Tuesday, August 01, 2017

(សូមទស្សនាវីដេអូ) សារសំខាន់ៗ​របស់លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីប្រគល់​សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យ​នីតិសាស្ត្រសេដ្ឋកិច្ច

ទឹកជំនន់ទន្លេមេគង្គលើបន្តស្រកចុះ ប៉ុន្ដែទឹកជំនន់ទន្លេមេគង្គក្រោមនៅបន្តកើនឡើង សូមបងប្អូនរស់នៅតាមដងទន្លេនានា មេត្តាប្រុងប្រយ័ត្ន

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ទឹកជំនន់ទន្លេមេគង្គលើ បានបន្ដស្រកចុះ ប៉ុន្ដែទឹកជំនន់ទន្លេមេគង្គក្រោម នឹងបន្តកើនឡើង នៅក្នុងរយៈពេល២ ទៅ៣ ថ្ងៃទៀត។

បើតាមសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពទឹកជំនន់ទន្លេ របស់ក្រសួងធនធានទឹក នៅថ្ងៃនេះ បានឱ្យដឹងថា «បន្ទាប់ពីបានសង្កេត តាមដាន លើស្ថានភាពអាកាសធាតុ និងទឹកជំនន់រួចមកឃើញថា ទឹកជំនន់ទន្លេមេគង្គ លើ បានស្រកចុះ និងបន្តស្រកចុះជាបន្តបន្ទាប់ ប៉ុន្ដែទឹកជំនន់ទន្លេមេគង្គក្រោម ទន្លេបាសាក់ ទន្លេសាប និងទឹកក្នុងបឹងទន្លេសាប នឹងបន្តកើនឡើងសន្សឹមៗ ក្នុងរយៈពេល២ ទៅ៣ថ្ងៃទៀត»។

ជាមួយគ្នានោះ ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេនានា ពិសេសទន្លេបាសាក់ និងអ្នកធ្វើដំណើរតាមជលយានគ្រប់ប្រភេទ បង្កើនការប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕


មន្ទីរដែនដី​នគររូបនីយកម្ម​សំណង់​ខេត្តស្វាយរៀង​ រៀបចំពិធី​បិទផ្សាយ​ជាសាធារណៈ​​ នូវឯកសារ​នៃការវិនិច្ឆ័យសម្រាប់ដំណើរការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ

នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ លោក អ៊ូ សុភក្តី អនុប្រធានមន្ទីរដែនដីនគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តស្វាយរៀង និងលោក ហែម សារិទ្ធ អភិបាលរងស្រុកស្វាយជ្រំ បានអញ្ជើញជាធិបតី ក្នុងពិធីបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យសម្រាប់ដំណើរការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ នៅបរិវេណវត្តតានូ ភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ដែលមានបងប្អូនប្រជាពលរដ្ឋចូលរួមប្រមាណ ៤០០ នាក់។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោក អ៊ូ សុភក្តី បានថ្លែងអំណរគុណ ចំពោះ បងប្អូនប្រជាពលរដ្ឋ ដែលបានរួមសហការជាមួយមន្រ្តីជំនាញសុរិយោដី បានចុះវាស់វែងកន្លងមកទទួលបានជោគជ័យ។

អនុប្រធានមន្ទីរដែនដី សូមឲ្យបងប្អូនទាំងអស់ដែលជាមន្រ្តីជំនាញសុរិយោដី ដែលបានវាស់វែងចេញគំនូសផែនទីរួចហើយនោះ សូមមេត្តាដាំបង្គោលថ្មនៅតាមព្រំដីរបស់ខ្លួន រៀងៗខ្លួន ពិសេសសូមកុំបំពានយកដីចំណីព្រែក ប្រឡាយ និងដីចំណីផ្លូវសាធារណ: ជៀសវាងមានទំនាស់ផ្សេងៗកើតឡើង។

លោកបានឲ្យដឹងថា រយ:ពេល ១៥ថ្ងៃ នៃការបិទផ្សាយជាសាធារណ:នូវឯកសារនូវការវិនិច្ឆ័យសម្រាប់ដំណើរការនៃការចុះបញ្ជីជាលក្ខណ:ប្រព័ន្ធនេះ សូមបងប្អូនទាំអស់ មេត្តាយកបង្កាន់ដៃ មកផ្ទៀងផ្ទាត់ជាមួយទំហំក្បាលដី ពិសេសទីតាំងដី ទំហំដីឈ្មោះប្តីប្រពន្ធ តើត្រឹមត្រូវ ឬអត់ ?

លោក អ៊ូ សុភក្តី បានឲ្យដឹងទៀតថា គោលបំណងនៃការបិទផ្សាយជាសាធារណៈ គឺដើម្បីធានានូវទិន្នន័យដែលមានលក្ខណ:ត្រឹមត្រូវ ទាំងលក្ខណៈបច្ចេកទេស និងលក្ខណៈផ្លូវច្បាប់ ដោយទុកឱកាសឲ្យអ្នកកាន់កាប់ដីធ្វើការតវ៉ា ក្នុងករណីពិនិត្យឃើញថា ទិន្នន័យដែលបានបិទផ្សាយមានចំណុចខុសឆ្គង ឬ មិនពេញលេញ បើសិនពិនិត្យផ្ទៀងផ្ទាត់មើលទៅឃើញថាខុសឆ្គងត្រង់ចំណុចណាមួយនោះ ត្រូវរាយការណ៍ជូនជំនាញសុរិយោដី ដើម្បីដោះស្រាយរៀបចំឯកសារធ្វើការកែតម្រូវឡើងវិញ។

លោកបានបន្ថែមថា សមិទ្ធផលទាំងអស់នេះកើតចេញពីស្នាដៃ និងការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកសាង រក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍ រីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ ហើយលោកក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋយើងបន្តការចូលរួមគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ទាំងអស់គ្នា៕




អភិបាលខេត្តកំពង់ធំ នាំយកអំណោយសាខាកាកបាទក្រហមកម្ពុជា​ ចែកជូន​គ្រួសារយោធិន​ មានជីវភាព​ខ្វះខាត​ចំនួន​២៥គ្រួសារ ​

នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ លោក ឈុន ឈន់ ប្រធានកិត្តិយសសាខាកាកបាទក្រហកម្ពុជាខេត្តកំពង់ធំ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសមាជិក សមាជិកា បាននាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចែកជូនប្រជាពលរដ្ឋ ចំនួន២៥គ្រួសារ ដែលជាគ្រួសារយោយោធិន មានជីវភាពខ្វះខាត នៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ក្នុងពិធីនេះដែរ លោក សុខ លូ បានមានប្រសាសន៍លើកទឹកចិត្តគ្រួសារយោធិន ដែលបានតស៊ូរួមរស់ជាមួយស្វាមី និងបានផ្តាំផ្ញើរដល់ក្រុមគ្រួសារយោធិន ដែលបានស្នាក់នៅជាមួយគ្រួសារ ក្នុងបន្ទាយទាំងអស់ឲ្យចេះស្រឡាញ់ មានការយោគយល់ សាមគ្គីគ្នា និងចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ចៀសវាងបង្ករឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង បែកធ្លាយព័ត៌មានមិនល្អទៅក្រៅបន្ទាយ។
នាឱកាសនោះ លោក សុខ លូ ក៏បានផ្តាំផ្ញើឲ្យបងប្អូនថែរក្សាសុខភាព និងអនាម័យ ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាពិសេស ជួយអប់រំកូនចៅឲ្យខិតខំរៀនសូត្រ ត្រូវចៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ មនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ ឬភ្លៀង ហាមជ្រកក្រោមដើមឈើ ត្រូវរកកន្លែងមានសុវត្ថិភាពចៀសវាងគ្រោះមហន្តរាយធម្មជាតិ ដូចជារន្ទះបាញ់ ខ្យល់កន្តាក់ រលំដើមឈើ រលំផ្ទះជាដើម។
បន្ថែមពីនោះលោកសូមឲ្យបងប្អូនទំាងអស់ ធ្វើយ៉ាងណាខិតខំប្រកបមុខរបរបន្ថែម ដូចជាការដាំបន្លែបង្ការ ចិញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពគ្រួសារ។

