ស្តាប់សំឡេងបញ្ជារបស់ ហូ វ៉ាន់ ពីក្រៅប្រទេសដើម្បីរៀបចំ បាតុកម្មនៅមុខស្ថានទូតចិន អាមេរីកនិងបារាំងកាលពីថ្ងៃទី ២៣ តុលា យើងអាចយល់បាន យ៉ាងច្បាស់ក្រឡែតអំពីមុខជំនួញបាតុកម្មនៅកម្ពុជាដែលតាំងពីដើមមកទល់បច្ចុប្បន្នគឺ គ្មានអ្វីប្រែប្រួលឡើយ ពោលគឺបាតុកម្មនៅកម្ពុជាគឺជា
មុខជំនួញនយោបាយសុទ្ធសាធ ដែលមានរចនាសម្ព័ន្ធច្បាស់ លាស់ក្រោមរូបភាព
«បាតុកម្មស៊ីឈ្នួល»។
អ្វីដែលខុសប្លែកនៅត្រង់ថា កាលពីមុន ថៅកែបាតុកម្មនៅក្នុងស្រុក ចំណែកឥឡូវ ថៅកែបាតុកម្មនៅក្រៅស្រុក ប៉ុន្តែ ដំណើរការចាត់ចែងបាតុកម្មនៅ មានចរិតលក្ខណៈដដែលគ្មានអ្វីប្រែប្រួលទាល់តែសោះ។
រចនាសមន្ព័ន្ធ«បាតុកម្មស៊ីឈ្នួល» នៅកម្ពុជាគឺ៖ មានថៅកែឬដង្ខៅបាតុកម្ម, មានអ្នកស៊ីឈ្នួលធ្វើបាតុកម្ម មានអ្នកចាំជួយបន្ទរពីក្រោយក្បួនបាតុកម្មដើម្បីលើកទឹកចិត្តដែលជ្រកក្រោមស្លាកអង្គការសង្គម ស៊ីវិល និងមានក្រុមអ្នកចាំផ្តិតយកទិដ្ឋភាពនៃការសម្តែង
ឈុតឆាកនានាក្នុង«បាតុកម្ម
ស៊ីឈ្នួល» យកទៅផ្សព្វផ្សាយដោយក្រុមនេះជ្រកក្រោមស្លាក សារព័ត៌មានឯករាជ្យ។
សម្រាប់អ្នកដែលមិនបានយល់ សាច់រឿងនិងមិនយល់អំពី រចនាសម្ព័ន្ធនៃ«បាតុកម្មស៊ីឈ្នួល»នេះ គេអាចយល់ ច្រឡំថា បាតុកម្មទាំងនោះគឺជាការសម្តែងឆន្ទៈរបស់ប្រជាពលរដ្ឋហើយចំណាត់ការរបស់អាជ្ញាធររដ្ឋាភិបាលគឺជា
ការបំបិទសិទ្ធិសេរីភាពក្នុងការ សម្តែងមតិរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែ សម្រាប់អ្នកដែលបានដឹង រឿង«បាតុកម្មស៊ីឈ្នួល» នៅ កម្ពុជា សកម្មភាពធ្វើបាតុកម្មទាំងនោះពិតជាគួរឲ្យធុញទ្រាន់ និងគួរឲ្យរំខានខ្លាំងណាស់សម្រាប់មុខរបរនិងការងាររបស់ពួកគេក៏ដូចជាសម្រាប់សន្តិសុខជាតិទាំងមូល។
មើលចុះបាតុកម្មកាលពីថ្ងៃទី ២៣ តុលា នៅមុខស្ថានទូតចិន គឺក្រុមថៅកែបាតុកម្មដែលនៅក្រៅ ប្រទេសជាអ្នកចាត់ចែងទាំង អស់។ ចំណែកឯក្រុមអ្នក ស៊ីឈ្នួលធ្វើបាតុកម្មនៅក្នុងស្រុកវិញ រង់ចាំតែសម្តែងតាមឈុតឆាករបស់អ្នកដឹកនាំរឿងដែល បញ្ជាពីខាងក្រៅតែប៉ុណ្ណោះ។ ទាំងអ្នកធ្វើបាតុកម្ម ទាំងអ្នកបម្រើសេវាកម្មដឹកជញ្ជូន ទាំងអ្នក រៀបចំបដា។ល។ និង។ល។ សុទ្ធសឹងជាអ្នកស៊ីឈ្នួលដើម្បីសម្តែងទាំងអស់។ ហើយនៅ ពេលចប់ការសម្តែងកាលណា ពួកគេនឹងទទួលបានលុយត្រឡប់ទៅផ្ទះវិញ។
