តើមាននរណាម្នាក់ដែលធ្លាប់បានអានកាសែត ឬធ្លាប់បានមើលទូរទស្សន៍ ឬធ្លាប់បានស្ដាប់វិទ្យុ បាន ឃើញ ឬបានឮសេចក្ដីប្រកាស ដូចជា «សេចក្ដីប្រកាស ឬក៏ការផ្សាយនេះ គឺចេញពីប្រភពព័ត៌មានរបស់លោក “ក” នឹងបង្ហាញនូវព័ត៌មានជាច្រើនដែលលោក “ក” បានគិត ហើយនឹងបង្ហាញនូវអ្វីដែលមានលក្ខណៈ “នយោបាយលំអៀង” របស់លោក “ក” ឬ អ្នកតំណាងរបស់លោក “ក”នោះ»?
ចំណែកខ្ញុំវិញ ខ្ញុំមិនដែលបានឃើញ ឬក៏មិនដែលបានឮនូវការផ្សាយ ឬការប្រកាសបែបនេះទេ ឬក៏ ខ្ញុំអាចនឹងនិយាយបានថា ទោះជាក្នុងកាលៈទេសៈសម័យទំនើបនេះហើយក៏ដោយ ក៏ខ្ញុំមិនដែលបានអាន មិនដែលបានមើល ឬមិនដែលបានឮនូវអ្វីដែលបានរៀបរាប់ខាងលើនោះដែរ។
ពិតហើយ មានប្រភពនានាដែលការប្រកាសបែបនោះគឺលើសពីអ្វីដែលចង់បាន។ គ្មាននរណាម្នាក់ រំពឹងថា គេហទំព័រចិន Xinhua នឹងសរសេរវាយប្រហារធ្ងន់ៗទៅលើរដ្ឋាភិបាលចិនទេ ឬក៏គ្មាននរណាម្នាក់ រំពឹងថាការិយាល័យព័ត៌មានរបស់សេតវិមាននៃសហរដ្ឋអាមេរិក ចេញសេចក្តីថ្លែងការណ៍ដោយផ្តើមថា «ថ្ងៃ នេះលោកប្រធានាធិបតី បាននិយាយកុហក ដូចខាងក្រោម…» នោះដែរ។
ជាយូរយាមកហើយដែលរដ្ឋាភិបាលនានា តែងតែខិតខំប្រឹងប្រែងរកគ្រប់មធ្យោបាយដើម្បី បង្ហាញប្រជាពលរដ្ឋរបស់ខ្លួនដូចជា ឲ្យជឿថា រដ្ឋាភិបាលនិយាយអ្វីៗគឺជាការពិត «គ្មានលំអៀង» ។
ឧទាហរណ៍ នៅថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ១៩៤២ គឺជាពេលដែល វិទ្យុរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្សាយ ទៅប្រជាជនអាល្លឺម៉ង់ថា៖ «ពីថ្ងៃនេះតទៅ ជារៀងរាល់ថ្ងៃ យើងពីសហរដ្ឋអាមេរិក នឹងនៅជាមួយអស់លោក និយាយពីដំណើរសង្រ្គាម... ព័ត៌មានទាំងនេះអាចជាដំណឹងល្អ ឬដំណឹងអាក្រក់ សំរាប់ពួកយើង។ ប៉ុន្ដែយ៉ាង ណាក៏ដោយ យើងនឹងផ្សាយប្រាប់លោកអ្នកនូវរាល់ការពិត»។
ហេតុអ្វីបានជាអាមេរិកាំងប្រាប់ការពិតដល់សត្រូវនៅក្នុងពេលដែលមានសង្គ្រាមដ៏ធំរវាងគ្នានឹងគ្នា? សំណួរនេះល្អណាស់ ដែលគ្មាននរណាអាចឆ្លើយសមហេតុផលបាន។ ខ្ញុំពេញចិត្ដណាស់កាលនោះដែលថា អាល្លឺម៉ង់មិនបានឈ្នះសង្គ្រាម។ ប៉ុន្តែខ្ញុំមិនច្បាស់ទេថា ការបរាជ័យរបស់អាល្លឺម៉ង់គឺដោយសារតែប្រជាជន អាល្លឺម៉ង់ល្ងង់ ជឿថា វិទ្យុអាមេរិកាំងតែងតែផ្សាយប្រាប់អំពីការពិត។
