Wednesday, January 15, 2014
បទអត្ថាធិប្បាយ៖ ល្បិចស្វា ចង់ពាក់ស្បែកចចក!
អត្តបទដោយ: ឧត្តម សក្តិ
មេដឹកនាំគណបក្សប្រឆាំងដែលកំពុងប្រឈមជាមួយនិតិវិធីផ្លូវច្បាប់ តាមដីកាកោះរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងសំនុំរឿងព្រហ្មទណ្ឌ ដើម្បីសាកសួរដំណើររឿង ការញុះញុងអោយប្រព្រឹត្តបទឧក្រិដ្ឌ ឬប្រព្រឹត្តអំពើបង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បានប៉ុនប៉ងចាប់យកអ្នកដទៃ ហើយនឹងបង្វែបញ្ហាទៅកាន់តុលាការអន្តរជាតិ ដើម្បីបិទបាំងកំហុសរបស់ខ្លួន។
វាជាការប្រញ៉ាប់ប្រញាល់ហួសហេតុពេក នៅពេលដែលបុគ្គលជាអ្នកដទៃ គេមិនបានអើពើ រវល់ ឬឯកភាពណាមួយ ដើម្បីការអមដំណើរទៅជាមួយក្រុមខ្លួនដែលមានកាតព្វកិច្ចបំភ្លឺនៅចំពោះមុខតំណាងអយ្យការនោះ។
១សប្តាហ៍មុនពេលចូលខ្លួនទៅបំភ្លឺនៅតុលាការ គណបក្សសង្គ្រោះជាតិ បានចេញផ្សាយសេចក្តីជូនដំណឹងប្រកាសជាសាធារណៈ នៅថ្ងៃទី៩មករា ថា លោកស៊ូប៊ែឌីនឹងចូលរួមអមដំណើរ លោកសម រង្ស៊ី និងលោកកឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិទៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃអង្គារទី១៤ ខែមករា។ ប៉ុន្តែ ការពិតវា គឺជាការបំភ្លើសរបស់គណបក្សសង្គ្រោះជាតិ ដោយគ្មានការអៀនខ្មាស ពីព្រោះនៅថ្ងៃទី១៤ ខែមករា អ្នករាយកាណ៍របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សប្រចាំកម្ពុជារូបនេះ មិនបានទៅបង្ហាញវត្តមាននៅតុលាការនោះឡើយ។
ហេតុផលនៅពីក្រោយការបដិសេធ មិនចូលរួមអមដំណើររបស់ លោក ស៊ូយ៉ា ស៊ូប៊ែឌី ជាមួយមេបក្សប្រឆាំងទាំងពីរ គឺបានវាយបំបាក់នូវគោលបំណងរបស់ពួកគេ ដែលខ្លួនឯងប្រៀបបាននឹងស្វា តែងតែស្រមៃ ចង់ពាក់ស្បែកចចកនោះ។
គេបានដឹងថា ជាការសំញើញឬទ្ធិបន្ថែមទៀត គណបក្សសង្គ្រោះជាតិបានប្រកាសដាក់ពាក្យបណ្ដឹងប្រឆាំងនឹង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅពេលដែលធាតុផ្សំនៃបទល្មើសនានារបស់មេបក្សប្រឆាំង នៅពីក្រោយការញុះញុងអោយប្រព្រឹត្តបទឧក្រិដ្ឌ ឬប្រព្រឹត្តអំពើបង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ត្រូវបានតុលាការកំពុងស៊ើបអង្កេតបន្ត។
អ្វីដែលគណបក្សសង្គ្រោះជាតិ បានព្យាយាមនាំយកករណីនេះទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ គឺគ្រាន់តែជាការរន្ថើនវោហារស័ព្ទនយោបាយ ដើម្បីបំពងសំឡេងឲ្យអន្តរជាតិឮ តែប៉ុណ្ណោះ ។
ដោយដឹងយ៉ាងច្បាស់ថា ពួកខ្លួនអាចនឹងមានទោសបន្ទាប់ពីបានបង្ករសកម្មភាព បំផុសបំផុលចលនាបះបោរបែបអនាធិបតេយ្យ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន បំពុលបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងគោលដៅផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់តាមរូបភាពបដិវត្តន៍មហាជនបែបហិង្សា ក្នុងទម្រង់នៃសកម្មភាពជាច្រើនបែបច្រើនយ៉ាង រួមមានទាំងហិង្សាលើសកម្មភាព ពាក្យសម្ដី សម្ភារៈ ដែលជាកំហុសមានការជាប់ជំពាក់ចូលយ៉ាងជ្រៅក្នុងសំនុំរឿងព្រហ្មទណ្ឌ ។
បក្សប្រឆាំង បានប្រកាន់នូវទម្លាប់បំពានច្បាប់ និងការព្យាយាមយកជាតិសាសន៍ដទៃជាខែល ដើម្បីធ្វើជារបាំងការពារកំហុស និងបទល្មើរបស់ខ្លួន ស្របពេលដែលលោក ស៊ូរិយ៉ា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បានធ្វើដំណើរទស្សនកិច្ចតាមទម្លាប់ជាធម្មតា និងជាប្រចាំ ដែលជានិច្ចកាលត្រូវធ្វើឡើង២ដងក្នុងមួយឆ្នាំ។
តើ ស៊ូប៊ែឌី ដែលមានតួនាទីជាការទូត ជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ស្ម័គ្រចិត្តធ្វើជាជើងកាង ឬអ្នកហែហមក្រុមប្រឆាំងនៅកម្ពុជាដែរឬទេ?
