Friday, March 28, 2014
រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋបេឡារុសចាប់អារម្មណ៍ការរីកចំរើននៅកម្ពុជា
ឯកឧត្ដម Vladimir MAKEI រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋបេឡារុស ក្នុងឱកាសចូលជួបសម្ដែងការគួរសម ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ នៅវិមានសន្តិភាព បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរីកចំរើន និងកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងនៅកម្ពុជា។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឲ្យដឹងថា ឯកឧត្ដម Vladimir បាន ជម្រាបជូនសម្ដេចតេជោថា នេះគឺជាលើកទីមួយហើយដែលឯកឧត្ដមបានមកកាន់ព្រះរាជាណាចក្រកម្ពុជា ហើយមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកំណើនសេដ្ឋកិច្ច ជោគជ័យ និងការអភិវឌ្ឍន៍របស់កម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យកសិកម្មផងដែរ។ វត្តមានរបស់ឯកឧត្ដមនៅកម្ពុជា ជាមួយ នឹងការបើកសម្ពោធរោងចក្រដំឡើងត្រាក់ទ័រនៅកម្ពុជានេះ គឺជាការចាប់ផ្ដើមនូវទំនាក់ទំនងរវាងកម្ពុជា និងបេឡារុស ដែលការចាប់ផ្ដើមនេះមានសក្ដានុពលយ៉ាងខ្លាំង។ ទាក់ទងនឹងបញ្ហានេះ ឯកឧត្ដម Vladimir បានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរមានសក្ដានុពលបំពេញឲ្យគ្នាទៅវិញទៅមក ដែលក្នុងនោះកម្ពុជាមានផលិតផលកសិកម្មច្រើន និងល្អ ដោយឡែកបេឡារុសមានគ្រឿងចក្រកសិកម្ម ដែលអាចជួយបំពេញឲ្យគ្នាដើម្បីបម្រើ និងជំរុញការអភិវឌ្ឍន៍លើវិស័យកសិកម្មនេះ។
ដោយបានជម្រាបរាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី អំពីការចូលរួមកាលពីព្រឹកថ្ងៃដដែល ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវរោងចក្រដំឡើងត្រាក់ទ័រនៅកម្ពុជា ដែលមានម៉ូដែលខុសៗគ្នា ដែលត្រាក់ទ័រនេះ គឺមិនគ្រាន់តែសម្រាប់បម្រើតែទីផ្សារកម្ពុជាទេ គឺនឹងត្រូវយកទៅបម្រើក្នុងទីផ្សារប្រទេសជិតខាង ឬក្នុងតំបន់ដែរនោះ ឯកឧត្ដម Vladimir រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋបេឡារុស បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជា គឺជាប្រទេសមួយដែលមានការអភិវឌ្ឍន៍យ៉ាងជឿនលឿន ហើយបេឡារុសបានពិចារណាហើយថា កម្ពុជាគឺជាដៃគូដ៏ល្អសម្រាប់សហការជាមួយបេឡារុស។