សម្ភារៈដែលត្រូវចែកជូនក្នុងមួយគ្រួសារ ទទួលបាន អង្ករចំនួន២៥គីឡូក្រាម, មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ និងឃីត១កញ្ចប់ ផងដែរ៕




ក្រសួង​សង្គមកិច្ច និង​អង្គការសា​ម៉ារីតាន់​ភឺស បន្តសហ​ការជួយគាំពារ​ពលរដ្ឋក្នុងគម្រោ​ង៣ឆ្នាំ​

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន-ចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយ អង្គការសាម៉ារីតាន់ភឺស ដោយផ្តោតសំខាន់លើការបង្ការ និងការពារ ដើម្បីចូលរួមកាត់បន្ថយ ភាពក្រីក្រ និងភាពងាយរងគ្រោះ របស់ប្រជាពលរដ្ឋដោយការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន។

អនុស្សារណៈរវាងក្រសួងសង្គមកិច្ច និងអង្គការសាម៉ារីតាន់ភឺស នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៧នេះ ផ្តោតសំខាន់លើគម្រោង៣សំខាន់ៗ ដែលកំពុងតែធ្វើប្រតិបត្តិការ និងបន្តសកម្មសភាព ជុំវិញការធ្វើ ចំណាកស្រុក ដោយសុវត្ថិភាព។
គម្រោងទាំង៣នោះរួមមាន៖
គម្រោងទី១-លើកកម្ពស់ការយល់ដឹងពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព ដោយអនុវត្តនៅក្នុងស្រុកថ្មពួក ស្រុកស្វាយចេក ហើយកំពុងបន្តទៀត ទៅកាន់ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គម្រោងទី២-មជ្ឈមណ្ឌលផ្តល់ជំនួយផ្នែកចំណាយស្រុក ដោយធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីប្រតិបត្តិការ ជួយអ្នកធ្វើដំណើរចេញចូលដែលមានទីតាំងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង។
គម្រោងទី៣-បង្ការ និងទប់ស្កាត់ ការធ្វើចំណាកស្រុកដែលមិនសុវត្ថិភាព ដែលគម្រោងនេះ អនុវត្តនៅក្នុង ខេត្តបន្ទាយមានជ័យ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ នៃជនចំណាកស្រុក ដែលចេញស្វែងរកការងារធ្វើ ដោយប្រថុយប្រថាន និងដើម្បីឲ្យប្រជាពលរដ្ឋនៅតាមភូមិគោលដៅ ចុះឈ្មោះ ក្នុងការអនុវត្តកម្មវិធីបង្កើនមុខរបរ ចិញ្ចឹមជីវិត ឯក្រុមជួយខ្លួនឯងផ្នែកហិរញ្ញវត្ថុ៕


