កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងភរិយា អមដំណើរដោយ សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកនាយករដ្ឋបាលខេត្ត លោកអភិបាលស្រុក ព្រមទាំងសមាជិក សមាជិកា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ជូនដល់គ្រួសារដែលទទួលបានដីសម្បទានសង្គមកិច្ចចំនួន ៥៦៤គ្រួសារ ស្ថិតនៅឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ និងឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
លោក វ៉ី សំណាង ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោក ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះឡើយ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ១៩ សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលយើង។
អំណោយដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ផ្ដល់ជូនក្នុងមួយគ្រួសារ ទទួលបានអង្ករ ៥០គីឡូក្រាម មីជាតិ ១កេស ត្រីខ ១យួរ ភួយ១ ទឹកស៊ីអ៊ីវ ១យួរ និងទឹកត្រី ១យួរផងដែរ៕