Friday, January 19, 2024

ឧបនាយករដ្ឋមន្ក្រីប្រចាំការ វង្សី វិស្សុត សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង មាន៥បន្ទប់ នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

 

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សាភ្នំពិស្សិ៍ ស្ថិតក្នុងភូមិពិស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ អគារសិក្សា ១ខ្នង មាន៥បន្ទប់នេះ ត្រូវបានឧបត្ថម្ភសាងសង់ដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។ ពិធីសម្ពោធនេះ ក៏មានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងជាប្រធានសមាគមឧកញ៉ាកម្ពុជា ឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តកំពង់ស្ពឺ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។

ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា នៅក្រោមដំបូលសុខសន្តិភាពក្នុងរយៈពេលប្រមាណ២៥ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានការរីកចម្រើនលើស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យអប់រំ ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកការអប់រំ និងការបណ្ដុះបណ្តាលធនធានមនុស្ស គឺជាកត្តាចម្បងមួយក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយការកសាងប្រទេសជាតិមួយខ្លាំង តម្រូវឱ្យមានពលរដ្ឋខ្លាំងពូកែ។ ឯកឧត្តម វង្សី វិស្សុត បានថ្លែងថា ការអភិវឌ្ឍធនធានមនុស្សមានទិសដៅធំពីរ គឺទី១ ដើម្បីឱ្យមនុស្សខ្លួនឯងមានចំណេះដឹង មានវិន័យ និងសីលធម៌នៃការរស់នៅល្អ និងមានការងារល្អទទួលបានប្រាក់ខែខ្ពស់ ដើម្បីជួយលើកកម្ពស់ជីវភាពខ្លួនឯង និងគ្រួសារ និងទី២ ដើម្បីចូលរួមចំណែកជួយអភិវឌ្ឍសង្គម មនុស្សគឺជាមធ្យោបាយ គឺជាកំលាំងសេដ្ឋកិច្ចនិងការពារជាតិឱ្យបានគង់វង្ស។ សម្រាប់ឯកឧត្តម វង្សី វិស្សុត សាលាមួយអាចបណ្តុះបណ្តាលសិស្សឱ្យមានគុណភាពល្អ គឺអាស្រ័យលើអ្នកបង្រៀន អ្នករៀន អាណាព្យាបាល សហគមន៍ កម្មវិធីសិក្សា និងការគ្រប់គ្រងសាលារៀន ជាពិសេសអ្វីដែលសំខាន់នោះគឺនាយកសាលាតែម្តង។ ត្រង់ចំណុចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ពោលគឺជំរុញឱ្យខេត្តនីមួយៗត្រូវយកចិត្តទុកដាក់ និងមានការគិតគូរឱ្យបានខ្ពស់ក្នុងការគ្រប់គ្រងសាលា និងការជ្រើសរើសនាយកសាលា។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្ថែមថា ក្នុងគោលដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានចេញនូវវិធានការគន្លឹះចំនួន៤រួមមាន៖ ការពង្រឹងអភិបាលកិច្ចសាលារៀន, ការពិនិត្យ កែសម្រួល និងរៀបចំឡើងវិញនូវកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក្នុងការពង្រឹង និងពង្រីកចំណេះដឹង វិន័យ សីលធម៌ និង ឥរិយាបថរបស់សិស្ស, ការបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពសិស្សតាមរយៈការអនុវត្តកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញ និងលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការចូលរួមការងារអប់រំសិស្ស ក្រោមពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ។

ដោយឡែក ចំពោះខេត្តកំពង់ស្ពឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានធ្វើការកត់សម្គាល់ឃើញថា នៅក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះក្រោមដំបូលសន្តិភាព ខេត្តនេះ បានផ្លាស់ប្តូរមុខមាត់គួរឱ្យកត់សម្គាល់ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ជាក់ស្តែងនៅមួយរយៈចុងក្រោយនេះ វិស័យឧស្សាហកម្មក្នុងខេត្តនេះ មានការរីកដុះដាលយ៉ាងខ្លាំង ដែលបានជួយឱ្យជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តនេះមានភាពល្អប្រសើរជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ទៀតថា ពីមុនមក ខេត្តកំពង់ស្ពឺ តែងត្រូវគេចាត់ទុកជាខេត្តក្រីក្រមួយដែលអាស្រ័យតែលើការធ្វើស្រែប៉ុណ្ណោះ តែរយៈពេល២៥ឆ្នាំចុងក្រោយនេះ ខេត្តនេះ មានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសលើវិស័យឧស្សាហកម្មតែម្តង។ បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រឧស្សាហកម្មសរុបជាង៣០០រោងចក្រ ដោយបានផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណ១៧ម៉ឺននាក់ ដោយឡែក ឃុំអមលាំង ស្រុកថ្ពងនេះ បានក្លាយទៅជាមូលដ្ឋានកសិកម្ម ឧស្សាហកម្មដ៏ធំមួយរបស់ខេត្ត ហើយនៅមានសក្តានុពលក្នុងការពង្រីកកាន់តែធំថែមទៀត។ ការរីកចម្រើននាពេលបច្ចុប្បន្ននេះ គួបផ្សំនឹងស្ថានភាពភូមិសាស្ត្រអំណោយផលនៃខេត្តនេះ ដែលនៅចន្លោះរាជធានីភ្នំពេញ និងតំបន់ឆ្នេរសមុទ្រ អាចចង្អុលពីអនាគតប្រកបដោយវិបុលភាពរបស់ខេត្តកំពង់ស្ពឺស្របនឹងដំណើររបស់ប្រទេសកម្ពុជាទាំងមូល ឆ្ពោះទៅរកការក្លាយខ្លួនជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

