះផ្នត់គំនិត ស្រឡាញ់ភាសាខ្មែរ និងប្រើវចនានុក្រមខ្មែរដល់គ្រប់សិស្ស និស្សិតគ្រប់កម្រិត ដើម្បីធានាថា សិស្សនិស្សិតទាំងអស់ ពិតជាអាចសរសេរអក្ខរាវិវុទ្ធ និងវេយ្យាករណ៍ខ្មែរបានត្រឹមត្រូវល្អប្រសើរ។ ក្នុងន័យនេះ, ឯកឧត្តម វង្សី វិស្សុត បានលើកទឹកចិត្តឱ្យមានការគិតគូរចែកចាយវចនានុក្រមខ្មែរ ឆ្នាំ២០២២នេះ ឱ្យបានគ្រប់គ្រឹះស្ថានអប់រំទូទៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ទី៣. ជំរុញ និងផ្សព្វផ្សាយជូនដល់សាធារណជន ពិសេសក្រសួង-ស្ថាប័ននានាក្នុងរាជរដ្ឋាភិបាលឱ្យចូលរួមប្រើប្រាស់វចនានុក្រមខ្មែរ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ ឱ្យកាន់តែទូលំទូលាយ ដើម្បីជាមូលដ្ឋានក្នុងការផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធ, សំណេរ, អំណាន និងនិយមន័យ សំដៅចូលរួមចំណែកអភិរក្ស និងអភិវឌ្ឍភាសា និងអក្សរសាស្រ្តខ្មែរយើងជាបន្តទៅទៀត។

ទី៤. អំពាវនាវឱ្យដៃគូអភិវឌ្ឍន៍, វិស័យឯកជន និងគ្រប់តួអង្គពាក់ព័ន្ធ ចូលរួមផ្ដល់ការគាំទ្រ ទាំងស្មារតីទាំងសម្ភារ បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការបន្ដអភិវឌ្ឍវចនានុក្រមខ្មែរ ជាពិសេសការគាំទ្រលើការធ្វើទំនើបកម្មឌីជីថល និងឃ្លាំងទិន្នន័យភាសាខ្មែរ និងលើកទឹកចិត្តឱ្យមានការរៀបចំកម្មវិធីឌីជីថលសម្រាប់សន្ទានុក្រមនានា ដែលត្រូវបានរៀបចំឡើងកន្លងមកនេះ សម្រាប់ជាប្រយោជន៍ដល់អ្នកជំនាញបច្ចេកទេសពីគ្រប់វិស័យ។

ទី៥. លើកទឹកចិត្តបញ្ញវន្ដ និងអ្នកសិក្សាគ្រប់ៗរូបឱ្យមានមនសិការស្រឡាញ់ភាសាខ្មែរ និងចូលរួមផ្ដល់មតិស្ថាបនានិងធាតុចូលជាប្រចាំ ដើម្បីធ្វើឱ្យវចនានុក្រមខ្មែរថ្មីនេះ កាន់តែមានសុក្រឹត្យភាព, ច្បាស់លាស់ និងមានភាពកាន់តែល្អប្រសើរសម្រាប់ការប្រើប្រាស់ ក៏ដូចជាសម្រាប់ការបោះពុម្ពផ្សាយលើកក្រោយៗទៀត។

