Thursday, October 07, 2021

ទូទាំងនគរគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន កំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេសផងដែរ។

គេនៅចាំបានថា កាលពីអាណត្តិទី១ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បង្ហើបពីឆន្ទៈបែបនេះម្តងរួចហើយ ប៉ុន្តែត្រូវបានបដិសេធ ផ្ទុយមកវិញ ចំពោះគំនិតផ្តួចផ្តើមលើកនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ពោលគឺទូទាំងប្រទេសតែម្តង។

ជាក់ស្តែង ស្ថាប័នរដ្ឋសភាកម្ពុជា បានប្រកាសគាំទ្រ និងបានចាត់ទុកថា ការផ្តួចផ្តើមគំនិតរបស់ សម្តេចតេជោខាងលើនេះ គឺជាគតិបណ្ឌិត ដែលមានលក្ខណៈស្នេហាជាតិយ៉ាងខ្ពង់ខ្ពស់ឧត្តុងឧត្តម ដែលនឹងធានានូវឯករាជ្យ និងអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ហើយរារាំងបាននូវពួកជនឱកាសនិយម ដែលពឹងផ្អែកសញ្ជាតិច្រើន ដែលខ្លួនមាន យកបរទេសធ្វើជាបង្អែក ហើយធ្វើនយោបាយប្រជាភិថុត និងធ្វើជាដៃជើងបរទេស ក្នុងការចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

បើតាមរដ្ឋសភា, «នេះគឺជាការធានាមួយទៀត ចំពោះកម្ពុជាបច្ចុប្បន្នក៏ដូចជានាពេលអនាគតថា ថ្នាក់ដឹកនាំកម្ពុជា ជាឥស្សរជនស្នេហាជាតិ ស្នេហាឯករាជ្យ អធិបតេយ្យជាតិ ព្រមទាំងស្នេហាលទ្ធិប្រជាធិបតេយ្យ គឺពឹងផ្អែកលើកម្លាំងប្រជាជាតិទាំងមូល ទាត់ចោលនូវការប៉ុនប៉ងធ្វើការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ពីសំណាក់ក្រៅប្រទេស»។

ស្របពេលជាមួយគ្នានេះ ស្ថាប័នព្រឹទ្ធសភាកម្ពុជា បានចាត់ទុកថា ការធ្វើវិសោធនកម្មនេះ នឹងបម្រើឱ្យផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម និងយូរអង្វែងរបស់ជាតិ ដើម្បីរួមចំណែកធានាថា ថ្នាក់ដឹកនាំនៃស្ថាប័នកំពូលទាំង៤ មានភាពស្មោះត្រង់ចំពោះជាតិ និងប្រជាជនកម្ពុជា ហើយប្រឆាំងដាច់ខាតមិនឱ្យមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាពីសំណាក់មជ្ឈដ្ឋានខាងក្រៅ។

ព្រឹទ្ធសភា បានបន្ថែមថា «គំនិតផ្តួចផ្តើមថ្មីជាប្រវត្តិសាស្រ្តនេះនឹងបង្ហាញអំពីភក្តីភាព និងសុច្ចរិតភាពរបស់ឥស្សរជនកំពូលរបស់ជាតិចំពោះជាតិ និងជាពិសេសបង្ហាញទៅកាន់ម្ចាស់ឆ្នោតអំពីការបេ្តជ្ញាចិត្តខ្ពស់ក្នុងគ្រប់ កាលៈទេសៈ ការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យភាព និងផលប្រយោជន៍រួមរបស់ជាតិយើង»។

ងាបទៅគណបក្សនយោបាយវិញ ក៏បានបង្ហាញឆន្ទៈគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

សម្រាប់លោក ពេជ្រ ស្រស់ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានថ្លែងថា នយោបាយជាតិសាសន៍១ ប្រទេស១ មេដឹកនាំសញ្ជាតិតែ១ គឺជារឿងល្អដើម្បីទប់ស្កាត់អ្នកមានផ្ទះច្រើនកន្លែងហើយដើរដុតផ្ទះណាដែលខ្លួនមិនពេញចិត្តចោល នាំឲ្យវិនាសកម្មអ្នក ដែលរស់នៅក្នុងផ្ទះនោះ។ ចំពោះការបង្កើតច្បាប់មេដឹកនាំត្រូវ មានសញ្ជាតិតែ១នេះ គឺជាការកាត់ផ្តាច់នយោបាយឈ្លានពានត្រជាក់នៅថ្ងៃអនាគតផងដែរ ជាពិសេស គឺកាត់ផ្តាច់អ្នកចង់លេបប្រទេសកម្ពុជាតាមរយៈចងសម្ព័ន្ធមេត្រីភាពទ្វេរសញ្ជាតិ។

«ខ្ញុំគាំទ្រឲ្យមានការបង្កើតច្បាប់មេដឹកនាំត្រូវមានសញ្ជាតិតែ១ នេះឲ្យបានឆាប់រហ័សបំផុតដែលអាចធ្វើទៅបាន»។ នេះបើតាមលោក ពេជ្រ ស្រស់។

ចំណែកឯ គណបក្សសញ្ជាតិកម្ពុជា ទន្ទឹមនឹងការប្រកាសគាំទ្រសម្តេចតេជោនាយករដ្ឋមន្ត្រីហើយនោះ គណបក្សនេះបានអំពាវនាវដល់គ្រប់និន្នាការទាំងអស់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ គាំទ្រនូវជំហររាជរដ្ឋាភិបាល ជាពិសេសគំនិតផ្តួចផ្តើមខាងលើ។

