សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៥ នៃរដ្ឋសភា បានមានប្រសាសន៍ឲ្យដឹងថា អាទិត្យកន្លងទៅចុងខែកក្កដា ឆ្នាំ២០១៤ និងចូលមកដល់ដើមខែសីហា នេះដំណើរការប្រក្រតីកម្មនៃស្ថាប័នរដ្ឋ និងប្រក្រតីភាពនៃជីវភាពសេដ្ឋកិច្ច សង្គម របស់ប្រជាជន កាន់តែត្រូវបានពង្រឹងតាមរយៈនៃការស្រុះស្រួលគ្នារវាងគណបក្សនយោបាយនៅក្នុងរដ្ឋសភា គឺជាជោគជ័យរបស់ជាតិ។ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យន័រតុន នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ សម្ដេចបានផ្ញើសារទៅកាន់ពលរដ្ឋទូទាំងប្រទេសថា «ជាតិយើងជាអ្នកឈ្នះ! ពលរដ្ឋជាអ្នកឈ្នះ! នៅពេលដែលអ្នកនយោបាយស្រុះស្រួលគ្នា»។
សម្ដេចតេជោមានប្រសាសន៍ឲ្យដឹងថា “ខ្ញុំបានប្រកាសនូវយុទ្ធសាស្ដ្រអំពីប្រក្រតីកម្ម ប្រក្រតីភាពនៃស្ថាប័នរដ្ឋទាំងនីតិប្បញ្ញត្ដិ ទាំងនីតិប្រតិបត្ដិ និងតុលាការ គឺដំណើរការជាប្រក្រតី អត់ស្មុគស្មាញទេ។ ដំណើរការថ្ងៃនេះបើទោះជាថ្ងៃអាទិត្យកន្លងទៅ បើទោះបីមិនមានការចូលរួម សភាទេ ខ្ញុំត្រូវតែចែកសញ្ញាបត្រដែរ ព្រោះបានកំណត់យូរហើយ។ ការអនុវត្ដនូវការស្ថាបនាជាតិនូវការការពារជាតិ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម គឺដំណើរការជាធម្មតា ហើយវាកាន់តែល្អជាង ស្រួលជាងនៅពេលដែលការស្រុះស្រួលខាងនយោបាយមួយត្រូវបានរកឃើញ។ ខ្ញុំបាននិយាយនៅក្នុងសភាបើសិនជាការនេះស្រួលតាំងពី ១០ខែមុននោះ គឺគ្មានអ្វីកើតឡើងទេ ។ អ្វីដែលបានធ្វើក្នុងរយៈពេលកន្លងទៅ គឺត្រឹមត្រូវទាំងអស់។
ព្រះមហាក្សត្រចូលបើកសភាក៏ត្រឹមត្រូវ បង្កើតរដ្ឋាភិបាលក៏ត្រឹមត្រូវ ហើយឥឡូវនេះកាន់តែស្រួលទៀត គឺមិនមែនបានសេចក្ដីថា គ្រាន់តែបងប្អូនទាំងអស់ចូល មកបានត្រឹមត្រូវនោះទេ គឺវាត្រឹមត្រូវតាំងពីព្រះមហាក្សត្រទៅហើយ គ្រាន់តែឥឡូវនេះស្រួលជាងការពិតដដែល អត់ លើស អត់ខ្វះដដែលសោះ។ ប៉ុន្ដែមកយឺតប្រសើរជាងមិនមកដូច្នេះប្រក្រតីភាពរបស់ស្ថាប័នរដ្ឋតាំងពីនីតិប្បញ្ញត្ដិ នីតិប្រតិបត្ដិ តុលាការដែលយើងធ្វើពីមុនមកហើយនោះ នឹងបន្ដជំរុញឱ្យកាន់តែខ្លាំង។ ដំណើរការកែទម្រង់រដ្ឋលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ នៅតែបន្ដទៅមុខ”។
សម្ដេចតេជោមានប្រសាសន៍បន្ដថា “ខ្ញុំត្រូវការព្រះមហាក្សត្រខ្មែរ ព្រោះអ្នកប្រថាប់ត្រាធំជាងគេនៅកម្ពុជា មិនមែនអគ្គលេខាធិការអង្គការសហប្រជាជាតិ មិនមែនស្ថាប័នទូតបរទេស ឬ ប្រធានាធិបតីបរទេសទេ គឺព្រះមហាក្សត្រខ្មែរដែលខ្ញុំយកស្មារតីនេះជាដាច់ខាត។ ជាក់ស្ដែងនៅប្រទេសជិតខាង មានការយកអំណាចដោយធ្វើរដ្ឋប្រហារយោធា ត្រូវការព្រះរាជក្រឹត្យព្រះមហាក្សត្រថៃ។ ឯកម្ពុជានៅទីនេះក៏អ៊ីចឹងដែរ ការកោះប្រជុំសភាគ្មានសិទ្ធិអ្នកណាក្រៅពីព្រះមហាក្សត្រទេ។ ការយកព្រះរាជក្រឹត្យតែងតាំងនាយករដ្ឋមន្ដ្រី ដើម្បីឱ្យដឹកនាំរាជរដ្ឋាភិបាលក៏មានតែព្រះមហាក្សត្រមួយអង្គគត់ ដែលមានព្រះរាជសិទ្ធិឡាយព្រះហស្ដលេខាលើព្រះរាជ ក្រឹត្យ។ ជាការឥតប្រយោជន៍ទេ ដែលដើរទៅរកអន្ដរាគមន៍របស់បរទេសក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុង។