សម្ដេច តេជោនាយករដ្ឋមន្ត្រីបានសម្តែងនូវការពេញចិត្តចំពោះទស្សនវិស័យ នៃទំនាក់ទំនងកម្ពុជា និងបេឡារុស ជាពិសេសផ្ដោតលើការយកចិត្តទុកដាក់ទៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នេះ។ ឯកឧត្តម អ៊ាង សុផល្លែត បានឲ្យដឹងថា សម្ដេចបានមានប្រសាសន៍យល់ស្របជាមួយ ឯកឧត្ដម Vladimir ដែលថា ប្រទេសយើងទាំងពីរគឺបំពេញឲ្យគ្នាទៅវិញទៅមក មិនមែនជា ប្រទេស ដែលប្រកួតប្រជែងគ្នានោះទេ។ កម្ពុជាកំពុងតែផ្ដោតការយកចិត្តទុកដាក់ទៅលើ វិស័យកសិកម្ម នៅពេលដែលបេឡារុសមានគ្រឿងចក្រកសិកម្ម ដែលយើងអាចសហការគ្នា បានយ៉ាងល្អប្រសើរ៕
សម្តេចតេជោអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ត្រូវរួបរួម និងឯកភាពជាតិ
នៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យដំណើរការវារីអគ្គិសនីស្ទឹងអាតៃ និងខ្សែបណ្តាញបញ្ជូនអគ្គិសនីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសឲ្យដឹងថា សម្តេចគាំទ្ររាល់ការបញ្ចេញមតិ ប៉ុន្តែមិនមែនជាការបញ្ចេញមតិ ដែលនាំឲ្យប្រទេសជាតិមានសង្គ្រាមនោះទេ។ សម្តេចតេជោក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ត្រូវ រួបរួមឯកភាពជាតិ ពិសេសអ្នកនៅមូលដ្ឋានកុំឲ្យមានទំនាស់នឹងគ្នា ដោយសារតែការបែងចែកគណបក្សនយោបាយនៅក្រោយការបោះឆ្នោតនៅពេលនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍គូសបញ្ជាក់ថា សូមបញ្ចេញមតិចុះ ប៉ុន្តែកុំនាំគ្នាបង្កើតសង្គ្រាម។ យើងបង្រួបបង្រួម ជាតិនៅគ្រប់ពណ៌សម្បុរ កម្លាំងប្រដាប់អាវុធ ៤ភាគីច្បាំងគ្នា មកនៅក្រោមរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ នីតិប្បញ្ញត្តិតែមួយ នីតិប្រតិបត្តិតែមួយ និងកម្លាំងប្រដាប់អាវុធតែមួយ ពីប្រទេសមួយតំបន់ត្រួតត្រាច្រើន ទៅជាប្រទេសមួយ ដែលមានតំបន់ត្រួតត្រាតែមួយដែលនេះមិនមែនជាការងាយស្រួលទេ ។ យើងបានយកជីវិតធ្វើដើមទុន ដើម្បីធ្វើឲ្យប្រទេសមានការបង្រួបបង្រួមគ្នាបែបនេះ ហើយការបង្រួបបង្រួម និងសន្តិភាពនោះ ហើយដែលផ្តល់ឱកាសឲ្យយើងបានអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ ។ សម្តេចតេជោបានថ្លែងថា កម្ពុជាជាប្រទេសរបស់ប្រជាជនកម្ពុជា មិនមែនជាប្រទេសរបស់អ្នកណាម្នាក់ទេ ហើយចាប់ប្រទេសធ្វើជាចំណាប់ខ្មាំងក៏អត់បានដែរ។