យ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអះអាងថា ការសម្រេចបានសមិទ្ធផលធំៗ និងការរីកចម្រើនស្ទើរគ្រប់វិស័យរបស់កម្ពុជា គឺកើតចេញពីសុខសន្តិភាព ដែលរកបានដោយលំបាកក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្រាប់ឯកឧត្តម វង្សី វិស្សុត សន្តិភាពនិងការអភិវឌ្ឍន៍ត្រូវតែដើរទន្ទឹមគ្នា ពោលគឺសន្តិភាពដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីសន្តិភាព។ កត្តានេះហើយទើបជំរុញឱ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្កើតឱ្យមានទិវាសន្តិភាព ដើម្បីឱ្យដិតជាប់នៅក្នុងស្មារតីរបស់បងប្អូន កូនចៅ ក្មួយៗ ទាំងអស់គ្នាអំពីតម្លៃ និងភាពចាំបាច់នៃសន្តិភាព។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយ គត់ដែលធានាសន្តិភាពក៏ដូចជាការអភិវឌ្ឍជាយូរអង្វែងជូនប្រជាជន និងប្រទេសកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តម វង្សី វិស្សុត ក៏បានសម្តែងនូវកត្តញុតាធម៌ដ៏ជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ អតីតនាយករដ្ឋមន្ត្រី ដែលជាអគ្គមគ្គទេសក៍ដ៏ល្អេឯកក្នុងការនាំមកនូវសន្តិភាពជូនជាតិមាតុភូមិ ព្រមទាំងសម្រេចបាននូវឯកភាពជាតិ ឯកភាពទឹកដី ដែលជាស្នាដៃជាប្រវត្តិសាស្ត្រសំខាន់បំផុតសម្រាប់ប្រទេសជាតិ។ លើសពីនេះឯកឧត្តម ស្នើឱ្យប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយទាំងអស់ចូលរួមការពារទឹកដីដែលនៅសេសសល់ដែលជាកេរពីដូនតាជំនាន់មុនឱ្យបានគង់វង្ស និងចូលរួមអភិវឌ្ឍបន្ថែមឱ្យក្លាយជាប្រទេសខ្លាំង ទំនើប និងអាចរស់នៅដោយខ្លួនឯងបាន និងការពារខ្លួនឯងបាន៕




















សិក្ខាសាលាស្តីពីការ កសាងសមត្ថភាពដល់មន្រ្តីរាជការជាង១០០នាក់ មកពីបណ្តាអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី


ក្រោយពីទទួលបានការអនុញ្ញាតពី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋានអាស៊ាន នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានរៀបចំសិក្ខាសាលាការកសាងសមត្ថភាព ស្តីពី «ការលើកកម្ពស់ កំណើន និងការងារ តាមរយៈសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន៖ បញ្ហាប្រឈម កាលានុវត្តភាព និងផែនការយុទ្ធសាស្ត្រ» ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងមានការចូលរួមពីសិក្ខាកាមជាង១០០នាក់ មកពីបណ្តាអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងមួយចំនួនដូចជា៖ ១- បង្កើនចំណេះដឹងដល់អ្នកចូលរួម តាមរយៈការចែករំលែកនូវព័ត៌មាន និងកាលានុវត្តភាពនៃការធ្វើសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន ២- ផ្លាស់ប្តូរនូវមតិយោបល់ ឧត្តមានុវត្ត និងបទពិសោធន៍ ក៏ដូចជារិះរកយុទ្ធសាស្ត្រដើម្បីធានាថាមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងអង្គភាពចំណុះ យល់កាន់តែច្បាស់ពីដំណើរការសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និង ៣- រៀបចំចងក្រងជាសៀវភៅដើម្បីរក្សាទុក និងផ្សព្វផ្សាយបន្ត៕

