Monday, March 27, 2023

WATCH VIDEO: បែកធ្លាយវីដេអូថ្មីទៀតហើយ ទាក់ទងនឹងសំឡេង លោក លី សុធា រ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន ទូរស័ព្ទទៅស្រីស្នេហ៍នៅខេត្ត ចំពេលប្តីគេមិននៅផ្ទះ

 

(ភ្នំពេញ)៖ វីដេអូនៃសំឡេងសន្ទនាបែបស្រើបស្រាលថ្មីមួយរបស់ អគ្គលេខាធិការបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ ត្រូវបានគេទម្លាយតាមបណ្តាញសង្គមហ្វេសប៊ុកបន្តទៀតហើយ នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ។

នេះជាវីដេអូទី៩ ហើយ ដែលត្រូវបានគេទម្លាយជារៀងរាល់រាត្រី ចាប់តាំងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣មក ក្នុងនោះមានតាមហ្វេសប៊ុកមួយចំនួនដូចជា Khmer Leak, Thatsak, Mo Ana និង Anna Andonian ជាដើម។ 

សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី ៧

 CNV:

ឯកឧត្តម ដាតូ សេរី អាន់វ៉ា អីប្រាហ៊ីម (Dato Seri Anwar Ibrahim)នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី
ឯកឧត្តម លោកជំទាវ, ឯកអគ្គរាជទូត, ឯកអគ្គរដ្ឋទូត
លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា
សម្តេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី បងប្អូនសាសនិកឥស្លាមជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមជាថ្មីម្តងទៀត ក្នុងពិធីពិសាអាហារស្រាយបួស ខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៧ នាពេលនេះ ។ ខ្ញុំសូមស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះឯកឧត្តម ដាតូ សេរី អាន់វ៉ា អីប្រាហ៊ីម (Dato Seri Anwar Ibrahim)នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងប្រតិភូ អង្គការសហប្រតិបត្តិការឥស្លាម ដែលបានអញ្ជើញមកចូលរួមស្រាយបួស ដោយផ្ទាល់នៅកម្ពុជា ។


[ចាប់ផ្ដើមអត្ថាធិប្បាយបន្ថែម]

ខ្ញុំក៏សូមស្វាគមន៍ផងដែរ ចំពោះឯកឧត្តម យូ ស៊ុហ្វកាឡា អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធាន CAPDI ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមជាមួយយើង។ ខ្ញុំអរគុណដែលឯកឧត្តមមិនភ្លេចជាមួយនឹងការចងចាំអនុស្សាវរីយ៍ទាំងឡាយនៅកម្ពុជា។ ហើយសង្ឃឹមថា ថ្ងៃស្អែកយើងនឹងជួបពិភាក្សាគ្នាបន្តទៅទៀត។

[ចប់ការអត្ថាធិប្បាយបន្ថែម]

ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះការខិតខំ និងការយកចិត្តទុកដាក់របស់គណៈកម្មការរៀបចំអាហារស្រាយបួស ខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ដែលបានសហការរៀបចំនូវពិធីដ៏មានសារៈសំខាន់សម្រាប់បងប្អូនសាសនិកឥស្លាម ដើម្បី ១). មាន​អារម្មណ៍ជិតស្និទ្ធជាមួយព្រះជាម្ចាស់ ២).​ចំណាយពេលវេលាជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ៣). ចូលរួមក្នុងសកម្មភាពសប្បុរសធម៌ និង ៤). រម្លឹកដល់មនុស្ស ដែលមានវាសនាមិនល្អ។

រាជរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនា​នានាដោយគ្មានការរើសអើង។ ជាក់ស្តែង រាជរដ្ឋាភិបាល​បានបើកទូលាយដល់បងប្អូនខ្មែរឥស្លាមតាមរយៈ ១). ការអនុញ្ញាតឱ្យសិស្សនិស្សិត​ឥស្លាមស្លៀកសម្លៀកបំពាក់ប្រពៃណីនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត ២). ការរៀបចំកន្លែងថ្វាយបង្គំនៅតាមទីសាធារណៈ។