ដោយបានរម្លឹកឡើងនូវស្ថានភាពនយោបាយនៅកម្ពុជា ដែលតែងតែកើតមានវិបត្តិនៅក្រោយការបោះឆ្នោត សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ជាថ្មីទៀតអំពីជំហររបស់សម្តេចថា «សូមកុំឱ្យការបោះឆ្នោតមួយ ក្លាយទៅជាការបែកបាក់របស់ជាតិនោះ»។ ទាក់ទងនឹងការផ្លាស់ប្តូរជំហររបស់អ្នកនយោបាយ ដែលស្ដែងឡើងតាមរយៈការចូលប្រជុំសភា របស់អ្នកតំណាងរាស្ត្រជាប់ឆ្នោត ខាងគណបក្សសង្គ្រោះជាតិទាំង៥៥រូប កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ឥឡូវនេះកាន់តែបង្ហាញច្បាស់ថា អ្នកនយោបាយ គេមានភាពបត់បែនរបស់គេ ទីចុងបំផុត អ្នកនយោបាយ គឺនយោបាយហ្នឹងឯង!។ ដូច្នេះ បានថា កុំទៀ បាញ់ ជាង ទៀ បាញ់, កុំកែ គឹមយ៉ាន ជាង កែ គឹមយ៉ាន, កុំម៉ែន សំអន ជាង ម៉ែន សំអន ។ ទីចុង បំផុតគេនាំគ្នាចូលសភាអស់ ឯងនៅខាង ក្រៅឯណេះ ប្រហោងពោះតែម្ដង។ លក់គោ លក់ក្របី មាន់ ទា...រឿងវាដូច្នេះ។ ទោះយ៉ាងណាក៏ដោយ សម្ដេចតេជោលើកឡើងថា យើងអបអរសាទរទាំងអស់គ្នា អ្នកណាបោះឆ្នោតឱ្យបក្សណានោះជាសិទ្ធិរបស់យើងទេ... ស្ថានភាពប្រទេសប្រជាធិបតេយ្យ សេរីពហុបក្សវាបែបហ្នឹងឯង... យើងទ្រាំទ្រនូវការលំបាក នូវពាក្យសំដីដែលហៅថា សភាឯកបក្ស, រដ្ឋាភិបាលឯកបក្ស, មិនគ្រប់ទឹក ប៉ុន្តែឥឡូវវាគ្រប់អស់ទៅហើយ។
បញ្ហានេះសម្ដេចតេជោថ្លែងថា រឿងវាអ៊ីចឹង! អ្នកនយោបាយប្រៀបដូចជាទូកខ្លី មិនមែនទូកវែងទេ, ឧទាហរណ៍ សេចក្ដីសម្រេចនៃមហាសន្និបាតប្រជាជនមួយដាក់ចេញមក ដាច់ខាតមិនចូលសភា ឆន្ទៈរាស្ត្រមិនឱ្យចូលសភា... ដល់ទៅងាកគ្រិប ស្រាប់តែថា ឆន្ទៈរាស្ត្រឱ្យចូលសភា ដើម្បីតស៊ូមតិក្នុងសភា ដូច្នេះវាចប់ត្រឹមប៉ុនហ្នឹង!។ តែយើងបានដឹងទុកជាមុនហើយថា គ្រាន់តែមកយឺតប៉ុណ្ណឹងទេតើ ច្បាស់ណាស់បន្ទាប់ពីការចូលសភាហើយសំឡេងរដ្ឋាភិបាល សភា ឯកបក្ស និងរដ្ឋាភិបាលឯកបក្សនឹងត្រូវ បានបញ្ចប់ដោយឯកឯង នោះវាជារឿងពិត!។
ថ្លែងដល់ចំណុចនេះ សម្ដេចតេជោសង្កត់ធ្ងន់ថា «មិនមែនជាការឈឺចាប់សម្រាប់អ្នកណាមួយទេ ក៏ប៉ុន្តែវាជាជោគជ័យរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស... ជាតិយើងជាអ្នកឈ្នះ! ពលរដ្ឋជាអ្នកឈ្នះ! នៅពេលដែលអ្នកនយោបាយស្រុះស្រួលគ្នា»។