លិខិត​ថ្ងៃនេះ ៖ បាតុភូតនៃ «ការបំ​ពុលសង្គម» ដែលយើង​ត្រូវឈប់ជឿ!​

នៅថ្ងៃទី០១​ ខែសីហា ឆ្នាំ២០១៧នេះ​ គណនីហ្វេសប៊ុករបស់លោក ហ៊ុយ វណ្ណៈ ប្រធាន​សហ​ភាព​​​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បានបង្ហោះផ្សាយនូវអត្ថបទ​មួយដែលមាន​ចំណង​ជើង​ថា​បាតុ​ភូតនៃ «ការបំពុលសង្គម» ដែលយើងត្រូវឈប់ជឿ! ដែលមានខ្លឹមសារទាំង​ស្រុងដូច​ខាង​ក្រោម ​៖
«ការបំពុលសង្គម» បានផ្តល់ផលត្រឡប់វិញនូវផលវិបាកខាងផ្លូវច្បាប់ ទៅឲ្យពួកអ្នក​ប្រឌិត​បំពុល​ទៅ​វិញទេ។ ចលនា «បំពុលសង្គម» ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់តាមរយៈ ៖
១- ការបង្កើតពាក្យចរចាមអារ៉ាម
២- ការបំផុសជំនឿអរូបី
៣- ការឆបោក
៤- ការបង្កើតព័ត៌មានបំពុល ប្រឌិត បំភ្លៃ បំប៉ោង
៥- វិទង្សនា នយោបាយ តាមរយៈ ការញុះញុង កាឡៃ និងប្រមាថ។ គេបង្កើតចលាចលសង្គមទាំងអស់នេះឡើងគឺដើម្បី៖ បំបាត់ជំនឿរបស់មហាជនលើសមត្ថកិច្ច, ធ្វើឲ្យអសកម្មសង្គម និងបំផ្លាញប្រក្រតីភាពសង្គម។
នៅឆ្នាំ១៩៧៩ ប៉ុល ពត បានកេណ្ឌ ប្រជាជនទៅទល់ដែនកម្ពុជា-ថៃ។ ពួក ប៉ុល ពត បានបំពុលប្រជាជនដោយពាក្យចរចាមថា អ្នកណាមិនជម្លៀសចេញ ឬហ៊ានរត់ត្រឡប់បកក្រោយវិញនោះ គឺ «យួនសម្លាប់ចោលដោយវះពោះច្រកស្មៅ»។ ពេលនោះ មនុស្សស្លាប់ច្រើនណាស់ ដោយសាររត់តាមការឃោសនារបស់ពួក ប៉ុល ពត។ គ្រួសារខ្ញុំបាត់បងប្រុសម្នាក់ដែលកាលណោះមានអាយុ៦ឆ្នាំ ដោយសារ វង្វេងគ្នាក្នុងព្រៃនៅខេត្តពោធិសាត់ គឺបាត់ រហូតសព្វថ្ងៃ។ ដោយលំបាកនឹងការធ្វើដំណើរដ៏គ្រោះថ្នាក់ កាត់ភ្នំ ព្រៃជ្រៅ និងចម្ការមីន យើងបានត្រឡប់ក្រោម វិលមក ភូមិកំណើតក្នុងខេត្តតាកែវវិញ ហើយរស់រហូតសព្វថ្ងៃ គ្មានអ្នកណាត្រូវវះពោះច្រកស្មៅនោះទេ។
នៅអំឡុងឆ្នាំ១៩៨៩ មានការបំផុសថា នារីវ័យជំទង់ គឺត្រូវតែកាត់សក់ខ្លី និងឲ្យលោកសង្ឃស្រោចទឹក បើមិនអញ្ចឹងទេ នឹងត្រូវខ្មោចចូលសន្ថិត ហើយត្រូវស្លាប់។ នៅក្នុងភូមិខ្ញុំមាននារីលើសពី៥០% បានកាត់សក់ខ្លីត្រឹម ក។ ប៉ុន្តែ បើអ្នកណាមិនជឿ និងមិនកាត់ក៏រស់រហូតមកដល់សព្វថ្ងៃ។
នៅអំឡុងចុងទសវត្សរ៍១៩៩០ គេបំផុសថា ស្ងោរសណ្តែកខៀវហូបមុនម៉ោង៩យប់ គឺព្យាបាលជម្ងឺ និងមានសេចក្តីសុខ។ គេហូបជាច្រើននាក់។ ខ្ញុំមិនជឿ និងមិនបានហូបទេ ព្រោះវាមិនចាំបាច់ ហើយយល់ថា ជាការ បំផុសបំផុលដើម្បីតែការលក់សណ្តែក និងតម្លើងថ្លៃសណ្តែកប៉ុណ្ណោះ។ យើងនៅរស់រហូតសព្វថ្ងៃ ទោះបីមិនហូបសណ្តែកយប់នោះ។
នៅថ្មីៗនេះ គេបំពុលសង្គមដោយប្រឌិតថា មានអង្ករកៅស៊ូនាំចូលពីវៀតណាម។ ការចំណាយទន់កែឆ្នៃបែបនេះគឺវាអស់ច្រើនណាស់ ហើយវាមិនពិតទៅទៀត។ ប៉ុន្តែគេបង្កើតពាក្យចរចាមអារ៉ាមឡើង ដើម្បីវាយប្រហារលើសមត្ថកិច្ចថា ម្តេចមិនទប់ស្កាត់? ទប់ស្កាត់ដូចម្តេច បើវាគ្មានរបស់ពិតផងនោះ គឺវាមានតែពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ ហើយរបស់ពិតគឺមុខសញ្ញា«បំពុលសង្គម»នេះឯង។
ឥឡូវនេះ គេបំពុលសង្គមតាមរយៈការបំភ្លៃថា «យួនចាប់កុមារ និងវះយកក្រលៀន»។ គេយករូបភាពកាត់ ត ពីក្រៅប្រទេស និង រូបប្រឌិត បង្ហោះតៗគ្នា និងមានអ្នកអធិប្បាយបំប៉ោងបន្ថែមដោយ«ក្រុមពាលពុលទឹកមាត់»ទាំងនៅក្នុងប្រទេសនិងមកពីក្រៅប្រទេស។ ករណីនេះ ក៏បង្កើតឲ្យមានអំពើ ហិង្សាសង្គមផងដែរ ដោយប្រជាជន សម្រេចវាយលើជនសង្ស័យដែលគេប្រឌិត។ នេះជារឿងអសីលធម៌ណាស់។
គេដឹងថា កុមារជាស្នូលនៃគ្រួសារ។ កន្លែងខ្លះឈានរហូតមិនឲ្យកូនទៅរៀន ឬបិទសាលារៀន ដោយសារភ័យខ្លាច ដែលកើតពីពាក្យចរចាមអរ៉ាមនេះ។ សង្គមចាប់ផ្តើមអសកម្ម។ ពាក្យចរចាមអារ៉ាមនេះ គឺគ្រោះថ្នាក់ណាស់ ដែលអំឡុងឆ្នាំ១៩៨០ គេយកសត្វពស់បោះចូលហ្វូងមហាជនកំពុងទស្សនាល្ខោនពេលយប់ឲ្យរត់ជាន់គ្នា។ តែ
គេធ្វើពេលនេះ គឺដើម្បីវាយប្រហារយ៉ាងអសីលធម៌លើសមត្ថកិច្ចថា ម្តេចមិនទប់ស្កាត់ មិនស្រាវជ្រាវរកជនដៃដល់។ រកម្តេចនឹងឃើញ បើវាជាការប្រឌិត ដើម្បីបំពុល។ ដូច្នេះ រកឃើញតែអ្នកប្រឌិតរឿងតែប៉ុណ្ណោះ ហើយត្រូវតែវាយខ្នោះ!។
ការពង្វក់បែបនយោបាយ៖ គឺគេបំផុសសកម្មជននិងយុវជនឲ្យក្លាយជា «អ្នកជាតិ និយមជ្រុល» និងហ៊ានប្រមាថមនុស្ស ប្រមាថសាសនា ប្រមាថថ្នាក់ដឹកនាំដោយគ្មានក្រែង។ គេបង្កើតសារនយោបាយជាតិនិយម តាមរយៈការក្លែងប្រវត្តិសាស្ត្រ អធិបតេយ្យ តម្លៃអត្តសញ្ញាជាតិ ដើម្បីបង្កើតរូបភាពជាតិនិយមជ្រុល ធ្វើជាឧបរកណ៍វាយប្រហារលើរាជរដ្ឋាភិបាលកំពុងកាន់អំណាច។ ជាក់ស្តែងករណីបច្ចេកទេស ប្រើផែនទី ក៏ត្រូវសកម្មជននយោបាយក្លែងរហូត យើងត្រូវហៅ UN បារាំង មកជួយផ្ទៀងផ្ទាត់ទៅចប់បញ្ហា។ មេក្លោងនៃអ្នកក្លែងឯកសារផែនទីក៏ត្រូវទៅរៀននៅសាលាព្រៃសរួចហើយ។
ថ្មីៗនេះដែរ គេយកបញ្ហាសុខភាពថ្នាក់ដឹកនាំជាឧបរណ៍ឃោសនាប្រមាថលើថ្នាក់ដឹកនាំ និងញុះញ៉ុងឲ្យបាត់ស្ថេរភាព។ ពាក្យបំពុល បំភ្លៃ មួលបង្កាច់តែ១ម៉ាត់ តែត្រូវពន្យល់រាប់ម៉ឺនពាក្យនិងជាច្រើនដង ហើយក៏ត្រូវចេញបង្ហាញការពិតដែរ ទើបពាក្យបំពុលនេះរលាយទៅវិញ។
«ការបំពុលសង្គម» ជាផ្នែកមួយនៃចិត្តសាស្ត្ររបស់«ចលនាបដិវត្តន៍ពណ៌» ក្នុងសម័យថ្មីនេះ។ គេបង្កើតវា ដើម្បីវាយតម្លៃ លើចិត្តសាស្ត្រមហាជន។ ដោយសារ Facebook គឺពាក្យចរចាមអារ៉ាម និងការបំពុល វាសាយភាពបានលឿនណាស់។ ជាមួយគ្នានេះ ពាក្យបំពុល គឺតែងបង្កើតចងភ្ជាប់បញ្ហារើសអើង«ជាតិនិយម»។ រាប់ពីឆ្នាំ១៩៧៩មក រាល់ការបំពុលគឺផ្សារភ្ជាប់នឹង «យួន» ពីព្រោះងាយចលាចល៖ យួនវះពោះ យួនចាប់ក្មេង យួនលេបទឹកដី យួនកាប់ឈឺខ្មែរ យួនចូលដីខ្មែរ… ពីព្រោះពាក្យទាំងអស់នេះងាយធ្វើឲ្យប្រជាជនរំជើបរំជួល។ ជាមួយគ្នានេះ ពួកគេក៏ឆ្លៀតឱកាសបង្កើតនូវជំនឿអរូបីផ្សេងៗបន្តបន្ទាប់ទៀតដែរ។ ជំនឿអរូបី មានអំណាចលើផ្លូវចិត្តមនុស្សម្នាក់ៗជិត៥០%។ ជំនឿអរូបីធ្វើឲ្យមនុស្សអសកម្ម និងភ័យខ្លាចដោយងងិតងងុល។
ដូច្នេះ អ្វីដែលគេខិតខំបំពុលនេះ គឺដើម្បីញុះញ៉ុងឲ្យ «ប្រជាជនមានទំនាស់ មានកំហឹង និងក្លាយជាសត្រូវជាមួយ តួអង្គសមត្ថកិច្ច»។ បើ សមត្ថកិច្ចចាញ់ នោះគេមានឱកាសដណ្តើមការដឹកនាំ។ ក៏ប៉ុន្តែ យល់ច្រឡំហើយ! ប្រជាជនមួយចំនួនខ្លះពិតជាអាចពុលជាមួយនឹងព័ត៌មានបំពុល។ ក៏ប៉ុន្តែអ្នកពុលពិតប្រាកដ គឺអ្នកផ្តួចផ្តើមបំពុលនោះទៅវិញទេ។
សួរថា អ្នកណាពិតប្រាកដ គឺជាអ្នកបំពុលសង្គម? ចម្លើយ៖ អ្នកណាដែលទទួលប្រយោជន៍ជាឱកាស ពីផលវិបាកនៃការបំពុលសង្គម គឺក្រុមអ្នកនោះហើយ។ បក្សឈ្នះឆ្នោត និងរាជរដ្ឋាភិបាលដែលកំពុងដឹកនាំ គឺចង់បានតែភាពត្រឹមត្រូវ ប្រជាជនរីករាយដោយសុខសុវត្ថិភាព និងសង្គមរីកចម្រើនប៉ុណ្តោះ លើកលែងពួកក្រអឺតក្រទមនិងពួកនយោបាយខ្មោចឆៅ ទើបចង់ឲ្យសង្គមចលាចល និងមានថ្លុកឈាម ដើម្បីចិញ្ចឹមមហិច្ឆ បឺតឈាមអំណាច។
សមត្ថកិច្ច ត្រូវតែប្រើច្បាប់ដើម្បីឃាត់ខ្លួនភ្លាម។ បើជាក់ស្តែង គឺឈានទៅការឃុំខ្លួន និងផ្តន្ទាទោស។ កុំស្រែកបំភ័ន្តថា៖ «ម្តេចក៏មិនទៅស្រាវជ្រាវចាប់អ្នកចាប់ក្មេង? ម្តេចក៏មកចាប់អ្នកបង្ហោះជូនដំណឹង?»។ ត្រូវហើយ ចាប់ក្រុមលោកឯងមុន ដើម្បីជួយស្រាវជ្រាវនិងលាតត្រដាងការពិត។ ពេលការពិតចេញមក គឺពួកបំពុលសង្គម រលាយដូចខ្មោចខ្លាចថ្ងៃ។