ទន្ទឹមនេះ ខ្ញុំបានរៀបចំឱ្យមានការបង្កើតគណៈដឹក​នាំ​ជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលជាស្ថាប័នកំពូលឥស្លាម និងមានលោកឧកញ៉ា សុះ កំរ៉ី ជាចាងហ្វាងដឹកនាំ ក្នុងឆ្នាំ២០០០។ លើសពីនេះ ក្នុងនាមជានាយករដ្ឋមន្រ្តី និងប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំបានផ្តល់តួនាទីជាន់ខ្ពស់ដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូបនៅតាមក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ម៉្យាងទៀត រាជរដ្ឋាភិបាលក៏បានផ្តល់ថវិកា និងក្របខណ្ឌគ្រូបង្រៀនដល់សហគមន៍ខ្មែរឥស្លាម ដើម្បីកាត់បន្ថយបន្ទុកចំណាយ និងលើកកម្ពស់កម្រិតជីវភាពរបស់សហគមន៍ និងគ្រួសារបងប្អូនខ្មែរឥស្លាម តាមរយៈការលើកកម្ពស់ការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យសាសនា បច្ចេកវិទ្យា និង នវានុវត្តន៍។

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី !
នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងក្នុងអំឡុង​ពេលនៃសង្គ្រាមជាបន្តបន្ទាប់ ជំនឿសាសនា ពិសេស សាសនា​ឥស្លាមត្រូវបានលុបបំបាត់ទាំងស្រុង។ ការណ៍នេះគឺជាលទ្ធផលនៃជម្លោះផ្ទៃក្នុង និងការហែកហួរគ្នា ហើយក៏ជាលទ្ធផលនៃការដណ្តើមអំណាច និងការព្យាយាមផ្លាស់ប្តូរ​រដ្ឋាភិបាល ដោយការប្រើប្រាស់កម្លាំងការខ្វះនូវសាមគ្គីភាព​ផ្ទៃក្នុង និងឯកភាពជាតិ។

តាមរយៈការអនុវត្ត នយោបាយឈ្នះឈ្នះ ដែលឈរលើមូលដ្ឋាននៃស្មារតីមហាសាមគ្គីជាតិ និងឯកភាពជាតិ ក្នុងគោលដៅបង្រួបបង្រួមកម្លាំងប្រជាជាតិទាំងមូលជាធ្លុងមួយ ក្រោមបាវចនា “ជាតិ សាសនា ព្រះមហាក្សត្រ” រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ដោយពុំមាន​ការបង្ហូរ​ឈាម​ជាតិ​សាសន៍​ឯង សំដៅស្តារឡើងវិញ និងរក្សាបាននូវសុខសន្តិភាពជូនប្រជាជន ដែលការណ៍នេះគឺ​ជា​បុរេ​លក្ខខណ្ឌ​​​សម្រាប់​អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ សុខសន្តិភាព ដែលយើងខិតខំរកបានយ៉ាងលំបាក កំពុងត្រូវ​បាន​ខិតខំថែរក្សា ការពារ ទោះក្នុងតម្លៃណាក៏ដោយ ហើយសុខសន្តិភាព​នេះកំពុងផ្តល់ផ្លែផ្កាជាច្រើនដល់ប្រជាជនកម្ពុជាគ្រប់រូប រួមទាំងបងប្អូនសាសនិក-សាសនិកាខ្មែរឥស្លាមផងដែរ។

ជាក់ស្តែង កម្ពុជាពីមុនដែលល្បីថាជាវាលពិឃាត ជាតំបន់អសន្តិសុខជាចម្ការមីន ដែលមាន​ការភ័យខ្លាចគ្រប់គ្នា ឥឡូវនេះបានក្លាយជា “កោះសន្តិភាព” និងជាតំបន់ទេសចរណ៍​ប្រកបដោយប្រជា​ប្រិយ​ភាព។ កម្ពុជាពីមុន ដែលជាប្រទេស​អន់ថយខាងផ្នែកសេដ្ឋកិច្ចគ្របដណ្តប់ទៅដោយភាពក្រីក្រ និងមានអសន្តិសុខស្បៀង ឥឡូវនេះបានក្លាយជាប្រទេសនាំស្បៀងចេញ និងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ។ កម្ពុជា​ពីមុនដែលជាប្រទេសទទួលរងការហ៊ុមព័ទ្ធ និងឯកាទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវនេះបានក្លាយជាប្រទេស​មួយ ដែលកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និង និម្មាបនកម្មសកល និងជាប្រទេសដែលកំពុងដើរតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ។

លើសពីនេះ សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា​ត្រូវបានធានា ហើយសេរីភាព​សាសនាត្រូវបានស្តារឡើងវិញទាំងស្រុង។ រាជរដ្ឋាភិបាលតែងតែលើកកម្ពស់សេរីភាពជំនឿ និងជំរុញសុខដុមនីយកម្មសាសនាក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់លក្ខណៈងាយស្រួលដល់សាសនិក-សាសនិកាគ្រប់រូប ក្នុងការប្រណិប័តន៍ជំនឿគ្រប់សាសនា និងការប្រឆាំងដាច់ខាតចំពោះការរើសអើងពូជសាសន៍ និង ជំនឿសាសនា។ ជាលទ្ធផលជម្លោះ ឬសង្រ្គាមសាសនាពុំធ្លាប់កើតមានក្នុងប្រវត្តិសាស្រ្តទំនើបរបស់កម្ពុជានោះ​ឡើយ ហើយកម្ពុជាត្រូវបានទទួលស្គាល់ និងទទួលបានការកោតសរសើរពីមជ្ឈដ្ឋានជាតិ-អន្តរជាតិ ចំពោះសុខដុមភាពជំនឿសាសនា ដែលកម្ពុជាសម្រេចបាន ជាមួយនឹងការថែរក្សា​នូវ​ចីរភាពនៃសុខដុមភាពដ៏ប្រពៃនេះ។

