Tuesday, October 02, 2018

វិនិយោគិនជប៉ុនកំពុងសម្លឹងពីសក្ដានុពលវិនិយោគនៅកម្ពុជា បន្ទាប់ពីចិនឈរលំដាប់ទី១

ខណៈចិនកំពុងឈរលំដាប់ទី១ ក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា បណ្ដាវិនិយោគិនពីប្រទេសផ្សេងៗក៏បានកំពុងដើរតាមក្រោយចិនជាបន្តបន្ទាប់ដែរ ក្នុងនោះជប៉ុនដែលជាប្រទេសមានសក្ដានុពលវិនិយោគក្រៅប្រទេសមួយដែរនោះ ក៏ហាក់បង្ហាញពីការប្រកួតប្រជែងក្នុងការវិនិយោគនៅកម្ពុជាជាមួយចិនដែរ ។
ដោយមើលឃើញពីសក្ដានុពលវិនិយោគលើវិស័យផ្សេងក្នុងប្រទេសកម្ពុជា វិនិយោគិនជប៉ុនប្រមាណ១៥០ក្រុមហ៊ុនបានបង្ហាញពីការចាប់អារម្មណ៍របស់ខ្លួនលើប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ និងគ្រោងបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់ ។ ជាក់ស្ដែងកាលពីថ្ងៃសុក្រទី២៨ កញ្ញា កន្លងទៅនេះ តំណាងវិនិយោគិនជប៉ុន និងកម្ពុជា បានរៀបចំជំនួបមួយដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មទៅវិញទៅមក និងបង្ហាញពីការត្រៀមខ្លួនបណ្ដាក់ទុនរួមគ្នានៅកម្ពុជា ។
បន្ទាប់ពីសម្លឹងឃើញ កម្ពុជាជាប្រទេសដែលមាន ស្ថិរភាព ទាំងផ្នែកនយោបាយ សន្តិសុខ សណ្តាប់ និងការរីកចម្រើនលើផ្នែកសេដ្ឋកិច្ចជាលំដាប់ ក្រុមហ៊ុនចំនួន១៥០ របស់ប្រទេសជប៉ុន មានចំណាប់អារម្មណ៍ចាប់ដៃគូរវិនិយោគជាមួយក្រុមហ៊ុនកម្ពុជា លើវិស័យមួយចំនួន ដើម្បីពង្រីកលើការរីកចម្រើនបន្ថែមទៀត រវាងក្រុមអ្នកអ្នកធុរកិច្ច នៃប្រទេសទាំងពីរ។
លោកឧកញ៉ា យិន សុវណ្ណី តំណាងវិនិយោគិនកម្ពុជាបានអោយដឹងថា ជំនួបរវាងវិនិយោគិនកម្ពុជា និងជប៉ុននៅពេលនេះ គឺបានបង្ហាញឱ្យឃើញពីការចាប់អារម្មណ៍របស់ជប៉ុនក្នុងការបណ្ដាក់ទុននៅប្រទេសកម្ពុជា ស្របពេលកម្ពុជា នៅតែមានសក្ដានុពលសម្រាប់វិនិយោគលើវិស័យផ្សេងៗជាច្រើន ។ ការមកដល់របស់ជប៉ុននៅកម្ពុជាពេលនេះ ក៏បានបង្ហាញពីកត្តាសន្តិសុខ ស្ថិរភាពនយោបាយ ការអភិវឌ្ឍ នាពេលបច្ចុប្បន្ននិងនៅពេលអនាគត ។ ម្យ៉ាងវិញទៀត បច្ចុប្បន្នកម្ពុជា បានក្លាយជាគោលដៅវិនិយោគដ៏សំខាន់របស់បណ្ដាប្រទេសរីកចម្រើននានាទាំងក្នុងនិងក្រៅតំបន់ ។
លោកឧកញ៉ាបន្តថា ដោយមើលឃើញពីកត្តាស្ថេរភាពទាំងនយោបាយ និងសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលកន្លងមកនេះ ទើបជប៉ុនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី០៣ នៅលើពិភពលោក បានបញ្ជូនក្រុមហ៊ុនវិនិយោគជាច្រើនមកបណ្តាក់ទុននៅកម្ពុជាជាបន្តបន្ទាប់ ជាក់ស្ដែងពេលនេះក្រុមហ៊ុនជប៉ុនចំនួន១៥០ក្រុមហ៊ុនបានមកដល់និងកំពុងស្វែងការវិនិយោគនានា ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ថាកម្ពុជា ជាប្រទេសមួយមានសក្តានុពលយ៉ាងខ្លាំងសម្រាប់ការវិនិយោគ លើគ្រប់វិស័យ ។
លោកឧកញ៉ា យិន សុវណ្ណី បានបញ្ជាក់ថា នៅក្នុងចំណោមបណ្តាក្រុមហ៊ុនទាំង១៥០ខាងលើនេះ មានជំនាញវិនិយោគបីវិស័យក្នុងនោះដូចជាវិស័យ កសិកម្ម វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូន ខណៈក៏កំពុងត្រូវការអោយមានការវិនិយោគលើវិស័យទាំងនេះផងដែរ ។
លោក SHOJI YUSUNOKI ( ហ្ស៊ូជី យូស៊ូនូគិ ) តំណាងក្រុមហ៊ុនជប៉ុនបានអោយដឹងថា ប្រទេសជប៉ុន និងប្រទេសកម្ពុជា មានចំណងមិត្តជាមួយគ្នាយ៉ាងស៊ីជម្រៅយូរមកហើយ ដូច្នេះហើយសម្រាប់ថ្ងៃនេះ តំណាងក្រុមហ៊ុនរបស់ជប៉ុន ចំនួន១៥០ក្រុមហ៊ុន បានមកដល់ប្រទេសកម្ពុជា ហើយក្រុមអ្នកវិនិយោគិនទាំងអស់ របស់ជប៉ុន ក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកបន្តថា ប្រទេសជប៉ុន មានចំនួនមនុស្សវ័យចាស់ច្រើន រីឯកម្ពុជា ជាប្រទេសមួយនៅក្នុងតំបន់ ដែលមានយុវវ័យច្រើន ដូច្នេះហើយកម្ពុជា-ជប៉ុន ជាប្រទេសដែលមានសក្តានុពលដែលអាចអាស្រ័យគ្នាទៅវិញទៅមកបានផងដែរ ជាពិសេសលើការវិនិយោគ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកផងដែរ ។

