មកដល់ពេលនេះ ការពិតស្តីពីរឿងអាស្រូវផ្លូវភេទរបស់លោក
កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ
ត្រូវបានលាតត្រដាងជាសាធារណៈហើយ។ កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ
បានឆ្លើយសារភាពទទួលស្គាល់សម្លេងនៅក្នុងខ្សែអាត់ ដែលបានបែកធ្លាយកន្លងមកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ថាពិតជាសម្លេងរបស់រូបនាងនិយាយសាសងគ្នាជាមួយលោក
កឹម សុខា ប្រាកដមែន។
អ្វីដែលសាធារណៈជនចាប់អារម្មណ៍នោះ គឺលោក កឹម សុខា
បានប្រើប្រាស់វិធីសាស្ត្រដ៏ស្មោគគ្រោករបស់ខ្លួនបោកប្រាស់ទៅលើក្មេងស្រីរងគ្រោះ
ដោយលួងលោមសន្យាផ្តល់ប្រាក់ចំនួន ៣០០០ ដុល្លារអាមេរិក
និងសន្យារកទិញផ្ទះមួយនៅកន្លែងស្ងាត់ឲ្យនាង ដើម្បីងាយស្រួលចេញចូលជួបគ្នា។
មិនតែប៉ុណ្ណោះ មេបក្សប្រឆាំងល្មោភកាមរូបនេះ គឺបន្តកុហករូបនាងថានឹងបើកហាងសំអាងការមួយកន្លែងឲ្យនាងថែមទៀត
ប៉ុន្តែរហូតមកដល់ពេលនេះ នាងពុំទាន់បានទទួលអ្វីពីលោក កឹម សុខា
នៅឡើយនោះទេ។ មានន័យថា នាងបានបាត់បង់ទាំងខ្លួនប្រាណ និងកិត្តិយស
ដូចពាក្យចាស់បុរាណពោលថា «ប្រាក់ក៏បង់ ថង់ក៏ដាច» ដូច្នេះដែរ។
មកដល់ចំណុចនេះ គេនៅចាំបានថា លោក កឹម សុខា
ក៏ធ្លាប់បានប្រើប្រាស់វិធីបោកប្រាស់បែបសន្យានេះជាមួយប្រជាពលរដ្ឋនូវចំណុចជាច្រើន
ដូចជាការផ្តល់លុយ៤ម៉ឺនរៀលដល់ចាស់ៗ ដាក់ធ្មេញមាសឲ្យតាៗ យាយៗ
រកប្តីឲ្យស្រីម៉េម៉ាយ ជាដើម។ល។ រាប់មិនអស់។
ការបន្តបោកគ្រប់ទីកន្លែង គ្រប់ស្ថានភាព
និងការប្រព្រឹត្តិនូវអំពើអសីលធម៌ មើលងាយនារីវ័យក្មេងជាបន្តបន្ទាប់រាប់មិនអស់របស់លោក
កឹម សុខា បានធ្វើឲ្យសង្គមកម្ពុជាមិនអាចទទួលយកមេដឹកនាំបែបនេះបានឡើយ។
លោក កឹម សុខា
ត្រូវហ៊ានចេញមុខសារភាពនូវកំហុសរបស់ខ្លួនដែលបានប្រព្រឹត្តិជាសាធារណៈ
នឹងត្រូវលាលែងពីតំណែងជាអ្នកតំណាងរាស្ត្ររបស់ខ្លួនទើបត្រឹមត្រូវ ហើយរដ្ឋសភាជាតិ
គួររិះរកនីតិវិធី សួរដេញដោលនៅក្នុងសម័យប្រជុំពេញអង្គរបស់សភា ដើម្បីឱ្យលោក
កឹម សុខា ឆ្លើយបំភ្លឺជូនប្រជាពលរដ្ឋបានស្ងប់ចិត្តក្នុងរឿងនេះ។
ដើម្បីស្វែងរកយុត្តិធម៌ជូនស្ត្រីរងគ្រោះ កញ្ញា
ស្រីមុំ បានស្នើសុំឲ្យតំណាងអយ្យការ មេត្តាជួយរកយុត្តិធម៌ឲ្យរូបនាងតាមផ្លូវច្បាប់។