ខ្ញុំសូមឆ្លៀតឱកាសនេះ លើកទឹកចិត្ត និងផ្តល់នូវទស្សនៈមួយចំនួន ដូចខាងក្រោម៖

ទី១. រាជរដ្ឋាភិបាលកម្ពុជាលើកកម្ពស់សេរីភាពជំនឿសាសនា លើកកម្ពស់ចីរភាពនៃសុខដុមនីយ​កម្ម ជំនឿសាសនា និងសុខសន្តិភាព ដែលជាកត្តាដ៏សំខាន់ និងចាំបាច់មិនអាចខ្វះបាន សម្រាប់គ្រប់​ការអភិវឌ្ឍ​ប្រទេសជាតិ និងវិបុលភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា។

[ចាប់ផ្ដើមធ្វើអត្ថាធិប្បាយបន្ថែម]

ខ្ញុំក៏គួរត្រូវបញ្ជាក់ឡើងវិញថា ការខុសគ្នាខាងជាតិសាសន៍​ និងសាសនាមិនមែនជាឧបសគ្គនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនោះទេ។ យើងត្រូវចូលរួមគ្នាគ្រប់និន្នាការ គ្រប់ជាតិសាសន៍ និងសាសនា ដើម្បីដំណើរឈានឆ្ពោះទៅដល់ការរីកចម្រើននៃប្រទេសជាតិរបស់យើង។

[ចប់ការធ្វើអត្ថាធិប្បាយ]

ទី២. ក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នា ក្នុងការ​ផ្តល់លក្ខណៈងាយស្រួលដល់ការគោរពប្រណិប័តន៍ជំនឿសាសនា សហការជិតស្និទ្ធជា​មួយថ្នាក់​ដឹកនាំ និងសហគមន៍សាសនា ដោយឈរលើគោលការណ៍សុខដុមនីយកម្មជំនឿសាសនា និងសម្រួល​​​ដល់ការងារកសាងវិហារឥស្លាមនៅតាមបណ្តាភូមិ ដែលមានសាសនិកឥស្លាមរស់នៅច្រើន តាមតម្រូវ ការ​ជាក់ស្តែង។

ទី៣. គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ដើម្បីកៀរគរ ទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ សំដៅ​រួម​ចំណែកដល់ការលើកកម្ពស់ជីវភាពសហគមន៍ខ្មែរឥស្លាម តាមរយៈការអភិវឌ្ឍមូលធនមនុស្សសម្រាប់ការទទួល និងការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍ដល់សហគមន៍ខ្មែរឥស្លាម។

ទី៤. ខ្ញុំសូមលើកទឹកចិត្តខ្ពស់ដល់សាសនិក-សាសនិកា​ឥស្លាមឱ្យគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដ៏វិសុទ្ធនៃពិធីបុណ្យរ៉ាម៉ាឌន និងសូមលើកទឹកចិត្តឱ្យមានការចូលរួមលើកកម្ពស់សុខដុមនីយកម្មជាតិសាសន៍ និងជំនឿសាសនានៅកម្ពុជា តាមរយៈការបង្កើតទំនាក់ទំនងល្អ សាមគ្គីភាព និងការមិនរើសអើងពូជសាសន៍ និងសាសនាដទៃ។

ខ្ញុំសង្ឃឹមថា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនសាសនិកជាតិ-អន្តរជាតិ នឹងមានវត្តមានជាថ្មីម្តងទៀត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលគ្រោងរៀបចំនៅប្រទេសកម្ពុជា ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលគ្រោងរៀបចំនៅប្រទេសកម្ពុជា ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរចំពោះឯកឧត្តម ដាតូ សេរី អាន់វ៉ា អីប្រាហ៊ីម (Dato Seri Anwar Ibrahim) នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងប្រតិភូអង្គការសហប្រតិបត្តិការ​ឥស្លាម សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនសាសនិកឥស្លាម សូមទទួលបាននូវសិរីសួស្តី វិបុលសុខ សុភមង្គល និងជោគជ័យតាមភារកិច្ចរៀងៗខ្លួន។

សូមអរគុណ !

