(ឡុងដ៍)៖ ចក្រភពអង់គ្លេសនឹងប្រារព្ធខួបលើកទី៧០ នៃការឡើងគ្រងរាជសម្បតិ្តរបស់ព្រះ មហាក្សត្រិ យានី Elizabeth ទី២ នៅថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈ ចុងសប្ដាហ៍នេះ។ ប៉ុន្តែ ខណៈសែរាជ្យវង្សអង់គ្លេសប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់នេះ វាក៏មានការចោទសួរផងដែរថាតើរជ្ជកាលរបស់ព្រះ មហាក្សត្រិ យានី គឺជា «យុគសម័យមាស» លើកទី២ សម្រាប់ចក្រភពអង់គ្លេស ដែរឬក៏យ៉ាងណា?
ព្រះមហាក្សត្រិយានី Elizabeth ទី២ ឡើងគ្រងរាជសម្បត្តិនៅក្នុងវ័យ ២៥ព្រះវស្សា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ១៩៥២។ ក្រោយសហភាពសូវៀតដួលរលំ គេឃើញថាមានតែអង់គ្លេសតែមួយគត់ដែលនៅជាចក្រភពមួយមកទល់នឹងសព្វថ្ងៃ។ «គ្មានចក្រភពដទៃណាមួយអាចសម្រេចសមិទ្ធផលបានដូចចក្រអង់គ្លេស នោះទេ...នៅក្នុងចក្រភពអង់គ្លេស ការផ្លាស់ប្ដូរសង្គម និងសេដ្ឋកិច្ចយ៉ាងធំធេងប្រកបដោយសន្តិភាព ដែលនេះជារឿងមួយត្រូវចងចាំ»។ នេះបើតាម
លោក Vernon Bogdanor ជាអ្នកជំនាញខាងប្រវត្តិសាស្ត្ររដ្ឋធម្មនុញ្ញអង់គ្លេស។
*យុគសម័យមាសទី២?
សម្រាប់អ្នកប្រវត្តិសាស្ត្រមួយចំនួន, រជ្ជកាលរបស់ព្រះ មហាក្សត្រិ យានី Elizabeth ទី២ ប្រៀបបានដូចជា «យុគសម័យមាសមួយ» ដែលធ្វើឱ្យគេនឹកឃើញដល់ រជ្ជកាលរបស់ព្រះ មហាក្សត្រិ យានី Elizabeth ទី១ ដែលបានដឹកនាំប្រទេសអង់គ្លេសកាលពីជាង ៤០០ឆ្នាំមុន និងត្រូវបានគេចាត់ទុកជាទូទៅថាជាយុគសម័យ មួយដ៏អស្ចារ្យបំផុត។
តែទោះជាបែបនេះក្ដី អ្នកប្រវត្តិសាស្ត្ររដ្ឋធម្មនុញ្ញអង់គ្លេស ដូចជាលោក David Starkey បែរជាយល់ថាវាមិនមានយុគសម័យមាសលើកទី២ របស់ព្រះ មហាក្សត្រិ យានី Elizabeth ទី២ទៅវិញ ដោយលោកសំអាងថាព្រះ មហាក្សត្រិ យានី មិនបានចាត់ទុកតួនាទីរបស់ព្រះអង្គតំណាងឱ្យសម័យកាលប្រវត្តិសាស្ត្រមួយ នោះទេ។
លោកបានបញ្ជាក់ដូច្នេះថា «ព្រះ មហាក្សត្រិ យានី បានធ្វើ និងបាននិយាយអ្វីដែលគ្មានមនុស្សណាម្នាក់នឹងចងចាំវានោះទេ។ ព្រះអង្គនឹងមិនអាចបង្កើតឈ្មោះ របស់ខ្លួនដាក់ឱ្យយុគសម័យរបស់ខ្លួនឯងបាននោះឡើយ»។
*អំណាចស្រទន់
បើតាមរដ្ឋធម្មនុញ្ញចក្រភពអង់គ្លេស, បច្ចុប្បន្ន ព្រះមហាក្សត្រ ឬព្រះ មហាក្សត្រិ យានីអង់គ្លេស មិនមាននិន្ននាការគាំទ្រគណបក្សនយោបាយណាមួយ។ តែ ជាធម្មតា ព្រះអង្គមានអំណាចស្រទន់ ឬ soft power ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាឯកភាពជាតិ ខណៈចក្រភពអង់គ្លេសសព្វថ្ងៃកំពុងប្រឈមមុខនឹង ការបែកបាក់យ៉ាងជ្រៅនៅក្នុងសង្គម។
អ្នកប្រវត្តិសាស្ត្រខ្លះ ចាត់ទុកព្រះ មហាក្សត្រិ យានី Elizabeth ទី២ ជាក្សត្រអស្ចារ្យបំផុត មិនដោយសារតែទ្រង់សោយរាជ្យយូរជាងគេនោះទេ ប៉ុន្តែគឺដោយសារ តែការផ្លាស់ប្ដូរយុគសម័យដែលព្រះអង្គបានឆ្លងកាត់។
គួរបញ្ជាក់ថា នៅក្រោយចាកចេញពីសហភាពអឺរ៉ុប, ចក្រភពអង់គ្លេស ត្រូវបានគេមើលឃើញថាកំពុងពង្រីកឥទ្ធិពលរបស់ខ្លួន នៅជុំវិញពិភពលោក ជាពិសេស គឺតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈការចូលរួមជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលី បង្កើតសម្ពន្ធភាពសន្តិសុខថ្មីមួយឈ្មោះថា AUKUS៕
ប្រភព៖ CNA (ថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២)
ដោយៈ Fresh News