យោងតាមបណ្ដាញព័ត៌មានក្នុងស្រុកមួយបានបង្ហាញថា ការវិនិយោគរបស់ជប៉ុននៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៧កន្លងទៅនេះមានទឹកប្រាក់ចំនួន ១,៦ពាន់លានដុល្លារអាមេរិក ដែលមានគម្រោងវិនិយោគរបស់ជប៉ុន ជាង ១៣០ បានចុះបញ្ជីជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដូចជាវិស័យធនាគារ ផលិតកម្ម កសិកម្ម សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ៕


















General Debate – China, Russia, Iraq and More – 28 September 2018 (Friday)

សមាគមមនុស្សចាស់ជាយន្តការដ៏សំខាន់ ក្នុងការថែរក្សាវប្បធម៌ គ្រួសារ និងសង្គមជាតិ

នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ នៅខេត្តស្វាយរៀង មានរៀបចំប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០១៨ ក្រោមប្រធានបទ «សមាគមមនុស្សចាស់ ជាយន្តការដ៏សំខាន់ក្នុងការថែរក្សាវប្បធម៌ គ្រួសារ និងសង្គមជាតិ» និងពិធីចែកប័ណ្ណ និងបើកផ្ដល់ប្រាក់របបគោលនយោបាយជូនចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ក្រោមអធិបតីភាព លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងលោកស្រី លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទី-អង្គភាពនានាក្នុងខេត្ត អភិបាលក្រុង ស្រុក តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទាំង ២៥រាជធានី-ខេត្ត បងប្អូនពិការ ព្រមទាំងលោកតា លោកយាយ ចាស់ព្រឹទ្ធាចារ្យ ចំនួន ៤០០នាក់ ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានបង្ហាញពីសុទិដ្ឋិនិយមថា តាមរយៈការប្រារព្ធទិវាដ៏មានសារៈសំខាន់នៅថ្ងៃនេះ ប្រជាពលរដ្ឋជាទូទៅ និងយុវជននៅក្នុងខេត្ត នឹងបានជ្រួតជ្រាប និងយល់កាន់តែច្បាស់អំពីអត្ថន័យនៃទិវាមនុស្សចាស់ ព្រមទាំងចូលរួមកាន់តែផុលផុស និងទូលំទូលាយជាងមុន ក្នុងការរួមចំណែកបង្កើនសុខុមាលភាពការថែទាំ និងការគ្រប់គ្រងមនុស្សវ័យចាស់ឲ្យបានកាន់តែល្អប្រសើរថែមទៀត ហើយក្នុងនាមអាជ្ញាធរខេត្ត គឺនៅតែបន្តជំរុញការចាត់តាំងអនុវត្តនូវរាល់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគាំពារ ថែរក្សា និងលើកកម្ពស់សុខុមាលភាពមនុស្សចាស់ ការបន្តចលនាមនុស្សវ័យចាស់ដែលមានប្រមាណជាង ៥ម៉ឺននាក់ នៅក្នុងខេត្ត ឲ្យចូលជាសមាជិកសមាគមមនុស្សចាស់ឲ្យបានកាន់តែច្រើនបន្ថែមទៀត ធ្វើយ៉ាងណាឲ្យពួកគាត់ កាន់តែទទួលបានផលប្រយោជន៍ច្រើនជាងមុន ប្រសើរជាងមុន និងទូលាយជាងមុន ។