 

សន្និសីទសារព័ត៌មានរវាងសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្ដម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីរវាងថ្នាក់ដឹកនាំកម្ពុជា និងម៉ាឡេស៊ី

 CNV:

ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកសារព័ត៌មាន ជាទីមេត្រី!

ខ្ញុំ និងឯកឧត្ដម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ទើបបានបញ្ចប់​កិច្ចពិភាក្សាទ្វេភាគី ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្នុងនាមជាសមាជិកអាស៊ានតែមួយ។ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំ​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្ដម អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម ដែលបានទទួលការអញ្ជើញរបស់ខ្ញុំ និងបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឋានៈជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី។



យើងទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន និងបានវាយតម្លៃខ្ពស់លើទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងបានប្ដេជ្ញាបន្តលើកកម្ពស់ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមាន ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ថាមពល ការតភ្ជាប់ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន​។ យើងបានលើកទឹកចិត្តឲ្យភាគីទាំងពីរបន្តការផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់ឲ្យកាន់តែញឹកញាប់ និងគ្រប់កម្រិត ដើម្បីពង្រឹងមិត្តភាពឲ្យកាន់តែជិតស្និទ្ធ បង្កើនទំនុកចិត្តឲ្យកាន់តែខ្ពស់ និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែទូលំទូលាយថែមទៀត។ យើងទាំងពីរក៏បានឯកភាពពង្រឹងយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ជាពិសេស គណៈកម្មការចម្រុះកម្ពុជា​-ម៉ាឡេស៊ី។

ចំពោះវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី យើងរីករាយដែលពាណិជ្ជកម្មទ្វេភាគី​សម្រេចបាន ៦២០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ កើន ២៤% ធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបានត្រឹម ៥០០ លានដុល្លារ​​អាមេរិក។ ក្នុងការពង្រីកវិសាលភាព និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ខ្ញុំបានស្នើបង្កើននូវការទិញទំនិញដែលបំពេញតម្រូវការឲ្យគ្នាទៅវិញទៅមក។ ខ្ញុំបានលើកទឹកចិត្តឲ្យវិនិយោគិន និងក្រុមហ៊ុនម៉ាឡេស៊ីមកធ្វើធុរកិច្ច និងវិនិយោគឲ្យបានកាន់តែច្រើន។

ចំពោះវិស័យទេសចរណ៍ ខ្ញុំបានស្នើអនុវត្តអនុស្សារណៈការយោគយល់គ្នាស្ដីពីសហប្រតិបត្តិការទេសចរណ៍​ឲ្យមានប្រសិទ្ធភាព និងស្នើម៉ាឡេស៊ីជួយគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍការងារទេសចរណ៍មូស្លីម តាមរយៈការបណ្ដុះបណ្ដាល និងបច្ចេកទេស។

ចំពោះវិស័យកសិកម្ម យើងបានឯកភាពបន្តជំរុញការអនុវត្តឲ្យមានប្រសិទ្ធភាពនូវអនុស្សារណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យឧស្សាហកម្មឫស្សីនៅកម្ពុជា។ ទន្ទឹមនេះ ខ្ញុំក៏បានស្នើម៉ាឡេស៊ីបន្តបង្កើនការទិញអង្ករ និងកសិផលពីកម្ពុជា តាមរយៈការបង្កើតក្រុមហ៊ុនប្រមូលទិញ និងកែច្នៃ​​នៅកម្ពុជាសម្រាប់លក់នៅលើទីផ្សារកម្ពុជា និងនាំចេញទៅម៉ាឡេស៊ី និងទីផ្សារផ្សេងទៀត តាមផ្លូវដឹកជញ្ជូនត្រង់ពីក្រុងព្រះសីហនុ ទៅរដ្ឋប៉េណាំង និងប៉េហាំងជាដើម។

ពាក់ព័ន្ធនឹងវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ខ្ញុំបានអរគុណម៉ាឡេស៊ី ដែលបានឯកភាពគ្នាលើកកម្ពស់ការបណ្ដុះបណ្ដាលនិងចែករំលែកបទពិសោធន៍បន្ថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី និងកម្មវិធីកិច្ចសហប្រតិបត្តិការការពារជាតិម៉ាឡេស៊ី ជាពិសេស ក្រោមគំនិតផ្ដួចផ្ដើមថ្មី My Digital របស់រដ្ឋាភិបាលម៉ាឡេស៊ី។

