Saturday, July 30, 2022

សម្តេចតេជោ ហ៊ុន សែន បានរកឃើញប្រភពរូបថតហើយ គឺត្រូវបានជនបរទេសដាក់លក់តាម Online

(ភ្នំពេញ)៖ បន្ទាប់ពីមានការអំពាវនាវរកអ្នកថតរូប មួយសន្លឹករបស់សម្ដេច ពេលទៅចរចានៅប្រទេសបារាំង និងប្រទេសផ្សេងទៀត អំឡុងទសវត្សរ៍៩០នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរកឃើញប្រភពរូបថតនេះហើយ ត្រូវបានជនបរទេសដាក់លក់តាមអនឡាញ។



ការបញ្ជាក់របស់សម្ដេចតេជោ បានធ្វើឡើងបន្ទាប់ពី លោក ឆាយ សុផល អ្នកសារព័ត៌មានជើងចាស់ បានចូលខមិនរាយការណ៍ជូនសម្ដេច តាមបណ្ដាញសង្គមហ្វេសប៊ុក ដោយជួយបញ្ជាក់អំពីប្រភពនៃរូបថតនេះ ដែលត្រូវបានដាក់លក់ដោយជនបរទេស។

ជាការឆ្លើយតបនឹងខំមិនរបស់ លោកឆាយ សុផល, សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរអរគុណ ដែលលោកបានស្វែងរកឃើញប្រភពរូបថតនេះ។

សម្ដេចបានបញ្ជាក់ទៀតថា៖ «ពេលនេះរូបថតខ្ញុំដល់កំរិតជនបរទេសយកទៅដាក់លក់តាម online នៅក្រៅប្រទេសហើយ។ តាមស្មាននៅមាន រូបថតច្រើនទៀត ដែលជនបរទេសថតហើយអាចនឹងដាក់លក់សូមជួយស្វែងរកទិញនូវរូបថតណាដែលយើងមិនមាន»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ បានអំពាវនាវរកអ្នកថតរូបសម្តេចមួយសន្លឹក ពេលទៅចរចានៅប្រទេសបារាំង និងប្រទេសផ្សេងទៀត កាលពីទសវត្សរ៍៩០។

តាមរយៈបណ្ដាញសង្គម សម្រេចលើកឡើងដូច្នេះថា៖

«លើកដំបូងដែលខ្ញុំឃើញរូបថតមួយសន្លឹកនេះ ហើយក៏មិនដឹងថាអ្នកណាជាអ្នកថតផងដែរ។ បើពិនិត្យលើស្ថានភាពរូបថតនេះ អាចនៅក្នុងឆ្នាំ១៩៩៦ ឬឆ្នាំ១៩៩៧ ដោយសម្គាល់៖

១. អ្នកការពារខ្ញុំឈ្មោះវឿន បានមកការពារខ្ញុំក្នុងចន្លោះ១៩៨៦ រហូតដល់គាត់ស្លាប់ប្រហែល១០ឆ្នាំមុន។ គាត់បានការពារខ្ញុំទៅចរចានៅប្រទេសបារាំង និងប្រទេសផ្សេងទៀតជាច្រើន។

២. កូនប្រុសខ្ញុំ ហ៊ុន ម៉ានី ទើបមានវ័យជំទង់អាយុប្រហែល ១៤ ឬ១៥ឆ្នាំ (ម៉ានីកើតខែវិច្ឆកា១៩៨២)។ បើការលើកឡើងនេះត្រឹមត្រូវពេលនោះខ្ញុំទើបមានអាយុ៤៤ ឬ៤៥ឆ្នាំ។

ខ្ញុំសូមអំពាវនាវឱ្យបងប្អូនដែលបានថតរូបនេះ ឬបានដឹងមេត្តាជួយប្រាប់តាមរយៈចូលមកខមិនដោយបញ្ជាក់ថា ថតនៅឆ្នាំណា និងនៅទីកន្លែងណា? ខ្ញុំសូមអរគុណទុកជាមុន»៕