ក្នុងនោះ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញក៏បានបញ្ជាក់ថា
លោកនឹងពិនិត្យមើលករណីនេះទៅតាមនីតិវិធី។ ទន្ទឹមនឹងនោះ ប្រធានអង្គការសីលការ (Silka)
ក៏បានជំរុញឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ
ចេញមុខបកស្រាយចំពោះរឿងអាស្រូវកន្លងមក ដើម្បីកុំឲ្យតែតួអង្គ ស្រីមុំ ចេញមុខតែម្នាក់ឯងបែបនេះផងដែរ។
ដូច្នេះ គេសង្ឃឹមថាលោក កឹម សុខា
នឹងមិនកំសាកមិនហ៊ានទទួលខុសត្រូវនូវទង្វើអសីធម៌របស់ខ្លួននោះទេ។
កន្លងមក មុនការសារភាពរបស់កញ្ញា ខុម ចាន់ដារ៉ាទី
មានក្រុមអ្នកវិភាគមួយចំនួនដែលអះអាងថាខ្លួនជាអ្នកវិភាគឯករាជ្យនោះ
បែរជាយល់ថារឿងអាស្រូវស្រីញីម្តងហើយម្តងទៀត របស់លោក កឹម សុខា គឺជាការរៀបចំឆាកល្ខោនរបស់គណបក្សកាន់អំណាច
ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះគណបក្សប្រឆាំងទៅវិញ ប៉ុន្តែពេលនេះ
រឿងពិតត្រូវបានលាតត្រដាងដោយនារីរងគ្រោះទៅហើយ
តើពួកគេត្រូវបកស្រាយយ៉ាងណា? បើតាមការសន្និដ្ឋានរបស់ប្រជាពលរដ្ឋភាគច្រើន
ពួកគេបានយល់ថា
ក្រុមអ្នកវិភាគដែលតែងតាំងខ្លួនឯងថាជាអ្នកវិភាគឯករាជ្យទាំងនោះ
គឺពិតជាកូនជឹងរបស់គណបក្សប្រឆាំងមួយនេះយ៉ាងពិតប្រាកដ
ពីព្រោះពួកគេតែងតែបកស្រាយពីការពិតទៅជារឿងប្រឌិត ឬជារឿងល្ខោន
ហើយពេលខ្លះក្រុមមួយនេះហ៊ានចោទប្រកាន់ថាគឺជារឿងនយោបាយថែមទៀត
បើទោះបីជាជនដែលបានប្រព្រឹត្តិបានបង្ហាញនូវបទល្មើសដែលជាភស្តុតាងជាក់ស្តែងក៏ដោយ។
ការសារភាពរបស់ស្រីមុំនៅពេលនេះ គឺបានបង្ហាញយ៉ាងគ្រប់គ្រាន់
និងច្បាស់ក្រឡែត ពីទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងនាង និងលោក កឹម សុខា។
ក្នុងនាមលោក កឹម សុខា ជាអ្នកនយោបាយម្នាក់ដែលជាបុគ្គលសាធារណៈ
ហើយត្រូវទទួលការជ្រើសរើសជាតំណាងប្រជាពលរដ្ឋផងនោះ
បែរជាមានអំពើផិតក្បត់ប្រពន្ធ កូន
ប្រព្រឹត្តិអំពើអសីលធម៌ដែលសង្គមស្អប់ខ្ពើមបែបនេះ
តើបុគ្គលនោះគួរគប្បីជាបុគ្គលដែលត្រូវជ្រើសរើសមកដឹកនាំប្រទេសដែរឬយ៉ាងណា?
ឆ្លើយតបចំពោះការអំពាវនាវស្វែងរកយុត្តិធម៌របស់កញ្ញា
ខុម ចាន់ដារាទី ដែលជានារីរងគ្រោះនោះ មហាជន
បានគិតថាវាគ្រប់គ្រាន់ហើយសម្រាប់ព្រះរាជអាជ្ញា បន្តនីតិវិធីការងាររបស់ខ្លួន
ដើម្បីឲ្យតុលាការចាត់ការជនល្មោភតណ្ហារូបនេះតាមផ្លូវច្បាប់ជាធរមាន៕