ចំពោះវិស័យការងារ មុននេះបន្តិច ខ្ញុំនិងឯកឧត្ដមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលម៉ាឡេស៊ី ចំនួន ២ ស្ដីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករ និងពលករការងារផ្ទះ។ ខ្ញុំក៏បានស្នើ បន្តអនុវត្តនូវយន្តការដែលមានស្រាប់ ដើម្បីលើកកម្ពស់ការការពារសិទ្ធិពលករកម្ពុជា ដែលធ្វើការនៅប្រទេសម៉ាឡេស៊ី។

ក្នុងវិស័យថាមពល ខ្ញុំបានស្នើឯកឧត្ដមនាយករដ្ឋមន្រ្តីផ្ដល់ការគាំទ្រដល់ការស្ថាបនាខ្សែកាបអគ្គិសនីតាមបាតសមុទ្រ ដែលត្រូវឆ្លងកាត់ដែនសមុទ្រប្រទេសម៉ាឡេស៊ី សម្រាប់គម្រោងពាណិជ្ជកម្មថាមពលបៃតងរវាងកម្ពុជា និងសិង្ហបុរី។ ឯកឧត្ដមនាយករដ្ឋមន្រ្តីម៉ាឡេស៊ីក៏បានឆ្លើយតបបញ្ជាក់ថា នាយករដ្ឋមន្រ្តីសិង្ហបុរី លី ស៊ានលុង ក៏បានលើកបញ្ហានេះជាមួយឯកឧត្ដមផងដែរ​​។ នេះជាវឌ្ឍនភាព និងជាកិច្ចសហប្រតិបត្តិការដ៏ល្អមួយនៅក្នុងចំណោមពួកយើង។

ទាក់ទងនឹងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ កម្ពុជាលើកទឹកចិត្តវិនិយោគិនម៉ាឡេស៊ីឲ្យចូលរួមអភិវឌ្ឍឧស្សាហកម្ម ផលិតកម្ម ឧស្សាហកម្មកែច្នៃ ឧស្សាហកម្មហាឡាល់ និងឧស្សាហកម្មផ្នែកចំណេះដឹង និងបច្ចេកវិទ្យានៅកម្ពុជា។

ពាក់ព័ន្ធនឹងវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ ការផ្លាស់ប្ដូរគណៈប្រតិភូជំនាញ ដើម្បីដកពិសោធន៍ការងារប្រឆាំងនឹងការរត់ពន្ធ និងជួញដូរមនុស្ស និងការងារសម្អាតប្រាក់ ព្រមទាំងពិចារណាបង្កើតឲ្យមានអនុស្សារណៈនៃការយោគយល់គ្នារវាងអគ្គស្នងការនគរបាលជាតិនៃកម្ពុជា និងនគរបាលភូមិន្ទម៉ាឡេស៊ីស្ដីពីសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ នេះជាចំណុចដែលខ្ញុំបានស្នើទៅឯកឧត្ដមនាយករដ្ឋមន្រ្តី។

ក្រៅពីវិស័យខាងលើ យើងទាំងពីរក៏បានឯកភាពគ្នាបន្តជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងទូរគមនាគមន៍ សេដ្ឋកិច្ចឌីជីថល និងសន្តិសុខតាមប្រព័ន្ធអ៊ិនធើណេតថែមទៀត។

ប្អូនៗ ក្មួយៗ អ្នកសារព័ត៌មាន!

កិច្ចសហប្រតិបត្តិការទ្វេភាគី យើងទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈគ្នាជុំវិញបញ្ហាតំបន់ និងអន្តរជាតិ ដែលជាបញ្ហាប្រយោជន៍ និងកង្វល់រួម ដូចជា បញ្ហាមីយ៉ាន់ម៉ា បញ្ហារ៉ូហ៊ីងយ៉ា និងបញ្ហាសមុទ្រចិនខាងត្បូង ដោយរាប់បញ្ចូលបន្ថែមនូវបញ្ហាឧបទ្វីបកូរ៉េផងដែរ។ ហើយយើងក៏បានលើកអំពីបញ្ហាទាក់ទងនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផងដែរ។ ខ្ញុំសូមបញ្ជាក់អំពីការប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្ដមនាយករដ្ឋមន្រ្តីឯកឧត្ដម អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត។

ខ្ញុំមានសុទិដ្ឋិនិយមថា ប្រទេសយើងទាំងពីរនឹងបន្តរួមគ្នាដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ និងពិភពលោក ដើម្បីពង្រឹងនូវសាមគ្គីភាព ឯកភាព និងមជ្ឈភាពអាស៊ាន សំដៅរក្សាសន្តិភាព ស្ថេរភាព និង​វិបុលភាពរបស់សហគមន៍អាស៊ាន និងពិភពលោក។