វិភាគអន្តរជាតិ៖ ចង់ការពារតៃវ៉ាន់ ដំឡើងសាច់ដុំយោធាឱ្យជប៉ុន


(វ៉ាស៊ីនតោន)៖ ភាពតានតឹងនៅឯតំបន់ច្រកសមុទ្រតៃវ៉ាន់ បានលេចឡើងនៅលើក្របទំព័រមុខសារព័ត៌មានអន្តរជាតិយ៉ាងព្រោងព្រាត ក្នុងរយៈពេលជាងមួយសប្ដាហ៍មកនេះ បន្ទាប់ពីកាសែត Financial Times បានរាយការណ៍ថាប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ផែនការបំពេញទស្សនកិច្ចមកកាន់កោះតៃវ៉ាន់ នៅខែសីហាក្រោយនេះ។ លោកស្រី ផេឡូស៊ី ផ្ទាល់មិនទាន់បញ្ជាក់ជាផ្លួវការថាតើនឹងធ្វើទស្សនកិច្ចតាមផែនការគ្រោងទុកនេះ ឬក៏យ៉ាងណានោះទេ ខណៈយោធាអាមេរិក បានត្រៀមផែនការយោធារួចជាស្រេចដើម្បីការពារសុវត្ថិភាព ក្នុងករណីដែលលោកស្រី ផេឡូស៊ី ពិតជាបំពេញទស្សនកិច្ចនៅតៃវ៉ាន់ មែននោះ។


សំណុំរឿងតៃវ៉ាន់ បានក្លាយជារបៀបវារៈសំខាន់ម្ដងទៀតនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ក្នុងជំនួបតាមទូរស័ព្ទ ចាយពេលជាង២ម៉ោងរវាងលោក បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឱ្យដឹងថានៅក្នុងជំនួបនោះដែរ លោក ស៊ី ជិនពីង បានព្រមានលោក បៃដិន ត្រង់ៗកុំឱ្យសហរដ្ឋអាមេរិក «ប្រឡែងលេងជាមួយភ្លើង» ក្រោយក្រុមមន្ត្រីចិនបានព្រមានចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី។


ជាការពិតណាស់ លោក ចូ បៃដិន ធ្លាប់បានបញ្ជាក់ជាសាធារណៈនៅក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសជប៉ុន កាលពីថ្ងៃមិថុនាកន្លងទៅថាអាមេរិកនឹងបញ្ជូនកងទ័ពធ្វើ អន្តរាគមន៍ដើម្បីការពារកោះតៃវ៉ាន់ ពីការវាយប្រហារណាមួយរបស់ចិន។ ប៉ុន្តែ ក្រុមអ្នកជំនាញខ្លះយល់ថា នៅក្នុងបរិបទដែលឥទ្ធិពលរបស់អាមេរិកកំពុងថមថយ ទីក្រុងវ៉ាស៊ីនតោន មិនអាចប្រជែងជាមួយចិន ឬរុស្ស៉ីតែម្នាក់ឯង ដោយមិនមានការជួយពីសម្ព័ន្ធមិត្តបានទៀតនោះទេ ហើយសម្ព័ន្ធមិត្តដែលគេមើលឃើញថាអាចជួយ អាមេរិកខ្ទប់ឥទ្ធិពលចិន នោះគឺជប៉ុន។


អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ិនហ្សូ ដែលត្រូវបានគេធ្វើឃាតកាលពីដើមខែកក្កដានេះធ្លាប់មានបំណងប្រាថ្នាចង់ឱ្យជប៉ុន​ក្លាយជាមហាអំណាចមួយ​ក្នុងតំបន់​យ៉ាង ពេញទី និងមានតួនាទីកាន់តែសំខាន់នៅលើឆាកអន្តរជាតិ។ នៅក្រោមការដឹកនាំរបស់ខ្លួន លោក អាបេ បានដាស់ជប៉ុនឱ្យភ្ញាក់ពីការដេកលង់លក់នៅក្រោម «រដ្ឋធម្មនុញ្ញ សន្តិនិយម» រាប់ទសវត្សរ៍មកនេះ ដោយចាប់ផ្ដើមធ្វើឱ្យអ្នកនយោបាយជប៉ុនមើលឃើញចិនជាគូប្រជែង រហូតដល់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុនសព្វថ្ងៃ លោក គីស៊ីដា ហ្វូមីអុ ក៏បានចាត់ទុកការពង្រីកឥទ្ធិពលរបស់ចិន និងការគំរាមកំហែងលើតៃវ៉ាន់ គឺជាការគំរាមកំហែងដល់សន្តិសុខជាតិជប៉ុនផងដែរ។