អត្ថបទ : នាយកដ្ឋានអាស៊ាន ទីស្តីការគណរដ្ឋមន្ត្រី 





























ទំនាក់ទំនងដ៏រឹងមាំជាប្រវត្តិសាស្ត្រ និងគ្រប់កម្រិត រវាងកម្ពុជា-បារាំង នឹងជួយជំរុញឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌ កាន់តែរីកចម្រើនរឹងមាំប្រសើរឡើង


នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹងលោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ។


ជាកិច្ចចាប់ផ្តើម លោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅលើទឹកដីបារាំង និងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចជ្រើសរើសរបស់សម្តេចធិបតី យកប្រទេសបារាំងជាប្រទេសទី១ ក្នុងចំណោមបណ្តាប្រទេសនៃទ្វីបអឺរ៉ុប ដើម្បីបំពេញទស្សនកិច្ចផ្លូវការក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្របពេលដែលប្រទេសបារាំង-កម្ពុជា កំពុងមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ។ បន្ថែមលើនេះ លោកជំទាវប្រធានរដ្ឋសភា ក៏បានសម្តែងនូវការពេញចិត្តចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ក្នុងការបង្កើតនូវមជ្ឈមណ្ឌលវប្បធម៌ថ្នាក់តំបន់មួយនៅក្នុងប្រទេសកម្ពុជា សម្រាប់បម្រើឱ្យការបណ្តុះបណ្តាលភាសាបារាំង និងការផ្សព្វផ្សាយវប្បធម៌បារាំង ដល់ប្រជាជននៃបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី ខណៈដែលប្រទេសកម្ពុជាជាប្រទេសដែលមានទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរលង់ជាមួយនឹងប្រទេសបារាំង ហើយក៏នៅតែជាប្រទេសសកម្មមួយ ដែលមានប្រជាជនប្រើប្រាស់ភាសាបារាំងជាច្រើន។


ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកជំទាវប្រធានរដ្ឋសភាបារាំង និងបានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពរីកចម្រើនគួរឱ្យកត់សម្គាល់ នៃទំនាក់ទំងរវាងប្រទេសទាំងពីរនៅគ្រប់កម្រិត ជាពិសេសទំនាក់ទំនងរវាងសា្ថប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅក្នុងវិស័យអប់រំ វប្បធម៌ ភាសា និងសេដ្ឋកិច្ច ។ល។ ទន្ទឹមគ្នានេះ, សម្តេចធិបតី ក៏បានលើកឡើងបន្ថែមថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនាឱកាសនេះ ការជំរុញលើកកម្ពស់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងវិនិយោគ ក៏ជារបៀបវារៈសំខាន់មួយផងដែរ នៃបេសកកម្មរបស់សម្តេចធិបតី បន្ថែមលើកិច្ចការនយោបាយ និងការទូត ដោយសង្ឃឹមថា ក្រុមហ៊ុន-សហគ្រាសធំៗរបស់បារាំងនឹងបន្តពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត ហើយចំពោះវិនិយោគិនបារាំងថ្មី ក៏អាចនឹងចាប់ផ្តើមសិក្សាស្វែងយល់អំពីសក្តានុពលវិនិយោគនៅកម្ពុជា ផងដែរ ។ មុននឹងបញ្ចប់ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិកសកម្មរបស់អង្គការនៃបណ្តាប្រទេសនិយាយភាសាបារាំងនៃអង្គការហ្វ្រង់កូហ្វូនី (OIF), ទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ នឹងកាន់តែត្រូវបានពង្រឹង និងលើកកម្ពស់ឱ្យកាន់តែរីកចម្រើនប្រសើរឡើងយ៉ាងប្រាកដ ៕





ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាង សម្តេចធិបតី នាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយលោកស្រី Sophie Viger នាយិកាសាលា Ecole 42 របស់បារាំង



នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Sophie Viger នាយិកាសាលា Ecole 42 ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ។