បន្ថែមលើអ្វីដែលបានថ្លែងម្ដងមកហើយ នៅរដ្ឋសភា កាលពីថ្ងៃសុក្រ ទី៨សីហា ដែលសម្ដេចបានសុំឱ្យពលរដ្ឋកត់ត្រាទុកនូវសំដីរបស់ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលនិយាយបានល្អ ដោយអំពាវនាវឱ្យបញ្ចប់បញ្ហាការលាបពណ៌ឱ្យគ្នា បញ្ចប់នយោបាយ ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា ខ្ញុំនឹងរង់ចាំមើល អ្នកណាហៅ ខ្ញុំថា អាយ៉ងយួនមុនគេ..., ល្មមបញ្ចប់វប្បធម៌នៃការលាបពណ៌ឱ្យគ្នា!។ សម្ដេចតេជោក៏បានមានប្រសាសន៍រម្លឹកអំពីបទពិសោធន៍នៃ នយោបាយទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីថា យើងបានឃើញហើយ ឆ្នាំ៧០ រដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្តម សីហនុ ភ្លាមអ្នកដែលស្និទ្ធនឹងសម្ដេចព្រះនរោត្តម សីហនុ ប៉ុន្មាន គុក! ដល់រួចហើយខ្មែរក្រហមចូលមក អ្នកដែលមាននិន្នាការលន់ នល់, និន្នាការសង្គមរាស្ត្រនិយមត្រូវបោសសំអាតមុនគេ, បើលេងតែអ៊ីចឹងៗ វាមិនងាប់អស់?!។ វ៉ៃគ្នាពេលណាចប់!...។ សម្ដេចបន្តថា ដូច្នេះទោះបីបោះឱ្យបក្សណាក៏ដោយ គាំទ្របក្សណាក៏ដោយ តម្រូវការរបស់យើង គឺដូចគ្នា ចង់ឱ្យប្រទេសឯករាជ្យ, ចង់ឱ្យប្រទេសមានសុខសន្តិភាព, ចង់ឱ្យប្រទេសមានការអភិវឌ្ឍ ចង់ឱ្យបំបាត់អយុត្តិធម៌សង្គម, អំពើពុករលួយ បញ្ហាច្រើនណាស់នៅក្នុងប្រទេសមួយ គឺមិនអាចមានត្រឹមតែមួយនោះទេ រាប់រយរាប់ពាន់ជំពូក...។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បន្តអធិប្បាយបន្ថែមថា ប្រទេសរបស់យើងល្អនៅត្រង់ថា មិនបែងចែកដើមភូមិបក្សនេះ កណ្ដាលភូមិបក្សនោះ ចុងភូមិម្ខាងទៀតបក្សនេះ អត់ទេ! ល្អនៅកន្លែងនេះ ធ្វើស្រែ ធ្វើទាំងអស់គ្នាវាមានចំណុចរួមរបស់វា។ សម្ដេចលើកឡើងថា ចំណុចដែលយើងសង្កេតឃើញអ្នកដែលមិនងប់ងល់ គេមិនក្រទេ... ប៉ុន្តែអ្នកខ្លះដោយការសន្យាថាត្រូវបានធ្វើចៅហ្វាយស្រុក បានធ្វើសែហ្វប៉ុស្ដិ៍ បានធ្វើអធិការ បានធ្វើស្នងការ ច្រើនតែសន្យាក្នុងប៉ុស្ដិ៍រដ្ឋបាល ដែលក្រុមនោះហើយ ក្រុមលក់គោ លក់ដីស្រែ... បោះឆ្នោតរួចម្ដងអ្នកដែលឆ្លងផុតបន្ទាត់ភាពក្រីក្រធ្លាក់ទៅនៅក្រោមបន្ទាត់ភាពក្រីក្រវិញក៏មាន ថែមបន្តិចទៅ ប៉ុន្តែមិនមែន ហេតុផលមកពីអ្វីទេ គឺមកពីស្រឡាញ់បក្សពេក!...។
ដោយឡែកទាក់ទងនឹងការបើករំលឹក នូវប្រាក់បៀរវត្សជូនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន ៥៥រូប ដែលមិនបានបំពេញភារកិច្ចជាតំណាងរបស់ខ្លួននាពេលកន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រាក់រំឭករបស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលមិនបាន ធ្វើការអស់រយៈពេលជាច្រើនខែកន្លងមកនេះគឺសម្រេចទៅលើក្រុមប្រឹក្សាធម្មនុញ្ញថាត្រូវទទួលបាន ឬមិនបាននោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា ការបើកប្រាក់រំលឹកជូនអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន ៥៥រូប ដែលពុំបានចូលធ្វើការរយៈ ១០ខែកន្លងមកនោះមិនមែនជាការសម្រេចរបស់នាយករដ្ឋមន្ត្រី ឬប្រធានរដ្ឋសភានោះទេ ប៉ុន្តែវាជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ៕