Monday, November 20, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ឱសានវាទ ការស្ម័គ្រចិត្តចុះចូលពីអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ មានត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ

អតីតមន្រ្តី ថ្នាក់ដឹកនាំ និងមន្រ្តីមូលដ្ឋាន របស់គណបក្សសង្រ្គោះជាតិ កំពុងសម្រុកចុះចូលយ៉ាងច្រើនរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលនៅពេលនេះចំនួនបានកើនឡើងរហូតដល់ជិត៣២០នាក់នៅទូទាំងប្រទេស។

សម្រាប់ការកំណត់ពេលវេលានៃការចុះចូល, ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញព័ត៌មាន ឲ្យដឹងថា ការស្ម័គ្រចិត្តចុះចូលពី សំណាក់អតីតមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ ចូលគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ។

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកនាយដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍មួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិប​ណ្តាញព័ត៌មាន​ Fresh News  បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា៖ «ការស្ម័គ្រចិត្តចុះជាមួយគណបក្សប្រជាជនកម្ពុជា មានត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គ.ជ.ប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រសាសន៍អំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤នេះ ធ្វើឡើងតាមលក្ខខ័ណ្ឌរបស់ គ.ជ.ប៕

ប្រភព៖ Fresh News


ក្រុមប្រឹក្សា CNRP ក្នុងខេត្តក្រចេះចំនួន០៤រូបទៀតហើយបន្តសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានសមាជិកក្រុមប្រឹក្សាគណបក្សសង្រ្គោះជាតិចំនួន០៤រូបទៀត បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានដឹងថាលោក កឹម សុខា និងបក្ខពួកជាជនក្បត់ជាតិសុខចិត្តឱនក្បាលបម្រើពួកអាយ៉ងបរទេស គឺដើម្បីតែអំណាចមិនគិតពីមហន្តរាយដល់ប្រទេសជាតិ មាតុភូមិដែលនេះជាអំពើក្បត់ជាតិក្បត់ប្រជាជនខ្លួនឯង។
សមាជិកចំនួន០៤រូបដែលបានសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះរួមមាន៖
១- លោក ម៉ូវ សេងហ៊ាង ជាសមាជិកក្រុមប្រឹក្សាខេត្តក្រចេះ
២- លោក លី លីម ជាជំទប់ទី២
៣- លោក សឿ រតនា ជាសមាជិកក្រុមប្រឹក្សាឃុំគោលាប់
៤- លោក ហួត គុយហេង ជាសមាជិកក្រុមប្រឹក្សាឃុំកន្ទួត៕
សូមអានលិខិតខាងក្រោម៖




នៅសាលាក្រុងកំពង់ឆ្នាំង មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចអភិបាលស្រុកជលគីរី មកជាអភិបាលក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាក្រុងកំពង់ឆ្នាំង បានប្រកាសផ្ទេរភារកិច្ចអភិបាលស្រុកជលគីរី មកជាអភិបាលក្រុងកំពង់ឆ្នាំង។ ពិធីនេះប្រារព្ធក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោក អម សុភា នាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សមាជិកសមាជិកាក្រុមប្រឹក្សាក្រុង លោក លោកស្រី ប្រធានការិយាល័យអង្គភាពជុំវិញក្រុង ចៅសង្កាត់ មេប៉ុស្តិ៍ និងមន្រ្តីរាជការសាលាក្រុងកំពង់ឆ្នាំង សរុបចំនួន១៦២នាក់ ។

លោក ហៃ មនោរម្យ អភិបាលក្រុងកំពង់ឆ្នាំងចាស់ បានមានមតិស្វាគមន៍ដោយបានលើកឡើងនូវលទ្ធផលសំខាន់ៗ ដែលសម្រេចបានកន្លងមក របស់ក្រុងកំពង់ឆ្នាំង មានការរីកចំរើនលើគ្រប់វិស័យ និងធានាបានសន្តិសុខស្ថេរភាព ជូនប្រជាពលរដ្ឋចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់ទី៣ របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង ។