ទោះជាឈ្មោះ និងអក្សរកាត់បានផ្លាស់ប្តូរពីពេលមួយទៅពេលមួយយ៉ាងណាក្ដី ការផ្សាយកាលពីឆ្នាំ១៩៤២ នោះ អាចត្រូវបានចាត់ទុកតាមផ្លូវច្បាប់ថា ជាការផ្សាយលើកដំបូងមួយរបស់វិទ្យុសម្លេងពីសហរដ្ឋ អាមេរិក។
នៅបញ្ចប់សង្គ្រាមលោកលើកទី២ វិទ្យុសំលេងអាមេរិក បានផ្សាយជា៤០ភាសាទៅអឺរ៉ុប អាស៊ី និង អាហ្វ្រិក។ នៅចុងឆ្នាំ ១៩៤៥ ការគ្រប់គ្រងវិទ្យុសំលេងសហរដ្ឋអាមេរិក ត្រូវបានផ្ទេរពីការិយាល័យនៃព័ត៌មាន សង្គ្រាមទៅឱ្យក្រសួងការបរទេស ហើយក្នុងឆ្នាំ១៩៥៣ ទៅឱ្យទីភ្នាក់ងារព័ត៌មានអាមេរិក។ នៅក្នុងស្ថាប័ន ក្រោយនេះ វិទ្យុសំលេងសហរដ្ឋអាមេរិក ត្រូវបានគ្រប់គ្រងដោយអ្វីដែលគេហៅថា គណៈអភិបាលនៃការ ផ្សាយដែលក្លាយជាទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកដាច់ដោយឡែកក្នុងឆ្នាំ១៩៩៩។
វិទ្យុសំលេងសហរដ្ឋអាមេរិក មានអ្នកសារព័ត៌មាន និងអ្នកឆ្លើយឆ្លងព័ត៌មានរាប់រយនាក់ ដែលអ្នកទាំងអស់នោះ ខ្លះជាបុគ្គលិករដ្ឋាភិបាលអាមេរិក និងខ្លះទៀតជាបុគ្គលិកជាប់កិច្ចសន្យា។
វិទ្យុអាស៊ីសេរី មានប្រវត្តិប្រហាក់ប្រហែលគ្នា ប៉ុន្តែថ្មីជាង វិទ្យុសហរដ្ឋអាមេរិក ដោយត្រូវបានបង្កើត ឡើងដោយរដ្ឋាភិបាលអាមេរិកក្នុងឆ្នាំ១៩៩៦។ វិទ្យុអាស៊ីសេរីក៏ ដូចជាវិទ្យុសំឡេងសហរដ្ឋអាមេរិកដែរ ត្រូវ បានគ្រប់គ្រងដោយគណៈអភិបាលនៃការផ្សាយ។
ខ្ញុំមិនបានដឹងលំអិតអស់ពីរឿងនេះទេ តែអ្វីដែលខ្ញុំដឹងនោះថាតើបច្ចុប្បន្ន សង្គ្រាមស្លាបការ ឬ សង្គ្រាមផ្សព្វផ្សាយព័ត៌មានរបស់វិទ្យុ សំលេងអាមេរិក - វិទ្យុអាស៊ីសេរី មានកំរិតណា។ ប៉ុន្ដែអ្វីដែលខ្ញុំដឹងនោះ គឺថាគ្មានហេតុផលណាមួយ ដែលធ្វើឲ្យខ្ញុំជឿថា ការផ្សាយព័ត៌មានរបស់វិទ្យុសំលេងសហរដ្ឋអាមេរិក និងវិទ្យុ អាស៊ីសេរីនោះផ្សាយដោយគ្មានភាពលំអៀងនោះទេ លើកលែងតែគេពន្យល់ខ្ញុំឲ្យយល់ថា មន្ដ្រីរដ្ឋាភិបាល អាមេរិកាំង ជានិច្ចជាកាលគឺ និយាយតែ «ការពិត ការពិតទាំងស្រុងគ្មានអ្វីផ្សេងក្រៅពីការពិត» ប៉ុណ្ណោះ។
ដោយ Allen Myers