សម្រាប់លោក អាបេ សហរដ្ឋអាមេរិកត្រូវការសម្ព័ន្ធមិត្ត ឬប្រទេសជាដៃគូមួយដែលអាចជួយទប់ស្កាត់ការរីកសាយឥទ្ធិពលចិន ហើយជប៉ុនគឺស័ក្តិសមបំផុតទាំងទីតាំង ភូមិសាស្ត្រ និងមានសេដ្ឋកិច្ចរឹងមាំ។ ប៉ុន្តែ អ្វីដែលជប៉ុននៅខ្វះ នោះគឺយោធាខ្លាំង ដូច្នេះបើអាមេរិកចង់ខ្ទប់ឥទ្ធិពលចិន និងដើម្បីការពារតៃវ៉ាន់ វ៉ាស៊ីនតោនគួរតែដំឡើងសាច់ដុំ យោធាឱ្យជប៉ុន។ នេះបើតាមលោក ដានីញែល ស៊ីលវឺបឺគ (DANIEL SILVERBERG) ជាអ្នកជំនាញម្នាក់មកពីមជ្ឈមណ្ឌលសម្រាប់សន្តិសុខអាមេរិកថ្មី (CENTER FOR NEW AMERICAN SECURITY)។


បើតាមលោក ដានីញែល មានហេតុផលធំៗចំនួន៣ ដែលជប៉ុនគឺជាដៃគូដ៏ស័ក្តិសមសម្រាប់អាមេរិក។ ទីមួយ៖ សហរដ្ឋអាមេរិកនឹងត្រូវការឱ្យជប៉ុនបន្តលះបង់សន្តិសុខថាមពល ផ្ទាល់ខ្លួន ដើម្បីបំពេញតម្រូវថាមពលជាចាំបាច់ដល់អឺរ៉ុប។ នេះគេហៅថា «មិត្តគួរឱ្យទុក និងចេះជួយគ្នាក្នុងគ្រាលំបាក»។ ចាប់តាំងពីលោក ពូទីនបញ្ជាឱ្យកងទ័ពរុស្ស៉ី ចូលឈ្លានពានអ៊ុយក្រែនមក ជប៉ុនបានផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅកាន់អឺរ៉ុប ហើយដោយមានការជំរុញពីសេតវិមានកាលពីចុងខែកុម្ភៈ ជប៉ុនបានបញ្ជូនឧស្ម័ន LNG ពីទីក្រុងតូក្យូ ទៅកាន់អឺរ៉ុប។


ទី២៖ ជប៉ុនជាដៃគូដ៏សំខាន់របស់សហរដ្ឋអាមេរិក ក្នុងកិច្ចខិតខំប្រឹងប្រែងខ្ទប់ការពង្រីកឥទ្ធិពលចិន។ នៅឯកិច្ចប្រជុំកំពូល G7 កាលពីខែមិថុនាកន្លងទៅនេះ លោក ចូ បៃដិន បានប្រកាសដាក់ចេញគំនិតផ្ដួចផ្ដើម «ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសកល» (PGII) ដែលត្រូវបានបង្កើតឡើងដើម្បីប្រជែងជាមួយ «គំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវរបស់ចិន។ គំនិតផ្ដួចផ្ដើមរបស់លោក បៃដិន ទទួលបានការគាំទ្រភា្លមៗពីនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហើយអំណាចសេដ្ឋកិច្ចជប៉ុននឹងក្លាយជាស្នូល ដ៏សំខាន់មួយនៃគំនិតផ្ដួចផ្ដើមនេះ។ តែដើម្បីឱ្យកិច្ចខិតខំប្រឹងប្រែងនេះទទួលបានផ្លែផ្កា ក្រុមហ៊ុន និងរដ្ឋាភិបាលជប៉ុនត្រូវតែផ្ដល់មូលនិធិ និងការគាំទ្របន្ថែមដល់ PGII ហើយអាមេរិកត្រូវស្វែងរកដៃគូបន្ថែម។