ឆ្លើយតបចំពោះពួក«សង្គមងងិត» គឺយើងត្រូវតែពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារភាពសុខសាន្ត រក្សាសណ្តាប់ធ្នាក់សង្គម ការពារតួនាទីសមត្ថកិច្ច និងការដឹកនាំស្របច្បាប់ ដើម្បីប្រជាជន និងសង្គមជាតិទាំងមូល។ គេបង្កើតពាក្យប្រឌិត ដើម្បីបំពុលសង្គមបំប៉នមហិច្ឆតាដណ្តើមយកការដឹកនាំដោយងងិតងងល់។ ដូច្នេះ យើងក៏ត្រូវតែខិតខំប្រើមធ្យោបាយភ្លឺ ការពន្យល់ និងផ្លូវច្បាប់ ដើម្បីការពារការដឹកនាំ និងការពារសង្គមជាតិយើងដែរ៕

នាយឧត្តមសេនីយ៍ សៅ សុខា និងលោកស្រី ជា លាង អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនៅសាលាកំបូល

នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នៅសាលាកំបូល បាននិងកំពុងប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាល មន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៣ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល។
លោក អឿ សាវ៉ន នាយកសាលាកំបូល បានឡើងរាយការណ៍ជម្រាបជូនក្នុងអង្គពិធីថា ដោយអនុវត្តតាម ផែនការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសលេខ២៤/២០១៧ ផ.ក. ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការបើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៣ សាលាកំបូលបានទំនាក់ ទំនងជាមួយ បណ្តាជំនាញផ្សេងៗ ដើម្បីប្រុងប្រៀបរៀបចំការរៀនសូត្រឱ្យបានតាមផែនការកំណត់។
លោកនាយកសាលាបានបញ្ជាក់ថា កម្មវិធីសិក្សានេះ មានរយៈពេលសរុបចំនួន៥ខែ ចាប់ផ្តើមពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ក្នុងនោះរួមមាន រៀនសូត្រជាក់ស្តែងចំនួន១០០ថ្ងៃ ស្មើនឹង៦០០ម៉ោង។ ខ្លឹមសារមេរៀន មុខវិជ្ជាច្បាប់ មុខវិជ្ជាកងរាជអាវុធហត្ថ មុខវិជ្ជាវិទ្យាសាស្ត្រសង្គម ទស្សនកិច្ចសិក្សា និងអប់រំចិត្តសាស្ត្រនយោបាយ។
វគ្គនេះមានសិក្ខាកាមចំនួន៨២នាក់ ដែលជានាយទាហាននៃកងរាជអាវុធហត្ថ បានប្រឡងជាប់ចូលរៀនក្នុង ចំណោមបេក្ខជនចំនួន១៣៨នាក់ ៕









កាកបាទក្រហមខេត្តស្វាយរៀង​ នាំយកអំណោយ​មនុស្សធម៌​ ទៅចែកជូន​គ្រួសារដែល​រងគ្រោះដោយ​សារភ្លើង​ឆេះផ្ទះ​

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា ព្រមទាំងមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បាននាំយកអំណោយមនុស្សធម៌របស់សាខា ទៅចែកជូនគ្រួសារដែលរងគ្រោះ ដោយសារឆាបភ្លើងចង្កៀងបណ្តាលឲ្យឆេះផ្ទះទំហំ ៥x៦ m សង់ពីឈើដំបូលប្រក់សង្ក័សី នាំឲ្យរងផលប៉ះពាល់ខូចខាតទាំងស្រុងរួម នឹងសម្ភារប្រើប្រាស់ក្នុងផ្ទះផងដែរ។

គ្រួសាររងគ្រោះ ឈ្មោះ ជុំ ហឿន ភេទស្រី អាយុ៣៧ឆ្នាំ មានសមាជិក៤នាក់ នៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ ទទួលរងគ្រោះកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១២:០០ នាទី យប់។

នាឱកាសនោះ លោកស្រី ពៅ សុភាព តំណាងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានមានមតិសំណេះសំណាលជាមួយគ្រួសាររងគ្រោះ ដោយបានសំដែងនូវការចូលរួមសោកស្តាយ និងការអាណិតអាសូរចំពោះក្រុមគ្រួសាររងគ្រោះ ដែលបានបាត់បង់ទ្រព្យសម្បត្តិផ្ទះសំបែងគ្មានសល់។ ក្នុងឱកាសនោះដែរ លោកស្រីបានមានមតិផ្តាំផ្ញើទៅដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយត្ន័ក្នុងការប្រើប្រាស់ភ្លើងទៀន ធូប ចង្ក្រាន ហើយនៅពេលតបណ្តាញអគ្គិសនីក្នុងផ្ទះ ត្រូវរកអ្នកមានបច្ចេកទេសក្នុងការតបណ្តាញ ជៀសវាង មានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ។

អំណោយដែលបានចែកជូនរួមមានអង្ករ៥០គីឡូក្រាម, កៅស៊ូតង់១, ធុងទឹកជ័រ១, ឆ្នាំងបាយ សម្លរ២, កន្ទេលបត់១, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ, ៦ដប, មុង១, ភួយ១, ក្រម៉ា១, សារុង១, និងថវិកា ៤០០,០០០ រៀល ផងដែរ៕




(សូមទស្សនាវីដេអូ) លោកនាយករដ្ឋមន្ត្រីព្រមាន ពីគ្រោះថ្នាក់ចំពោះបក្ស​នយោបាយ និងក្រុមដែល​បំផុសព័ត៌មាន ប្រមាថអាយុជីវិត​របស់លោកលើ Facebook

ក្រសួងធនធានទឹក អំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែរក្សាទឹកទុកឱ្យបានល្អ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ដោយបានអំពាវនាវឱ្យប្រជាកសិករ នៅខេត្តរាជធានីចំនួន៦ រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កែប កំពត និងកណ្តាល យកចិត្តទុកដាក់ថែរក្សាទឹកទុកឱ្យបានល្អ ដើម្បីបង្កបង្កើនផល ខណៈកូនរដូវប្រាំងបាន និងកំពុងអូសបន្លាយចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧។
ក្រសួងធនធានទឹកបានបន្តថា នៅអំឡុងពេលកូនរដូវប្រាំងនោះ បង្កឱ្យរាជធានីភ្នំពេញ ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ និងខេត្តកណ្ដាល មានភ្លៀងធ្លាក់តិចតួច បណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម តំបន់មាត់សមុទ្រនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន៕



អាជា្ញធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកកិច្ចប្រជុំពិភាក្សាពីការរឹបអូសទ្រព្យសម្បតិ្ត ពាក់ព័ន្ធ​​បទល្មើសគ្រឿងញៀន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ រៀបចំសិក្ខាសាលា ស្ដីពីការរឹបអូសទ្រព្យសម្បត្តិ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ក្រោមអធិបតីភាព​លោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងពិធីដែលរៀបចំនៅសណ្ឋាគារកាំបូឌីយ៉ាណានេះ ក៏មានការចូលពីថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធជា ច្រើនរូប ទៀត ផងដែរ។សូមរំលឹកថា ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿង ញៀនលើកទី១នេះ អាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀន បានបង្រ្កាបក្រុមមុខសញ្ញា ចែកចាយគ្រឿងញៀន ជាង៤ពាន់ករណី និងឃាត់ខ្លួនជនសង្ស័យបានជាង១ម៉ឺននាក់នៅទូទាំងប្រទេស។

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ជាប្រធាន និងលោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអនុប្រធាន។នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ លោក ស ខេង ក៏បានដាក់ផែនការសម្រាប់ បន្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី២ផងដែរ ដោយមានរយៈពេល៦ខែដូចគ្នា៕



លិខិតមិត្តអ្នកអាន៖ ប្រែក្លាយពីអន្ទិត ទៅជាទណ្ឌិត!!