សម្តេចតេជោមានប្រសាសន៍អំពាវនាវថា កុំនាំគ្នាបង្កើតសង្គ្រាមព្រោះសង្គ្រាមតែកើត ហើយមិនងាយរំលត់ទេ ។ សង្គ្រាមធ្វើឲ្យវាកើតគឺងាយទេ ប៉ុន្តែរំលត់វាទើបជាការលំបាក។ ឥឡូវនេះទើបតែរំលងទៅប៉ុន្មានថ្ងៃប៉ុណ្ណោះនៃខួប ៤៤ ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាជាតិរបស់យើង (១៨ មីនា ១៩៧០-១៨មីនា ២០១៤) ដែល បង្កើតឡើងនូវសង្គ្រាម។ ទាក់ទងនឹងការធ្វើរដ្ឋប្រហារកាលពីឆ្នាំ១៩៧០ សម្តេចតេជោបានមានប្រសាសន៍ថា ការសម្រេចចិត្តតាមរបៀប លន់ នល់ សិរិមតៈ ចេង ហេង អ៊ិន តាំ ធ្វើតែមួយភ្លែត ប៉ុន្តែផលវិបាករបស់វាធ្វើឲ្យយើងដោះស្រាយ មិនទាន់ចប់ទេ ដូចជាបញ្ហាមីនក្រោមដី ផលវិបាកនៃជនពិការ ស្ត្រីមេម៉ាយ និងកុមារកំព្រា ជាដើមវាមិនទាន់ចប់ទេ ។
ទាក់ទងនឹងបរិយាកាសនយោបាយនៅកម្ពុជា សម្តេចតេជោក៏បានគូសបញ្ជាក់ផងដែរថា នៅពេលនេះនៅកម្ពុជាទោះជានរណានិយាយអីនិយាយទៅ ប៉ុន្តែពេលនេះកម្ពុជាមានស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម ហើយស្ថាប័នរដ្ឋគ្រប់ជាន់ថ្នាក់នៅដំណើរការធម្មតា ហើយសាលារៀន និងមន្ទីរពេទ្យជា ដើម ដំណើរការជាធម្មតា។
ក្នុងពិធីសម្ពោធវារីអគ្គិសនីស្ទឹងអាតៃ ដែលមានប្រជាពលរដ្ឋ ចូលរួមជាង១ម៉ឺននាក់សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា សូមបងប្អូនប្រជាពលស្វែងយល់ដោយខ្លួនឯងចុះក្រុមប្រឆាំងបានទៅចលនា នៅឯបរទេសថា សូមកុំមកវិនិយោគ និងកុំមកទិញទំនិញស្រុកខ្មែរ នៅពេលដែលរាជរដ្ឋាភិបាលបានខិតខំទាក់ទាញវិនិយោគ ។ ឥឡូវនេះសល់តែមនុស្ស ២ក្រុមទេ មួយក្រុមថាកុំមកវិនិយោគនៅស្រុកខ្មែរ ហើយមួយក្រុមទៀតថា ត្រូវតែមកវិនិយោគ ហើយក្រុមដែលថាឲ្យបរទេសមកវិនិយោគនៅស្រុកខ្មែរបានទទួលជោគជ័យ ហើយជាក់ស្តែងថ្ងៃនេះក្រុមហ៊ុនចិនដែលមកវិនិយោគបានសម្ពោធវារី អគ្គិសនី ដែលមានកម្លាំងដល់ទៅ ១២០ មេហ្គាវ៉ាត់ ហើយក៏មានក្រុមហ៊ុនជាច្រើនគ្រោងហ្នឹងមកទៀតដែរ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ការពិតអ្នកដែលសម្លាប់ប្រជាជនមិនមែនរាជរដ្ឋាភិបាលទេ ព្រោះរាជរដ្ឋាភិបាលបាននិងកំពុងប្រឹងប្រែងដើម្បីធ្វើយ៉ាងណាដោះស្រាយ បញ្ហាទឹក បញ្ហាផ្លូវ បញ្ហាភ្លើង បញ្ហាមនុស្ស បញ្ហាសន្តិភាព និងបញ្ហាស្ថិរភាពនយោបាយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់ជាអនុសាសន៍ថា ការធ្វើសកម្មភាពអ្វីក៏ដោយត្រូវគោរពច្បាប់ ហើយសូមកុំឲ្យហួសពីក្របខណ្ឌច្បាប់នោះ។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ឲ្យដឹងថា គម្រោងវារីអគ្គិសនីស្ទឹងអាតៃ គឺជាគម្រោងមួយស្ថិតនៅតំបន់ត្រីកោណនៃខេត្តកំពង់ស្ពឺ កោះកុង ពោធិ៍សាត់ ដែលមានស្ថានីយក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិសាត់ ក្នុងចំងាយប្រមាណ ១៧៥ គីឡូម៉ែត្រពីទីរួមខេត្តពោធិសាត់។