មុននឹងបញ្ចប់ ខ្ញុំគួរតែនិយាយថា ខ្ញុំជាមួយនិងឯកឧត្ដម អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម និងលោកជំទាវ មិនមែនទើបនឹងស្គាល់គ្នានៅត្រឹមថ្ងៃនេះទេ។ អនុស្សាវរីយ៍ដែលគួរឲ្យចងចាំបំផុត គឺការរៀបចំនូវបាយមួយពេលនៅឯកូឡាឡាំពួរ ក្នុងឆ្នាំ១៩៩៦ រយៈពេល ២៧ឆ្នាំក្រោយ យើងបានជួបគ្នាឡើងវិញនៅក្នុងទីក្រុងភ្នំពេញ ដែលខ្ញុំសូមយកឱកាសនេះអបអរសាទរសាជាថ្មីម្ដងទៀត ជាមួយនឹងឯកឧត្ដមនាយករដ្ឋមន្រ្តី ហើយតាមរយៈឯកឧត្ដមនាយករដ្ឋមន្រ្តី អនុញ្ញាតឲ្យភរិយាខ្ញុំផ្ដាំផ្ញើសួរសុខទុក្ខចំពោះភរិយាឯកឧត្ដម ដែលឯកឧត្ដមមានភរិយាដ៏គួរឲ្យគោរព ហើយភរិយារបស់ឯកឧត្ដម និងភរិយារបស់ខ្ញុំ មានជោគវាសនាប្រហាក់ប្រហែលគ្នា នៅពេលដែលប្ដីកំពុងជួបការលំបាក ភរិយាត្រូវទទួលនូវអម្រែកទាំងឡាយ​។ ខ្ញុំជាមួយនឹងភរិយារបស់ខ្ញុំបែកគ្នារហូតទៅដល់កូនហៅពូ។ ឯចំពោះឯកឧត្ដម ខ្ញុំក៏បានផ្ដាំផ្ញើសួរទុក្ខឯកឧត្ដមតាមរយៈភរិយាឯកឧត្ដម។ រឿងនេះគឺជាអនុស្សាវរីយ៍ដ៏គួរឲ្យចងចាំ ហើយជាមិត្តភាពសម្រាប់យើង។

សូមអរគុណ!

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីស្រាយបួស ខែរ៉ាម៉ាឌន លើកទី៧ នៃសាសនាឥស្លាម-កម្ពុជា ឆ្នាំ២០២៣


នៅរសៀល ថ្ងៃចន្ទ ទី២៧ ខែមីនា  ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឯកឧត្តម Datuk Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញចូលរួមក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ដែលមានសាសនិកឥស្លាមចូលរមចំនួន៦,១០០នាក់ ដែលធ្វើឡើងនៅមជ្ឍមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ។ 

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ដាតូ សេរី អាន់វ៉ា អីប្រាហ៊ីម (Dato Seri Anwar Ibrahim) នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងប្រតិភូ អង្គការសហប្រតិបត្តិការឥស្លាម ដែលបានអញ្ជើញមកចូលរួមស្រាយបួស ដោយផ្ទាល់នៅកម្ពុជានាពេលនេះ។ សម្តេចតេជោបានសម្តែងនូវការកោតសរសើរចំពោះការខិតខំ និងការយកចិត្តទុកដាក់របស់គណៈកម្មការរៀបចំអាហារស្រាយបួស ខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ដែលបានសហការរៀបចំនូវពិធីដ៏មានសារៈសំខាន់ សម្រាប់បងប្អូនសាសនិកឥស្លាម។ 

សម្តេចតេជោ មានប្រសាសន៍ ថា រាជរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនានានាដោយគ្មានការរើសអើង។ ជាក់ស្តែង រាជរដ្ឋាភិបាលបានបើកទូលាយដល់បងប្អូនខ្មែរឥស្លាមតាមរយៈ ការអនុញ្ញាតឱ្យសិស្សនិស្សិតឥស្លាមស្លៀកសម្លៀកបំពាក់ប្រពៃណី នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត,ការរៀបចំកន្លែងថ្វាយបង្គំនៅតាមទីសាធារណៈ។ ក្នុងនាមជានាយករដ្ឋមន្រ្តី និងប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ បានផ្តល់តួនាទីជាន់ខ្ពស់ដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូប នៅតាមក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ម៉្យាងទៀត រាជរដ្ឋាភិបាលក៏បានផ្តល់ថវិកា និងក្របខណ្ឌគ្រូបង្រៀនដល់សហគមន៍ខ្មែរឥស្លាម ដើម្បីកាត់បន្ថយបន្ទុកចំណាយ និងលើកកម្ពស់កម្រិតជីវភាពរបស់សហគមន៍ និងគ្រួសារបងប្អូនខ្មែរឥស្លាម តាមរយៈការលើកកម្ពស់ការអប់រំបណ្តុះបណ្តាល ធនធានមនុស្សក្នុងវិស័យសាសនា បច្ចេកវិទ្យា និង នវានុវត្តន៍។