សូមបញ្ជាក់ថា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា គឺជាទិវាមួយដែលប្រារព្ធឡើងសម្រាប់រំលឹកគុណដល់មនុស្សវ័យចាស់កម្ពុជា ក៏ដូចជាមនុស្សវ័យចាស់នៅទូទាំងសកលលោក និងលើកកម្ពស់មនសិការទទួលខុសត្រូវរបស់យើងក្នុងការចូលរួមកសាងសង្គមជាតិមួយដែលមានការយកចិត្តដាក់កាន់តែខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាជនគ្រប់វ័យ ជាពិសេសមនុស្សវ័យចាស់ ហើយនៅក្នុងឆ្នាំ២០១៨នេះ ប្រារព្ធឡើងក្រោមប្រធានបទ “សមាគមមនុស្សចាស់ជាយន្តការដ៏សំខាន់ ក្នុងការថែរក្សាវប្បធម៌ គ្រួសារ និងសង្គមជាតិ” ៕









ព្រះមហាក្សត្រខ្មែរ បង្ហាញព្រះទ័យជឿជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំយូរអង្វែងជានិច្ច

ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានបង្ហាញព្រះទ័យជឿ ជាក់ថាទំនាក់ទំនងដ៏យូរអង្វែង និងកិច្ច សហប្រតិបត្តិការរវាងកម្ពុជា-ចិន នឹងនៅតែរឹងមាំជានិច្ច។ ការបង្ហាញពី ជំនឿទៅលើការរក្សាភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-ចិន របស់ព្រះមហា ក្សត្រខ្មែរបានស្តែងឡើងតាមរយៈព្រះរាជលិខិតអបអរសាទរខួប៦៩ឆ្នាំ ថ្ងៃបង្កើតសាធា រណរដ្ឋប្រជាមានិតចិន ផ្ញើជូនប្រធានាធិបតីចិន លោក ស៊ី ជិនពីង។
ក្នុងព្រះរាជលិខិតដដែលនេះ ព្រះមហាក្សត្រខ្មែរ បានសម្តែងនូវការអបអរ សាទរយ៉ាងក្លៀវក្លា និងកក់ក្តៅបំផុត ចំពោះបក្សកុម្មុយនិស្តចិន ក្រុមប្រឹក្សា រដ្ឋ កងទ័ពរំដោះប្រជាជន និងប្រជាជនចិនទាំងមូលក្នុងខួប៦៩ឆ្នាំ ថ្ងៃបង្កើត សាធារណរដ្ឋប្រជាមានិតចិននេះ។ តាមរយៈព្រះរាជលិខិតនេះ ព្រះមហា ក្សត្រខ្មែរ ក៏បានអរគុណលោក ស៊ី ជិនពីង ដែលបានទទួលស្វាគមន៍ ព្រះអង្គ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ នរោត្តម មុនិនាថ សីហនុ រាល់ឱកាសត្រួតពិនិត្យព្រះរាជសុខភាព និងស្នាក់នៅក្នុងប្រទេស ចិនគ្រប់ពេលវេលា។ ព្រះអង្គមានព្រះរាជបន្ទូលបញ្ជាក់ថា រាល់សមាជិក គ្រួសាររាជវង្សខ្មែរទាំងអស់ពេញចិត្តបំផុត នឹងទំនាក់ទំនងដ៏អស្ចារ្យនេះ។
ព្រះមហាក្សត្រខ្មែរ ក៏បានគូសរំលេចផងដែរថា ការផ្លាស់ ប្ដូរគ្នាទៅវិញ ទៅមកជាញឹកញប់នៃមន្ត្រីជាន់ខ្ពស់កម្ពុជា-ចិន គឺបានកត់សម្គាល់យ៉ាង ច្បាស់ពីការបន្ត និងពង្រឹងទំនាក់ទំនងរវាងប្រជាជាតិកម្ពុជា-ចិន ព្រមទាំង ការយកចិត្តទុកដាក់របស់មេដឹកនាំ និងប្រជាជនប្រទេសទាំងពីរ ដើម្បី អ្នកជំនាន់ក្រោយ។