បើតាមការឱ្យដឹងរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ «ក.ជ.ភ.ខ» នៃរាជបណ្ឌិត្យសភាកម្ពុជាក្នុងដំណើរការបច្ចុប្បន្នកម្មវចនានុក្រមខ្មែរ បានរំលេចនូវខ្លឹមសាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងមាត្រា៥ ចែងថា «ភាសា និងអក្សរដែលប្រើជាផ្លូវការ គឺភាសា និងអក្សរខ្មែរ» និងបានបន្ថែមថា ភាសាតែងតែមានការវិវត្តជានិច្ច។ រយៈពេលជាងកន្លះសតវត្ស គិតពីពេលនៃការបោះពុម្ពផ្សាយវចនានុក្រមខ្មែរ គ្រាទី៥ ក្នុងឆ្នាំ១៩៦៧-១៩៦៨ មកដល់ឆ្នាំ២០២២ ពាក្យជាច្រើននៅមិនទាន់បំពេញបន្ថែមក្នុងវចនានុក្រមនៅឡើយ។ ដូច្នេះ ការរៀបចំធ្វើបច្ចុប្បន្នកម្មវចនានុក្រមខ្មែរត្រូវធ្វើជាបន្តបន្ទាប់គ្មានទីបញ្ចប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ភាសាខ្មែរផង និងដើម្បីស្របតាមស្ថានភាពនៃការរីកចម្រើនរបស់សង្គមខ្មែរ និងពិភពលោក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ ព័ត៌មានវិទ្យា ក្នុងបរិបទសាកលភាវូបនីយកម្មនេះផងដែរ។ 

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងក្នុងឱកាសប្រារព្ធពិធីប្រកាសឱ្យប្រើប្រាស់វចនានុក្រមខ្មែរ ឆ្នាំ២០២២ ថា សមិទ្ធផលស្នាដៃដែលសម្រេចបាននេះ ក៏ផ្ដើមចេញការអនុវត្តដ៏ម៉ឺងម៉ាត់ តាមពាក្យពេចន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ បណ្ឌិត្យសភាចារ្យ ហ៊ុន សែន «ដើមត្នោតមួយដើម ត្រូវប្រើឱ្យអស់លទ្ធភាព» ដែលពាក្យពេចន៍ទាំងអស់នេះ គឺជាការលើកទឹកចិត្តសម្រាប់ក្រុមការងារពាក់ព័ន្ធទាំងអស់ នៅក្នុងការចងក្រង បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថលនេះឡើង ហើយដែលរាជបណ្ឌិត្យសភាកម្ពុជានឹងបន្តដំណើរទៅមុខទៀតដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ជាតិ ក៏ដូចជាការវិវត្តនៅក្នុងតំបន់ និងពិភពលោក។

រីឯឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានមានប្រសាសន៍ថា ការរៀបចំធ្វើវចនានុក្រមនេះ គឺជាការបន្តពីការយកចិត្តទុកដាក់ ស្រឡាញ់ ថែរក្សា ការពាររបស់បុព្វបុរសគ្រប់ជំនាន់ និងពីបណ្ដាបញ្ញវន្តជាច្រើនរូប ជាពិសេសពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ 

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរអស់ពីដួងចិត្ត ចំពោះក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានខិតខំបូជាកម្លាំងកាយ, ប្រាជ្ញា និងស្មារតីក្នុងការបំពេញកិច្ចការជាប្រវត្តិសាស្ត្ររហូតដល់សម្រេចបានវចនានុក្រមខ្មែរថ្មីនេះដែលជាសមិទ្ធផលធំធេងមួយទៀត នៃភាសានិងអក្សរសាស្ត្រខ្មែរ បន្ទាប់ពីវចនានុក្រមខ្មែរ បោះពុម្ពគ្រាទី៥ ឆ្នាំ១៩៦៧-១៩៦៨។  

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានឆ្លៀតយកឱកាសនេះ ដើម្បីឧទ្ទិសស្នាដៃនេះជាមហាកុសលជូនដល់ដួងព្រះវិញ្ញាណក្ខន្ធសម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ និងវិញ្ញាណក្ខន្ធអ្នកប្រាជ្ញភាសា និងអ្នកអក្សរសាស្ត្រជាតិគ្រប់រូប ដែលបានបូជា លះបង់ ផ្តល់វិភាគទាន និងខិតខំគ្រប់បែបយ៉ាង ដើម្បីអភិរក្ស និងអភិវឌ្ឍភាសា និងអក្សរសាស្ត្រជាតិខ្មែរ ឱ្យស្ថិតស្ថិរគង់វង្ស និងមានការរីកចម្រើនជាភិយ្យោភាពមកដល់បច្ចុប្បន្ន៕




















No comments:

Post a Comment