ក្នុងជំនួបនេះ លោកស្រីនាយិកា Sophie Viger បានថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូនអំពីសកម្មភាពបណ្តុះបណ្តាលរបស់សាលា Ecole 42 ដែលជាស្ថាប័នអប់រំមានភាពច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យា ដែលផ្តល់នូវការសិក្សាដោយឥតគិតថ្លៃ ជាមួយគោលបំណងផ្តល់ឱ្យសិស្សានុសិស្សនូវជំនាញ និងចំណេះដឹងសម្រាប់អាជីពផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍកម្មវិធីកុំព្យូទ័រ ។ គម្រូនៃកម្មវិធីអប់រំរបស់សាលា Ecole 42 គឺផ្តោតលើការរៀនសូត្របន្ត និងជាមួយមិត្តភក្តិ ដែលជាសិស្សានុសិស្សដូចគ្នា ដោយមានកិច្ចសហការ និង ការជួយគ្នាទៅវិញទៅមកនៅក្នុងការសិក្សារៀនសូត្រ ។ ដោយឡែក នៅកម្ពុជា សាលា Ecole 42 បាន និងកំពុងសហការជាមួយដៃគូក្នុងស្រុក ក្នុងការរៀបចំដំណើរការនៃកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួន។ 


ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះវត្តមានរបស់សាលា Ecole 42 នៅកម្ពុជា ព្រមទាំងបានលេីកទឹកចិត្តឱ្យសាលា ខិតខំជំរុញ និងលើកកម្ពស់បន្ថែមទៀតនូវដំណើរការនៃការអប់រំ និងបណ្តុះបណ្តាលរបស់ខ្លួន សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យស្របតាមដំណើរវិវឌ្ឍជឿនលឿននៃបច្ចេកវិទ្យាក្នុងសម័យកាលបច្ចុប្បន្ន និងតាមតម្រូវការជាក់ស្តែងរបស់ទីផ្សារ នៅកម្ពុជា ៕







ក្រុមហ៊ុនឡូជីស្ទីកលំដាប់ពិភពលោក មានបំណងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែម នៅកម្ពុជា

 


នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Rodolphe SaaDé ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន CMA CGM GROUP ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង ។


ក្នុងជំនួបនេះ លោក Rodolphe SaaDé បានថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន CMA CGM GROUP ជាក្រុមហ៊ុនឡូជីស្ទីកដែលមានការិយាល័យច្រើនជាង ៤០០ និងកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសចំនួនប្រមាណជាង ១៦០ នៅទូទាំងពិភពលោក ។ ក្រុមហ៊ុន ក៏មានកប៉ាល់ សម្រាប់ដឹកជញ្ជូនប្រមាណ ៦២៣ និងយន្តហោះដឹកទំនិញចំនួន ៦ ផងដែរ ។ សេវាកម្មសំខាន់ៗរបស់ក្រុមហ៊ុន រួមមាន៖ សេវាដឹកជញ្ជូនទំនិញទូទាំងពិភពលោក, សេវាឡូជីស្ទីក (end-to-end logistics),  សេវាតាមដានអំពីដំណើរការដឹកជញ្ជូន និងការរៀបចំទុកដាក់ទំនិញ, និងជំនាញពាក់ព័ន្ធនឹងកុងតឺន័រសម្រាប់ដឹកទំនិញគ្រប់ប្រភេទ ។ ជាមួយគ្នានេះ លោកប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន ក៏បានជម្រាបជូន អំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា ។


ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែម នៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដោយបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងការធានានូវបរិយាកាសវិនិយោគអំណោយផល និងការជួយសម្របសម្រួលដល់វិនិយោគិនទាំងអស់ឱ្យទទួលបានភាពកក់ក្តៅ និងទំនុកចិត្តខ្ពស់ ៕





សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង



នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស ប្រទេសបារាំង ។


ក្នុងជំនួបនេះ ឯកឧត្តម Gérard Larcher បានសម្តែងនូវកិច្ចបដិសណ្ឋារកិច្ចចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសបារាំង និងបានរំឭកផងដែរ អំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងនិយាយដោយទ្បែក រវាងស្ថាប័នព្រឹទ្ធសភាកម្ពុជា-បារាំង ក្នុងរយៈកាលប្រមាណ ២៥ ឆ្នាំ កន្លងមកនេះ ដោយគិតចាប់តាំងពីឆ្នាំ១៩៩៩ មក ។ 


ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារនាឱកាសនេះ និងបានជម្រាបជូន ឯកឧត្តមប្រធានព្រឹទ្ធសភា អំពីលទ្ធផលនៃជំនួបជាមួយ ឯកឧត្តមប្រធានាធិបតីបារាំង ជាពិសេសវឌ្ឍនភាពកិច្ចសហប្រតិបត្តិលើវិស័យជាច្រើន ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ ជាអាទិ៍ វិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងភាសា ជាដើម ។ ក្នុងឱកាសនោះផងដែរ សម្តេចធិបតី ក៏បានអញ្ជើញ ឯកឧត្តមប្រធានព្រឹទ្ធសភាបារាំង មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ជាពិសេស នៅក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាខែកុម្ភៈ ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ ៕