បរទេស៖ សារព័ត៌មាន Asia Times បានចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះថា ក្រុមហ៊ុនផ្តល់សេវាទំនាក់ទំនងសាធារណៈមួយរបស់អាមេរិក ឈ្មោះ Berlin Rosen ត្រូវបានក្រុមចលនាសង្រ្គោះជាតិនៅក្រៅស្រុក (CNRM) របស់លោក សម រង្ស៊ី ជួលឲ្យជួយរិះរកវិធី ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចមកលើកម្ពុជា ដែលទង្វើនេះត្រូវបានចាត់ទុកជា អំពើក្បត់ជាតិកាន់តែធ្ងន់ធ្ងរឡើង ដោយក្រុមអតីតថ្នាក់ដឹកនាំបក្សប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួនឯក្រៅប្រទេសនេះ។ នេះបើតាមការដកស្រង់ព័ត៌មានពីសារព័ត៌មាន Asia Times នៅព្រឹកថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។
សេវាកម្មរបស់ក្រុមហ៊ុនខាងលើនេះ ជូនដល់ទណ្ឌិត សម រង្ស៊ី គឺជាការទាក់ទាញឲ្យអន្តរជាតិឲ្យដាក់សម្ពាធធ្ងន់ធ្ងរមកលើរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនឹងត្រូវចំណាយរហូតដល់ទៅ ២៥០,០០០ដុល្លារអាមេរិក សម្រាប់រយៈពេល០៦ខែ។ នេះបើតាមឯកសារដែលបែកធ្លាយដោយក្រុមចុះបញ្ជីភ្នាក់ងារបរទេស និងត្រូវបានពិនិត្យយ៉ាងច្បាស់លាស់ឡើងវិញ ដោយសារព័ត៌មាន Asia Times។
ចលនាសង្រ្គោះជាតិនៅក្រៅប្រទេសរបស់ទណ្ឌិត សម រង្ស៊ី មានគោលដៅចំនួនពីរ៖ ទី១ គឺចង់ឲ្យមានការធ្វើមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ទៅកាន់ប្រទេសកម្ពុជាវិញ មុនការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីធ្វើការប្រកួតប្រជែងការបោះឆ្នោត ជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទី២ គឺចលនា CNRM កំពុងតែអំពាវនាវឲ្យមានការដោះលែងលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិចេញពីពន្ធនាគារ។
តាមកិច្ចសន្យាជួលនេះចុះហត្ថលេខាដោយលោកស្រី ជូ ឡុង សូមួរ៉ា ដោយបានជួលក្រុមហ៊ុនអាមេរិក Berlin Rosen ធ្វើកិច្ចការឲ្យចលនា CNRM រួមមាន៖ ជួយសរសេរសេចក្តីប្រកាសព័ត៌មានដើម្បីផ្សព្វផ្សាយ និងជាទីប្រឹក្សាផ្តល់យោបល់ផ្នែកនយោបាយ។ សារព័ត៌មានបរទេសនេះមួយក៏បានទម្លាយទៀតថា សូម្បីព័ត៌មាននៅខេត្តក្រចេះស្តីពីការប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងក្រុមអ្នកតវ៉ានៅក្រុមហ៊ុនចំការកៅស៊ូ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨កន្លងទៅ ក៏លោក សម រង្ស៊ី ខិតខំឲ្យធ្វើព័ត៌មានបំប៉ោងនិងបំផ្លើស ដែលនេះក៏ជាផ្នែកមួយនៃការជួលក្រុមហ៊ុន Berlin Rosen របស់អាមេរិកផងដែរ។
ក្រុមហ៊ុន BerlinRosen មានមូលដ្ឋាននៅសហរដ្ឋអាមេរិក នឹងត្រូវមានតួនាទីបញ្ជូនសារទាំងអស់របស់ចលនាសង្រ្គោះជាតិ CNRM របស់ទណ្ឌិត សម រង្ស៊ី ទៅកាន់បណ្តាសារព័ត៌មានធំៗ និងល្បីៗរបស់អន្តរជាតិ។ នៅក្នុងកិច្ចសន្យារវាង CNRM និង BerlineRosen នោះថែមទៀត ក្រុមហ៊ុនអាមេរិកនេះ នឹងត្រូវបញ្ចេញនូវអត្ថបទចំនួនពីរ ផ្ញើជូនទៅ «សារព័ត៌មានអន្តរជាតិ ដែលមានប្រសិទ្ធភាពខ្ពស់» ខណៈដែលពួកគេក៏កំពុងជួយចលនា CNRM ក្នុងការចេញផ្សាយអត្ថបទបន្ថែមទៀត ទៅកាន់បណ្តាប្រព័ន្ធផ្សព្វផ្សាយនានាជាច្រើន។
អ្វីដែលសំខាន់បន្ថែមទៀតនោះ ក្រុមហ៊ុន BerlinRosen គឺតម្រូវឲ្យចូលរួមក្នុងការជម្រុញប្រព័ន្ធផ្សព្វផ្សាយសកម្ម ដែលរួមមានទាំងការសរសេរព័ត៌មានជាទៀងទាត់។ អត្ថបទមួយត្រូវបានចេញផ្សាយរួចមកហើយ កាលពីថ្ងៃទី០៩ ខែមីនា ដែលបានធ្វើការអត្ថាធិប្បាយអំពីការប៉ះទង្គិចគ្នា រវាងអ្នកភូមិ និងសមត្ថកិច្ចនៅក្នុងខេត្តក្រចេះ ដោយមានការសរសេរថា «កងរាជអាវុធហត្ថ បានបាញ់ប្រហារ លើក្រុមបាតុករ» ៕