សូមបញ្ជាក់ថា ផ្តើមចេញពីទំនាក់ទំនងដ៏ល្អ ដែលបច្ចុប្បន្នត្រូវប្រសិទ្ធនាម ជាទំនាក់ទំនង «ដែកថែប» រវាងកម្ពុជា-ចិននេះ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ ក្នុងពិធីលាងសាយភោជនរបស់បក្សកុម្មុយនីស្តចិន នៅ វិមានប្រជាជនចិនកណ្តាលទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីអបអរសាទរ ខួប៦៩ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននេះ ព្រះមហាក្សត្រ ខ្មែរ ដែលកំពុងគង់ប្រថាប់នៅឯទីក្រុងប៉េកាំងនោះ គឺបានក្លាយជាភ្ញៀវ បរទេសដ៏ពិសេសតែមួយគត់ដែលត្រូវបានមេដឹកនាំចិនយាងចូលរួមក្នុងពិធីលាងសាយភោជននោះ ហើយគង់រួមតុជាមួយថ្នាក់ដឹកនាំ ចិនថែមទៀត ផង៕







លោក ជាវ តាយ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែកញ្ញា


កំពត៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅសាលាខេត្តកំពត លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែកញ្ញា ឆ្នាំ២០១៨។
កិច្ចប្រជុំប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម
១.ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
២.ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
៣.ពិនិត្យលើសេចក្តីព្រាងឯកសារវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៨
៤.បញ្ហាផ្សេងៗ
ឆ្លងសេចក្តីព្រាងសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងាររៀបចំតបណ្តាញប្រព័ន្ធខ្សែកាបទូរគមនាគមន៍ និងអគ្គិសនី។
កិច្ចប្រជុំនារសៀលនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ កងកំលាំងទាំងបី មន្ទីរ អង្គភាពជុំវិញខេត្តអភិបាលក្រុង ស្រុក ទីចាត់ការ អង្គភាពចំណុះសាលាខេត្តចំនួន ៦៥នាក់៕




លោកស្រី ម៉ែន សំអន ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអូស្រ្តាលី ដែលបានមកព្យាបាលដោយឥតគិតថ្លៃនៅខេត្តស្វាយរៀង

លោកស្រី ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយ រៀង បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការខេមបូឌាវីសិន (អូស្រ្តាលី) ចំនួន១៤០នាក់ ដែលបានមកព្យាបាលអ្នកជំងឺឥតគិតថ្លៃប្រមាណជាង ៤.០ ០០នាក់ កាលពីថ្ងៃទី២៣-២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងបានពិសារអាហារសាមគ្គីរួមគ្នា នៅភោជនីយដ្ឋានឡឺប្រេស៊ីដង់ រាជធានីភ្នំពេញ នារាត្រីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៨។
ឆ្លៀតក្នុងឱកាសនោះលោកស្រី ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តស្វាយរៀង ដែលមាន លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង រួមសហការជាមួយមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដឹកនាំដោយលោក កែ រដ្ឋា ក្រុមគ្រូពេទ្យស្ម័គចិត្ត របស់អង្គការខេមបូឌាវីសិន (អូស្រ្តាលី) ដឹកនាំដោយ លោក ជេក ម៉េងលី ដែលក្រុមគ្រូពេទ្យទាំងអស់បានចំណាយទាំងថវិកា និងពេលវេលាមកព្យាបាលដោយឥតគិតថ្លៃដល់ប្រជា​ពលរដ្ឋក្រីក្រក្នុងខេត្តស្វាយរៀង។
លោកស្រី បានបន្តទៀតថា សកម្មភាពមនុស្សធម៌នេះពិតជាមានតម្លៃណាស់ ដែលកើតចេញអំពីទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសអូស្រ្តាលី បាមរួមគ្នាបង្កើតជាក្រុមមួយស្រាប់ធ្វើការងារមនុស្សធម៌នេះ និងបានចូលរួមចំណែកជាមួយរាជរដ្ឋា ភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ។
ក្នុងរាត្រីនោះផងដែរក៏មានការចូលរួមថវិកាមនុស្សធម៌ពីសំណាក់ ឧកញ៉ា លោក លោកស្រី ដោយប្រមូលបានថវិកាបានជាង ១០ម៉ឺនដុល្លារ សម្រាប់បន្តគម្រោងព្យាបាលក្នុងឆ្នាំ២០១៩ ខាងមុខនេះ។ លោកស្រី ក៏បានសំណូមពរ​ឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកព្យាបាលនៅខេត្តស្វាយរៀងនៅគម្រោងបន្តបន្ទាប់ទៀត។

