ឯកឧត្តម ឈាង វុន
សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ
ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥ នៃរដ្ឋសភា) បានលើកឡើងថា
កម្ពុជាកំពុងស្ថិតក្នុងបរិបទមួយដែលល្អណាស់ នោះគឺគណបក្សធំៗទាំងពីរ បានស្រុះស្រួលគ្នាជ្រើសរើសយកវប្បធម៌សន្ទនាដើម្បីធ្វើការដោះស្រាយបញ្ហាដែលប្រឈមចំពោះមុខ
ពិសេសគឺដំណើរការនៃការរៀបចំច្បាប់បោះឆ្នោតថ្មី។
ការលើកឡើងរបស់ឯកឧត្តម
ឈាង វុន ដូច្នេះ គឺធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន
ពាក់ព័ន្ធនឹងការងាររដ្ឋសភា ដែលជាវេទិកាប្រចាំខែក្នុងទំនាក់ទំនងរវាងរដ្ឋសភា និងអ្នកសារព័ត៌មាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ដោយ ឯកឧត្តម
ឈាង វុន បានលើកឡើងថា «ក្រោយពីកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣
យើងបានខំប្រឹងប្រែងអស់ពីកំលំាំងចិត្ត កំលាំងកាយទាំងពីរគណបក្សហ្នឹងដើម្បីធ្វើឲ្យចេញនូវបទដ្ឋាន
ការបោះឆ្នោត ដោយសេរី ឯករាជ្យ ហើយធ្វើយ៉ាងណាធានាឲ្យប្រជាពលរដ្ឋរបស់យើងលោកមានសិទ្ធិសេរីភាពនិងអំណាចរបស់លោកក្នុងការជ្រើសរើសថ្នាក់ដឹកនាំកុំឲ្យមានបញ្ហាទៅមុខទៀត។
អញ្ចឹងហើយដើម្បីធ្វើកិច្ចការហ្នឹង បានឆ្លងកាត់តាមការពិភាក្សាគ្នា ដោះដូរយោបល់គ្នា
រហូតដល់ថ្មីៗនេះ វប្បធម៌ប្រឈមដាក់គ្នាត្រូវបាន ថ្នាក់ដឹកនាំទាំងពីរគឺ ឯកឧត្តម
សម រង្ស៊ី ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន
ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរស្រុះស្រួលគ្នាឈប់ប្រើវប្បធម៌ប្រឈម ដោយយកវប្បធម៌សន្ទនាមកអនុវត្ត
ដើម្បីឲ្យដំណើរការអស់ហ្នឹងបានល្អ។»
ឯកឧត្តម ឈាង វុន
បានលើកឡើងទៀតថា ការសន្ទនាគ្នានេះបានដំណើរការមករហូតដល់គណបក្សទាំងពីរ បានស្រុះស្រួលគ្នាធ្វើការតាក់តែងច្បាប់ស្តីពីការធ្វើសវនកម្មនៅក្នុងបទបញ្ជាផ្ទៃក្នុង
ក៏ដូចជាវិសោធនកម្មនៅក្នុងរដ្ឋធម្មនុញ្ញ ហើយថ្មីៗនេះទៀតយើងបានជំរុញរហូតដល់ការរៀបចំឡើងវិញ
នូវច្បាប់ស្តីពីការបង្កើតនូវដំណើរការរចនាសម្ព័ន្ធរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតថ្មី
ហើយជាមួយគ្នានោះច្បាប់បោះឆ្នោតថ្មីក៏ត្រូវបានតាក់តែងឡើង ដែលបច្ចុប្បន្នច្បាប់ទាំងពីរនេះបានមកដល់រដ្ឋសភាហើយ
ហើយរដ្ឋសភានឹងជជែកគ្នា ដើម្បីអនុម័តច្បាប់ទាំងពីរនេះនៅថ្ងៃទី១៩ ខាងមុខនេះ។ ឯកឧត្តមបន្តថា
«ដើម្បីធ្វើកិច្ចការហ្នឹងកើតគឺផ្ទេរពីគណបក្សមករដ្ឋសភា ចឹងហើយអ្នកតំណាងរាស្ត្រមួយចំនួនធំ
