តាំងពីមានការផ្ទុះរាលដាលនៃមេរោគCovid-19 កាលពីចុងឆ្នាំ២០១៩មកសេដ្ឋកិច្ចពិភពលោកបានចាប់ផ្ដើមទ្រុឌទ្រោមខ្លាំងមែនទែន ហើយរហូតមកទល់ពេលនេះបញ្ហាមេរោគឆ្លងនេះនៅតែបន្តរីករាលដាលកាន់តែខ្លាំងនៅជុំវិញពិភពលោក។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិIMFក៏ដូចជាធនាគារពិភពលោក (World Bank) សុទ្ធតែបានអះអាងថា ជំងឺរាតត្បាត Covid-19 នឹងបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចសកលនៅក្នុងឆ្នាំ២០២០នេះហើយដែលវាអាចនឹងធ្ងន់ធ្ងរជាងវិបត្តិហិរញ្ញវត្ថុសកលកាលពីឆ្នាំ២០០៨-២០០៩ទៅទៀត។ ប៉ុន្តែ ស្ថាប័នធនាគារធំៗទាំងនេះក៏បានបញ្ជាក់ដែរថា សេដ្ឋកិច្ចពិភពលោក អាចនឹងងើបឡើងវិញនៅក្នុងឆ្នាំ២០២១។
ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននេះ ការចំណាយ និងការខូចខាតនៃជីវភាពរបស់មនុស្សចំពោះការរីករាលដាលនៃមេរោគ Covid-19នេះ គឺមិនអាចវាស់ស្ទង់បានទេ ហើយប្រទេសទាំងអស់ត្រូវការធ្វើការងាររួមគ្នា និងមានវិធានការពិសេសដោយឡែកពីគ្នាសម្រាប់ប្រទេសនីមួយៗ ដើម្បីការពារប្រជាជនរបស់ខ្លួននិងកំណត់ការខូចខាតខាងសេដ្ឋកិច្ច ដើម្បីមានវិធានការឆ្លើយតបនឹងគ្រោះដ៏កាចសាហាវនេះ។
សម្រាប់ប្រទេសកម្ពុជាផលប៉ះពាល់ដោយសារជំងឺ Covid-19 នេះក៏មានដូចប្រទេសនានាក្នុងពិភពលោកដែរ ប៉ុន្តែកម្រិតនៃផលប៉ះពាល់នេះនៅមិនទាន់វាយតម្លៃបាននៅឡើយនោះទេ។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលក៏បានត្រៀមបម្រុងនូវចំណាត់ការធំៗរួចជាស្រេចផងដែរ។ វិស័យដែលបានប៉ះពាល់ខ្លាំងជាងគេ គឺឧស្សាហកម្ម និងសេវាកម្ម ក្នុងនោះកម្មករនៅតាមរោងចក្រ និងអ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធត្រូវបានលោកនាយករដ្ឋមន្ត្រីយកចិត្តទុកដាក់បំផុត។ ដោយសារតែរោងចក្រមួយចំនួនត្រូវបានបិទទ្វារ ដោយមូលហេតុខ្វះវត្ថុធាតុដើម និងដោយសារបញ្ហាអ្នកបញ្ជាទិញនៅតំបន់អឺរ៉ុប និងអាមេរិកបានផ្អាក រាជរដ្ឋាភិបាលបានសម្រេចជួយឧបត្ថម្ភថវិកាចំនួន៧០ដុល្លារក្នុងមួយខែដល់កម្មករម្នាក់ៗ ដែលក្នុងនោះពីរាជរដ្ឋាភិបាលចំនួន៤០ដុល្លារ និងពីម្ចាស់រោងចក្រចំនួន៣០ដុល្លារ ដោយមិនតម្រូវឲ្យមានការហ្វឹកហាត់ជំនាញដូចពេលមុនទេ។ ទោះបីជាថវិកានេះនៅមានកម្រិតក៏ពិតមែន ប៉ុន្តែនេះគឺជាការទទួលខុសត្រូវខ្ពស់របស់រដ្ឋាភិបាលចំពោះជីវភាពរបស់បងប្អូនកម្មករនៅក្នុងកាលៈទេសៈដែលប្រទេសជាតិ និងពិភពលោកកំពុងជួបការលំបាកនេះ។