គណបក្សសញ្ជាតិកម្ពុជា បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ទៀតថា «សូមសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជួយថែរក្សាការពារសន្តិភាព សាមគ្គីភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ និងបូរណភាពទឹកដី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជ្រកក្រោមម្លប់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា»។

គំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី មេឧទ្ទាម សម រង្ស៉ី បានផ្សព្វផ្សាយចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន បានទិញលិខិតឆ្លងដែន និងបានទទួលសញ្ជាតិ ពីប្រទេសស៉ីព (Cyprus) ដែលជាកោះមួយ នៅទ្វីបអឺរ៉ុប។ គំនិតនេះ ក៏ត្រូវបានការគាំទ្រពីអ្នកវិភាគសង្គម និងនយោបាយល្បីៗ ដូចជា សាស្ត្រាចារ្យបណ្ឌិត ឥន សុផល និងបណ្ឌិត គិន ភា ផងដែរ។

លោក ឥន សុផល បានបញ្ជាក់ថា កាលពីអាណត្តិទី១ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងអំពីអ្នកនយោបាយកម្ពុជា ត្រូវមានសញ្ជាតិខ្មែរតែមួយ តែមិនទទួលបានការគាំទ្រទេ ដោយសាររឿងបង្រួបបង្រួមជាតិ ធ្វើឱ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំនយោបាយមួយចំនួនមានសញ្ជាតិពីរ ឬបី។ បទពិសោធន៍ មានបុគ្គលមួយចំនួនបន្ទាប់ពីបានចូលកាន់តំណែងធំៗក្នុងរដ្ឋាភិបាល បានប្រព្រឹត្តអំពើពុករលួយបំផ្លាញប្រជារាស្ត្រខ្មែរ ដែលកំពុងតែក្រីក្រ យកលុយទៅទិញចម្ការ, វីឡាស្កឹមស្កៃនៅបរទេស ដែលពេលមុនលក់តែនំប័ង្ក, លក់គុយទាវ, រត់តាស៉ីសោះ.....! ដល់ពេលរដ្ឋាភិបាលតាមចាប់ខ្លួន ពួននៅក្រៅប្រទេសបាត់ស្រមោល នេះហើយលទ្ធផលអ្នកនយោបាយដែលមានសញ្ជាតិពីរ ឬបី។

«ខ្ញុំយល់ថាកម្ពុជាទទួលស្គាល់សញ្ជាតិពីរ គឺល្អណាស់សម្រាប់បងប្អូនខ្មែររស់នៅក្រៅប្រទេស ប៉ុន្តែសម្រាប់បងប្អូនណាដែលចង់ក្លាយទៅជាអ្នកនយោបាយ ដែលមានឋានៈចាប់ពីសមាជិករាជរដ្ឋាភិបាល, សមាជិករដ្ឋាភា, សមាជិកព្រឹទ្ធសភាឡើងទៅ ត្រូវមានសញ្ជាតិខ្មែរតែមួយ បើពួកគេស្រឡាញ់ជាតិមែននោះ ខ្លាចអីនឹងបោះបង់»។ នេះបើតាមលោក ឥន សុផល។

ចំណែកឯលោក គិន ភា បាត់ចាត់ទុកថា ការលើកឡើងរបស់លោក សម រង្ស៉ី ជាការយល់ខុស។ លោកថ្លែងថា ដោយមិនរាប់បញ្ចូលទិដ្ឋភាពផ្សេងទៀត ដោយគ្រាន់តែផ្អែកលើមូលដ្ឋានអំណាច ធនធាន ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងចក្ខុវិស័យរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់បុរសខ្លាំងតេជោសែន វាច្បាស់ណាស់ថា គណបក្សនេះ អាចឈរជើងរឹងមាំ យូរអង្វែងក្នុងសង្វៀននយោបាយកម្ពុជា, តើវាមានការចាំបាច់អ្វី ដែលបុរសខ្លាំងរូបនេះ ទិញលិខិតឆ្លងដែនបរទេស ដើម្បីគេចចេញពីប្រទេសដែលខ្លួនគ្រប់គ្រងយ៉ាងល្អក្រោមម្លប់សន្តិភាពដែលចេញពីដៃរបស់គាត់?

លោក គិន ភា បានបន្តថា តាំងពីក្រោយថ្ងៃ រំដោះ ៧ មករា ១៩៧៩ មក បុរសខ្លាំងកម្ពុជាម្នាក់នេះ មិនដែលគេចចេញ ឬមានបំណងគេចចេញពីប្រទេសរបស់ខ្លួនម្តងណាឡើយ។ ដូច្នេះ ការអំពាវនាវដោយការប្រឌិតព័ត៌មានរបស់លោក សម រង្ស៊ី និងការឆ្លើយតបរបស់បុរសខ្លាំងដោយទិដ្ឋភាពច្បាប់ នឹងធ្វើឱ្យអនាគតនយោបាយលោក សម រង្ស៊ី កាន់តែមានភាពមិនប្រាកដប្រជា។

«ភូតច្រើនចាញ់អាត្មា, សម័យនេះ អ្នកនយោបាយ មិនគួរបង្កើតព្រឹត្តិការណ៍ដូចពួកអ្នកលក់ឡេនោះទេ, ប្រជាជនមិនល្ងង់ទៀតឡើយ!»។ នេះបើតាមលោ គិន ភា។

គំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក៏ត្រូវប្រជាពលរដ្ឋ សាទរ និងកោតសរសើរ លើបណ្តាញសង្គម Facebook ផងដែរ។ លោក នួន ភារម្យ បានថ្លែងថា «ក្នុងនាមខ្ញុំជាយុវជនខ្មែរមួយរូប ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា «ថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ»។

លោកបានរំលឹកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថា «ក្មួយត្រូវ ចាំឲ្យច្បាស់ស្គាល់មុខ ហ៊ុន សែន ឲ្យច្បាស់ស្គាល់មុខមេដឹកនាំគណបក្សប្រជាជនឲ្យច្បាស់ អ្នកទាំងនេះ នឹងមិនទៅណាចោលប្រជាជនមួយជំហានឡើយ។ ខ្ញុំអត់មានសញ្ជាតិបរទេស អត់មានផ្ទះនៅបរទេសទេ ជម្រើសរបស់ខ្ញុំតែមួយគត់គឺ ជម្រើសខាំស្មៅនៅជាមួយប្រជាពលរដ្ឋកម្ពុជា»។

សម្រាប់លោក បឿន វ៉ាន់ឌី ក៏បានលើកឡើងថា ការកំណត់ថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ នឹងនាំដល់ការធានាបាននូវភាពជាម្ចាស់នៃជោគវាសនាជាតិខ្លួនដែលដឹកនាំដោយជនជាតិខ្មែរ មានសញ្ជាតិខ្មែរតែមួយ និងធានាបានថែមទៀតចំពោះការស្មោះត្រង់ចំពោះជាតិ។

លោកថ្លែងថា «សូមគាំទ្រចំពោះគំនិតផ្ដួចផ្ដើមក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់នានា ដែលពាក់ព័ន្ធចំពោះការកំណត់លក្ខខណ្ឌសញ្ជាតិតែមួយរបស់ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ»៕
ដោយ៖ Fresh News







ការពិតពីមាតុភូមិ៖ នយោបាយកាំបិតចិតដងឯង


(ភ្នំពេញ)៖ ប្រជាជនខ្មែរមានការឈឺចាប់មិនចេះចប់មិនចេះហើយ ដែលមានអ្នកនយោបាយបរាជ័យ ជាជនអន្ធពាលម្នាក់ ឈ្មោះ សម-រង្ស៊ី និងបក្សពួកអគតិមួយក្តាប់តូច ដែលតែងតែចិញ្ចឹមចិត្តបំផ្លាញនូវសេចក្តីសុខ សន្តិភាព និងសមិទ្ធផលដែលថ្នាក់ដឹកនាំ និងប្រជាជាតិខ្មែរ ទាំងមូល បានកសាងឡើងដោយលំបាក។ ជាលទ្ធផល ក្រុមទុរជននេះបាននិងកំពុងទទួលរងនូវការជេរប្រទេចផ្តាសាពីប្រជាជនខ្មែរ និងទេវតាបរាមុខជានិច្ច បានត្រឹមរត់ចោលស្រុក រស់ជាបញ្ញើក្អែកនៅឯបរទេស ដោយសារជាប់ទោសពីអំពើក្បត់ជាតិឃុបឃឹតជាមួយបរទេស ទោសប្រមាថព្រះចេស្តា និងទោសទណ្ឌក្នុងផ្លូវច្បាប់ជាច្រើនទៀត លែងមានឱកាសបានមកជាន់ទឹកដីកម្ពុជាសុវណ្ណភូមិ មកបំផ្លាញខ្មែរដោយផ្ទាល់ហើយ។

ទន្ទឹមនឹងការឈឺចាប់នេះ ដោយទង្វើនយោបាយបែបអគុណធម៌របស់ជនក្បត់ជាតិតពូជ ឈ្មោះ សម-រង្ស៊ី និងបក្សពួកអគតិមួយក្តាប់តូចនេះ ប្រជាជនខ្មែរក៏ហួសចិត្ត និងអស់សំណើចផងដែរ ដែលមិននឹកស្មានដល់ថា បុគ្គលដ៏ល្ងង់ខ្លៅនេះ បានប្រព្រឹត្តកំហុសនយោបាយធំៗយ៉ាងហោចណាស់ចំនួនពីរលើក ដែលនាំឱ្យខ្លួននិងបក្សពួកអគតិរបស់ខ្លួន អស់ឱកាសរលីងឆិញ ក្នុងការស្គាល់រសជាតិនៃជ័យជម្នះ។

កំហុសនយោបាយដ៏ធំទី១ នៅឆ្នាំ២០០៦ សម-រង្ស៊ី បានសុខចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា បោះឆ្នោតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយកែប្រែសំឡេងមតិភាគច្រើននៃតំណាងរាស្ត្រ ពីចំនួន ២ភាគ៣ ទៅជាចំនួន ៥០%បូក១ វិញ សម្រាប់ការបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល។ ចាប់តាំងពីពេលនោះមក គ្មានទៀតទេវិបត្តិជាប់គាំងនយោបាយ ដែលធ្លាប់តែកើតមានឡើងនៅនីតិកាលមុនៗកន្លងមក។

កំហុសនយោបាយដ៏ធំទី២ នៅឆ្នាំ២០២១ នេះ ជនឧបឃាត សម-រង្ស៊ី ដែលមានខ្លួនឯងមានពហុសញ្ជាតិ និងអាងតែរត់ទៅជ្រកជាបញ្ញើក្អែកនៅឯស្រុកក្រៅ និងពឹងពាក់បរទេសឱ្យជួយបំផ្លាញខ្មែរ បន្ទាប់ពីញុះញង់បង្កចលាចលបំពាននឹងច្បាប់នៃប្រទេសកម្ពុជានោះ ប្រេតរដូវភ្ជុំនេះបែរជាចោទដោយបំផ្លើស ថាប្រមុខរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជា ថាមានសញ្ជាតិពីរ មានលិខិតឆ្លងដែនបរទេសទៅវិញ។