លោក អម សុភា នាយករដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បានអានអនុក្រឹត្យលេខ១១៦៩ អនក្រ.តត ចុះថៃ្ងទី១៧ ខែតុលា ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាល ដែលបានផ្ទេរភារកិច្ចលោក យិន សាវ៉េន ភិបាលស្រុកជលគីរី មកជាអភិបាលក្រុងកំពង់ឆ្នាំង ជំនួសលោក ហៃម នោរម្យ ដែលត្រូវផ្ទេរភារកិច្ចជាទៅអភិបាលស្រុកជលគីរី និងប្រកាសរបស់ក្រសួងមហាផ្ទៃលេខ៥០៤៤ ប្រក ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ត្រូវបានផ្ទេរភារកិច្ចលោក ក្រូច ម៉ារ៉ា ពីអភិបាលរងស្រុកសាមគ្គីមានជ័យ និងលោកស្រី ពេជ ឃន អភិបាលរងស្រុកកំពង់ត្រឡាច ត្រូវបានផ្ទេរភារកិច្ចជាអភិបាលរងក្រុងកំពង់ឆ្នាំង។

បន្ទាប់ពីគណៈអធិបតី បានប្រគល់អនុក្រឹត្យត្រានិងប្រកាស រួចមកលោក យិន សាវ៉េន បានឡើងធ្វើការប្តេជ្ញាចិត្តថា លោកនឹងខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ នៅក្នុងគណៈអភិបាលស្រុក និងជាបណ្តាការិយាល័យ អង្គភាពជុំវិញក្រុង កងកំលាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានា និងច្បាប់របស់រដ្ឋការពាររដ្ឋធម្មនុញ្ញកម្ពុជា។
លោក យិន សាវ៉េន បានបន្តថាលោកនឹង រួមចំណែកពង្រឹងការអនុវត្តន៍គោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចអោយបានល្អប្រសើរ។យកចិត្តទុកដាក់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋចូលរួមប្រឡងប្រណាំងបន្តអភិវឌ្ឍន៍សោភ័ណ្ឌភាពរបស់ក្រុង ក្នុងទិសដៅអោយទីក្រុងស្អាត និងមានសេវាកម្មល្អ។

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍សំណេះសំណាលនៅក្នុងពិធីនោះ ដោយសង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាល និងការបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ លោកអភិបាលខេត្តកំពង់ឆ្នាំង ក៏បានផ្ដាំផ្ញើដល់លោក យិន សាវ៉េន អភិបាលក្រុងដែលទើបផ្ទេរភារកិច្ចមកកាន់ក្រុងកំពង់ឆ្នាំងថ្មី អោយខិតខំបំពេញភារកិច្ចអោយបានល្អ ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលនិតិកាលទី៥ នៃរដ្ឋសភា ដែលមាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខ។ ការធ្វើកំណែទម្រង់វាមានសារៈសំខាន់ជាច្រើនចំពោះមន្ត្រីរាជការ ពិសេសគឺការលុបបំបាត់ភាពអសកម្ម លុបបំបាត់អំពើពុករលួយដោះស្រាយទំនាស់ដីធ្លី បញ្ហាប្រឈមដែលជាកង្វល់ របស់ប្រជាពលរដ្ឋ និងមានតម្លាភាពចំពោះមន្រ្តីរាជក្រោមឱវាទ ជាពិសេសត្រូវសហការក្នុងជួរគណៈអភិបាលក្រុងកំពង់ឆ្នាំង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅទទួលបានសូចនករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់៕












លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបួងសួងនៅមុខប្រាសាទអង្គរវត្តនៅថ្ងៃទី០២-០៤ ខែធ្នូ ខាងមុខ

នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីនៃទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំដើម្បីអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១០២ សសរ ចុះថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជានៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ២០១៧ ឆ្នាំ២០១៧ នាពេលខាងមុខ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចផងដែរ។