ជារៀងរាល់ឆ្នាំស្ទឹងអាតៃមានផ្ទៃរងទឹកភ្លៀង ៥៩០គីឡូម៉ែត្រក្រឡា ដែលអាចត្រង់យកទឹកភ្លៀងប្រមាណ៥១០លានម៉ែត្រគីប ដែលបរិមាណទឹក នេះ បានហូរចូលក្នុងសមុទ្រដោយពុំមានប្រើប្រាស់អ្វីទេ ដោយឃើញស្ថានភាពធម្មជាតិ និងភូមិសាស្ត្រ របស់ស្ទឹងនេះ អាចផ្តល់លទ្ធភាពឲ្យយើងសាងសង់ជាទំនប់ ដើម្បីស្តុកទឹក បង្កើតជាវារីអគ្គិសនីមួយយ៉ាងប្រសើរ ដែលមានឈ្មោះថា ទំនប់វារីអគ្គិសនីស្ទឹងអាតៃ។
យោងតាមកិច្ចព្រមព្រៀងគម្រោង វារីអគ្គិសនីស្ទឹងអាតៃ មានទំហំវិនិយោគសរុបមានចំនួនជាង២៥៥លាន ក្នុងនោះទំហំវិនិយោគសំរាប់វារីអគ្គិសនីស្ទឹងអាតៃមានចំនួនជិត ២០០ លានដុល្លារ និងសម្រាប់អនុស្ថានីយ៍រួមអូរសោម និងខ្សែបណ្តាញបញ្ជូនទៅអនុស្ថានីយពោធិសាត់មានចំនួនជាង ៥៥ លានដុល្លារអាមេរិក ក្រោមរូបភាពសាងសង់ ដំណើរការ និងផ្ទេរ (BOT) ។ ដោយឡែកគម្រោង ខ្សែបណ្តាញបញ្ជូនភ្នំពេញ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់ ប្រមាណជាង ១១៣ លានដុល្លារអាមេរិក ដែលមានរយៈពេលសម្បទាន ២៧ ឆ្នាំ ក្នុងនោះ ២ ឆ្នាំសម្រាប់ធ្វើការសាងសង់ និង ២៥ ឆ្នាំសម្រាប់ធ្វើអាជីវកម្ម។
គម្រោងវារីអគ្គិសនីនេះ មានលទ្ធភាព ផលិតអគ្គិសនី ជាមធ្យមប្រចាំឆ្នាំមានចំនួន ៤៦៥ លានគីឡូវ៉ាត់ក្នុងមួយឆ្នាំ ហើយតម្លៃថាមពល អគ្គិសនីមូលដ្ឋាន ដែលត្រូវលក់នោះមានចំនួន៧,១៤សេនក្នុយមួយគីឡូវ៉ាត់ម៉ោង ក្នុងនោះ ៥,៨សេន គឺថ្លៃផលិត ដោយវារីអគ្គិសនី និង១,៣៤សេនក្នុងមួយគីឡូវ៉ាត់ម៉ោង គឺជាថ្លៃរំលោះលើការវិនិយោគ ខ្សែបណ្តាញ បញ្ជូនភ្ជាប់មកអនុស្ថានីយ៍ពោធិសាត់។ វារីអគ្គិសនីស្ទឹងអាតៃបានបើកការដ្ឋានសាង សង់កាលពីថ្ងៃ ១០ វិច្ឆិកា ២០០៩ និងបញ្ចប់ការសាងសង់ ព្រមជាមួយ នឹងការធ្វើអាជីវកម្មជាធរមាន នៅថ្ងៃទី ០១ កញ្ញា ២០១៣ ពោលសាងសង់រួចរាល់មុនការកំណត់៦ខែ៕
បទអត្ថាធិប្បាយ ដោយ ពង្ស សុក្រឹត្យ «កលល្បិចថ្មីក្នុងការធ្វើឱ្យមានការជាប់គាំងនយោបាយនៅកម្ពុជា»
បទអត្ថាធិប្បាយ
ពង្ស សុក្រឹត្យ
កលល្បិចថ្មីក្នុងការធ្វើឲ្យមានការជាប់គាំងនយោបាយនៅកម្ពុជា
ការលើកឡើងអំពីប្រធានបទថ្មីរបស់លោក សម រង្ស៊ី និងលោក កឹម សុខា
ដើម្បីទាមទារឲ្យស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