ក្រុមគ្រូពេទ្យ Cambodia Vision INC មកពីអូស្ត្រាលី មានបេសកកម្មព្យាបាលជំងឺភ្នែក និងគថ្លង់ ដែលមានគ្រូពេទ្យស្ម័គ្រចិត្តសរុប ១៤០នាក់ ហើយបានបើកការព្យាបាលនៅមន្ទីរបង្អែកខេត្តស្វាយរៀង ក្រុងស្វាយរៀង ចាប់ពីថ្ងៃទី២៣ ដល់២៨ ខែកញ្ញា ២០១៨ ទទួលព្យាបាលអ្នកជំងឺបាន ៣៩៩៨នាក់(៩០%ប្រជាជនក្នុងខេត្ត ១០%ប្រជាជនក្រៅខេត្ត) ក្នុងនោះ
•វះកាត់ភ្នែក ៤៤៤ករណី
•ជំងឺគថ្លង់៩៩៥ករណី
•ផ្តល់វែនតាអានអក្សរ ៩៥០គូរ
•ផ្តល់វែនតាការពារពន្លឺ ៣៥០០គូរ
•កាត់ផ្តល់វែនតាមីញូប ៣៥០គូរ៕








លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា

នៅព្រឹកថ្ងៃទី០២​ ខែតុលា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធ លោក នៃ ប៉េណា អនុប្រធានទី១ នៃព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧៤ឆ្នាំ។
តាងនាមរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវសមានចិត្ត និងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយលោកស្រី មាឃ ឡាញ់ នៃ ប៉េណា ក៏ដូចជាជូនចំពោះក្រុមគ្រួសារសព ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់នេះ។
នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធនោះដែរ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាសមរណទុក្ខរបស់ លោក នៃ​ ប៉េណា ដែលមានខ្លឹមសារជាអាទិ៍ថា៖ «តាងនាមរាជរដ្ឋាភិបាលនិងខ្លួនខ្ញុំផ្ទាល់ សូមចូលរួមនូវមរណទុក្ខប្រកបដោយក្តីសង្វេគសោកស្ដាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា គឺជាការបាត់បង់នូវស្វាមីប្រកបដោយសង្គហធម៌ដ៏ល្អពិសេស និងជាការបាត់បង់ឪពុកជីតាប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត ព្រមទាំងការបាត់បង់នូវកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិកាក្នុងការបម្រើបុព្វហេតុជាតិសាសនាព្រះមហាក្សត្រគ្រប់កាលៈទេសៈ»។

សូមបញ្ជាក់ថា លោក នៃ ប៉េណា ជាឥស្សរជនជាន់ខ្ពស់មួយរូបរបស់កម្ពុជា បានទទួលមរណភាព ដោយរោគា ពាធនាវេលាម៉ោង១៖០០នាទីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧៤ឆ្នាំ។ សពរបស់លោក នៃ ប៉េណា ត្រូវបានតម្កល់ធ្វើបុណ្យនៅផ្ទះលេខ៣៩១ ផ្លូវប៉ូឡាវីស ច្រកទ្វារទី២ បុរីប៉េងហួត(បឹងស្នោរ) សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ពិធីដង្ហែរសពនឹងប្រពឹត្តទៅនៅព្រឹកថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨ ឆ្ពោះទៅកាន់ឈាបនដ្ឋាននៅទីលានមុខវត្តបុទុមវត្តី៕