Wednesday, March 21, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ការវាយសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការមិនគួរឱ្យកើតឡើងទៀតទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា មិនគួរគប្បីកម្ពុជាមានស្ថានភាពនៃការប្រមូលគ្នាវាយសម្លាប់មនុស្សនៅតាមទីសាធារណៈនោះឡើយ ដែលទង្វើនេះមិនមែនជាសីលធម៌របស់មនុស្សឡើយ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណជាង ១ម៉ឺន ៥ពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួន៥ នៅភូមិជ្រៃកោង ផ្លូវវេងស្រេង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ត្រូវតែមានវិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់បញ្ហានេះ កុំឱ្យក្លាយទៅជាអនាធិបតេយ្យវាយសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ហើយករណីបែបនេះយើងអាចនាំគ្នាជួយចាប់ឃាត់ខ្លួនឱ្យសមត្ថកិច្ចបាន ប៉ុន្តែមិនអាចវាយសម្លាប់មនុស្សបាននោះទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា «ហិង្សាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីប៉ុន្មានថ្ងៃមុន ជារឿងដែលត្រូវថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត។ យើងមិនត្រូវការប្រមូលមនុស្សដើម្បីវាយសម្លាប់មនុស្សនោះទេ ! សូមពិនិត្យបញ្ហានេះ ! មិនគួរកម្ពុជាមានស្ថានភាពបែបនេះទេ ! នេះមិនមែនជាសីលធម៌របស់មនុស្សទេ! យើងត្រូវបញ្ចៀសកុំឱ្យមានការសម្លាប់មនុស្ស ក្រៅប្រព័ន្ធតុលាការឱ្យសោះ! ខ្ញុំពិតជាមានការសោកស្ដាយ និងបង្ហាញការឈឺចាប់! ឥឡូវត្រូវបានចាប់ខ្លួនមួយចំនួនហើយ យើងត្រូវបន្តតាមចាប់ខ្លួនបន្តទៀត! យើងខិតខំទាំងអស់គ្នាដើម្បីធ្វើឱ្យប្រទេសយើងមានសន្តិភាព!»៕




No comments:

Post a Comment