ក្នុងនាមអាត្មាភាពជាអ្នកបួស អាត្មាភាពសូមធ្វើការឆ្លើយតប ទៅអតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានបង្ហោះនៅលើហ្វេសប៊ុក ដោយស្លៀកពាក់ជាសង្ឃ និមន្តកាន់បាត្រ តែចិត្តជាទេវទត្ត ។

អ្នកណាក៏ដឹងដែរថា លោក សម រង្ស៊ី ត្រូវបានលោក កឹម សុខា ដណ្តើមយកតំណែង អស់តាំងពីធ្លាប់ធ្វើជាប្រធានបក្ស មានអំណាចក្នុងបក្ស រហូតនៅសល់តែគូថខោ សូម្បីតែមនុស្សជំនិតមួយចំនួន ក្នុងបក្សក៏គេលែងគោរព និងអោយតម្លៃទៀតដែរ ក្នុងនោះមានម្សៀ អេង ឆៃអ៊ាងជាដើម ដែលធ្លាប់លូនក្រាប សម រង្ស៊ី ឥឡូវបុគ្គលនេះ បានអំណាចជាអនុប្រធាន គណបក្សសង្គ្រោះជាតិ ក៏បែរមកងាកខាំ សម រង្ស៊ី ដែរ។ ដូចបងប្អូនបានឃើញលោក អេង ឆៃអ៊ាង ទើបនឹងបង្ហោះសារថា ព្រះអាទិត្យនៅតែរះ ទោះបីច្បាប់ថ្មីតម្រូវអោយដករូប សម រង្ស៊ី កឹម សុខា ចាប់ដៃគ្នាចេញក៏ដោយ ។

សេចក្តីនេះ អាត្មាគិតថា ល្បងឆៃអ៊ាង ចង់ផ្ញើជូនត្រង់ទៅអតីតចៅហ្វាយនាយ របស់គាត់ថា សម រង្ស៊ី ម៉ោងនេះមិនសំខាន់ទៀតទេ ហើយបើអត់ សម រង្ស៊ី ក៏លោកប្រធាន កឹម សុខា មានសមត្ថភាព ដឹកនាំគណបក្សបានដែរ ។ ដូច្នេះ សូមលោកចៅហ្វាយ បន្តនៅក្រៅប្រទេសទៀតចុះ ហើយមើលថែបក្សភ្លើងទៀន អោយបានស្រួលបួលផង ប្រយ័ត្នខ្យល់បក់ រលត់ជាថ្មីទៀត ។

អាត្មាសូមទាញការចាប់អារម្មណ៍ ញាតិញោមមកមើល សម រង្ស៊ី ដែលអ្នកនាំពាក្យគណបក្សប្រជាជន ក៏ដូចមនុស្សជាទូទៅ តែងហៅថាកូនអាក្បត់ជាតិវិញម្តង ។ ពីព្រោះតែបាត់អស់អ្នកគាំទ្រ ទើបបណ្តាលអោយ សម រង្ស៊ី កើតមាននូវជម្ងឺ បាក់ទឹកចិត្តជាខ្លាំង ដូច្នេះហើយទើបជាញឹកញាប់ គេឃើញទណ្ឌិតរូបនេះ ធ្វើសកម្មភាពប្លែកៗ ខុសពីពលរដ្ឋធម្មតា ។ អំពើឆ្កួតរបស់ សម រង្ស៊ី ប្រៀបបានដូចជា មនុស្សបាត់បង់សតិកំរិតធ្ងន់ធ្ងរ ព្យាបាលមិនជាឡើយ ។

អាត្មាមានការសោកស្តាយណាស់ ដែលញោម សម រង្ស៊ី កោរក្បាល និងគ្រងស្បង់ចីវរជាសង្ឃ ប៉ុន្តែបើតាមដឹង សង្ឃ សម រង្ស៊ី គឺជាសង្ឃទ្រូស្តិ៍សីល តែប៉ុណ្ណោះ។ បានជាអាត្មាហៅ សម រង្ស៊ី ជាសង្ឃទ្រូស្តសិល ដោយហេតុថា បុគ្គលនេះ បួសតែមួយប៉ព្រិចភ្នែក មិនទាំងចេះគ្រងស្បង់ចីវរស្រួលផង ក៏ចាកសិក្ខាបទទៅវិញ ឬហៅម៉្យាងទៀតថា « បួសនយោបាយ »។ ដូច្នេះ កុំថាឡើយស្គាល់ និងយល់ដឹងពីវិន័យ និងការបដិបត្តិត្រឹមត្រូវយ៉ាងណានោះ តាមពុទ្ធានុញ្ញាត គឺ សម រង្ស៊ី មិនដឹងខ្យល់នោះទេ​។

សូម្បីតែធម៌សូត្រទទួលចង្ហាន់ ពីពុទ្ធបរិស័ទក៏មិនចេះទៅផង កុំថាឡើយដឹងរហូតដល់ សារៈសំខាន់នៃ ពុទ្ធគុណ ធម្មគុណ និងសង្ឃគុណនោះ។ អ៊ីចឹងហើយអ្វីដែល សម រង្ស៊ី បានបង្ហោះកាលគាត់បួសនោះថា ចង់ឲ្យខ្មែរស្រឡាញ់ខ្មែរ ហើយឲ្យថ្នាក់ដឹកនាំប្រទេស មានព្រហ្មវិហាធម៌…។ល។ និង។ល។ បើអានទៅប្រជាពលរដ្ឋខ្លះ អាចយល់ច្រឡំថា សម្តីរបស់លោក សម រង្ស៊ី មានភាពត្រឹមត្រូវ ប៉ុន្តែចំពោះអាត្មាភាព ចាត់ទុកថា នេះជាពាក្យចាក់ដោត អុចអាល និងនាំឲ្យប្រជាពលរដ្ឋ យល់ច្រឡំមកលើថ្នាក់ដឹកនាំ ប្រទេសតែប៉ុណ្ណោះ ។

អាត្មាសូមឲ្យញាតិញោមស្វែងយល់ និងគិតថយក្រោយទៅ៤៥ឆ្នាំមុនថា កាលពីសម័យពួកអាវខ្មៅដឹកនាំ គឺ សម រង្ស៊ី ទៅរស់នៅឯស្រុកបារាំង អត់ស្គាល់អ្វី ទៅជាទុក្ខលំបាកនោះទេ។ របបបនប្រល័យពូជសាសន៍ ប៉ុល ពត តើមានវត្តអារាម និងមានព្រះសង្ឃ សម្រាប់គោរពបដិបត្តិ ធ្វើបុណ្យ ធ្វើទានដែរឬទេ? គឺគ្មានទេ។ ដូច្នេះ សម រង្ស៊ី ក៏គាត់បានឱកាសបួស និងធ្វើនយោបាយ នៅពេលដែលប្រទេសជាតិ មានសុខសន្តិភាពដែរ។ បើទោះជាសង្គមនេះ មិនទាន់ស្អាតស្អំ១០០ភាគរយ ប៉ុន្តែអ្នកណាក៏រស់នៅ ជាមួយគ្នាបាន កុំឲ្យតែបុគ្គលនោះបំពានច្បាប់ ។ ដូច្នេះ សូម សម រង្ស៊ី កុំមួលបង្ហាច់ខុសពីការពិតអី។ អាត្មាអ្នកស្រឡាញ់ និងដើរតាម LDP ទេ តែអាត្មាក៏ត្រូវតែផ្តល់ យុត្តិធម៌ឲ្យញោម ហ៊ុន សែន ដែរ ។ ពីព្រោះ អ្នកបួសពិតប្រាកដ គេមិនបន្លំពុទ្ធឱវាទនោះទេ ហើយអាត្មាបានបួស និងរៀនសូត្រ ដូចសព្វថ្ងៃក៏ដោយសារប្រទេស មានស្ថិរភាពនេះដែរ។ ការរិះគន់សង្គម ឬមេបក្សអាត្មា ធ្វើនយោបាយក៏មានហេតុផលដែរ ប៉ុន្តែពពួកមនុស្ស ដូចក្រុមលោក វាស័ក្តិសមណាស់ ដែល LDP ធ្លាប់បានជេរត្មះជាច្រើន មកហើយថា ពួកអាបោកប្រាស់ អាកំសាក អារត់ចោលស្រុក ។ អាត្មាពោលនេះ ដោយសារជាមេគេ មិនត្រូវឆាប់ភ័យ តក់ស្លុត និងអាងរត់ទៅក្រៅប្រទេស ចោលកូនចៅដូចលោក សម រង្ស៊ី នោះដែរ គឺប្រធានបក្សអាត្មា នៅជាមួយសមាជិកបក្ស និងហ៊ាននិយាយការពិត​ ។

