ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការបង្កើតខ្សែកាបិ៍អុបទិកក្រោមបាតសមុទ្រម៉ាឡេស៊ី កម្ពុជា ថៃ នៅថ្ងៃ២៥ ខែឧសភា ឆ្នាំ២០១៥នេះ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា បញ្ហាដែលមជ្ឈដ្ឋានមួយចំនួនបានលើកឡើងកាលពីពេលថ្មីៗនេះ ទាក់ទងការរឹតត្បិតពីសំណាក់រាជរដ្ឋាភិបាល ចំពោះការប្រើប្រាស់សេវាអ៊ីធឺណេត និងការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណេតនោះ គឺមិនមានទេ។
ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានអះអាងថា «បើសិនណាជារាជរដ្ឋាភិបាលមានគំនិតនៅក្នុងការរឹតត្បិតព័ត៌មានតាមប្រព័ន្ធអ៊ីធឺណេត ដូចគេថាមែននោះ តើរាជរដ្ឋាភិបាល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ខិតខំជំរុញឲ្យមានការវិនិយោគក្នុងការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណេតជាមួយតំបន់ក្នុងល្បឿនលឿនជាង ក្នុងទំហំខ្លាំងជាង ក្នុងកម្រិតមួយដែលទុកចិត្តច្រើនជាងនោះ បានប្រយោជន៍អី?។»
ដោយឡែក ទាក់ទងនឹងសំណើ របស់ឯកឧត្តម ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានផ្ញើលិខិតមួយទៅក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងក្រសួងទូរគមនាគមន៍ សូមឲ្យចាត់វិធានការចំពោះជនទាំងឡាយដែលបានប្រើប្រាស់ប្រព័ន្ធអនឡាញដែលជេរប្រមាថមើលងាយទៅដល់បុគ្គល និងថ្នាក់ដឹកនាំរប់សរាជរដ្ឋាភិបាល ត្រូវបានឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើងថា « បញ្ហានេះ វាពាក់ព័ន្ធទិដ្ឋភាពពីរយ៉ាង ទី១ គឺទិដ្ឋភាពខាងផ្លូវច្បាប់ និងទី២ ទិដ្ឋភាពខាងបច្ចេកទេស។ ទិដ្ឋភាពផ្លូវច្បាប់ដូច លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងផងដែរថា បើកាលណាជនរងគ្រោះដោយសារគេប្រមាថមើលងាយ គេបង្ខូចកេរ្តិ៍ ប្តឹងទៅតុលាការ ហើយតុលាការ យកករណីហ្នឹងមកចាត់ការ ហើយយល់ឃើញថា ការជេរប្រមាថនោះ ពិតជាត្រូវមានទោសមែន នៅក្នុងករណីបើសិន ឬក៏ស្នើមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើម៉េចឲ្យរកឃើញនូវអ្នកដែលប្រព្រឹត្តទោសកំហុសទៅលើបុគ្គលនោះ នោះក្រសួងនឹងពិនិត្យលទ្ធភាពចាត់វិធានការតបទៅនឹងការបង្គាប់របស់តុលាការ។»
ចំពោះទិដ្ឋភាពបច្ចេកទេសវិញត្រូវបាន ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថា វាពាក់ព័ន្ធ ទៅនឹងម្ចាស់ IT ទៅវិញទេ។ បើសិនជាក្នុងករណីហ្វេសប៊ុក គឺវាមានការពាក់ព័ន្ធទៅនឹងការស្នើសុំអន្តរាគមន៍ពីម្ចាស់ហ្វេសប៊ុកផ្ទាល់ គឺបានន័យថាត្រូវសុំទៅអាមេរិក ហើយករណីបែបនេះ កន្លងទៅមានមួយចំនួនតែមិនទទួលបានលទ្ធផលទេ ដោយសារម្ចាស់ហ្វេសប៊ុកគេមិនឆ្លើយតបទៅនឹងសំណើរបស់យើង។
គួរបញ្ជាក់ថាការបង្ហាញការព្រួយបារម្ភរបស់មជ្ឈដ្ឋានមួយចំនួន ស្របពេលដែលមានលេចលឺ សេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេត ឬក៏ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ និងត្រូវបានលើកយកមកពិភាក្សា ដើម្បីឈានទៅរកការអនុម័តនៅពេលខាងមុខនេះ។
អត្ថបទ៖ ច័ន្ទ ទេវី
![]() |
![]() |
![]() |