អ្វីដែលគួរឱ្យអាម៉ាស់ និងអស់សំណើចជាខ្លាំងនោះ គឺជនឧបឃាត សម-រង្ស៊ី ដែលតែងតែអួតក្អេងក្អាងថាខ្លួនជាអ្នកចេះដឹងជ្រៅជ្រះនេះ តាមពិតពុំដែលសិក្សាស្វែងយល់ និងស្រាវជ្រាវឱ្យច្បាស់អំពីព័ត៌មានដែលចុះផ្សាយក្នុងសារព័ត៌មានបរទេស ថាតើជាព័ត៌មានដែលមានមូលដ្ឋានត្រឹមត្រូវ មានប្រភពច្បាស់លាស់ ឬជាការពិតឬមិនពិតនោះឡើយ មុននឹងហាមាត់កុហកសាធារណជនបន្តទៀត។ ឱ្យតែមានព័ត៌មានវាយប្រហារមកលើថ្នាក់ដឹកនាំកម្ពុជា បុគ្គលនេះតែងតែចម្លង ព្យាយាមបំភ្លៃ និងពន្លាតបំផ្លើសបន្ថែមទៀតដើម្បីចំណេញនយោបាយល្ងង់ខ្លៅរបស់ខ្លួន ដោយមិនខ្វល់ថាជាព័ត៌មានក្លែងក្លាយនោះទេ។ នេះស្តែងអំពីចេតនាដ៏អាក្រក់ខ្មៅងងឹត និងភាពល្ងង់ខ្លៅអស់កែរបស់ជននេះ។

ឥឡូវនេះ ថ្នាក់ដឹកនាំ មន្ត្រីគ្រប់ស្ថាប័ន និងប្រជាពលរដ្ឋគ្រប់ទិសទី បានចេញមកគាំទ្រយ៉ាងផុសផុល នូវគំនិតផ្តួចផ្តើមរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដោយកំណត់ឱ្យថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មានសញ្ជាតិខ្មែរតែមួយ ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការប៉ុនប៉ងជ្រៀតជ្រែកពីបរទេស។ អំណឹះតទៅ ទ្វារនឹងត្រូវបានបិទជារៀងរហូត សម្រាប់អ្នកដែលមានពហុសញ្ជាតិ ដែលប៉ុនប៉ងកាន់តំណែងកំពូលរបស់រដ្ឋ ជាពិសេសតំណែងនាយករដ្ឋមន្ត្រី ហើយប្រសិនបើចង់បើកទ្វារនេះវិញ ទាល់តែរកបានសំឡេង ២ភាគ៣ មកកែប្រែវិញ ដែលសូម្បីតែស្រមៃ ក៏មិនអាចទៅរួចផង សម្រាប់ក្រុមជនបរាជ័យ ដែលប្រជាជនស្អប់ខ្ពើមនេះ។

កំហុសនយោបាយដ៏ធំទាំងពីរខាងលើនេះ ជានយោបាយកាំបិតចិតដងឯង ដែលបុគ្គលឧបឃាត អន្ធពាល ឈ្មោះ សម-រង្ស៊ី និងបក្សពួកអគតិមួយក្តាប់តូច បានធ្វើឡើងជាឧបករណ៍អត្តឃាតចំពោះខ្លួនឯង។

នៅទីបំផុត គំនិតផ្តួចផ្តើមរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ គឺជាជោគជ័យរបស់ប្រជាជាតិកម្ពុជាទាំងមូល ដោយសារតែប្រទេសជាទីស្រឡាញ់នៃយើងគ្រប់គ្នានេះ នឹងទទួលបានតែថ្នាក់ដឹកនាំដែលមានការស្រលាញ់ជាតិស្មោះស្ម័គ្រមួយជីវិត មិនមានសញ្ជាតិច្រើនដែលត្រៀមខ្លួនរត់ចោលស្រុកដូចជនឧបឃាត សម-រង្ស៊ី។

ការពិតពីមាតុភូមិ, ថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥

រាជធានីភ្នំពេញ, ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១

ដោយ៖ Fresh News




ទិន្នន័យ Worldatlas បង្ហាញថា ប្រទេសនិងដែនដីចំនួន៥១ ដែលមិនអនុញ្ញាតឲ្យមានសញ្ជាតិពីរ


(បរទេស)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។ ដូច្នេះដើម្បីដឹងថា តើប្រទេសណាខ្លះដែលមិនអនុញ្ញាតឲ្យមានសញ្ជាតិពីរ ដកស្រង់ទិន្នន័យពីគេហទំព័រ Worldatlas ដែលបានបង្ហាញថា បច្ចុប្បន្នមានប្រទេស និងដែនដីចំនួន៥១ ដែលមិនអនុញ្ញាតឲ្យមានសញ្ជាតិពីរ (២) រួមទាំងអ្នកនយោបាយ។