ទាំងពីរគណបក្សហ្នឹងបានចុះហត្ថលេខាស្នើសុំបង្កើត កិច្ចប្រជុំពេញអង្គជាវិសាមញ្ញ
នៅថ្ងៃទី១៩ហ្នឹង ដើម្បីអនុម័តច្បាប់ទាំងពីរហ្នឹង។
ដើម្បីឲ្យរឿងហ្នឹងឆាប់ចប់ ព្រោះប្រតិទិននៃការបោះឆ្នោតទៅថ្ងៃមុខហ្នឹង គឺកាន់តែខិតជិតមកដល់ហើយ
យើងត្រូវធ្វើ បញ្ជីបោះឆ្នោតថ្មី ត្រូវធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋដែលជា
ឯកសារតែមួយគត់ក្នុងការទៅចុះឈ្មោះបោះឆ្នោត។»
ឯកឧត្តម ឈាង វុន បញ្ជាក់បន្ថែមទៀតថា
នៅពេលដែលយើងអនុម័តច្បាប់បោះឆ្នោតថ្មីហើយ ច្បាប់ពីរហ្នឹងជាច្បាប់ដែលមានលក្ខណៈជាច្បាប់រៀបចំអង្គការ ដូច្នេះចាំបាច់ក្រោយពីរដ្ឋសភាអនុម័តហើយ
ត្រូវបញ្ជូនទៅព្រឹទ្ធសភា ព្រឹទ្ធសភាអនុម័តរួច ត្រូវបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ លុះត្រាតែក្រុមប្រឹក្សាធម្មនុញ្ញថាច្បាប់ហ្នឹងមិនប្រឈមជាមួយហ្នឹងរដ្ឋធម្មនុញ្ញ
ទើបអាចទៅរួច។ អ្វីដែលជាការប្រឈមនឹងច្បាប់រដ្ឋធម្មនុញ្ញ គឺច្បាប់បាននិយាយថា
អ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញគឺខ្លឹមសារទាំងអស់ មាត្រាច្បាប់ធម្មនុញ្ញទាំងអស់គឺមិនឲ្យប៉ះពាល់
នូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ សិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋ ។ល។ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញធ្វើរួចហើយ បានត្រឡប់មករដ្ឋសភាវិញ
សភាបញ្ជូនទៅថ្វាយព្រះកុរណាដើម្បីឲ្យព្រះអង្គឡាយព្រហស្ថលេខាដើម្បីប្រកាសឲ្យប្រើច្បាប់នេះ។
បន្ទាប់ពីអនុម័តច្បាប់នេះរួច
គឺមកដល់ការជ្រើសរើសសមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោតទៅតាមគោលការណ៍ដែលគណបក្សទាំងពីរបានសម្រេចជាមួយគ្នា
គឺគណបក្សនៅក្នុងរាជរដ្ឋាភិបាលជ្រើសរើស៤ គណបក្សក្រៅរដ្ឋាភិបាលជ្រើសរើស៤ និងគណបក្សទាំងពីរជ្រើសរើស១
(ឯករាជ្យ)។ ជាមួយគ្នានោះដែរគេនឹងធ្វើការផ្ទៀងផ្ទាត់ពីលក្ខខណ្ឌទាំងអស់ ដែលក្នុងច្បាប់បានចែង។
»នៅពេលដែលច្បាប់អនុម័តហើយ
យើងនឹងប្រកាស គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គឺប្រកាសស្នើឲ្យអ្នកដែលចង់មកធ្វើជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដាក់ពាក្យ
រួចហើយគណៈអចិន្ត្រៃយ៍ ទុកពេលឲ្យ១០ថ្ងៃសំរាប់បេក្ខជនដាក់ពាក្យ បន្ទាប់មកទៀតគណៈកម្មាធិការអចិន្ត្រៃយ៍នឹងចរចារជាមួយនិងគណៈបក្សទាំងពីរដើម្បីឲ្យគណបក្សនីមួយៗជ្រើសរើសបេក្ខជន
ព្រោះយើងបានឃើញហើយនៅក្នុងរដ្ឋធម្មនុញ្ញ គណបក្សកម្មាធិការជាតិរៀបចំការបោះឆ្នោតហ្នឹង