( គ ជ ប ) ទៅជាស្ថាប័នធម្មនុញ្ញ និងការទាមទារឲ្យមានការអនុម័តសមាសភាព
គ ជ ប ដោយសំឡេង២ភាគ៣នៃសមាជិកដែលមានក្នុងរដ្ឋសភា គឺជាសញ្ញា
នៃការចង់ឲ្យប្រទេសកម្ពុជា ធ្លាក់ទៅរកភាពជាប់គាំងខាងនយោបាយ
សារជាថ្មី ដូចបទពិសោធន៍ដ៏ជូរចត់ កាលពីទស្សវត្សឆ្នាំ១៩៩៣ ឆ្នាំ១៩៩៨
និងឆ្នាំ២០០៣ យ៉ាងពិតប្រាកដ។
បើក្រឡេកមើលទៅអតីតកាល
រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺតម្រូវឲ្យមានការអនុមត្តិច្បាប់
និងរាល់ឯកសារគតិយុត្តិផ្សេងៗ ដោយសម្លេង២/៣
នៃសមាជិករដ្ឋសភា។ នៅក្នុងដំណាក់កាលនោះ
រាល់ដំណើរការអនុមត្តិច្បាប់តែងតែជួបប្រទះនូវវិបត្តិនយោបាយជាញឹកញាប់
ជាពិសេសគឺវិបត្តិនៃការខ្វះកូរ៉ុមក្នុងកិច្ចប្រជុំម្តងៗ។
គណបក្សដែលមានសម្លេងភាគ តិចនៅក្នុងរដ្ឋសភា តែងតែយកគណបក្សឈ្នះឆ្នោតដែលមានសម្លេងភាគច្រើនជាចំណាប់ខ្មាំង
ដើម្បីផលប្រយោជន៍នយោបាយរបស់បក្សខ្លួនជានិច្ច។
ជាក់ស្តែង កាលណោះ គណបក្ស សម រង្ស៊ី ដែលជាគណបក្សតូចតាចមួយ
មានការបែកបាក់ជាមួយគណបក្ស ហ៊្វុនស៊ីនប៉ិច ដែលដឹកនាំដោយទ្រង់រណឬទ្ធិ
។ ដោយសារគណបក្សខ្លួន
មិនបានទទួលផលប្រយោជន៍ពីការអនុមត្តិច្បាប់ដោយសម្លេង២/៣នេះ និងដោយសារលោក សម រង្ស៊ី ចង់រំសាយកំហឹងជាមួយទ្រង់រណឬទ្ធិផង
ទើបកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០០៦ គឺលោក សម រង្ស៊ី ខ្លួនឯងផ្ទាល់
បានធ្វើសំណើ ទៅប្រធានរដ្ឋសភា ក្នុងអាណត្តិរបស់ទ្រង់រណឬទ្ធិ
ជាប្រធានរដ្ឋសភា ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពីមតិ២/៣ ទៅជាការសម្រេចដោយសមាជិកសភា ត្រឹម៥០ បូក១ វិញ។
ចាប់ពីពេលនោះមក វិបត្តិជាប់គាំងនយោបាយដោយសារការខ្វះកូរ៉ុម
ត្រូវបានផុតរលត់រហូតមកដល់ពេលបច្ចុប្បន្ននេះ។
ដូច្នេះ ការលើកឡើងនូវរូបមន្តឲ្យស្ថាប័ន គ ជ ប
ទៅជាស្ថាប័នរដ្ឋធម្មនុញ្ញ និងទាមទារឲ្យមានការអនុមត្តិសមាសភាព គ ជ ប
ដោយសម្លេង២/៣ជាថ្មីនាពេលនេះ របស់គណបក្សសង្គ្រោះជាតិ
គឺជាចេតនា ដែលនឹងនាំឲ្យមានការជាប់គាំងខាងនយោបាយ យ៉ាងពិតប្រាកដរបស់គណបក្សសង្គ្រោះជាតិ
ហើយទីបំផុត វានឹងនាំដល់ការបរាជ័យក្នុងការចរចា
នៃការធ្វើកំណែទម្រង់នៃការបោះឆ្នោតនាពេលខាងមុខ
ដែលបានឯកភាពគ្នានៅក្នុងជំនួបកំពូល ជាមិនខាន។ មានន័យថា
គណបក្សសង្គ្រោះជាតិ គ្មានឆន្ទៈក្នុងការដោះស្រាយនូវវិបត្តិនយោបាយបច្ចុប្បន្ននេះឡើយ
និងបានប្រើនូវល្បិច « ស្វាស៊ីបាយរួច ទៅលាបមាត់ពពែ »