សូមជម្រាបជូនផងដែរថា បន្ទាប់ពីរាជរដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខនេះរួចមក គណៈកម្មការក៏បានបង្កើតអនុគណៈកម្មការចំនួន ៧ទៀត ដើម្បីចូលរួមឱ្យដំណើរការពិធីបួងសួងនេះបានសម្រេចទៅដោយជោគជ័យរួមមាន៖ ទី១- អនុគណៈកម្មការខ្លឹមសារ កម្មវិធី ទស្សនីយភាព និងពិធីក្រុងពាលី (ដឹកនាំដោយ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន) ទី២- អនុគណៈកម្មការនិមន្ត រៀបចំចង្ហាន់ ការគង់នៅ របស់ព្រះសង្ឃ (ដឹកនាំដោយលោកស្រី ភឿង សកុណា) ទី៣- អនុគណៈកម្មការចាត់តាំង ដឹកជញ្ជូន និងមហាជន (ដឹកនាំដោយលោក ហ៊ុន ម៉ានី) ទី៤- អនុគណៈកម្មការផ្សព្វផ្សាយ (ដឹកនាំដោយលោក ខៀវ កញារិទ្ធិ) ទី៥- អនុគណៈកម្មការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសង្គ្រោះបន្ទាន់ (ដឹកនាំដោយ នាយឧត្តមសេនីយ៍ នេត សាវឿន) ទី៦- អនុគណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច (ដឹកនាំដោយលោក ឈិន កេតនា) ទី៧- អនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ (ដឹកនាំដោយលោក តឹករ៉េត សំរេច)៕







អតីតចៅសង្កាត់អូរស្មាច់ ក្រុងសំរោង របស់គណបក្សសង្គ្រោះជាតិ សុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

ឧត្តរមានជ័យ៖ អតីតចៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យម្នាក់ទៀតហើយ របស់គណបក្ស សង្គ្រោះជាតិ ដែលទើបនិងរលាយ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែរូបគាត់ បានឃើញនូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ អតីតចៅសង្កាត់អូរស្មាច់ គឺលោក អ៊ុក ប៊ុនហេង អាយុ៦៥ឆ្នាំ រស់នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិរូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

គណបក្សប្រជាជនកម្ពុជាខេត្តឧត្ដរមានជ័យ បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីត គណបក្សសង្គ្រោះជាតិរូបនេះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពី បានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន៕




ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គមចុះផ្សព្វផ្សាយ អំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គមនៅតាមរោងចក្រនានា

នៅព្រឹកថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០១៧ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ក្រោមអធិបតីភាព លោក ម៉េង ហុង នាយករង ប.ស.ស ចុះផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក សហជីពមូលដ្ឋាន និងកម្មករ កម្មការិនី ចំនួន៥៦នាក់ នៅរោងចក្រ Meng Da Footwear Industrial Co., Ltd. ដែលមានទីតាំងស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លុះនៅរសៀលថ្ងៃដដែលក្រុមការងារ ប.ស.ស ក្រោមអធិបតីភាព លោក ម៉េង ហុង នាយករង ប.ស.ស ក៏បានបន្តចុះផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក សហជីពមូលដ្ឋាន និងកម្មករ កម្មការិនី ចំនួន៥២ នាក់ នៅរោងចក្រ Dayup Global Co., Ltd. ដែលមានទីតាំងស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕





គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចប្រើប្រាស់បទបញ្ជា និងនីតិវិធីពាក់ព័ន្ធនឹងការបែងចែកអាសនៈតំណាងរាស្ត្រដែលនៅទំនេរ!

