ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ បានថ្លែងឲ្យដឹងថា ការប្រកាសបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់រមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅក្នុងសម័យប្រជុំដំបូងនៅខេត្តសៀមរាប ដោយមានប្រទេសចិន និងឥណ្ឌាជាសហប្រធាន ត្រូវបានចាត់ទុកថា ជាជោគជ័យដ៏ធំធេងជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា បន្ទាប់ពីការតស៊ូរបស់រាជរដ្ឋាភិបាលកម្ពុជាអស់រយៈពេល ១៤ឆ្នាំ (២០០១-២០១៤) ក្នុងការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា នេះគឺជាជោគជ័យដ៏ធំធេងថ្មីមួយទៀតសម្រាប់វិស័យបេតិកភណ្ឌរបស់កម្ពុជា បន្ថែមលើសមិទ្ធផលជាច្រើននៅក្នុងក្របខ័ណ្ឌនៃ ICC-អង្គរ ដែលបានសហការយ៉ាងជិតស្និទ និងមានប្រសិទ្ធភាពជាមួយអាជ្ញាធរជាតិអប្សរាអស់រយៈពេលជាង ២០ឆ្នាំមកនេះ ក្នុងការអភិរក្សនិងអភិវឌ្ឍរមណីយដ្ឋានអង្គរ ហើយក្របខ័ណ្ឌ ICC-អង្គរនេះ ត្រូវបានពិភពលោកចាត់ទុកជាគំរូនិងបានយកទៅអនុវត្តនៅបណ្តាប្រទេសមួយចំនួនថែមទៀតផង។
ការវាយតម្លៃរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារវប្បធម៌ឆ្នាំ២០១៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៥ នៅសាលសន្និសីទចតុមុខ។
ក្នុងឱកាសនោះ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងការរួមចំណែករបស់បណ្តាក្រសួង ស្ថាប័ន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិជាពិសេសអង្គការយូណេស្កូ ក្នុងបុព្វហេតុអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ខ្មែរ។ ជាពិសេស ការកោតសរសើរដ៏ស្មោះ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងព្រឹទ្ធាចារ្យសិល្បៈវប្បធម៌ទាំងអស់ដែលជាមរតកមនុស្សរស់ ក្នុងការលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិឲ្យរស់ឡើងចាប់ពីក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ និងធ្វើឲ្យមានការរីកចម្រើនជាលំដាប់ដូចសព្វថ្ងៃនេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្ន បេតិកភណ្ឌវប្បធម៌សំខាន់ៗរបស់យើង មិនត្រឹមតែជាកេតនភណ្ឌរបស់ជាតិដែលត្រូវបានបន្សល់ទុកដោយបុព្វបុរសខ្មែរជាច្រើនតំណមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានចាត់ទុកជាធនធានសេដ្ឋកិច្ចមួយប្រកបដោយសក្តានុពលខ្ពស់ផងដែរ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រ។ ជាក់ស្តែងវិស័យទេសចរណ៍នៅកម្ពុជាទាំងមូលបានក្លាយជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដោយបានរួមចំណែករហូតដល់ប្រមាណជា១៦% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបានបង្កើតការងារជូនប្រជាជនដោយផ្ទាល់ជាង ៥០០ពាន់ និងដោយប្រយោលរាប់សិបពាន់ផ្សេងទៀត កាលពីឆ្នាំ២០១៤ កន្លងទៅខណៈដែលមានភ្ញៀវទេសចរបរទេសប្រមាណ ៤,៥លាននាក់ បានចូលមកទស្សនាកម្ពុជា ក្នុងនោះប្រមាណ ២លាននាក់ បានទៅទស្សនាតំបន់សៀមរាបអង្គរ។
សមិទ្ធិផលនេះ ត្រូវបានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន មានប្រសាសន៍ ចាត់ទុកថា គឺដោយសារមានការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យវប្បធម៌ និងមានការគិតគូរយ៉ាងច្បាស់លាស់ក្នុងការការពារអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ជាតិប្រកបដោយចីរភាពដោយឈរលើគោលការណ៍ «អភិរក្សដើម្បីអភិវឌ្ឍនិងអភិវឌ្ឍដើម្បីអភិរក្ស» សំដៅទាញយកប្រយោជន៍សមស្របសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងផ្ទេរមរតកដ៏មានតម្លៃនេះដល់ជំនាន់ក្រោយៗទៀត។ ជាពិសេសគឺសុខសន្តិភាព ដែលកើតឡើងដោយសារការដាក់ចេញនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