ពេលនេះ អាត្មាភាពសូមផ្តាំទៅញោម សម រង្ស៊ី វិញថា បើជាតិនេះលោកកើតមក ជាកូនពូជអាជនក្បត់ជាតិ និងបានជាលាឈប់ ពីឆាកនយោបាយ ម៉្យាងទៀតប្រកួត ចាញ់ញោម ហ៊ុន សែន រាល់តែលើកហើយ លោកល្មមសម្រាកទៅ ណាមួយអាយុក៏ច្រើន ចាស់ហើយ កុំនិយាយញុះញង់ បង្កចលាចលសង្គមទៀតអី ដើម្បីកុំឲ្យបក្សសង្គ្រោះជាតិ រលាយរលត់ដោយសារលោកផង ។

បើលោកនៅតែបន្ត សាងអាគំនិតថោកនោះទៀត ប្រយ័ត្នបក្សនេះ នឹងវិនាសដោយស្នាដៃ លោកទៅ! សម្រាប់ឈ្មោះ សម រង្ស៊ី លែងមានក្នុងឋានៈ ជាប្រធានបក្សទៀតហើយ មិនតែប៉ុណ្ណោះ សម្តីនេះក៍គ្មានបានប្រយោជន៍អ្វី ដល់ពលរដ្ឋខ្មែរទៀតដែរ។ ព្រះពុទ្ធបរមគ្រូ បានទូន្មានប្រៀនប្រដៅ មនុស្សលោក ឲ្យមាននូវសច្ចធម៌ ហើយក៏មិនត្រូវបៀតបៀនអ្នកដទៃ និងក៏បានហាមមិនឲ្យ កសាងនូវអំពើបាប អកុសលណាដែរ ទើបដំណើរជីវិត មាននូវសេចក្តីសុខ ជោគជ័យ និងសុភមង្គល។ ប៉ុន្តែ បើងាកទៅមើល សកម្មភាពរបស់ញោម រង្ស៊ី វិញ គឺបានដើរខុសផ្លូវហើយ និងបានប្រាសចាកទាំងស្រុង ពីគន្លងនៃព្រះពុទ្ធសាសនា។ ចំណុចបំពានព្រះពុទ្ធសាសនា ត្រង់ថា ញោម សម រង្ស៊ី កន្លងមកបានដើរញុះញង់ អុចអាល បង្កចលាចលសង្គម ចោទប្រកាន់ និយាយចាក់ដោត បំបែកបំបាក់សាមគ្គីជាតិខ្មែរ។ ពោលពាក្យនាំតែជម្លោះ ក្នុងសង្គម មួលបង្កាច់ បរិហារកេរ្តិ៍អ្នកដទៃ លាបពណ៌អ្នកដឹកនាំខ្មែរ ដែលមានគុណធម៌ និងពលរដ្ឋជាច្រើន ដែលមិនគាំទ្របក្សខ្លួនថា ជាយួន បង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិត សម្អុយ បន្ទាបបន្ថោក តម្លៃកិត្យានុភាពប្រទេសខ្លួនឯង ទើបមួយជីវិតរបស់ញោម រង្ស៊ី ស្គាល់តែការបរាជ័យ ជារៀងរហូតយ៉ាងនេះឯង ។ វាជាបាបកម្មដែលខ្លួនឯង ជាអ្នកសាង ជាអ្នកប្រព្រឹត្ត សូមកុំទម្លាក់ ទៅលើអ្នកណាផ្សេងថា យាយី ឬកំចាត់ បណ្តេញចេញ ពីប្រទេសឲ្យសោះ។ ក្នុងន័យថា បើញោម រង្ស៊ី មិនសាងនូវកំហុស ដូចអាត្មាបានរៀបរាប់មកទេ ក៏គ្មានទោសវ័ណ្ឌក មកដល់សព្វថ្ងៃនេះដែរ សមដូចពុទ្ធឱវាទ « អត្តាហិ អត្តនោ នាថោ» ខ្លួនទីពឹងខ្លួនឯង។ គ្មានអ្នកដទៃណា មកទទួលកម្មនោះ ជំនួសឡើយ។ សម រង្ស៊ី ធ្វើបំពានច្បាប់ គឺញោម សម រង្ស៊ី ជាអ្នករត់ចោលស្រុក មិនមែនញោម កឹម សុខាឡើយ។

ម៉្យាងវិញទៀត សូមញោម សម រង្ស៊ី កុំយកកំហឹងមកដោះស្រាយ បញ្ហាឲ្យសោះ។ មិនមែនព្រោះតែ ការលាឈប់ពីប្រធានបក្សលេងៗ ស្រាប់តែបាត់បង់ តំណែងមែនទែន អស់សិទ្ធិ អស់អំណាច ជាពិសេស ប្រធានបក្ស ក៏របូតបាត់ធ្លាក់ទៅលើដៃ កឹម សុខា ដែលធ្លាប់ជាគូសត្រូវ ធ្វើអ្វី កឹម សុខា មិនកើត បាត់ឱកាស ក៏មានតែការក្តៅក្រហាយចិត្ត បែរជារិះរកតែវិធីសងសឹក បំផ្លាញស្ថិរភាពសង្គម និងមកគុំគួន ផ្ចាញ់ផ្ចាលជាមួយញោម ហ៊ុន សែន ទៅវិញ នោះមិនមែនជាមនុស្ស ដែលសង្គមឲ្យតម្លៃនោះឡើយ។

ខណៈនេះ ញោម ត្រូវស្គាល់ខ្លួនឯងថា សូម្បីតែភាពជាប្រជាពលរដ្ឋធម្មតា ក៏ញោម បាត់បង់ដែរ គឺបានសិទ្ធិត្រឹមតែជា អនុប្រជាជនតែប៉ុណ្ណោះ ក្នុងនោះ អំពើលួចមានសាហាយស្មន់ ជាមួយនារីបំរើ នៅភោជនីយដ្ឋានម្ហូបអ៊ឺរ៉ុប មួយកន្លែងនៅភ្នំពេញ ក៏ជាអំពើប្រាស់ចាកគុណធម៌ ជាអំពើប្រព្រឹត្តខុស ក្នុងកាម ក៏អាចជាមូលហេតុសង្ស័យថា នៅពីក្រោយខ្នងនៃការបង្ខំ ឲ្យញោមលាឈប់ ពីប្រធានគណបក្សសង្គ្រោះជាតិ និងមិនឲ្យមកជាន់ដីខ្មែរទៀត ដោយស្នាដៃញោមស្រី ជូឡុង សូម៉ូរ៉ា ផងក៏ថាបាន ។

ដូច្នេះ សូមញោម រង្ស៊ី កុំយកស្បង់ចីវរ មកបង្ហោះ បន្លំភ្នែកអ្នកដទៃ ថាខ្លួនឯងជាបុគ្គលស្អាតស្អំ ខណៈដែលចិត្តរបស់ញោម ពោរពេញដោយអំពើបាប ដ៏ក្រាស់ក្រែលនោះ គឺមិនស័ក្តិសមជាសាមណៈ ជាសង្ឃ អ្នកធ្លាប់បួស​ ក្នុងព្រះពុទ្ធសាសនានោះឡើយ។ ញោមសព្វថ្ងៃត្រូវបានមហាជន ផ្លាស់ប្តូរឈ្មោះឲ្យហើយ គឺប្រែក្លាយពីអន្ទិត ទៅជាទណ្ឌិត ជារៀងរហូត ដែលពលរដ្ឋកម្ពុជា មិនស្វាគមន៍ញោមទៀតឡើយ៕

ពីអាត្មាភាព  ព្រះសង្ឃស្រឡាញ់ និងគាំទ្រ LDP


(សូមទស្សនាវីដេអូ) ឈរលើមូលដ្ឋានគ្រឹះសន្តិភាព ពលរដ្ឋគ្រប់ៗរូបបានឃើញច្បាស់ នូវភាពរីកចម្រើនពិតរបស់កម្ពុជា

(សូមទស្សនាវីដេអូ) លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ព្រ​មាន​បិទ​អង្គ​ការ​ដែល​បាន​ផ្សាយ​ប្រមាថ ​ប៉ះ​ពាល់​ដល់​សេច​ក្តីថ្លៃ​ថ្នូរ​របស់​ប្រជា​ជាតិ​កម្ពុជា​!