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីសម្រេចស្ដីពីដាក់ឱ្យប្រើប្រាស់បទបញ្ជា និងនីតិវិធី សម្រាប់ការអនុវត្តមាត្រា ១៣៨ស្ទួននៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់អនុវត្តការងារពាក់ព័ន្ធនឹងការបែងចែកអាសនៈដែលនៅទំនេរ។ គ.ជ.ប បានបញ្ជាក់ថា ការចេញសេចក្ដីសម្រេចខាងលើនេះគឺដើម្បីរៀបចំបែងចែកអាសនៈដែលនៅទំនេរក្នុងករណីមានគណបក្សនយោបាយណាមួយប្រកាសបោះបង់អាសនៈរបស់ខ្លួន ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងតំណាងរាស្ត្រទាំងអស់នៃគណបក្សនយោបាយនោះលែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀត។

គ.ជ.ប បានបន្តថា ការបែងចែកអាសនៈនេះ ត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ បន្ទាប់ពីទទួលបានលិខិត ជូនដំណឹងផ្លូវការពីរដ្ឋសភា ឬ/និង ក្រសួងមហាផ្ទៃ ទៅឲ្យគណបក្សនយោបាយនានា ដែលបានចូលរួមក្នុងការបោះឆ្នោត ក្នុងរាជធានី-ខេត្តទាំង២៥ ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះ ចេញពីគណបក្សនយោបាយ ឬដែលត្រូវរំលាយស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ និងគណបក្សមានអាសនៈ ក្នុងរដ្ឋសភាដែលដឹកនាំរាជរដ្ឋាភិបាលឡើយ។

សូមជម្រាបថា ការចេញសេចក្ដីសម្រេចរបស់ គ.ជ.ប នាពេលនេះ ធ្វើឡើងក្រោយពេលតុលាការកំពូលចេញសាលដីកា កាត់រំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់សមាជិកគណបក្សសង្គ្រោះជាតិចំនួន១១៨រូប មិនឱ្យធ្វើនយោបាយក្នុងប្រទេសកម្ពុជារយៈពេល៥ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសឃុបឃិតជាមួយបរទេសក្បត់ជាតិខ្លួនឯង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ចំពោះអាសនៈតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ដែលនៅទំនេរក្នុងរដ្ឋសភានោះ មានចំនួន៥៥អាសនៈ៕

សូមអានសេចក្ដីសម្រេចរបស់ គ.ជ.ប ខាងក្រោម៖
















មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាចែករំលែកបទពិសោធន៍ការងារគ្រប់គ្រងរមណីយដ្ឋានអង្គរដល់ប្រតិភូមកពីប្រទេសឥណ្ឌូណេស៊ី

តបតាមការស្នើសុំរបស់ប្រទេសឥណ្ឌូណេស៊ី ដែលបានមើលឃើញពីភាពជោគជ័យនៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍លើការងារអភិរក្សរមណីយដ្ឋានអង្គរ ដល់ប្រតិភូនៃប្រទេសឥណ្ឌូណេស៊ីចំនួន១២រូប ដែលជាមន្ត្រីជំនាញផ្នែកគ្រប់គ្រងទេសចរណ៍នៅប្រាសាទបូរ៉ូប៊ូឌួ។

ការចែករំលែកបទពិសោធន៍នេះ ធ្វើឡើងនៅសណ្ឋាគារបុរីអង្គរខេត្តសៀមរាប ក្រោមអធិបតីភាភាព លោក សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដោយមានការធ្វើបទបង្ហាញទៅលើប្រធានបទសំខាន់មួយចំនួនដូចជា តួនាទីនិងបេសកកម្មនៃអាជ្ញាធរជាតិអប្សរា ការងារអភិរក្សជួសជុលប្រាសាទ ការគ្រប់គ្រងបរិស្ថានអង្គរ ការអភិវឌ្ឍសហគមន៍ និងការអភិវឌ្ឍន៍ទេសចរណ៍អង្គរ។