សម្ដេចតេជោបានមានប្រសាសន៍រំលឹកថា នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត និងក្នុងអំឡុងពេលនៃសង្គ្រាមជាបន្តបន្ទាប់ ជំនឿសាសនាពិសេសសាសនាឥស្លាមត្រូវបានលុបបំបាត់ទាំងស្រុង។ កម្ពុជាពីមុនដែលល្បីថាជាវាលពិឃាត ជាតំបន់អសន្តិសុខជាចម្ការមីន ដែលមានការភ័យខ្លាចគ្រប់គ្នា ឥឡូវនេះបានក្លាយជា «កោះសន្តិភាព» និងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាព។ 

សម្តេចតេជោបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលតែងតែលើកកម្ពស់សេរីភាពជំនឿ និងជំរុញសុខដុមនីយកម្មសាសនាក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់លក្ខណៈងាយស្រួលដល់សាសនិក-សាសនិកាគ្រប់រូប ក្នុងការប្រណិប័តន៍ជំនឿគ្រប់សាសនា និងការប្រឆាំងដាច់ខាតចំពោះការរើសអើងពូជសាសន៍ និង ជំនឿសាសនា ។

ក្នុងឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់នូវទស្សនៈចំនួន៤ ដូចខាងក្រោម៖

១-រាជរដ្ឋាភិបាលកម្ពុជាលើកកម្ពស់សេរីភាពជំនឿសាសនា លើកកម្ពស់ចីរភាពនៃសុខដុមនីយកម្ម ជំនឿសាសនា និងសុខសន្តិភាព ដែលជាកត្តាដ៏សំខាន់ និងចាំបាច់មិនអាចខ្វះបានសម្រាប់គ្រប់ការអភិវឌ្ឍប្រទេសជាតិ និងវិបុលភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា ។

២-ក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាក្នុងការផ្តល់លក្ខណៈងាយស្រួលដល់ការគោរពប្រណិប័តន៍ជំនឿសាសនា សហការជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ និងសហគមន៍សាសនា ដោយឈរលើគោលការណ៍សុខដុមនីយកម្មជំនឿសាសនា និងសម្រួលដល់ការងារកសាងវិហារឥស្លាម នៅតាមបណ្តាភូមិ ដែលមានសាសនិកឥស្លាមរស់នៅច្រើន តាមតម្រូវការជាក់ស្តែង។

៣-គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ដើម្បីកៀរគរ ទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុសំដៅរួមចំណែកដល់ការលើកកម្ពស់ជីវភាពសហគមន៍ខ្មែរឥស្លាម តាមរយៈការអភិវឌ្ឍមូលធនមនុស្សសម្រាប់ការទទួល និងការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍ដល់សហគមន៍ខ្មែរឥស្លាម ។

៤-សូមលើកទឹកចិត្តខ្ពស់ដល់សាសនិក-សាសនិកាឥស្លាមឱ្យគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដ៏វិសុទ្ធនៃពិធីបុណ្យរ៉ាម៉ាឌន និងសូមលើកទឹកចិត្តឱ្យមានការចូលរួម លើកកម្ពស់សុខដុមនីយកម្មជាតិសាសន៍ និងជំនឿសាសនានៅកម្ពុជា តាមរយៈការបង្កើតទំនាក់ទំនងល្អ សាមគ្គីភាព និងការមិនរើសអើងពូជសាសន៍ និងសាសនាដទៃ៕


ទិដ្ឋភាពដង្ហែព្រះអគ្គិជ័យកីឡា នៅទីក្រុង Tagaytay ព្រឹកមិញ ខណៈប្រធានអូឡាំពិកហ្វីលីពីន សរសើរ និងត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមស៊ីហ្គេមនៅកម្ពុជា


(ភ្នំពេញ)៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុង Tagaytay ប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី២៧ ខែមីនានេះ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ខណៈលោក Abraham Tolentino ប្រធានគណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីន និងជាអភិបាលក្រុង Tagaytay បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំពិធីដ៏មានអត្ថន័យលើទឹកដីខ្លួននេះ ។