ខាងក្រោមជាបញ្ជីឈ្មោះនៃប្រទេស និងដែនដីចំនួន៥១ មិនអនុញ្ញាតឲ្យមានសញ្ជាតិពីរ៖

១. អង់ដូរ៉ា (Andorra)
២. អាហ្ស៊ែរបៃហ្សង់ (Azerbaijan)
៣. បាហាម៉ាស់ (Bahamas)
៤. បារ៉ែន (Bahrain)
៥. បេឡារុស (Belarus)
៦. ប៊ូតាន (Bhutan)
៧. បូតស្វាណា (Botswana)
៨. ចិន (China)
៩. កង់ហ្គូ (Congo)
១០. គុយបា (Cuba)
១១. ជីប៊ូទី (Djibouti)
១២. អេត្យូពី (Ethiopia)
១៣. ហៃទី (Haiti)
១៤. ឥណ្ឌា (India)
១៥. ឥណ្ឌូណេស៊ី (Indonesia)
១៦. អ៉ីរ៉ង់ (Iran)
១៧. ជប៉ុន (Japan)
១៨. កាហ្សាក់ស្ថាន (Kazakhstan)
១៩. គូវ៉ែត (Kuwait)
២០. កៀហ្ស៊ីគីស្ថាន Kyrgyzstan
២១. ឡាវ (Laos)
២២. ម៉ាកាវ (Macau)
២៣. ម៉ាឡេស៊ី (Malaysia)
២៤. ប្រទេសដែនកោះ ម៉ាសាល់ (Marshall Islands)
២៥. មីក្រូណេស៊ី (Micronesia)
២៦. ម៉ូណាកូ (Monaco)
២៧. ម៉ុងហ្គោលី (Mongolia)
២៨. ម៉ូហ្សំប៊ិគ (Mozambique)
២៩. មីយ៉ាន់ម៉ា (Myanmar)
៣០. នេប៉ាល់ (Nepal)
៣១. កូរ៉េខាងជើង (North Korea)
៣២. អូម៉ង់ (Oman)
៣៣. ប៉ាពួញូហ្គីណេ (Papua New Guinea)
៣៤. កាតា (Qatar)
៣៥. សាន់ ម៉ារីណូ (San Marino)
៣៦. អារ៉ាប៊ីសាអូឌីត (Saudi Arabia)
៣៧. សិង្ហបុរី (Singapore)
៣៨. ស្លូវ៉ាគី (Slovakia)
៣៩. ប្រទេសដែនកោះសូឡូម៉ុន (Solomon Islands)
៤០. ស្វីស (Swaziland)
៤១. តាហ្ស៊ីគីស្ថាន (Tajikistan)
៤២. ថៃ (Thailand)
៤៣.តុងហ្កា (Tonga)
៤៤. តួកម៉េនីស្ថាន (Turkmenistan)
៤៥. អ៉ុយក្រែន (Ukraine)
៤៦. អេមីរ៉ាតអារ៉ាប់រួម (United Arab Emirates)
៤៧. អ៊ូសបេគីស្ថាន (Uzbekistan)
៤៨. វេណេស៊ុយអេឡា (Venezuela)
៤៩. វៀតណាម (Vietnam)
៥០. យ៉េមែន (Yemen)
៥១. ហ្ស៊ីមបាបវ៉េ (Zimbabwe)

ដោយ៖ Fresh News







អ្នកវិភាគ៖ ជនក្បត់ជាតិសញ្ជាតិ២ សម រង្ស៊ី និងបក្ខពួក កំពុងស្ថិតក្នុងស្ថានភាពយីអ៊ុនដាក់អារក្ខជាន់ ខណៈកាសែតអង់គ្លេស The Guardian កែតម្រូវការផ្សាយខុសរបស់ខ្លួន


(ភ្នំពេញ)៖ ទណ្ឌិតជនក្បត់ជាតិសញ្ជាតិ ២ សម រង្ស៊ី កំពុងរងនូវភាពអាម៉ាសជាទីបំផុតក្នុងនាមជាអ្នកនយោបាយអង្ករកំប៉ុង ប្រើប្រាស់ព័ត៌មានក្លែងក្លាយចោទថា សម្តេចតេជោ ហ៊ុន សែន ទិញសញ្ជាតិពីប្រទេសស៉ីព្រ ដើម្បីបំពេញមហិច្ឆតាអំណាចខ្លួន តែចុងក្រោយតម្រិះវាជិះកឯង ក្រោយពីកាសែតឌឹហ្គ័រដាន (The Guardian) របស់ចក្រភពអង់គ្លេស បានធ្វើការកែតម្រូវខ្លឹមសារអត្ថបទរបស់ខ្លួន។ កាសែតឌឹ ហ្គ័រដានបានកែតម្រូវថាខ្លួន រាយការណ៍ខុសថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាបុគ្គលម្នាក់ដែលបានទិញសញ្ជាតិពីប្រទេសសាយប្រឹស។

ព័ត៌មានមិនពិតដែលជនក្បត់ជាតិ សម រង្ស៊ី បានយកមកផ្សព្វផ្សាយមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះសម្តេចតេជោ ហ៊ុន សែន និងបំភ្លៃថាសម្តេចតេជោត្រៀមរត់ចោលស្រុក និងថែំទាំងចេញលិខិតមានចរិតបំផ្ទុះបដិវត្តន៍ពណ៌ដោយ អំពាវនាវឱ្យមានការបះបោរ និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ កាសែតឌឹហ្គ័រដានបានកែតម្រូវកំហុសរបស់ខ្លួន ស្របតាមវិជ្ជាជីវៈសារព័ត៌មាន តើជនក្បត់ជាតិ សម រង្ស៊ី ដែលជាអ្នកនយោបាយចាញ់ចាស់វស្សានេះនិយាយខុស តើនឹងធ្វើការកែតម្រូវ និងសុំទោសជាសាធារណៈចំពោះសម្តេចតេជោ ហ៊ុន សែន ទេ? ទំនងគឺទណ្ឌិតរូបនេះនឹងមិនកែតម្រូវនិងសុំទោសចំពោះកំហុសឆ្គងរបស់ខ្លួននោះទេ!