ប្រធានប្រតិភូ លោក Rino Wicaksono បានបង្ហាញអំពីគោលបំណងនៃក្រុមការងាររបស់លោកថា ប្រាសាទបូរ៉ូប៊ូឌួ (Borobudur) គឺជាប្រាសាទទោលដ៏ល្អឯករបស់ប្រទេសឥណ្ឌូណេស៊ី តែយើងទទួលបានភ្ញៀវទេសចរណ៍តែក្នុងរវាង៤ម៉ឺននាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ។ “យើងមកទីនេះដើម្បីរៀនសូត្រពីរបៀបគ្រប់គ្រងរមណីយដ្ឋានអង្គរ ជាពិសេស គឺការគ្រប់គ្រងភ្ញៀវទេសចរណ៍ ដែលមកទស្សនាអង្គរជារៀងរាល់ឆ្នាំ។ យើងសង្ឃឹមថា ជំនួបលើកនេះ គឺជាការចាប់ផ្តើមនៃទំនាក់ទំនងដ៏ល្អនាពេលអនាគតយូរអង្វែងរវាងរមណីយដ្ឋានអង្គរ និងប្រាសាទបូរ៉ូប៊ូឌួនៃប្រទេសឥណ្ឌូណេស៊ី”។ លោកបន្ថែមថា លោកនឹងធ្វើរបាយការណ៍នៃជំនួបនេះដាក់ជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានាធិបតីរបស់លោក ដើម្បីបន្តការងារលើកិច្ចសហប្រតិបត្តិការនេះ។

លោក សុខ សង្វារ បានបង្ហាញនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ដោយសង្កត់ធ្ងន់ថា អាជ្ញាធរជាតិអប្សរាតែងរីករាយនឹងការចែករំលែក និងសិក្សាផ្លាស់ប្តូរបទពិសោធន៍ការងាររបស់ខ្លួនជាមួយនឹងបណ្តាប្រទេសដទៃជានិច្ច។ លោកបន្ថែមថា អាជ្ញាធរជាតិអប្សរាពិតជារីករាយក្នុងការបន្តលើកិច្ចសហប្រតិបត្តិការជាផ្លូវការ ដែលអាចនឹងកើតមាននាពេលខាងមុខនេះ រវាងរមណីយដ្ឋានអង្គរ និងប្រាសាទបូរ៉ូប៊ូឌួ។

លោកក៏បានបង្ហាញដល់គណៈប្រតិភូអំពីដំណាក់កាលវិវត្តន៍សំខាន់ៗ នៃរមណីយដ្ឋានអង្គរដូចជា ការដាក់អង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់ក្នុងឆ្នាំ១៩៩២ ការបង្កើតគណៈកម្មាធិការ ICC-Angkor ការកំណត់ព្រំរមណីយដ្ឋានអង្គរ ការបង្កើតអាជ្ញាធរជាតិអប្សរា ការបង្កើតច្បាប់ការពារបេតិកភណ្ឌ និងការទទួលបានសន្តិភាពពេញលេញលើផ្ទៃប្រទេស តាមរយៈគោលនយោបាយឈ្នះៗ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតធ្វើឲ្យអង្គរលែងជាបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់ចាប់ពីឆ្នាំ២០០៤មក។

ជាមួយគ្នានេះដែរ ប្រតិភូនៃប្រទេសឥណ្ឌូណេស៊ីក៏បានធ្វើបទបង្ហាញជូនមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាអំពីការងារគ្រប់គ្រងនៅប្រាសាទបូរ៉ូប៊ូឌួ និងការគ្រប់គ្រងទេសចរណ៍នៅទីនោះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ជាមួយអាជ្ញាធរជាតិអប្សរា៕




ក្រសួងសង្គមកិច្ច បើកសិក្ខាសាលាស្តីពីការងាររដ្ឋបាលហិរញ្ញវត្ថុ និងផែនការ ដល់មន្ត្រីរាជការ

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង លោក នូ នីម អនុរដ្ឋលេខាធិការ តំណាង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការងាររដ្ឋបាល ហិរញ្ញវត្ថុ និងផែនការ ដល់មន្ត្រីរាជការនៅថ្នាក់កណ្តាល និងថ្នាក់រាជធានី ខេត្ត សរុបប្រមាណចំនួន ១០០ នាក់។ សិក្ខាសាលាប្រព្រឹត្តទៅរយៈពេល ០៥ ចាប់ពីថ្ងៃទី២០ នឹងបញ្ចប់នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលរួមមានជំនាញការងាររដ្ឋបាល ហិរញ្ញវត្ថុ និងផែនការ ដែលជាជំនាញទូទៅដែលមន្ត្រីគ្រប់រូបត្រូវចេះដឹងបន្ថែមលើជំនាញបច្ចេកទេសក្នុងការអនុវត្តការងារនាពេលបច្ចុប្បន្ន និងពេលអនាគត ។