អនុវត្តតាមពាក្យស្លោក កម្ពុជា៖ព្រះជារាជាណាចក្រនៃវប្បធម៌ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក៏បានដាក់ចេញនូវអនុសាសន៍ចំនួន ៩ចំណុច ជូនអង្គសន្និបាតដើម្បីលើកកម្ពស់ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យវប្បធម៌ ដែលរួមមាន៖
១-ត្រូវបន្តជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ។
២-ត្រូវបន្តពង្រឹងការគ្រប់គ្រង និងការរៀបចំតំបន់បេតិកភណ្ឌវប្បធម៌ រមណីយដ្ឋានវប្បធម៌និងប្រវត្តិសាស្ត្រ ឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត សំដៅថែរក្សាអភិរក្សនូវមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិផង និងប្រែក្លាយជាគោលដៅទេសចរណ៍វប្បធម៌ផង។ ចំពោះមុខ ក្រសួងត្រូវគិតគូរអំពីការរៀបចំបង្កើតអាជ្ញាធរដើម្បីទទួលបន្ទុកអភិរក្ស និងអភិវឌ្ឍតំបន់ប្រាសាទសំបូរព្រៃគុក។ ការរៀបចំតំបន់រមណីយដ្ឋានឱ្យបានល្អ ក៏អាចធ្វើឱ្យកម្ពុជាក្លាយជាទីកន្លែងសម្រាប់ការថតខ្សែភាពយន្តអន្តរជាតិ ផងដែរ។
៣-ត្រូវបន្តយកចិត្តទុកដាក់បង្កើនធនធានមនុស្សសម្រាប់ការគ្រប់គ្រង និងលើកស្ទួយសកម្មភាពវប្បធម៌របស់ជនជាតិភាគតិច និងជនជាតិដើមភាគតិច និងភាពផ្សេងគ្នានៃវប្បធម៌ ជាពិសេសនៅតាមតំបន់ដាច់ស្រយាល។
៤-គួរជំរុញការបង្កើតមជ្ឈមណ្ឌលវប្បធម៌នៅតាមរាជធានី ខេត្ត ដើម្បីបង្ហាញពីប្រពៃណីទំនៀមទំលាប់ និងរបៀបរបបរស់នៅរបស់ប្រជាជនខ្មែរ។
៥-ត្រូវបន្តយកចិត្តទុកដាក់បង្កើនការផលិត និងការផ្សព្វផ្សាយផលិតផលវប្បធម៌ សិល្បៈទស្សនីយភាព សិល្បៈសូនរូប និងសិល្បៈសិប្បកម្ម តាមរយៈការជំរុញការរៀបចំមហោស្រព ការតាំងពិព័រណ៌ និងការបង្ហាញស្នាដៃថ្មីឱ្យបានច្រើនទាំងកម្រិតជាតិ និងអន្តរជាតិជាមួយគ្នានេះ គួររិះរកវិធីជំរុញលើកទឹកចិត្តដល់ការផលិតខ្សែភាពយន្ត និងសិល្បៈខែ្មរទាំងបរិមាណ និងគុណភាព ក្នុងគោលដៅកាត់បន្ថយការនាំចូលសិល្បៈ និងភាពយន្តបរទេស។
៦-ត្រូវបន្តយកចិត្តទុកដាក់ដល់ការកសាងបញ្ជីសារពើភណ្ឌ និងធ្វើផែនទីកំណត់ធនធានវប្បធម៌។
៧-ត្រូវបន្តសិក្សាស្រាវជ្រាវអំពីបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបីដែលកំពុងប្រឈមនឹងការបាត់បង់ ដើម្បីចងក្រងទុកជាឯកសារ សំដៅថែរក្សាអភិរក្សបេតិកភណ្ឌដ៏មានតម្លៃទាំងនោះឱ្យបានគង់វង្ស។
៨-ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តដែលមានស្រាប់ និងកសាងបទដ្ឋានគតិយុត្តថ្មីដែលចាំបាច់បន្ថែមទៀត ដើម្បីធានាដល់ការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិប្រកបដោយចីរភាព។
៩-ក្នុងកាលៈទេសៈដែលវិភាជន៍ថវិការដ្ឋនៅមានកម្រិត ហើយការងារមានទំហំធំធេង ក្រសួងត្រូវធ្វើសនិទានកម្ម និងកំណត់ជាអាទិភាពនូវកម្មវិធីការងាររបស់ខ្លួន ហើយទន្ទឹមនឹងនោះ គួរបន្តស្វះស្វែងរកកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិអង្គការ សមាគម និងវិស័យឯកជន សំដៅកៀរគរការចូលរួមគាំទ្រកាន់តែសកម្មបន្ថែមទៀត ដូចដែលក្រសួងធ្លាប់បានអនុវត្តកន្លងមក ដោយឈរលើគោលការណ៍ «រដ្ឋគាំទ្រដៃគូឯកជនជាអ្នកអនុវត្ដ»ស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌។
លោកជុំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ឲ្យដឹងថា សន្និបាតបូកសរុបការងារវប្បធម៌ឆ្នាំ២០១៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៥ បានឯកភាពកំណត់ដាក់ចេញនូវផែនការសកម្មភាពសរុប ចំនួន ៤៨១សកម្មភាព សម្រាប់ឆ្នាំ២០១៥ខាងមុខនេះ៕