ប៉ុន្តែកំហុសដ៏ធ្ងន់ធ្ងរលើកនេះបាននាំឱ្យជនក្បត់ជាតិតពូជរូបនេះចប់ដោយបរិបូណ៌នៅក្នុងអាជីពនយោបាយ ជាពិសេសការស្រមើស្រម៉ៃដេកយល់សប្តិថា ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា។ សម រង្ស៊ី និងបក្ខពួក ខ្លួននឹងត្រឹមបានបន្តធ្វើជានាយករដ្ឋមន្ត្រីឧទាហរណ៍ទៀត ខណៈកម្ពុជាបាននិងកំពុងសិក្សាពីលទ្ធភាពនៃ ការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធផ្សេងទៀតដើម្បីកំណត់ឱ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋ សភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាតួនាទីចែងក្នុងរដ្ឋធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ។ នេះគឺជាលទ្ធផលនៃការធ្វើនយោបាយបែបអង្ករកំប៉ុងរបស់ទណ្ឌិតក្បត់ជាតិសញ្ជាតិ ២ សម រង្ស៊ី គ្មានគោលការណ៍ច្បាស់លាស់ និងរេរាតាមតែខ្យល់ គ្មានការពិចារណាឱ្យបានដិតដល់ និងគ្មានភាពប្រាកដ ប្រជាក្នុងគំនិតនយោបាយស្លន់ស្លោរនិងវង្វេងក្នុងគំនិតគុំគួន និងសងសឹកនិយម។

នៅពេលនេះ គឺអាចនិយាយបានថា សម រង្ស៊ី និងគូកនក្រុមក្បត់ជាតិ និងចៅហ្វាយនាយបរទេសរបស់ពួកគេ បានចាញ់បោសគូថខោ និងស្ថិតក្នុងស្ថានភាពយឺអ៊ុនដាក់អារក្ខក៏ជាន់ ហើយត្រីរ៉ស់ក៏រួច រីឯទន្សាយក៏រួច។ ដោយសារតែការប្រមាថចំពោះស្ថានការណ៍នេះហើយទើបបានធ្វើឱ្យពួកគេចាញ់រហូត។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់រួចហើយថា «បើលេងកុំខឹង បើខឹងកុំលេង ព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរ ដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថា វិសោធនកម្មរដ្ឋធម្មនុញ្ញក្តី ឬច្បាប់អង្គការក្តីត្រូវការសំឡេង ២/៣ ទើបអាចអនុម័តបាន»។ នេះ មានន័យថាក្តីប្រាថ្នារបស់ទណ្ឌិត សម រង្ស៊ី បានរលាយទាំងស្រុងហើយដោយសារតែកំហុសផ្នែកនយោបាយរបស់ខ្លួន។

អ្វីដែលជនក្បត់ជាតិសញ្ជាតិ ២ សម រង្ស៊ី បានធ្វើដើម្បីបំផ្លាញជាតិនិងប្រជាជនគឺជាបង្ហាញពីភាពចាំបាច់ដែលកម្ពុជាត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់ ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ ត្រូវតែមានសញ្ជាតិខ្មែរតែមួយ។ ខណៈ សម រង្ស៊ី កំពុងទទួលរងនូវភាពអាម៉ាស់ពីទង្វើគ្មានសីលធម៌ និងគ្មានគោលការណ៍នយោបាយ ច្បាស់លាស់របស់ខ្លួន សម្រាប់ជាតិ និងប្រជាជនកម្ពុជា បានទទួលមកវិញនូវលាភដ៏ធំគឺឱកាសនៃការពង្រឹងទឹកចិត្តស្នេហា និងការបម្រើប្រជាជនដោយភាពស្មោះត្រង់ របស់ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិតាមរយៈការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការសិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធដើម្បីតម្រូវឱ្យ ថ្នាក់ដឹកនាំស្ថាប័នកំពូលទាំង៤ មានសញ្ជាតិខ្មែរតែមួយ។

ច្បាប់នេះនឹងធានាទាំងផ្នែកផ្លូវច្បាប់ និងផ្នែកនយោបាយឱ្យឥស្សរជនជាន់ខ្ពស់ដែលកាន់មុខតំណែងជាថ្នាក់ដឹកនាំ ស្ថាប័នកំពូលត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិ និងមាតុភូមិកម្ពុជាធ្វើការដឹកនាំប្រទេសដោយ តម្កល់ផលប្រយោជន៍ជាតិជាធំ ក៏ដូចជាទប់ស្កាត់និងប្រឆាំងរាល់ការជ្រៀតជ្រែករបស់បរទេសចូលមកក្នុង កិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

គេអាចស្រម៉ៃថា អ្វីដែលទណ្ឌិត សម រង្ស៊ី បានផ្សព្វផ្សាយអំពាវនាវឱ្យមានការបះបោរ ប្រឆាំងនិងផ្តួលរំលំរាជរដ្ឋាភិបាលកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ដោយគ្រាន់តែសម្អាងលើការផ្សាយអត្ថបទរបស់កាសែត ឌឹហ្គ័រ ដាន ហើយប្រសិនបើប្រជាពលរដ្ឋងើបបះបោរតាមការអំពាវនាវដ៏ឆ្កួតលេលារបស់ជនក្បត់ជាតិរូបនេះ នោះទំនងពេលនេះ កម្ពុជាធ្លាក់ក្នុងភាពចលាចលវឹកវរ និងនៅក្នុងសង្គ្រាម ហើយចុងក្រោយកាសែតឌឹហ្គ័រដានចេញផ្សាយ កែតម្រូវ ថាធ្វើសេចក្តីរាយការណ៍ខុស។