ដោយគណបក្សសង្គ្រោះជាតិជាអ្នកលើកបញ្ហាឲ្យជាប់គាំង ហើយទម្លាក់កំហុសមកលើគណបក្សប្រជាជនកម្ពុជា
ជាអ្នកដោះស្រាយទៅវិញ។
ម៉្យាងទៀតចំណុច ដែលគណបក្សសង្គ្រោះជាតិ ទាមទារឲ្យដាក់ស្ថាប័នរៀបចំការបោះឆ្នោតជាស្ថាប័នធម្មនុញ
ហើយអនុម័តដោយសំឡេង២ភាគ៣នៃសមាជិកដែលមានក្នុងរដ្ឋសភានេះ គឺជាគំនិតដែលអត្តនោម័ត
ចាប់បង្ខំភាគីម្ខាងទៀត ឲ្យធ្វើតាមគំនិតរបស់ខ្លួន ព្រមទាំងគម្រាមថានឹងធ្វើមហាបាតុកម្មជាថ្មីទៀត
នៅពេលដ៏ខ្លីខាងមុខ ទៀតផង។
ការលើកឡើងបែបនេះ បញ្ជាក់ថា នៅរាល់ពេលដែលមានវត្តមានរបស់ លោក សម
រង្ស៊ី នៅក្នុងប្រទេស គឺតែងតែផ្តល់នូវភាពវឹកវរដល់សង្គម
តាមរយះការប្រកូកប្រកាសឲ្យមានបាតុកម្ម បង្កនូវចលាចល
និងអសន្តិសុខសង្គម ជាដរាប។ ប៉ុន្តែ ការបង្កនូវព្យុះភ្លៀងទាំងនោះ
នឹងមិនអាចគេចផុតពីសំណាញ់ច្បាប់ នាពេលណាមួយជាក់ជាមិនខាន។
គណបក្សសង្គ្រោះជាតិ
តែងតែប្រកាសហើយប្រកាសទៀតថា ខ្លួននឹងមិនយកខ្មែរណាធ្វើសត្រូវទេ
តែធាតុពិត វាគ្រាន់តែជាពាក្យសម្រាប់លួងលោមអ្នកគាំទ្ររបស់ខ្លួន
ឲ្យឃើញថា ជាបក្សស្លូតត្រង់មួយតែប៉ុណ្ណោះ។ តាមពិត គោលដៅចុងក្រោយរបស់បក្សប្រឆាំង និងពួកអ្នកនៅពីក្រោយខ្នងគណបក្សនេះមិនមែនត្រឹមតែចង់យកជ័យជម្នះ
អោយបានលើគណបក្សប្រជាជនកម្ពុជាដោយប្រើគ្រប់វិធីនោះទេ ប៉ុន្ដែគឺពួកគេមានចេតនាចង់កម្ទេចគណបក្សប្រជាជនកម្ពុជាអោយរលាយសាបសូន្យតែម្ដង។
បើគេឈ្នះឆ្នោតក៏ពួកគេត្រូវតែកម្ទេចតាមវិធីផ្សេង ហើយបើគេចាញ់ឆ្នោតវិញក៏ពួកគេត្រូវតែកម្ទេចអោយបានតាមវិធីផ្សេងមួយទៀតដែរ។
ដូច្នេះរាល់ការប៉ុនប៉ង
ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត គឺជាការដើរផ្ទុយទៅនឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាលមានកាតព្វកិច្ចពេញលេញ
ជាអ្នកទទួលខុសត្រូវ ថែរក្សា និងការពារដាច់ខាតនូវរដ្ឋធម្មនុញ្ញ
ដើម្បីឧត្តមប្រយោជន៍ជាតិ និងមាតុភូមិ
គឺមានសិទ្ធិក្នុងការចាត់វិធានការផ្លូវច្បាប់គ្រប់ពេល
ដើម្បីធានាស្ថេរភាពនយោបាយ និងសន្តិសុខជាតិ។ សូមកុំភ្លេចថា
« កុកតែងតែភ្លេចជុង រីឯជុងវិញមិនដែលភ្លេចកុកនោះទេ »៕
ពិធីសម្ភោធដាក់ឲ្យដំណើរការវ៉ារីអគ្គិសនី ស្ទឹងអាតៃ និងខ្សែបណ្តាញបញ្ជូន
ពិធីសម្ភោធដាក់ឲ្យដំណើរការវ៉ារីអគ្គិសនី ស្ទឹងអាតៃ និងខ្សែបណ្តាញបញ្ជូន ភ្នំពេញ-កំពង់ឆ្នាំង-ពោធិសាត់ និង បាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
Subscribe to:
Posts (Atom)