គឺឯករាជ្យ ហើយមានអធិបតេយ្យច្បាស់លាស់។»
នៅក្នុងនីតិវិធីជ្រើសរើសនេះ គណកម្មាធិការអចិន្ត្រៃយ៍មាន១៣រូប ប្រធានរដ្ឋសភា
អនុប្រធានទាំងពីរហើយនឹងប្រធានគណៈកម្មាការ១០រូប
ត្រូវធ្វើការចរចារ នឹងជ្រើសរើសសមាជិកដែលបំពេញលក្ខខណ្ឌទាំងអស់ទៅតាមផ្លូវច្បាប់
ហើយដាក់ជូនគណបក្សនីយមួយៗជ្រើសរើស។ សភានឹងប្រជុំអនុម័តអំពីសមត្ថភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១៣
ខែមេសា ដើម្បីធ្វើជាកាដូធំមួយជូនប្រជាពលរដ្ឋរបស់យើង ដូច្នេះពីថ្ងៃនេះទៅមុខ
ក្រោយការបោះឆ្នោតគឺមិនអាចមានបាតុភាពទៀតទេ ព្រោះច្បាប់នេះជាច្បាប់ធានាពីសិទ្ធិប្រជាពលរដ្ឋផង
ពីសិទ្ធិនយោបាយរបស់បុគ្គលម្នាក់ៗផង ហើយមិនអាចធ្វើឲ្យមានកករល្អក់ក្រោយការបោះឆ្នោតបានទេ។
ឯកឧត្តម បានសង្កត់ធ្ងន់ថា
«យើងត្រូវចរចារការរៀបចំច្បាប់គ្រប់យ៉ាងទាំងអស់គឺធ្វើយ៉ាងណាដើម្បីធានាស្ថិរភាពសង្គម
ធានាសន្តិសុខសង្គម ព្រោះការដែលធ្វើឲ្យស្ថិរភាពសង្គមមានការលំបាក ដំណើរការទៅមិនល្អ សន្តិសុខហាក់ដូចជាត្រូវគំរាមគំហែង
ប្រជាពលរដ្ឋយើងជាអ្នកទទួលរងគ្រោះ ជាអ្នកទទួលថ្មបាក់ ព្រោះគាត់ភ័យខ្លាចណាស់
ដោយយើងធ្លាប់រត់កាត់សង្គ្រាម ២០-៣០ឆ្នាំ ទទួលរងគ្រោះព្រាត់ប្រាស់គ្រួសារ បន្សល់នូវកូនកំព្រា
ស្ត្រីមេម៉ាយ ។ល។ ទម្រំបានដល់ថ្ងៃនេះ គឺលំបាកណាស់ ចឹងហើយប្រជាពលរដ្ឋរបស់យើងនេះលោកភ័យខ្លាចថាអ្វីដែលគាត់បានរហូតមកដល់ថ្ងៃនេះ
ត្រូវបាត់ត្រឡប់ទៅវិញ។»
ឯកឧត្តម ឈាង វុន បន្ថែមថា
អ្វីៗដែលប្រជាពលរដ្ឋ បានមកដល់ថ្ងៃនេះ
គឺសិទ្ធិរស់រានមានជីវិត ដោយអត់ភ័យខ្លាច សិទ្ធិផ្ទះសំបែង សិទ្ធិកម្មសិទ្ធិដីធ្លី
សិទ្ធិដែលអាចឲ្យកូនចៅរបស់គាត់ទៅរៀនបាន សិទ្ធិហោះហើរដើរធ្វើដំណើរបានដោយសេរី
សិទ្ធិស្លៀកពាក់ស្អាតបាត និងហូបចុកគ្រប់គ្រាន់ ហើយសិទ្ធិទាំងអស់ហ្នឹង ត្រូវបានរដ្ឋធានារហូតមកដល់ពេលនេះ។
ផ្ទុយទៅវិញបើសិនជាមិនមានអស្ថិរភាពក្នុងសង្គម អស្ថិរភាពនឹងសន្តិសុខមិនធានា
ធ្វើឲ្យគាត់ភ័យខ្លាច ធ្វើឲ្យគាត់ព្រួយបារម្ភ ដូច្នេះច្បាប់បោះឆ្នោតថ្មីរបស់យើងនេះ
នឹងធានាប្រជាពលរដ្ឋយើងកុំឲ្យគាត់ភ័យខ្លាចតទៅទៀត ហើយការធានាពីសិទ្ធិសេរីភាពរបស់គាត់ ឲ្យមានសិទ្ធិរស់នៅក្នុងមាតុភូមិដោយអត់ភ័យខ្លាច
ដែលនេះជាចំណុចសំខាន់ណាស់។
នេះគឺជាការខិតខំប្រឹងប្រែង យ៉ាងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋនៅក្នុងបរិបទនៃនយោបាយសន្ទនារបស់រាជរដ្ឋាភិបាលនីតិកាលទី៥នេះ៕
អត្ថបទ៖
ច័ន្ទ ទេវី