តើនរណាជាអ្នកទទួលខុសត្រូវចំពោះមហន្តរាយនេះ តើគេអាចកែប្រែស្ថានការណ៍នេះដូចអ្វីដែលកាសែតឌឹហ្គ័រដានកែតម្រូវបានទេ? តើ សម រង្ស៊ី និងគូកនដែលមានសញ្ជាតិ ២ នៅក្រៅប្រទេសជាអ្នកមករងគ្រោះជាមួយជនជាតិខ្មែរក្នុងប្រទេសក្រោយពួកគេញុះញង់បំបែកបំបាក់ជាតិ? ចម្លើយគឺទេ! តែជាប្រជាជនកម្ពុជាដែលជាអ្នកទទួលរងគ្រោះ។ ដូច្នេះបានជាការកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំស្ថាប័នកំពូលគឺជាការចាំបាច់បំផុតដើម្បីទប់ស្កាត់ស្ថានភាពជាយថាហេតុបែបនេះ។ កំហុសលើកនេះ តើមកពីសម រង្ស៊ី តែម្នាក់ឯង ឬកំហុសជាក្រុម?

ដូច្នេះទោះបីជាកាសែតឌឹ ហ្គ័រដាន កែតម្រូវកំហុសរបស់ខ្លួនក៏ដោយ តែសម្តីរបស់អ្នកនយោបាយ ក្បត់ជាតិដូច សម រង្ស៊ី ជ្រុលហួស មិនអាចកែតម្រូវមកវិញបានទេ។ ទណ្ឌិតសម រង្ស៊ី គ្មានតម្លៃទៀតឡើយ សម្រាប់កម្ពុជា តែមានតម្លៃសម្រាប់ការអនុវត្តច្បាប់។ នៅពេលយីអ៊ុនដាក់អារក្ខជាន់ សម រង្ស៊ី នឹកគិតធ្វើអ្វី ក៏ខុសទាំងអស់! ចុងក្រោយទំនងជាព្រលឹងខ្មោចទាញដៃ បានធ្វើសម រង្សី ប្រព្រឹត្តកំហុសនយោបាយមួយ យ៉ាងធំចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថាបានទិញសញ្ជាតិសាយប្រឹស។ ជាលទ្ធផលចុងក្រោយ សម រង្ស៊ី រងការអាម៉ាសយ៉ាងធ្ងន់ធ្ងរជាថ្មីម្តងទៀត ហើយក៏នឹងត្រូវបង់តម្លៃផ្លូវច្បាប់ចំពោះការចេញលិខិតញុះញង់ ផ្តូលរំលំរាជរដ្ឋាភិបាលម្តងហើយម្តងទៀត ប៉ុនប៉ងឡើងកាន់អំណាចតាមរយៈមធ្យោបាយបដិវត្តន៍ ពណ៌ដែលមិនតាមបែបប្រជាធិបតេយ្យ។

ទណ្ឌិត សម រង្ស៊ី គួរសិក្សាពីពាក្យទំនៀមចាស់បុរាណ «មើលឱ្យ ជាក់ ចាំញាក់ចិញ្ចើម» ទើបមិនប្រព្រឹត្តកំហុសដដែលៗ! តែជាយោបល់ចុងក្រោយរបស់ ចៅចាក់ស្មុក បើជ្រុល ទទួលភាពអាម៉ាស់ធ្ងន់ធ្ងររបៀបនេះទៅហើយ និងគ្មានច្រកមកធ្វើធំនៅស្រុកខ្មែរតាមក្តីស្រម៉ៃ សម រង្ស៊ី គួរយកពេលវេលាដែលនៅសេសសល់ក្នុងជីវិតរបស់ខ្លួន ទៅសាងផ្នួស ឬធ្វើអ្វីឱ្យមានប្រយោជន៍សម្រាប់ខ្លួននិងក្រុមគ្រួសារទៅ កុំមកព្យាយាមបំផ្លាញខ្មែរថែមទៀត កេរ្តិ៍ឈ្មោះដ៏អាក្រក់របស់សម រង្ស៊ី និងបក្ខពួកក្បត់ ជាតិគ្រប់គ្រាន់សម្រាប់ចារក្នុងប្រវត្តិសាស្ត្រកម្ពុជារួចស្រេចទៅហើយ! ដូច្នេះមិនចាំបាច់បន្តបំផ្លាញកម្ពុជាគ្រប់រូបភាពទៀតទេ!

ដោយ៖ ចៅចាក់ស្មុក

រាជធានីភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១




សារព័ត៌មាន The Guardian បានកែអត្ថបទចេញផ្សាយរបស់ខ្លួនឡើងវិញ ក្រោយមានប្រតិកម្មពីរាជរដ្ឋាភិបាលកម្ពុជា

  សារព័ត៌មាន The Guardian បានកែអត្ថបទចេញផ្សាយរបស់ខ្លួនឡើងវិញ ក្រោយមានប្រតិកម្មខ្លាំងៗពីរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធការចេញផ្សាយបំភ្លៃការពិតទាំងស្រុង «សម្តេចតេជោ ហ៊ុន សែន ទទួលបានលិខិតឆ្លងដែនពីប្រទេសស៊ីព្រ»។