(សូមទស្សនាវីដេអូ) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យប្រទេសមហាអំណាចគួរមានកិច្ចសហប្រតិបត្តិការជាជាងប្រឈមមុខដាក់គ្នា!

(សូមទស្សនាវីដេអូ) លោកនាយករដ្ឋមន្ត្រី អំពាវនាវឱ្យអ្នកលេង Facebook ប្រុងប្រយ័ត្នមុននឹង​ចែកចាយព័ត៌មានបន្ត ពិសេសព័ត៌មាន​បំពុលសង្គម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យនិស្សិតជ័យលាភីបន្តខិតខំដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់និស្សិតទាំងអស់ដែលបានបញ្ចប់ការសិក្សា ឱ្យបន្តការខិតខំដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនតទៅទៀត។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសា​ស្រ្តសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា និស្សិតជ័យលាភីទាំងអស់ ក្រោយពីបានទទួលសញ្ញាបត្រនេះ គឺងាយស្រួលក្នុងការរកការងារធ្វើ និងក្នុងការប្រកបរបរផ្សេងៗ។ ទន្ទឹមនឹងនេះដែរ លោក សង្ឃឹមដែរថា និស្សិតមួយចំនួនធំ នឹងបន្តការសិក្សា ពង្រីកសមត្ថភាពបន្ថែមទៀត ពីបរិញ្ញាបត្រទៅបរិញ្ញាបត្រជាន់ខ្ពស់ និងទៅកាន់បណ្ឌិត ហើយមួយចំនួនទៀតនឹងបន្តស្វ័យសិក្សា ស្រាវជ្រាវ និងសិក្សាបន្តក្នុងដំណាក់កាលបំពេញការងារដើម្បីចៀសវាងភាពអភិរក្សនិយម ដែលបង្កភាពគ្រោះថ្នាក់ ដល់ការរីកចម្រើនយុវជន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ខួរក្បាលមនុស្សចាស់ក៏ត្រូវធ្វើយុវបនីយកម្មដែរ ឧទាហរណ៍ ប្រព័ន្ធបច្ចេកវិទ្យាជាដើម ពោលគឺគ្រប់មន្រ្តីរដ្ឋាភិបាលត្រូវតែចេះ បើមិនចេះគឺមិនអាចតែងតាំងបានឡើយ។ សម្រាប់ជីវិតផ្ទាល់​របស់លោក ដែលអាចមានមកដល់ពេលនេះ គឺបានឆ្លងកាត់ឧបសគ្គនិងការលំបាកច្រើនណាស់ក្រៅពីគ្រាប់កាំភ្លើង គឺមានឧបសគ្គនៃការកែទម្រង់នយោបាយ សេដ្ឋកិច្ច និងសង្គមជាដើម៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកឡើងវិញពីការបញ្ចប់សង្រ្គាមនៅកម្ពុជា

នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងរំលឹកជាថ្មីម្តងទៀតអំពីការបញ្ចប់សង្រ្គាមនៅកម្ពុជា។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញា​បត្រដល់និស្សិតសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសា​ស្រ្តសេដ្ឋកិច្ច នៅមជ្ឈ​ម​ណ្ឌ​ល​​ពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា  ការយកសង្រ្គាមដើម្បី​បញ្ចប់សង្រ្គាម គឺមិនអាច​ធ្វើបានទេ។ យើងបានប្រើប្រាស់​វិធីចរចា និង​នយោបាយឈ្នះ-ឈ្នះ ដើម្បីបញ្ចប់​សង្រ្គាម​ទាំង​ស្រុងនៅកម្ពុជា ដែលពេលនេះបានផ្តល់ឱកាសធំបំផុតសម្រាប់យុវជនកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា យុវជនជំនាន់មុនពុំមានឱកាស និងបានបាត់បង់ជីវិតច្រើនណាស់ដោយសារសង្រ្គាម។ នៅក្នុងសម័យសង្រ្គាម គឺបានបន្សល់ទុកគ្រាប់​បែកជាង២លាន៧សែន តោននៅលើទឹកដីកម្ពុជា។ ប៉ុន្តែនៅពេលនេះ កម្ពុជា ទទួលបានការឯកភាពទឹកដីទាំងស្រុងជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរាប់រយឆ្នាំរបស់កម្ពុជា៕








លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់អ្នកលេង Facebook ទាំងឡាយ កុំបំពុលបរិយាកាសអំពីរឿងចាប់ក្មេងនៅកម្ពុជាព្រោះជាទង្វើគ្រោះថ្នាក់សម្រាប់ជាតិ

(ភ្នំពេញ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០​១៧នេះ បានអំពាវនាវដល់អ្នកលេង Facebook ទាំងអស់ កុំបំពុលបរិយាកាស ដែលជាការសាងគ្រោះថ្នាក់ដល់ជាតិពាក់ព័ន្ធនឹងការផ្សព្វផ្សាយដំណឹងមិនពិត អំពីរឿងចាប់ក្មេងនៅក្នុងប្រទេសកម្ពុជា ហើយការបំផុស ញុះញង់ដ៏គ្រោះថ្នាក់បែបនេះវាពុំបានទទួល ផលចំណេញនោះទេ។ ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃកន្លងទៅនេះ បង្កើតឱ្យមានបញ្ហាច្រើនណាស់ រឿងវាមិនចេះចប់ ប៉ុន្តែសួរទៅមើល តើវាបានផលអី? បំផុសអំពីបញ្ហាចាប់កូនក្មេងយកទៅវះគ្រលៀន វះយកនេះ វះយកនោះ តើវាពិតទេរឿងអញ្ចឹង។ អារឿងអ្នកបំពុលបរិយាការបង្ហោះចេញទៅ អញ្ចឹងអ្នកដែល ចែកចាយបន្តនោះ ត្រូវពិនិត្យមើលតើពិតឬអត់? គួរត្រូវចែករំលែកបន្តឬអត់? ជួនកាលសុខៗ ទៅជាយន្តហោះធ្លាក់នៅសៀមរាប ផ្អើលឆុលអញ្ចឹងទៅ។ ជួនកាន់ទៅជាចាប់កូនក្មេងចឹងទៅ រឿងពិតទេ? គឺវាមិនពិតទេ ហើយទីចុងបំផុតបានត្រឹមអ្វី?»
រយៈពេលប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយជាបន្តបន្ទាប់ នៅតាមបណ្តាញទំនាក់ទំនងសង្គម ដោយបំផុសថា មានករណីចាប់ក្មេងកាន់តែច្រើនកើតឡើង នៅក្នុង ប្រទេសកម្ពុជា ដូចជានៅខេត្តព្រះសីហនុ កំពងធំ ស្វាយរៀង ប៉ៃលិន និងរាជធានីភ្នំពេញជាដើម។ ប៉ុន្តែបន្ទាប់ពីសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមតម្រុយនោះបង្ហាញថា ករណីចាប់ក្មេងវះយកគ្រលៀន ឬវះពោះនោះ មិនពិតនោះទេគ្រាន់តែជាការយល់ច្រឡំតែប៉ុណ្ណោះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកត់សម្គាល់ថា ការបំផុសញុះញង់ដ៏គ្រោះថ្នាក់បែបនេះ គឺភាគច្រើនកើតឡើងដោយសារ សមាជិកគណបក្សប្រឆាំង ព្រោះកន្លងទៅ ពួកគេក៏បានបង្ហោះនូវដំណឹងមិនពិតថា នាយករដ្ឋមន្រ្តីកម្ពុជាស្លាប់ ឬត្រូវសង្រ្គោះបន្ទាន់នៅពេទ្យក្រៅប្រទេសជាដើម។ គណបក្សប្រឆាំង គួរតែចេះអប់រំ សមាជិករបស់ខ្លួនឱ្យប្រព្រឹត្តទង្វើត្រឹមត្រូវ មិនគួរបណ្តែតបណ្តោយឱ្យធ្វើខុសច្បាប់ធ្ងន់ធ្ងរដូច្នេះឡើយ៕