ស្តាប់ចុះ ហូ វ៉ាន់ ដែលតំណាងឲ្យថៅកែបាតុកម្មនិងជាអ្នកដឹកនាំរឿងបានបញ្ជាគ្រប់យ៉ាងដើម្បី ឲ្យកូនឈ្នួលរបស់ខ្លួនសម្តែងតាម។
ពួកថៅកែបាតុកម្មដែលទទួល លុយពីបរទេស បានបង្គាប់បញ្ជាឲ្យរៀបចំកម្លាំង, ឲ្យសរសេរ បដា, ឲ្យរៀបចំមធ្យោបាយធ្វើដំណើរនិងត្រួសត្រាយផ្លូវសម្រាប់ឲ្យកូនឈ្នួលទាំងនោះ ដើរតាម។ ហើយនៅពេល ឃើញកូនឈ្នួលរបស់ខ្លួនមាន តិចតួចពេកនិងមិនសូវមានទឹកចិត្ត ហូ វ៉ាន់ បានប្រើប្រាស់លុយដើម្បីលើកទឹកចិត្តដោយនិយាយថា «...នឹងបន្ថែមលុយឲ្យ ២០០ ដុល្លារទៀត...» ដើម្បីឲ្យកូន ឈ្នួលរបស់ខ្លួនសម្តែងឲ្យបានល្អជាងនេះ។
ហូ វ៉ាន់ បាននិយាយបញ្ចុះបញ្ចូលដល់កូនឈ្នួលរបស់ខ្លួនថា កុំឲ្យព្រួយបារម្ភចំពោះសមត្ថកិច្ចដោយនិយាយថា សមត្ថកិច្ចទាំងនោះគឺជាអ្នកយាមការពារស្ថានទូតតាមច្បាប់អន្តរជាតិតែប៉ុណ្ណោះ។
ការនិយាយបែបនេះគឺ ហូ វ៉ាន់ ចង់ញុះញង់ឲ្យក្រុមស៊ីឈ្នួលធ្វើបាតុកម្មដែលគេប្រសិទ្ធនាមថា«ក្រុមស្ត្រីក្លាហាន»មានសន្ទុះទឹកចិត្តហ៊ានប្រព្រឹត្តអំពើល្មើស ច្បាប់ បំពានទៅលើអាជ្ញាធរមាន សមត្ថកិច្ចដោយមិនញញើតពីព្រោះបើកូនឈ្នួលរបស់ខ្លួនធ្វើអ្វីខុស ហើយត្រូវបានអាជ្ញាធរ ចាប់ខ្លួន ក្រុមថៅកែស៊ីឈ្នួល បរទេសរឹតតែសប្បាយចិត្តថែមទៀត។
ក្រោយពីឈុតឆាកសម្តែងនៅ មុខស្ថានទូតចិនមិនបានសម្រេច ហូ វ៉ាន់ បានបញ្ជាឲ្យក្រុមស៊ីឈ្នួលបង្វែរទិសទៅសម្តែងនៅមុខស្ថានទូតអាមេរិកវិញម្តង។ ហូ វ៉ាន់ បានបញ្ជាឲ្យកូនឈ្នួលតម្រង់ជួរនៅមុខទូតអាមេរិកហើយកុំអាលប្រញាប់យកញ្ញត្តិទៅជូនស្ថានទូត តែត្រូវអានញ្ញត្តិសិនដើម្បីអូសបន្លាយពេលទុកឲ្យក្រុមស៊ីឈ្នួលខាងថតរូបបានផ្តិតយករូបភាពនិងខ្លឹមសារទាំងនោះឲ្យបានស្រួលបួលសិន។
មកដល់ចំណុចនេះ គេនៅចាំបានថា ចាប់តាំងពីការកកើតឡើងនៃបក្សប្រឆាំងជ្រុលនិយម មកម៉្លេះ មេគណបក្សនេះដែល មានងារជាដង្ខៅ(ថៅកែ)