សារព័ត៌មាន The Guardian បានកែខ្លឹមសាររបស់ខ្លួនឡើងវិញដែលពីមុនបានសរសេរថា៖ «មេដឹកនាំកម្ពុជាលោក ហ៊ុន សែន ត្រូវបានគេរកឃើញថា ស្ថិតនៅក្នុងចំណោមជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនប្រទេសស៉ីព្រ»។

ក្រោយពីមានប្រតិកម្មសារព័ត៌មាន The Guardian បានកែសម្រួលឡើងវិញថា៖ «មន្រ្តីនៅក្បែរមេដឹកនាំកម្ពុជាលោក ហ៊ុន សែន ត្រូវបានគេរកឃើញថា ស្ថិតនៅក្នុងចំណោមជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនប្រទេសស៉ីព្រ»។

នៅក្នុងអត្ថបទដដែលនោះក៏បានបញ្ជាក់នៅខាងក្រោមថា៖ «អត្ថបទនេះត្រូវបានធ្វើកែសម្រួលនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។ អត្ថបទមុនបាននិយាយដោយមិនត្រឹមត្រូវថា មេដឹកនាំកម្ពុជាលោក ហ៊ុន សែន ស្ថិតក្នុងចំណោមអ្នកដែលបានទទួលលិខិតឆ្លងដែនប្រទេសស៉ីព្រ»។

កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ មេធាវីរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយប្រកាសបដិសេធ និងទាត់ចោលទាំងស្រុង នូវការចុះផ្សាយដោយគ្មានសច្ចភាព គ្មានមូលដ្ឋាន និងផ្ទុយពីការពិតរបស់សារព័ត៌មាន The Guardian ដោយផ្សាយបំភ្លៃការពិតថា សម្តេចតេជោ ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus)។

តាមរយៈសេចក្តីថ្លែងការណ៍ ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសញ្ជាតិខ្មែរតែមួយគត់ គ្មានសញ្ជាតិបរទេសណាមួយ គ្មានលំនៅដ្ឋានណាមួយនៅឯបរទេស ហើយក៏មិនដែលរត់ចោលប្រជាជន និងប្រទេសកម្ពុជានោះទេ។ ការចុះផ្សាយថា សម្តេច ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus) ជាការចុះផ្សាយដែលបំផ្លើស និងប្រាសចាកពីការពិតសុទ្ធសាធ»។

ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចុះផ្សាយដែលមានចេតនាបំភ្លៃការពិតនេះ។ ក្រុមមេធាវីរាជរដ្ឋាភិបាល មានការខកចិត្តយ៉ាងខ្លាំង ដែលសារព័ត៌មាន The Guardian ក្នុងនាមជាសារព័ត៌មានដែលមានកិត្តិនាមមួយនៅទ្វីបអឺរ៉ុប បែរជាមិនគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ហើយចុះផ្សាយខ្លឹមសារដែលគ្មានមូលដ្ឋាន និងផ្ទុយពីការពិតទាំងស្រុងបែបនេះ។

លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយទៅលោកស្រី STEPHIE DRACOS រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៃប្រទេសស៊ីប ដើម្បីស្នើសុំកិច្ចសហការស្រាវជ្រាវជុំវិញការចោទប្រកាន់បំផ្លើសការពិតចំពោះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានលិខិតឆ្លងដែនស៊ីប ឬសញ្ជាតិស៊ីប ។

តាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្រសួងយុត្តិធម៌កម្ពុជា បានបញ្ជាក់ថា នាពេលថ្មីៗនេះ មានសារព័ត៌មាន មួយចំនួន ដូចជា The Guardian និង The Washington Post បានផ្សព្វផ្សាយនូវលទ្ធផលនៃការស្រាវជ្រាវមួយ ដែលគេហៅថា “The Pandora Papers Investigation” ក្នុងនោះក៏មានព័ត៌មានបំផ្លើសខុសពីការពិត ដែលចោទប្រកាន់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន លិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប។

កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូនផ្ញើជូនលោក លោកស្រី ខេតធឺរីន វីននឺរ (Katherine Viner) និពន្ធនាយកសារព័ត៌មាន The Guardian ដើម្បីសុំបំភ្លឺទាក់ទងទៅនឹងការចុះផ្សាយបំភ្លៃការពិតថា សម្តេចតេជោ ហ៊ុន សែន ទទួលលិខិតឆ្លងដែនពីប្រទេសស៉ីព្រ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់នៅក្នុងលិខិតផ្លូវការថា «ខ្ញុំសរសេរលិខិតនេះដើម្បីសុំការបំភ្លឺពីលោកស្រី ទាក់ទងទៅនឹងអត្ថបទដែលបានចុះផ្សាយ តាមប្រព័ន្ធអនឡាញ ក្រោមចំណងជើង «ក្រុមហ៊ុនច្បាប់បង្កើតឡើងដោយប្រធានាធិបតីស៊ីព្រ ត្រូវបានចោទប្រកាន់ពីបទលាក់បាំងទ្រព្យសម្បត្តិរបស់និរទេសជនរុស្ស៊ី» ដែលបានចុះផ្សាយនៅថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២១ និងសរសេរដោយ លូក ហាដឌីង (Luke Harding) និង ហេលេណា ស្មីត (Helena Smith)។ កថាខណ្ឌមួយនៃអត្ថបទនេះ បានសរសេរថា៖ «…មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ត្រូវបានគេរកឃើញថា ស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនប្រទេសស៊ីព្រ»។ នេះគឺជាការអះអាងមិនពិតទាំងស្រុង និងមិនអាចទទួលយកបាន៕