ទី៣៖ ជប៉ុនដែលមានមូលដ្ឋានទ័ពអាមេរិកស្រាប់ ស្ថិតនៅលើទីតាំងភូមិសាស្ត្រយោធាមួយ ដែលអាមេរិកត្រូវការជាចាំបាច់ ក្នុងការឃ្លាំមើលសកម្មភាពយោធាចិន។ មួយវិញទៀត នៅក្នុងតំបន់ សហរដ្ឋអាមេរិកមានសម្ព័ន្ធមិត្តតិចតួចប៉ុណ្ណោះដែលមានសមត្ថភាពដូចជប៉ុន ហើយនៅពេលនិយាយពីការការពារតៃវ៉ាន់ ជប៉ុនត្រូវបានគេមើលឃើញថាមានឆន្ទៈ ខ្ពស់ជាងគេ។ តួយ៉ាងកាលពីពេលថ្មីៗនេះ ក្រុមមន្ត្រីយោធាជប៉ុនបាននិយាយដោយឥតលាក់លៀមថាការគំរាមកំហែងរបស់ចិនលើតៃវ៉ាន់ ក៏ជាការគំរាមកំហែងដល់សន្តិសុខជាតិ ជប៉ុនដូចគ្នាដែរ។ ពីព្រោះថាក្នុងករណីចិនពិតជាប្រើកម្លាំងយោធាវាយកាន់កាប់តៃវ៉ាន់បានពិតមែន នោះអ្នកដែលរងគ្រោះបន្ទាប់អាចជាជប៉ុន។


តែយ៉ាងណាក៏ដោយ ក្នុងបទវិចារណកថាមានចំណងជើងថា «លោក អាបេ ស៉ិនហ្សូ បរាជ័យបំពាក់អាវុធឱ្យជប៉ុន» ចេញផ្សាយដោយកាសែត New York Times កាលពីថ្ងៃទី២០ ខែកក្កដានេះ បាននិយាយថា បញ្ហាធំរបស់ជប៉ុន គឺស្ថិតនៅលើជប៉ុនខ្លួនឯង។ ពោលគឺ ក្រុមបញ្ញវន្ត និងអ្នកនយោបាយប្រឆាំង រួមទាំងសាធារណមតិជប៉ុនភាគច្រើននៅតែមាន ការព្រួយបារម្ភ និងប្រុងប្រយ័ត្នជានិច្ចចំពោះការពង្រីកភូមិសាស្ត្រនយោបាយរបស់ជប៉ុន ដោយពួកគេចង់ឱ្យជប៉ុនផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច ហើយជឿជាក់ថាការផ្ដោត បែបនេះនឹងជួយរក្សាសន្តិភាពនៅក្នុងតំបន់។


ប៉ុន្តែ ជាការពិតណាស់ នៅចំពោះមុខការកើនឡើងឥទ្ធិពលចិន និងការថយចុះឥទ្ធិពលអាមេរិក ទំនាក់ទំនងការទូត និងសេដ្ឋកិច្ចតែមួយមុខនឹងមិនដំណើរការឡើយ នៅពេលមាន ភាពតានតឹងផ្នែកយោធាជាមួយចិន ដែលជាមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោករួចស្រេចទៅហើយនោះទេ។ ដូច្នេះសហរដ្ឋអាមេរិកចាំបាច់គួរតែជួយ និងគាំទ្រ ឱ្យជប៉ុនដើរតាមកេរតំណែលរបស់លោក អាបេ ដែលចង់ឱ្យជប៉ុនកា្លយជាមហាអំណាចមួយមានយោធារឹងមាំ៕ ដោយៈ Fresh News