បាតុកម្ម បានចិញ្ចឹមក្រុមស៊ីឈ្នួលធ្វើបាតុកម្មរហូត។
នៅក្នុងទីស្នាក់ការគណបក្ស មានស្ត្រីអ្នកស៊ីឈ្នួលធ្វើបាតុកម្មមួយក្រុមរស់នៅក្នុងទីស្នាក់ការបក្សជាប្រចាំ។ ក្រុមនោះតែងតែ បង្ហាញមុខជានិច្ចនៅរាល់ពេលមានបាតុកម្ម។
គេនៅចាំបានយាយសក់ស ម្នាក់ មានមាឌធំក្រអាញដែលដេកស៊ីឈ្នួលធ្វើបាតុកម្មនៅក្នុងទីស្នាក់ការគណបក្សប្រឆាំងជាប្រចាំ។ យាយនោះមានជំនាញខាងយំស្រែក អង្គុយធាក់ដី ជួនកាលដេកននៀល ឬពេលខ្លះលាត់សំពត់ជំទាលជេរអាជ្ញាធរ រដ្ឋាភិបាល។ ស្ត្រីខ្លះទៀតមានជំនាញខាងធ្វើពុតជាស្ត្រីមានផ្ទៃ ពោះដោយយកក្រណាត់រុំធ្វើឲ្យពោះធំហើយដើរស្រែកក្នុងហ្វូងបាតុកម្ម។ ខ្លះទៀតធ្វើពុតជាជន ពិការដោយយកបង់មករុំជើងហើយកាន់ឈើច្រត់ដើរ
ប៉ាក់ខ្ញើកៗ។
ប៉ុន្តែ ជួនកាលភ្លេចខ្លួន ពេលអាជ្ញាធរដេញ ស្រាប់តែបោះឈើច្រត់ចោលហើយរត់ត្រង់ភ្លឹងលឿនដូចព្យុះ។
ក្រុមស្ត្រីទាំងនោះ ក៏មានជំនាញខាងសម្តែងឈុតឆាកគួរឲ្យចាប់អារម្មណ៍ផងដែរដែលគេអាចនិយាយបានថា គឺជា«ក្រុមអ្នកស៊ីឈ្នួលបាតុកម្មអាជីព» តែម្តង។
ឧទាហរណ៍ប្រសិនបើមានការ ប៉ះទង្គិចបន្តិចបន្តួចជាមួយសមត្ថកិច្ច ពួកគេក៏ពុតធ្វើជាដួល ឬសន្លប់ឈឹងតែម្តង ហើយគ្នីគ្នារបស់គេក៏មកគ្រា ឬសែងដែល មើលទៅហាក់ដូចជាត្រូវអាជ្ញាធរ វាយឲ្យសន្លប់ ប៉ុន្តែ តាមការពិត គឺជាឈុតឆាកសម្តែងទាំងអស់។ ពេលខ្លះ ពួកគេថែមទាំងបានជួលកុមារតូចៗឲ្យមកឈរក្នុងក្បួនបាតុកម្មទៀតផងដើម្បីធ្វើឲ្យឈុតឆាកកាន់តែកំសត់គួរឲ្យអាណិត។
ឈុតឆាកទាំងនោះត្រូវបាន បណ្តាញរបស់គេដែលស៊ីឈ្នួលខាងថតរូបហើយជ្រកក្រោមស្លាកសារព័ត៌មានឯករាជ្យផ្តិតរូបភាពយកទៅផ្សព្វផ្សាយព្រោងព្រាតដើម្បីមួលបង្កាច់អាជ្ញាធរ។ ចំណែកឯក្រុមអ្នកចាំបន្ទរពីក្រោយខ្នងដែលជ្រកក្រោមស្លាកសង្គមស៊ីវិល រឺ អ្នកវិភាគឯករាជ្យក៏នាំគ្នាបញ្ចេញមតិបង្ហាញក្តីអាណិត អាសូរ និងនាំគ្នាថ្កោលទោសអាជ្ញាធរថាបានប្រើហិង្សាទៅ លើបាតុករជាស្ត្រីនិងកុមារ ជាដើម។
ឈុតឆាកទាំងនេះត្រូវបានគេ សម្តែងអស់ពេលរាប់ទសវត្សរ៍មកហើយនិងបានធ្វើឲ្យរូបភាពអាជ្ញាធររដ្ឋាភិបាលខូចខាតមិនតិចឡើយ។