ក្នុងនាមអាជ្ញាធរដែនដី ដែលសហការជាមួយប្រតិភូដង្ហែព្រះអគ្គិជ័យកីឡា និងស្ថានទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន លោក Abraham Tolentino បានសម្ដែងការចាប់អារម្មណ៍ តាំងពីព្រះរាជពិធីសុំព្រះអគ្គិអាទិទេព និងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា នៅប្រាសាទរអង្គរវត្ត ខេត្តសៀមរាប ។ លោកបានចាត់ទុកការរៀបចំនេះ គឺជាការផ្សព្វផ្សាយ និងលើកកម្ពស់គុណតម្លៃស៊ីហ្គេមនៅកម្ពុជាកាន់តែខ្លាំង គ្រាដែលហ្វីលីពីន បានត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមប្រកួត ដោយនឹងបញ្ជូនអត្តពលិកប្រមាណ ៨៤០នាក់ចូលរួម ។

លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសដឹកនាំពិធីដង្ហែព្រះអគ្គិជ័យកីឡា តាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាននេះ បានរំឮកថា កម្ពុជាបានផ្តួចផ្តើមរៀបចំព្រះរាជពិធីបួងសួងសុំព្រះអគ្គិអាទិទេពកីឡា នៅមុខប្រាសាទអង្គរវត្ត និងរៀបចំដង្ហែព្រះអគ្គិជ័យកីឡានេះ ទៅតាមបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍។ ព្រះអគ្គិជ័យកីឡានេះ គឺជានិមិត្តរូបនៃថាមពល មិត្តភាព សាមគ្គីភាព និងនិរន្តរភាព ដែលទាំងអស់នេះ គឺជាតម្លៃសកលនៃទំនាក់ទំនងរវាងការប្រកួតកីឡា និងការរស់នៅប្រចាំថ្ងៃ ។

លោកបន្ដថា «អស់រយៈពេល ៦៤ ឆ្នាំហើយ ចាប់តាំងពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី១ ក្នុងឆ្នាំ ១៩៥៩ ដែលកម្ពុជាបានរង់ចាំឱកាសធ្វើជាម្ចាស់ផ្ទះ។ ក្នុងឆ្នាំ២០២៣ នេះ «គឺជាឆ្នាំដ៏វិសេសវិសាលសម្រាប់កម្ពុជា ហើយនៅសល់តែ ៣៩ថ្ងៃទៀតប៉ុណ្ណោះ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះជាផ្លូវការលើកដំបូងរបស់ខ្លួន»។ «ថ្ងៃនេះ យើងបានដង្ហែព្រះអគ្គិជ័យកីឡានៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មកដល់ទីក្រុងតាកាយតាយ ប្រទេសហ្វីលីពីន ហើយយើងរួមគ្នាអបអរសាទរប្រារព្ធពិធីដង្ហែព្រះអគ្គិជ័យកីឡា កម្ពុជាឆ្នាំ២០២៣ ទាំងអស់គ្នានៅទីនេះ» ។

លោក ផន ពៅ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន បានបង្ហាញសេចក្ដីសោមនស្សរីករាយជាខ្លាំង ដែលបានរួមចំណែករៀបចំពិធីដ៏មានអត្ថន័យ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ។ លោកបានប្ដេជ្ញានឹងបន្ដជំរុញ និងផ្សព្វផ្សាយ ដើម្បីកៀគរពលរដ្ឋខ្មែរ ភ្ញៀវជាតិ-អន្ដរជាតិ ពិសេសប្រជាពលរដ្ឋហ្វីលីពីនផ្ទាល់ ដើម្បីបានចូលរួមគាំទ្រ និងទស្សនាការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកដំបូងនៅកម្ពុជា នាខែឧសភា និងខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ។

គួរដឹងថា ប្រទេសហ្វីលីពីន គឺជាប្រទេសទី២ ដែលបានដំណើររៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា ដោយជោគជ័យ បន្ទាប់ពីប្រទេសវៀតណាម ដែលបានរៀបចំកាលពីថ្ងៃទី២៤ ខែមីនាកន្លងទៅ។ បន្ទាប់ពីទីក្រុង Tagaytay ឯកឧត្តម ហោ សារុន ក្នុងនាមប្រធានប្រតិភូ នឹងបន្ដការដឹកនាំពិធីដង្ហែព្រះអគ្គិជ័យកីឡា ទៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសទី៣ ដោយគ្រោងនឹងចាកចេញពីហ្វីលីពីន នៅថ្ងៃទី២៩ ខែមីនាខាងមុខ។

ខាងក្រោមនេះ គឺជាទិដ្ឋភាពខ្លះៗ នៃពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុង Tagaytay កាលពីព្រឹកមិញ ដោយមានអ្នកចូលរួមប្រមាណជាង ៤០០នាក់ ក្នុងនោះក៏មានឯកអគ្គរាជទូត និងតំណាងស្ថានទូតបណ្ដាប្រទេសអាស៊ានចូលរួមផងដែរ៖