លោក នូ នីម មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឱ្យសង្គមជាតិទាំងមូល មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលជាកត្តាគន្លឹះសំខាន់បំផុត ដើម្បីឈានទៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ អនុលោមតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្ររបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមការដឹកនាំរបស់លោក វង សូត បានចាត់ទុកការអភិវឌ្ឍ និងការពង្រឹងសមត្ថភាពមន្ត្រីរាជការ ជាកម្មវិធីអាទិភាពដែលមាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ជាអង្គភាពអនុវត្តបេសកកម្ម។
ក្នុងឱកាសនោះដែរ លោក នូ នីម បានផ្តល់ជាអនុសាសន៍ដល់មន្ទីរ ស.អ.យ រាជធានី ខេត្ត និងអង្គការក្រោមឱវាទក្រសួងចូលរួមជំរុញការអនុវត្តការងារអាទិភាព ៨ ចំណុច ដូចខាងក្រោម៖
១- លើកកម្ពស់សុខុមាលភាពសង្គម និងកិច្ចការគ្រួសារ
២- លើកកម្ពស់សុខុមាលភាពកុមារ និងយុវនីតិសម្បទា
៣- លើកកម្ពស់សុខុមាលភាពសម្រាប់ជនពិការ
៤- លើកកម្ពស់សុខុមាលភាពមនុស្សចាស់
៥- លើកកម្ពស់វិស័យអតីតមន្ត្រីរាជការស៊ីវិល
៦- លើកកម្ពស់វិស័យអតីតយុទ្ធជន
៧- បង្កើតរបបសន្តិសុខសង្គមសម្រាប់ប្រជាជនទូទៅ
៨- ពង្រឹងសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ៕






អ្នកប្រើប្រាស់ Facebook ម្នាក់ រិះគន់អតីតចៅសង្កាត់អូរចារ Sin Rozeth បន្ទាប់ពីបង្ហោះសារសម្តែងតួកំសត់ ពេលបាត់បង់តំណែង

គណនី Facebook ឈ្មោះ Sothea Seng នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ បានបង្ហោះនូវមតិយោបល់ ឆ្លើយតបទៅនឹងអតីតចៅសង្កាត់អូរចាររបស់បក្សប្រឆាំងឈ្មោះ Sin Rozeth ដែលកាលពីពេលថ្មីៗនេះបានបង្ហោះសារអមដោយរូបភាព ផ្លែផ្កា និងឌឺដង ដាក់ឱ្យអាជ្ញាធរសង្កាត់អូរចារ ក៏ដូចជាអភិបាលរងក្រុងបាត់ដំបង ដែលបានបញ្ចប់ការងាររបស់ខ្លួន បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូល ពីបទក្បត់ជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

Facebook ឈ្មោះ Sin Rozeth កាលពីថ្ងៃទី១៧វិច្ឆិកា បានបង្ហោះថា «ខ្ញុំសុំតែឱកាសចុងក្រោយ សរសេរសំបុត្របញ្ជាក់កំណើតជាង២០០នាក់​ ដែលនៅសល់ជូនពលរដ្ឋអូរចាររបស់ខ្ញុំក៏មិនបានដែរ ព្រោះសាលាសង្កាត់អូរចារពេលនេះ គេបានប្តូរមេសោរហើយ»។ ឈ្មោះ Sin Rozeth ថែមទាំងបានបង្ហោះសារអមដោយរូបភាពក្នុងន័យបំភ័ន្តភ្នែកគេ ឬហាក់ដូចជាចង់ប្រាប់ថាខ្លួនជាអ្នកស្រឡាញ់ប្រជាពលរដ្ឋខ្លាំងណាស់ ហើយទំនងជាគិតថាក្រៅពីខ្លួនគឺគ្មានអ្នកស្រឡាញ់ និងបំរើប្រជាពលរដ្ឋទេ។