ឥឡូវនេះដល់ពេលដែលត្រូវ បកស្បែកមុខរចនាសម្ព័ន្ធនៃ «បាតុកម្មស៊ីឈ្នួល»ទាំងនោះ ហើយ។
ការបែកធ្លាយសំឡេងរបស់
ហូ វ៉ាន់ បញ្ជាបាតុកម្មនៅមុខ ស្ថានទូតចិន គឺជាភស្តុតាងមួយដែលអាចបកស្រាយបានយ៉ាង ច្បាស់ក្រឡែតអំពីមុខមាត់ពិតនៃចលនា«បាតុកម្មស៊ីឈ្នួល» នៅកម្ពុជា។
កាលដើមឡើយ ពួកប្រឆាំងជ្រុលនិយមតែងតែអួតអាងថា «បាតុកម្មគឺជាការសម្តែងឆន្ទៈរបស់ប្រជាពលរដ្ឋពិតៗ » ដោយពួកគេមកចូលរួមដោយស្ម័គ្រចិត្តនិងមិនទទួលលុយកាក់ឡើយ។
ប៉ុន្តែឥឡូវនេះ រចនាសម្ព័ន្ធ
«បាតុកម្មស៊ីឈ្នួល»នៅកម្ពុជាត្រូវបានបកស្បែកមុខហើយ។
អ្វីដែលគួរឲ្យសង្វេគទៀតនោះគឺ បើទោះបីជាថៅកែបាតុកម្មបាន ប្រើលុយដើម្បីជួលក្រុម ស៊ីឈ្នួលអាជីពឲ្យមកចូលរួមសម្តែងធ្វើបាតុកម្មយ៉ាងណា ក៏ដោយ ក៏ពួកគេអាចប្រមូលបានមនុស្សតែមួយដំបរស្វា តែ ប៉ុណ្ណោះ ហើយក្នុងចំណោមអ្នក ទាំងនោះទៀតសោត មួយចំនួនគឺអាចជាមនុស្សរបស់លោក ហ៊ុន សែន ថែមទៀត។
ដូច្នេះ ចលនាបាតុកម្មស៊ីឈ្នួល នៅកម្ពុជាពិតជាបានឈានដល់ ស្ថានភាពមួយដែលមិនអាចបន្លំ និងបំភាន់ភ្នែកមហាជនបាន ទៀតឡើយ ពីព្រោះនៅពេល ដែលសង្គមកាន់តែឈានទៅមុខ ឈុតឆាកសម្តែងដដែលៗដែល មានអាយុរាប់ទសវត្សរ៍មកហើយនោះ ក៏វាអស់តម្លៃដែរ។
ម្យ៉ាងវីញទៀត ការបែកធ្លាយ សំឡេង ហូ វ៉ាន់ ចុងក្រោយនេះ បានបន្ថែមទម្ងន់ទៅឲ្យចំណាត់ ការរបស់អាជ្ញាធររដ្ឋាភិបាលទៅលើក្រុមស៊ីឈ្នួលធ្វើបាតុកម្មទាំងនោះថាជារឿងត្រឹមត្រូវ។
យោងតាមក្រឹតក្រមសីលធម៌សង្គមខ្មែរ «អំពើល្អតែងឈ្នះលើអំពើអាក្រក់» យ៉ាងណាមិញ អ្វីដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានធ្វើកន្លងទៅដើម្បីការពារសន្តិភាពនិងភាព សុខសាន្តជូនប្រជាពលរដ្ឋត្រូវបានតបស្នងវិញដោយការផ្តល់យុត្តិធម៌ពីសំណាក់មហាជនខ្មែរ។ ចំណែកឯក្រុមទុច្ចរិតដែលតែង តែរៀបចំឈុតឆាក សម្តែងដើម្បីបំផ្លាញសន្តិភាពនិងភាព សុខសាន្តរបស់ប្រទេសនិងប្រជាជនខ្មែរក៏កាន់តែឈានទៅរកថ្ងៃអវសាន្តដែរបន្ទាប់ពីរចនាសម្ព័ន្ធ «បាតុកម្មស៊ីឈ្នួល» ត្រូវបានបកស្បែកមុខ៕
ដោយ : អ្នកនយោបាយតុកាហ្វេ