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិត​សកលវិទ្យាល័យ RULE នាព្រឹកថ្ងៃនេះ

(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចែកសញ្ញាបត្រដល់និស្សិត ​សាកលវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ​សកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានស្លាប់នៅក្នុងរបបប៉ុលពត ប៉ុន្តែត្រូវបានរស់ឡើងវិញ ក្រោយពីរំដោះប្រទេសពីចេញពីរបបវាលពិឃាត។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចធ្វើជាសាស្រ្តាចារ្យចង់ស៊ីឈ្នួលបង្រៀន នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការសិក្សាបង់ថ្លៃ គឺជាការចូលរួមនៃវិស័យឯកជន ក្នុងវិស័យអប់រំនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចក្ខុវិស័យជោគជ័យចំនួន៤ ទឹក ផ្លូវ ភ្លើង មនុស្ស ដែលរដ្ឋាភិបាលបានដាក់ចេញ មានរយៈពេល៣០ឆ្នាំហើយ

* សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះ ជាខួបលើកទី៣០ នៃការចរចា ដើម្បីដោះស្រាយនយោបាយ។ ក្នុងនោះមានខួប៣០ នៃការចរចា សីហនុ-ហ៊ុន​ សែន ផងដែរ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ជីវិតរបស់ខ្ញុំទម្រាំដល់ពេលនេះ គឺមានការឆ្លងកាត់ការលំបាកច្រើនណាស់»។

* សម្តេចតេជោ ហ៊ុន សែន បង្គាប់អ្នកអាជ្ញាធរពាក់ព័ន្ធ ពិនិត្យតាមដាន អំពីករណីបាក់ជ្រាំងទន្លេ ខណៈទឹកឡើង។

* សម្តេចតេជោ ហ៊ុន សែន៖ ការប្រើប្រាស់សង្រ្គាម ដើម្បីបញ្ចប់សង្រ្គាម គឺវាមិនអាចទៅរួចទាំងអស់ទេ។ ប៉ុន្តែកម្ពុជាបានប្រើប្រាស់មធ្យោបាយចរចា ដើម្បីបញ្ចប់ សង្រ្គាម ហើយប្រើប្រាស់នយោបាយឈ្នះៗ ដើម្បីបញ្ចប់សង្រ្គាមជាស្ថាពរ ដែលនាំមកនូវសន្តិភាពជាប្រវត្តិសាស្រ្តរាប់រយឆ្នាំ។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មិនអាចអត់អោនឲ្យបាននោះទេ ដែលអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ (AIM) ចេញផ្សាយនៅលើសារព័ត៌មាន CNN និង ABC News ពាក់ព័ន្ធរឿងជួញដូរផ្លូវភេទនៅកម្ពុជា ដែលជាការប្រមាថដ៏ធ្ងន់ធ្ងរដល់ស្រ្តីកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យបិទអង្គការក្រៅរដ្ឋាភិបាលមួយ ដែលបាននិយាយប្រមាថដល់ស្រ្តីខ្មែរថា «នៅកម្ពុជាម្តាយយកកូនទៅលក់ឲ្យបម្រើផ្លូវភេទ»។ សម្តេចបញ្ជាឲ្យក្រសួងមហាផ្ទៃបិទអង្គការក្រៅរដ្ឋាភិបាល (AIM) ដែលប្រមាថដល់ស្រ្តីខ្មែរ, ជាទង្វើមិនអាចអត់អោនឲ្យបាន។​

* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យស្ថានទូតអាមេរិកធ្វើការស៊ើបអង្កេតចំពោះករណីរបស់អង្គការក្រៅរដ្ឋាភិបាល ដែលបាននិយាយប្រមាថដល់ស្រ្តីខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សារព័ត៌មាន CNN របស់អាមេរិកខូចណាស់ ដូចប្រធានាធិបតី ដូណាល់ ត្រាំ ជេរ មិនខុសទេ។ គាំទ្រ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានជេរទូរទស្សន៍ CNN។ ការជេរនេះត្រឹមត្រូវណាស់។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យបិទអង្គការក្រៅរដ្ឋាភិបាលមួយ ដែលបាននិយាយប្រមាថដល់ស្រ្តីខ្មែរថា «នៅកម្ពុជា ម្តាយយកកូនទៅលក់ឲ្យបម្រើផ្លូវភេទ»។ សម្តេចស្នើឲ្យស្ថានទូតអាមេរិកធ្វើការស៊ើបអង្កេតចំពោះករណីនេះ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មិនអាចអត់អោនឲ្យបាននោះទេ ចំពោះអង្គការ AIM ដែលប្រមាថដល់ស្រ្តីកម្ពុជា, អង្គការមួយនេះត្រូវតែចាកចេញពីកម្ពុជាទោះបីក្នុងតម្លៃណាក៏ដោយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមន្រ្តីណាមិនចេះប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន និងបច្ចេកវិទ្យាទំនាក់ទំនងទេ មិនបាច់តែងតាំងទេ។

* សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុន នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកលេង Facebook កុំសាងគ្រោះឲ្យជាតិ តាមរយៈការបំពុលបរិយាកាស។ ប៉ុន្មានថ្ងៃនេះបង្កើតឲ្យមានបញ្ហាច្រើនណាស់ ដែលគេបំផុតអំពីបញ្ហាចាប់កូនក្មេងទៅវះគ្រលៀន។

* សម្តេចតេជោ ហ៊ុន សែន ព្រមានធ្ងន់ៗទៅលើមេបក្សប្រឆាំង ចំពោះការបង្ហោះជេរប្រមាថសម្តេចថាស្លាប់ពីសំណាក់សកម្មជនបក្សប្រឆាំង។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការជេរប្រមាថចង់ឲ្យសម្តេចស្លាប់ មេបក្សប្រឆាំងនឹងស្លាប់មុនគេ ព្រោះនេះជាទង្វើរបស់សកម្មជនបក្សប្រឆាំង ហើយទីនេះជាវាលកប់ខ្មោចរបស់អ្នកហើយ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅប្រទេសដទៃ គណបក្សនយោបាយ មានតួនាទីអប់រំសមាជិក និងអ្នកគាំទ្ររបស់ខ្លួន ដើម្បីកុំឲ្យពួកគេប្រព្រឹត្តល្មើស តាមបណ្តាញសង្គម Facebook។ ឧទាហរណ៍ដូចជា ករណីបង្ហោះថា នាយករដ្ឋមន្រ្តី ត្រូវសង្គ្រោះបន្ទាន់ ហើយបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជាដើម។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅពេលអត់មាននាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលនឹងត្រូវរលាយដោយស្វ័យប្រវត្តិ កងទ័ពគ្មានអ្នកគ្រប់គ្រងទេ។ ដូច្នេះបើអស់លោក គេងចំណេញអំពីការស្លាប់របស់ ហ៊ុន សែន នោះគណបក្សប្រឆាំង នឹងគ្រោះថ្នាក់ហើយ។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំកំពុងគិតធ្វើយ៉ាងម៉េច ដើម្បីទប់ស្កាត់ និងគ្រប់គ្រងការបំផុសព័ត៌មានមិនពិត ឬពាក្យចចាមអារ៉ាមដូចពេលនេះ»។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យអ្នកលេង Facebook មានការប្រុងប្រយ័ត្ន រឿងអ្នកដទៃលួចប្រើប្រាស់ ដើម្បីប្រព្រឹត្តល្មើស។ កន្លងទៅករណីខ្លះ សាម៉ីខ្លួនមិនបានប្រព្រឹត្តល្មើសទេ ប៉ុន្តែត្រូវអ្នកដទៃលួចដើម្បីបង្ហោះអំពីរឿងល្មើសច្បាប់។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖៣១នាទី នាព្រឹកថ្ងៃដដែលនេះ, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់៕

ប្រភពពី Freshnews