ចំពោះវិនិយោគិនលើវិស័យកាត់ដេរសំលៀកបំពាក់ និងរោងចក្រនានាដែលរងផលប៉ះពាល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់នូវភាពអនុគ្រោះជាច្រើនរួមមានការលើកលែងពន្ធប្រចាំខែ នៅក្នុងរយៈពេលកំណត់មួយ ការលើកទឹកចិត្តឱ្យមានការបង្វែរការផលិតជាសំលៀកបំពាក់ មកផលិតម៉ាស ឬសម្ភារៈនិងផលិតផលសម្រាប់ការផ្គត់ផ្គង់តំរូវការក្នុងស្រុកវិញជាដើម។ នេះជាមេរៀនសម្រាប់កម្ពុជាក្នុងការពង្រឹងខ្លួនឯង ពង្រឹងភាពជាម្ចាស់ដើម្បីដោះស្រាយបញ្ហា។ ដូច្នេះ សម្រាប់ក្រុមហ៊ុន និងរោងចក្រដែលរងផលប៉ះពាល់ រាជរដ្ឋាភិបាលមានគម្រោងបង្វែរទិសពីការផលិតដើម្បីនាំចេញ មកផលិតសម្រាប់ជំនួសឱ្យការនាំចូលវិញម្តង។
ជារួម គោលនយោបាយរបស់រាជរដ្ឋាភិបាល ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏រាជរដ្ឋាភិបាលមិនដែលបានទុកឱ្យប្រជាជនកម្ពុជាណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ។ យ៉ាងណាមិញ ទោះបីជាប្រទេសជាតិកំពុងជួបនូវវិបត្តិនៃជម្ងឺ Covid-19 ដូចពេលនេះក្តីក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែខិតខំរកវិធីដោះស្រាយជាថវិកាជូនដល់កម្មករ-កម្មការិនី និងសម្រាលនូវបន្ទុកពន្ធដារចំពោះវិនិយោគិនផងដែរ។ ដោយសារតែវិបត្តិនៃជម្ងឺ Covid-19 នេះបានធ្វើឲ្យរាជរដ្ឋាភិបាលសម្រេចកែសម្រួលនូវគោលនយោបាយដូចជាការកាត់បន្ថយនូវការចំណាយរបស់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការបង្វែរមុខព្រួញសេដ្ឋកិច្ចពីវិបត្តិនៃវិស័យឧស្សាហកម្ម និងសេវាកម្ម ទៅជាការជំរុញសេដ្ឋកិច្ចដោយវិស័យកសិកម្មដើម្បីធានាសន្តិសុខស្បៀងក្នុងស្រុកវិញម្តង។
ម្យ៉ាងវិញទៀត កម្មករ-កម្មការិនីខ្មែរ គឺខុសពីកម្មករនៅបណ្តាប្រទេសនានា ដោយពួកគេទោះបីជាកំពុងធ្វើការនៅក្នុងរោងចក្រ ឬនៅក្នុងវិស័យសេវាកម្មផ្សេងៗក្តី ក៏ពួកគេមិនដែលផ្តាច់ចេញពីការងារជាកសិករនោះដែរ។ ដូច្នេះ កម្មករកម្ពុជាក្រោយពេលដែលមានការពន្យារពេលពីការងាររោងចក្រក្នុងរយៈពេលខ្លី នៃវិបត្តិជម្ងឺ Covid-19 នេះ ពួកគេនឹងត្រូវផ្ទេរទៅផ្សារភ្ជាប់នឹងក្រុមគ្រួសារជាកសិករវិញមិនខាន។ មានន័យថា «រាជរដ្ឋាភិបាលនៅតែបន្តគិតគូរពីជីវភាពរបស់កម្មករនិងការលំបាករបស់រោងចក្រជានិច្ច» ៕
ដោយ៖ យី វិសាល