ឆ្លើយតបនឹងការបង្ហោះផ្សាយនៅ អ្នកប្រើប្រាស់គណនី Facebook ឈ្មោះ Sothea Seng បានលើកឡើងថា «#បើប្អូនស្រីដាក់ចិត្តស្មោះដើម្បីបំរើពលរដ្ឋយ៉ាងពិតប្រាកដនោះ _មិនទាន់ហួសពេលទេ_បក្សណាក៏ដូចបក្សណាដែរបើ CPP មិនល្អដូចប្អូនស្រីគិតនោះ ម្ល៉េសប្អូនស្រីមិនមានឱកាសមកធ្វើជាចៅសង្កាត់ប្រកបដោយភាពហ៊ឺហារ ប្រើសុទ្ធតែសម្ភារៈនិយម បែបនេះដែរ។ល។
«សាកសពដែលស្លាប់ហើយ មិនអាចមានដង្ហើមទេ ហើយ សាកសពនោះក៏មិនអាចងើបមកហាត់កីឡាបានឡើយ» សំបុត្រកំណើត ត្រឹម ២០០ នាក់មិនបញ្ហាទេ CPPចាប់ផ្តើមមកតាំងពីបាតដៃទទេ រហូតដល់ពលរដ្ឋ ខ្លះមានវិឡា ឡានទំនើប រួមទាំងប្អូនស្រីដែរ គឺ ពីក្មេងស្រីម្នាក់ដែលទទួលការលំបាក ធ្លាប់ស្នាក់ក្នុង ទីស្នាក់ការបក្ស ឥឡូវប្អូនស្រីប្រែមុខមាត់ថ្មី មានវិឡា ឡាន ចូលហាងសុទ្ធតែប្រែន តើប្អូនស្រីនៅថាវេទនាទៀត ?

អ្នកប្រើប្រាស់បណ្តាញសង្គមដដែលរូបនេះបានបន្តថា រឿងក្រ រឿងវេទនា ជាវាសនារបស់មនុស្សទូទៅ ខ្ញុំជាមនុស្សចាស់ម្នាក់ មិនគួររិះគន់ប្អូនស្រីទេ តែប្អូនពូកែសំដែង ប្អូនមើលចៅសង្កាត់រាប់រយនាក់ទៀតផង ពេលបក្សប្រឆាំងត្រូវរំលាយ គឺត្រូវអស់សុពលភាពសិទ្ធិហើយ សម្តេចទុករយៈពេលពីរអាទិត្យ គឺទុកឱកាសដើម្បីសំរេចចិត្ត ចូលរួមបំរើពលរដ្ឋ និងសង្គមបន្តទៀត គឺមិនមែនទុកសិទ្ធិអោយទេ សូមយល់ដោយការពិចារណាផង៕


បេឡាជាតិរបបសន្តិសុខសង្គម និងធនាគារឯកទេសវីង ចុះអនុស្សារណៈយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្មសម្រាប់បង់ភាគទានមកបេឡាជាតិរបបសន្តិសុខសង្គម

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និង ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្មសម្រាប់បង់ភាគទានមក បេឡាជាតិរបបសន្តិសុខសង្គម ដែលប្រព្រឹត្តនៅសណ្ឋាគារ កាំបូឌីយ៉ាណា។

ពិធីនេះដែរធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម និងលោក Ruan Swanepoel នាយកជាន់ខ្ពស់ ទទួលបន្ទុកពាណិជ្ជកម្ម ក្នុងគោលបំណងផ្តល់សេវា និងទូទាត់ជូនកម្មករនិយោជិត ដែលទទួលរងគ្រោះថ្នាក់ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ក៏ដូចជាការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល សម្រាប់ស្ត្រីនៅពេលសម្រាលកូន ឲ្យបានទាន់ពេលវេលា និងឆាប់រហ័សជាងមុន៕