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលក្រុមអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាមើលឃើញ ទាក់ទងនឹងសេចក្តីប្រកាស់ពត័មានរបស់បក្សប្រឆាំងដោយភ្ជាប់ លោកស៊ូប៊ែឌី ក្នុងសំណុំរឿងក្តីក្តាំរបស់លោកសម រង្ស៊ី និងលោកកឹម សុខានោះ បើយោងតាមការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានប្រកាសនៅក្នុងគេហទំព័ររបស់ខ្លួនជាភាសាអង់គ្លេសថា វត្តមានរបស់លោកស៊ូប៊ែឌីនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារទី១៤មករានោះ មិនមាននៅក្នុងកម្មវិធីទស្សនកិច្ចរបស់លោក ពីថ្ងៃទី១២ដល់ថ្ងៃទី១៧មករានោះទេ ។
ប៉ុន្តែ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងកត់សម្គាល់នូវសញ្ញាវិជ្ជមានជាផ្នែកមួយនៃទំនាក់ទំនងឈានទៅរកការវិវឌ្ឍទៅមុខនៃភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យ ត្រូវបានស្តែងឡើងតាមរយៈការផ្តល់ឱ្យកាសដល់លោក ស៊ូយ៉ា ស៊ូប៊ែឌី បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួន ជាមួយសម្តេចតេជោ ទើបជាព័ត៌មានដែលមហាជនចង់ដឹង ចង់ឃើញ បន្ទាប់ពីសម្តេចតេជោ បានបិទផ្លូវចំពោះលោក ស៊ូយ៉ា ស៊ូប៊ែឌី មួយរយៈកន្លងមកនេះ។
សរុបមកសកម្មភាពទាំងនេះ អាចសរបញ្ជាក់អោយឃើញកាន់តែច្បាស់ណាស់ថា បក្សប្រឆាំងកំពុងប្រើល្បិចនយោបាយ ស្វាប៉ុនប៉ងពាក់ស្បែកចចក ដើម្បីការពារខ្លួនពីគ្រោះភ័យដែលបង្កទ្បើងដោយខ្លួនឯង ។
បើទោះជា លោកសម រង្ស៊ី និងលោកកឹម សុខា ព្យាយាម យកស្បែក អ្នករាយការណ៍ពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស៊ូយ៉ា ស៊ូប៊ែឌី និង តុលាការព្រហ្មទណ្ឌអន្តរជាតិមកគ្របដណ្តប់យ៉ាងណាក៏ដោយចុះ ក៏មិនអាចគេចផុតពីវិធានការផ្លូវច្បាប់របស់កម្ពុជាបានដែរ ព្រោះកម្ពុជាជារដ្ឋអធិបតេយ្យ មានឯករាជ្យភាព មានរដ្ឋធម្មនុញ្ញ ដែលមិនអាចមានបុគ្គលណាម្នាក់រំលោភលើឆន្ទានុសិទ្ធិរបស់តុលាការបានទ្បើយ៕
Subscribe to:
Posts (Atom)